កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ
ដោយ រ៉ាអ៊ូល ម៉ាកជែនណារ៍ បណ្ឌិត​ផ្នែក​សិក្សា​ខ្មែរ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៤-០៦-២០០៨

 

លោករ៉ាអ៊ូល ម៉ាកជែនណារ៍ បណ្ឌិត​ផ្នែក​សិក្សា​ខ្មែរ សូម​ធ្វើការ​រម្លឹក​​ប្រវត្តិស្តី​ពី​ការ​ប្រគល់ទឹកដីកម្ពុជាក្រោម​​ (​កូសាំងស៊ីន​)ទៅ​អោយ​វៀតណាម។ លោក​​ពន្យល់ថា ព្រឹត្តិការណ៍​នេះ​មិន​មែន​កើត​ឡើង​​នៅថ្ងៃ​៤ មិថុនា ១៩៤៩​ ដូច​ដែល​គេ​តែង​តែ​លើក​ឡើង​នោះ​ទេ។

«អស់​​រយៈពេល​ជា​ច្រើន​សតវត្ស​ ប្រព័ន្ធនៃ​របប​​រាជានិយម​ជ្រើស​តាំង​​​នៅ​​ព្រះ​រាជា​ណា​ចក្រ​​​ខ្មែរតែង​តែ​មាន​សង្គ្រាម​ស៊ីវិល​នៅរាល់​ការ​ស្នង​​រាជ្យម្តង​ៗ​។ អ្នក​ចង់​​ឡើង​សោយរាជ្យ​សម្បត្តិ​​បំពេញមហច្ឆិតា​ខ្លួន​ឯងមុន​នឹង​​គិត​ពី​ផល​ប្រយោជន៍​​​​​ជាតិ។ នៅ​ពេលពួកគេ​មិន​អាច​ឡើង​គ្រង​​​​រាជ្យ​សម្បត្តិ​បាន​​ គេ​មិន​រារែក​នឹង​រុញ​​​ទម្លាក់​​ប្រទេសជាតិ​អោយ​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល ឬ​រត់​ទៅសុំ​អន្តរាគមន៍​ពី​បរទេសនោះទេ ឬក៏​ទាំង​ពីរ​យ៉ាង​តែ​ម្តង។ បន្ទាប់​ពីទទួល​បាន​ឯក​រាជ្យ​​ភាព​នៅ​ឆ្នាំ​១៩៥៣ ​​រដ្ឋាភិបាល​​កម្ពុជា​​បាន​​សរសេរថា : «រាល់​អន្តរាគមន៍​របស់អណ្ណាម​​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការស្នើ​សុំ​របស់​ព្រះអង្គ​ម្ចាស់​ខ្មែរ​​អង្គមួយ ដើម្បី​ទប់​ទល់​នឹង​ព្រះ​អង្គ​ម្ចាស់​​មួយ​អង្គ​ផ្សេង​ទៀត​​ដែល​ចង់​ឡើង​សោយរាជ្យ​ដែរ ឬ​ដើម្បី​ទប់​ទល់​នឹង​ពួក​សៀម ឬ​ក៏​តាម​ការ​ស្នើ​សុំ​របស់​ពួក​ឧទ្ទាម»។

ហេតុនេះ​ហើយ​បាន​ជា​នៅ​ឆ្នាំ​១៦២៣ «ព្រៃនគរ»​ក៏​ប្តូរ​ទៅ​ជាភាសាអណ្ណាម​ថា​«សៃហ្កន» ហើយ​«ពាម»​ក៏​ទៅជា​«ហាទៀង»​ចាប់​តាំង​ពី​ឆ្នាំ​១៧១៥មក។ នៅ​​ដើម​សតវត្ស​ទី១៩ ពោលគឺរយៈពេល៥០ឆ្នាំ​មុន​ការ​មក​ដល់​របស់​ជនជាតិ​បារាំង ព្រែក​ជីក​តភ្ជាប់​ពី​ហា​ទៀងទៅ​ចូវដុក​ត្រូវ​បាន​ជីក​ឡើង​ក្រោម​បញ្ជា​របស់​​មន្ត្រី អណ្ណាម។ ចាប់​ពី​ឆ្នាំ​១៨២០ គេ​បាន​កំណត់​ព្រំដែន​រវាង​កូសាំងស៊ីន​ និង​កម្ពុជា​ ​​ប្រវែង​​៥៣​គីឡូម៉ែត្រ។


នៅ​ដើម​​សតវត្ស​ទី​១៩ កម្ពុជា​ពោរពេញ​ដោយ​ជម្លោះ​ផ្ទៃក្នុង​ ដែល​ជា​ឱកាស​ល្អ​សម្រាប់ប្រទេស​ជិត​ខាង​ធំៗទាំង​ពីរ​។ ព្រះរាជាណាចក្រ​នេះ​ចុះ​ទន់​ខ្សោយ​បំផុត​ដល់​ថ្នាក់​ទទួល​រង​នូវ​អ្វី​មួយ​ដែលគេ​​ហៅ​ថា​សហវិជិត​រាជ្យ មានន័យថា​ការ​​គោរព​​​អធិរាជ​ភាព​​របស់​រដ្ឋ​ជិត​ខាង​ទាំង​ពីរ​។ លក្ខន្តិកៈជា​រដ្ឋ​ចំណុះ​នេះ​មាន​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៨៤៥ រវាង​ព្រះ​មហា​ក្សត្រ​​​កម្ពុជា ព្រះ​បាទ​​អង្គឌួង អណ្ណាម និង​សៀម​។ ប៉ុន្តែ​ អត្ថបទកិច្ច​ព្រម​ព្រៀង​នេះ​មិនធ្លាប់​ត្រូវ​បាន​ចេញ​ផ្សាយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ។ វា​មិន​មាន​នៅ​ក្នុង​កម្រង​​​សន្ធិសញ្ញា​សំខាន់​ៗ​នោះទេ។ ការ​ស្រាវជ្រាវ​បណ្ណសារ​ថៃ និង​វៀតណាម​មិន​អាច​អោយ​យើង​រក​ឃើញ​កិច្ច​ព្រមព្រៀង​​នេះ​ឡើយ​។ តើ​វាបាត់​ហើយ​មែន​ទេ ? ឬក៏វា​មិន​ដែល​ត្រូវ​បាន​លេច​ចេញ​ជា​ទម្រង់​ឯកសារ​ការទូត​ដូច​ការអះអាង​របស់​​លោក​ជូឡុង​ នៅ​ឆ្នាំ​១៩៤៦ ? លោក​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​របស់​ព្រះបាទ​នរោត្តម សីហនុ រូបនេះ​​ធ្លាប់​អះអាងថា : « កូ​សាំង​​​ស៊ីន​គឺ​ជា​ទឹក​ដី​របស់​កម្ពុជា​ ដែល​ត្រូវ​ព្រះ​​មហាក្សត្រ​កម្ពុជា​ប្រគល់​ទៅ​អោយ​អធិរាជ​ប្រទេស​អណ្ណាម​ ប៉ុន្តែ​មិនមាន​​អត្ថបទ​ការទូត​ណា​មួយ​​និយាយ​ពី​រឿង​នេះ​ទេ»។ ដោយសារ​​មិន​អាច​ឆ្លើយ​​នឹង​សំណួរ​ទាំង​នេះ​បាន យើង​​អាច​ត្រឹម​តែ​ធ្វើ​ការ​​ពិនិត្យ​មើល​ថា​តើ​អ្នក​និពន្ធ​​ផ្សេងៗ​ពន្យល់​យ៉ាង​ដូចម្តេចពី​តួនាទី និង​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។


នៅលើ​ផ្នែកគតិយុត្តិនៃ​កិច្ច​ព្រម​ព្រៀង​នេះ អ្នក​និពន្ធ​ជា​ច្រើន​និយាយ​ថា​វា​ជា​«សន្ធិសញ្ញា» អ្នក​​ផ្សេង​​ទៀត​ថាជា​«កិច្ចចរចារ​សន្តិភាព» «ការចរចា» «កិច្ច​​សម្រប​​សម្រួល»​ «ដំណោះស្រាយ​សន្តិភាព»និង​«គម្រោង​កិច្ច​ពិភាក្សា​​» ។


នៅ​លើ​ផ្នែក​ខ្លឹម​សារ មានព័ត៌មានប្លែក​ៗគ្នា​​។ ព័ត៌មាន​ច្បាស់​លាស់​ជាង​គេ​គឺ​បាន​​​មក​ពី​អ្នក​​និពន្ធ​ថៃ : «សន្ធិសញ្ញា​​សន្តិភាពត្រូវ​បាន​សម្រេច​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​ ឆ្នាំ​​១៨៤៥ រវាង​ឧត្តមសេនីយ៍ថៃ និង​​ព្រះមហាក្សត្រខ្មែរ​ ព្រះបាទអង្គ​ឌួង ជាមួយ​មេបញ្ជាការ​កងទ័ព​អណ្ណាម។ លក្ខខណ្ឌ​នៃ​ការ​រៀបចំ​សន្តិភាពគឺ​​ត្រូវ​ពិភាក្សា​ និង​​រៀប​ចំ​ឡើង​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ដូច​តទៅ :  
១. ការឡើង​​អភិសេករាជ្យសម្បត្តិ​ និង​ការ​ទទួល​ស្គាល់​ព្រះមហាក្សត្រ​អង្គឌួង
២. ការដោះលែង​ព្រះអង្គម្ចាស់​ ព្រះអង្គ​ម្ចាស់​ក្សត្រី​ និង​ឥស្សរជន​ផ្សេង​ទៀត​ដែល​ត្រូវ​ឃុំខ្លួន​​នៅ​កូសាំងស៊ីន​ ​អោយ​មានសេរីភាព​ឡើងវិញ
៣. ​ ការ​ដោះ​លែង​អ្នក​ទោស​ពីភាគី​ទាំង​សង​ខាង
៤. ការបញ្ជាក់​ទទួល​ស្គាល់​​ពី​អធិបតេយ្យភាព​របស់​ប្រទេស​សៀម​មក​លើ​​ខេត្ត​បាត់​ដំបង អង្គរ និង​តំបន់​មួយ​ចំនួន​​ទៀតនៅ​បឹង​ទន្លេ​សាប
៥. ការ​បញ្ចូល​កូសាំងស៊ីន​ជា​ទឹក​ដី​វៀតណាមជា​រៀង​រហូត​ ហើយ​ឈ្មោះ​ក្រុង និង​ខេត្ត​នៅទីនោះ​ទាំងអស់ត្រូវ​​ជំនួស​ដោយ​ឈ្មោះជាភាសា​អណ្ណាម»។

អ្នក​និពន្ធ​បារាំង​ និង​អ្នក​និពន្ធវៀតណាម​ ក៏​ហាក់​ផ្តល់​សុច្ចនករណ៍​ដូចគ្នានេះ​ដែរ ។ អ្នក​និពន្ធ​ម្នាក់​ផ្សេង​ទៀត​បានបង្ហាញ​អំណះអំណាង​សំខាន់​មួយ​ស្តី​ពីបញ្ហា​កម្ពុជា​ក្រោម : «នៅឆ្នាំ​១៨៤៥ សន្តិភាព​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទទួល​ស្គាល់​ទឹកដីកម្ពុជា​នៅ​ក្នុង​ឆ្នាំ​នោះ»។ ជា​ចុងក្រោយ មាន​អ្នក​និពន្ធ​ម្នាក់​ទៀត​សង្កេត​ឃើញថា នៅ​ឆ្នាំ​នោះ«ខេត្ត​ទាំង​៦​នៅ​កូសាំង​ស៊ីន​ភាគ​ខាង​ក្រោម​ ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ជនជាតិ​អណ្ណា​ម​ទាំងអស់» ។ ​ប្រវត្តិវិទូដ៏ល្បី​ម្នាក់​ គឺលោក​ម៉ក់ ភឿន កត់សម្គាល់​ថា «ការ​កាន់​កាប់​ដ៏​​ច្បាស់​ក្រឡែត​របស់​ទីក្រុង​វ៉េ​លើ​​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោមកើតមាន​​ឡើងបើ​ទោះ​ជា​​មាន​ការ​​តវ៉ាពី​ព្រះមហាក្សត្រ​ខ្មែរ​ នា​សម័យ​​នោះ​ក៏ដោយ ពោ​លគឺ​​ចាប់​តាំង​ពី​ការ​បញ្ចប់​​ការ​ចរចា​ដូច​មាន​រៀប​រាប់​ខាង​ដើម​» ។

យោង​តាម​កិច្ច​ព្រមព្រៀង​រវាងប្រមុខ​រដ្ឋ​​​​ទាំង​បីប្រទេស​ ទោះ​ជា​មាន​ចេញ​ជា​សន្ធិ​សញ្ញា​​ឬ​ក៏អត់​ទេ កម្ពុជា​បាន​បោះ​បង់​សិទ្ធិ​របស់​ខ្លួននៅ​​លើទឹកដី​កូសាំងស៊ីន​ចាប់​ពីឆ្នាំ​១៨៤៥​មក។ នៅថ្ងៃ១៧ កុម្ភៈ ១៨៥៩ កងទ័ព​​រុករក​របស់​បារាំងដណ្តើម​បាន​ទីក្រុង​​សៃហ្កន។ នៅថ្ងៃ​៥ កក្កដា ១៨៦២ ប្រទេស​បារាំងចុះ​ហត្ថលេខា​ជាមួយ​អធិរាជអណ្ណាម ​ទូ ឌុក លើ​សន្ធិសញ្ញា​មួយ​។ នៅក្នុង​សន្ធិសញ្ញា​នេះ​ ព្រះ​ចៅអធិរាជអណ្ណាម​ព្រម​ប្រគល់​ខេត្ត​បៀន ហៅ (Bien Hoa), ង៉ាឌិញ(Gia Dinh) និងវីញទឿង(Vinh Tuong) ពោល​គឺ​​ពាក់​កណ្តាលប៉ែកខាង​កើត​នៃ​តំបន់​កូសាំង​ស៊ីន​ទៅ​អោយ​ប្រទេស​បារាំង​កាន់​កាប់​។ ចាប់​ពី​ខែ​មីនា ១៨៦៦ កងទ័ព​បារាំង​កាន់​កាប់បណ្តា​ខេត្ត​ភាគ​ខាងលិច​នៅ​កូសាំងស៊ីន : វីញ​ឡុង​(Vinh Long), ហាទៀង (Hatien) និងចូវដុក (Chau Doc)។ ខេត្តទាំង​បីនេះ​បញ្ចូល​​ទៅ​ក្រោម​ការ​កាន់​កាប់​របស់​​បារាំង​​នៅ​ឆ្នាំ​១៨៦៧។ នៅថ្ងៃ​១៥ មីនា ១៨៧៤ សន្ធិសញ្ញា​បារាំង-អណ្ណាម​ថ្មីមួយ​​ទទួល​ស្គាល់​អធិបតេយ្យភាព​ពេញទី​របស់​បារាំង​លើ​ខេត្ត​ទាំង​បី ដែល​ត្រូវ​បាន​បញ្ចូល​ជា​រណប​​រួច​ទៅ​ហើយ​នេះ។ អាណានិគម​បារាំង​នៅលើ​ទឹក​ដី​​កូសាំងស៊ីន​បាន​ក្លាយ​ជាការពិត​​បញ្ជាក់​​ដោយ​សន្ធិសញ្ញា​បារាំង-អណ្ណាម​ពី​ឆ្នាំ​១៨៦២ និង​ឆ្នាំ​១៨៧៤។
ដូច​ការ​សរសេរ​របស់​រដ្ឋាភិបាល​បារាំង​ក្រោយ​មក​ទៀត នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ៨ មិថុនា ១៩៤៩ ទៅ​កាន់​ព្រះមហាក្សត្រ​ខ្មែរ​ : «គឺ​ពី​រាជរដ្ឋាភិបាល​ក្រុង​វ៉េ​ដែល​បារាំង​បាន​ទទួល​ទាំងស្រុង​ពីវៀតណាម​ខាង​ត្បូង នូវ​សិទ្ធិ​អនុម័ត​ប្រតិ​បត្តិ​ការ​​​​យោធា​ប្រឆាំង​នឹង​មន្ត្រីអណ្ណាម គឺមិន​មែន​ប្រឆាំង​នឹង​អាជ្ញាធរ​ខ្មែរ​ទេ»។ ហេតុ​នេះ​ ដូច​យើង​បាន​ឃើញ​ស្រាប់​​ កម្ពុជា​នៅឆ្នាំ​១៨៦២​លែង​ប្រើសមត្ថកិច្ច​ពិតប្រាកដរបស់​ខ្លួន​​ទៅលើ​ដែនដី​ខេត្ត​ទាំង៦​នៅ​កូសាំងស៊ីនអស់​​ជាច្រើន​ទសវត្ស អាច​ដល់​១ឬ២សតវត្សផង។

ក្រោយ​​​សង្រ្គាម​លោក​លើក​ទី២ បំណង​ប្រាថ្នា​របស់​ប្រជាជន​ដែល​ត្រូវ​គេ​ដាក់​នឹម​អាណានិគម​ក្នុង​ការ​ទទួល​បានអធិបតេយ្យភាពរបស់​ពួកគេ​​ពេញលេញ​ឡើង​វិញ​ ​ បាននាំ​អោយ​ប្រទេស​បារាំងឈាន​ដល់​ការ​ធ្វើ​សម្បទាន​ជាច្រើន ក្នុង​នោះ​​សម្បទាន​ទី១ គឺ​​ការ​ទទួល​ស្គាល់​រដ្ឋ​បី​​ដែល​ផ្គុំ​បាន​ជា​ឥណ្ឌូចិន គឺកម្ពុជា ឡាវ និង​វៀតណាម​។ ទាក់​ទង​នឹង​ប្រទេស​វៀតណាម ការទទួលស្គាល់​នេះ​មាន​ន័យ​​ស្មើនឹង​ការ​​ប្រគល់​កូសាំង​ស៊ីន​អោយ​​មក​ខ្លួន​វិញដែរ។

អំឡុង​ពេល​នៃកិច្ចចរចាជាបន្ត​បន្ទាប់​មក​ទៀត​ កម្ពុជាបាន​​លើក​ឡើង​ពីបញ្ហា​កម្ពុជា​ក្រោម​ ដោយ​បង្ហាញ​សម្មតិកម្ម​ដូច​តទៅ : នៅពេល​បារាំង​បាន​មក​ដល់​កូសាំងស៊ីន កម្ពុជា​មិន​បាន​បោះ​បង់​សិទ្ធិ​របស់ខ្លួនលើ​ទឹកដី​កូសាំងស៊ីន​​ទេ ពី​ព្រោះ​ខ្លួន​បាន​ស្នើ​សុំ​កិច្ច​អាណាព្យាបាល​ពី​ប្រទេស​បារាំង​។ ដូច្នេះ​នៅពេល​បារាំង​​​បោះបង់​សិទ្ធិ​​កាន់​កាប់​នៅ​​កូសាំង​ស៊ីន កម្ពុជានឹង​​យក​សិទ្ធិ​កាន់​កាប់​របស់​ខ្លួន​​មក​វិញ។

ប៉ុន្តែ ដូច​យើង​ទើប​បាន​ឃើញ​ស្រាប់ មូលដ្ឋាន​គ្រឹះនៃអំណះអំណាង​របស់​កម្ពុជា​​នេះ​​មិន​​ត្រូវ​នឹង​តថភាព​ប្រវត្តិសាស្រ្តទេ។ ទឹកដី​កូសាំងស៊ីន​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​អណ្ណាម​មុន​ការ​មកដល់​របស់​ជនជាតិ​បារាំង។ ហេតុនេះ ដោយ​យោង​លើ​សន្ធិសញ្ញា​ដែល​ខ្លួន​បានធ្វើ​ជាមួយរាជរដ្ឋាភិបាល​​ក្រុង​វ៉េ ប្រទេស​​​បារាំងមិន​ចរចា​ជាមួយ​កម្ពុជា​​ពីការ​ផ្ទេរ​​ខេត្ត​ទាំង​អស់​​នៅ​កូសាំង​ស៊ីន​អោយ​​មក​ស្ថិតក្រោមអាជ្ញាធរ​របស់កម្ពុជា​នោះ​ឡើយ​។  ហើយ​វា​សំខាន់​ដែល​ត្រូវ​​កត់​ចំណាំ​ថា ​ទាំង​នៅ​ឆ្នាំ​១៨៦២ ​ទាំង​នៅ​ឆ្នាំ​១៨៧៤​ កម្ពុជា​​មិន​បាន​ធ្វើ​បែប​បទ​ការពារ​ប័ណ្ណកម្មសិទ្ធិ​លើ​ខេត្ត​នៅកូសាំង​ស៊ីន​ទេ។ ម្យ៉ាងវិញទៀត យើង​ត្រូវ​កត់សម្គាល់ថា រយៈពេល​ជិត​១សតវត្ស គ្មាន​​អាជ្ញាធ​រ​កម្ពុជា​ណាលើក​ឡើង​​ពី​បញ្ហា​កម្ពុជា​ក្រោម​ឡើយ។ ដូច្នេះ​រឿង​ពិត​មួយក៏​ត្រូវ​គេ​បង្កើត​​ចេញ​ឡើង : «​ខេត្ត​ភាគ​ខាង​លិច​របស់​កូសាំងស៊ីន​ជា​របស់​អណ្ណាម​១សតវត្ស​មុន​ការ​មក​ដល់​របស់​ជន​ជាតិ​បារាំង» ដូច​លោក​ R. Davée ប្រធាន​គណៈប្រតិភូ​បារាំងនៅ​គណៈកម្មការ​​ចម្រុះ​បារាំង​-ខ្មែរ​​ឆ្នាំ​១៩៤៩ បានសរសេរ ។ ចន្លោះ​ឆ្នាំ​១៨៦២ និង​ឆ្នាំ​១៨៧៤ កម្ពុជា​មិន​អាច​ធ្វើ​ការ​អះអាង​ទៅ​ប្រទេស​បារាំង​ពី​អធិបតេយ្យ​ភាព​របស់​​ខ្លួន​​លើ​​ទឹកដី​ដែល​ខ្លួន​បាន​បាត់​បង់​កា​រគ្រប់​គ្រង​នោះឡើយ។
នៅឆ្នាំ​​១៩៤៩ ប្រទេស​បារាំងក៏បាន​ត្រឹម​​តែ​ប្រគល់​ទៅ​អោយ​វៀតណាម​នូវ​អ្វី​ដែលខ្លួន​បាន​យក​ពីពួកគេ​កាលពី​សតវត្ស​មុន​​។ ការ​ប្រារព្ធ​ថ្ងៃ​៥ មិថុនា ជា​ខួប​នៃ​ការ​ប្រគល់​កម្ពុជា​​ក្រោមពីប្រទេស​បារាំង​ទៅ​អោយ​វៀតណាម​ គឺ​គ្រាន់​តែ​ជា​ការ​រក្សា​រឿង​​ប្រឌិត​មួយ​​ប៉ុណ្ណោះ។
នៅក្នុង​សៀវភៅ​ចងចាំមួយ​របស់សម្តេច​ឳ​ នរោត្តម សីហនុ ព្រះអង្គ​បាន​បញ្ជាក់​ថា «ទឹកដីខ្មែរ​ដែល​ខ្ញុំ​ការពារ ហើយនឹង​ការពាររហូត​ទៅ​​ មិន​មែន​ជា​ទឹកដី​នៃ​អាណាចក្រ​ខ្មែរ​ក្នុង​ស.វទី១២ ដែល​លាតសន្ធឹងពី​កូសាំងស៊ីន (វៀតណាម​ខាង​ត្បូង​) ឡាវ ថៃ រហូត​ដល់​មួយ​ផ្នែក​នៃប្រទេស​ភូមា និង​ម៉ាឡេស៊ី​នោះទេ។ វា​មិន​មែនជាគំនិតត្រឹមត្រូវ​ទេ​ដែល​ទៅ​ទាម​ទារ​ទឹកដីទាំងនេះ ព្រោះ​យើង​បាន​បាត់​បង់​វា​ជាច្រើន​សតវត្សហើយ​​​ដោយសារ​​តែ​ចាញ់​ល្បិចកល់គេ ឬដោយ​សារ​សង្រ្គាម។ នៅក្នុង​ភ្នែក​របស់ខ្ញុំ​និង​ភ្នែក​របស់​អ្នក​ស្នេហាជាតិ​ខ្មែរ ​​កេរដំណែល​របស់​យើងដែលមិន​អាច​បដិសេធ​បាននោះ​ គឺ​កេរ​ដំណែល​ដែលត្រូវ​បាន​ផ្ទេរ​បន្ត​ក្នុង​​​សែរាជវង្ស​ខ្ញុំ​មុនៗ ​គឺសែរោត្តម ពោលគឺផ្ទេរ​ពី​​ព្រះមហាក្សត្រ​​​ដំបូងគេ​នៃ​សែ​ស្រឡាយ​នេះ  មុនពេល​​ត្រូវ​បង្ខំ​ចិត្ត​​សុំ​ជំនួយ​ពី​ប្រទេស​បារាំង​នៅឆ្នាំ១៨៦៣ ដើម្បី​​ការពារអ្វីដែល​នៅសេស​សល់​បន្តិច​បន្តួច​ពី​សម័យ​​អាណាចក្រ​ខ្មែរ។ ទឹកដី​នេះគឺ​របស់​​រដ្ឋខ្មែរដែលគួរ​បាន​»។ (នរោត្តម សីហនុ: អនុស្សាវរីយ៍​ផ្អែមល្ហែម និង​ជូរចត់​ ,​ ប៉ារីស , រោងពុម្ព​ Hachette , ១៩៨១)។


1 អធិប្បាយ
ដោយ Khmer doem 2009-04-03 21:42:50
i dont agree with this author
what is his nationality
cocincin is belong cambodia
how he know cambodia history better than cambodian
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​

សំណួររបស់​លោកអ្នក

about.png

"តើលោកអ្នកមានសំនួរឬ ?"

សូម​ចោទ​សំនួរ​លោក​អ្នក​មក​កាន់​កាសែត    ។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឆ្លើយ​សំនួរ​ទាំង​នេះ នៅ​ក្នុង​អត្ថ​បទ​លើក​ក្រោយ​របស់​យើងខ្ញុំ។