|
អធិប្បាយចុងក្រោយ
|
| ការទាញយករ៉ែមាសពីដីដែលប្រជាកសិករលក់អោយ |
| ដោយ ឈាង បុប្ផា | | | ១២-០៦-២០០៨ | រវៀង (ព្រះវិហារ) ថ្ងៃទី៥ មិថុនា ២០០៨ សកម្មភាពនៅអណ្តូងរ៉ែមាស ដែលអ្នករស់នៅតាមមាត់ទឹកចោទប្រកាន់ថាបានបំពុលដីរបស់ពួកគេ © John Vink / Magnum អស់រយៈពេល២ឆ្នាំមកហើយ ប្រជាពលរដ្ឋមកពី៨ឃុំ នៃស្រុករវៀង ខេត្តព្រះវិហារ តែងតែ ធ្លាក់ខ្លួនឈឺជាប្រចាំ សូម្បីតែសត្វចិញ្ចឹមរបស់អ្នកស្រុកក៏មានអត្រាស្លាប់ក្នុងកំរិតមួយដ៏ខ្ពស់ខុសប្លែកពីធម្មតា ហើយមានដើមឈើងាប់នៅតាមកន្លែងខ្លះទៀតផង។ នៅពេលដែលអ្នកភូមិចូលព្រៃ គឺមិនមែនដើម្បីបេះផ្លែឈើ ប្រមាញ់សត្វព្រៃ រឺដើម្បីទៅកាប់ដើមឈើនោះទេ ប៉ុន្តែ ពួកគេចូលព្រៃ ដើម្បីបញ្ឈប់សកម្មភាពរបស់ឈ្នួញជីកយករ៉ែមាសខុសច្បាប់ ដែលបានបំពុលធម្មជាតិ ជាមួយនឹងសារធាតុគីមីដែលមានជាតិពុលក្នុងកំរិតខ្ពស់។ អ្នកភូមិក្លាយជាអ្នកយាមល្បាត លោកទុន ទៀង រួមជាមួយអ្នកជិតខាងរបស់គាត់ បានជិះម៉ូតូចាស់មួយគ្រឿង ដើម្បីទៅស៊ើបការនៅការដ្ឋានអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងព្រៃ ចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផ្លូវជាតិដែលសំដៅទៅទីប្រជុំជនក្នុងខេត្ត។ នៅកន្លែងនោះ អ្នកភូមិនៃសហគមន៍ព្រៃឈើ ព្រមទាំងតំណាងអាជ្ញាធរមូលដ្ឋានធ្លាប់មានវត្តមានចុះជួយអន្តរាគមន៍ តាំងពីប៉ុន្មានសប្តាហ៍មកហើយ។
ពេលទៅដល់អណ្តូងរ៉ែនោះ មានក្លិនមិនល្អម្យ៉ាងភាយចូលរន្ធច្រមុះរបស់ពួកគេ។ ក្លិននោះភាយចេញមកពីសារធាតុគីមីម្យ៉ាងដែលគេបានលាយជាតិគីមី ជាមួយដី និងអង្កាម។ លោក ទុន ទៀងបានបញ្ចេញកំហឹងថា «មើលចុះ! ដើមឈើនៅជុំវិញទីនេះងាប់អស់ហើយព្រោះសាធាតុគីមីដែលត្រូវបានគេប្រើប្រាស់នេះ បានធ្វើអោយដីមានជាតិអាស៊ីត និងបានបំពុលទឹក។ ជាលទ្ធផល ជីវៈចំរុះទទួលរងនូវការគំរាមកំហែង។ យើងឃើញមានក្តាម កង្កែប ដែលជាចំណីអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រីក្រ ងាប់នៅលើដី!»
ឈ្នួញម្ចាស់អាងចម្រោះយករ៉ែមាសទាំងនេះសុទ្ធសឹងតែជាអ្នកមកពីតាមខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ពួកគេភាគច្រើនបានទិញដីដែលប្រជាពលរដ្ឋបានជីកនឹងដៃ រួចរែងយកមាសរួចរាល់ហើយ ដោយមិនបានប្រើប្រាស់សារធាតុគីមី។ បន្ទាប់ពីរែងយករ៉ែអស់ អ្នកភូមិទាំងនោះក៏បានលក់ដីដែលប្រើរួចទៅអោយអ្នកផ្សេង ដើម្បីទាញយកកំទេចរ៉ែមាសដែលនៅសេសសល់។ ពួកគេបានប្រើប្រាស់សារធាតុគីមីផ្សំម្យ៉ាងដ៏មានគ្រោះថ្នាក់ ហើយថែមទាំងមិនគោរពបរិស្ថានទៀតផង។
គំនិតអាក្រក់របស់អ្នកជីករករ៉ែមាស នៅការដ្ឋានអណ្តូងរ៉ែនោះ គេឃើញមានបុរសជាង១០នាក់ ស្នាក់នៅក្នុងខ្ទម ក្បែរនឹងអាងចម្រោះ។ លោក ទុន ទៀង មិនបានចុះពីលើម៉ូតូនោះទេ គាត់បានសួរទៅកាន់បុរសទាំងនោះថា តើអ្នកណាជាម្ចាស់នៅទីនេះ? មិនមានអ្នកណាម្នាក់ឆ្លើយនឹងសំណួររបស់គាត់ឡើយ។ ពួកគេបាននិយាយឡុបៗថាពួកគេគ្រាន់តែជាកម្មករធម្មតាតែប៉ុណ្ណោះ និង ទើបតែមកទីនេះ ហើយមិនបានដឹងរឿងអ្វីទាំងអស់។ ពួកគេមិនទុកចិត្តលើពួកយើងនោះទេ ព្រោះថាអន្តរាគមន៍លើកចុងក្រោយរបស់អ្នកភូមិដែលជាអ្នកយាមល្បាតទាំងនេះបានធ្វើអោយពួកគេខាតបង់ប្រាក់អស់ជាច្រើន។ ពួកគេបានបាត់បង់ផលិតផលគីមីដ៏មានតម្លៃរបស់ខ្លួន និងត្រូវខាតបង់ពេលវេលាធ្វើការនៅអាងចម្រោះនេះទៀតផង។ បន្ទាប់ពីការសាកសួរដេញដោលមក នៅទីបំផុត បុរសទាំងនោះបានសារភាពថាខ្លួនគឺជាអ្នកជីករករ៉ែមាស ហើយធ្លាប់បានជីកដីរកមាស នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ កម្មករទាំងនោះដឹងច្បាស់ពីការងាររបស់ខ្លួន។ អ្នកទាំងនោះបានប្រកែកយ៉ាងដាច់ណាត់ ដោយមានទំនុកចិត្តទៅលើបទពិសោធន៍ជាង១០ឆ្នាំរបស់ខ្លួន ថា«ការកែច្នៃដីជាមួយនឹងសារធាតុគីមីមិនបានបំពុលទឹកនោះទេ!»។ ដើម្បីបញ្ចុះបញ្ចូលអោយអ្នកភូមិយល់ច្បាស់ជាងនេះ ពួកគេបានបន្ថែមទៀតថា «យើងប្រើរូបមន្តគីមីដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន។ រូបមន្តនេះគឺជាថ្នាំមួយប្រភេទ ដែលអាចបន្សាបសារធាតុជាតិគីមីនៅក្នុងដី ដែលយើងប្រើសម្រាប់ទាញយកភាគល្អិតរ៉ែមាស។
អ្នកភូមិហាក់បីដូចជាស្តាប់មិនចូលត្រចៀកនូវសំដីពន្យល់របស់បុរសទាំងនោះទេ។ លោក ទុន ទៀង មិនជឿសំដីទាំងនោះទេ លោកបានសួរទៀតថា «តើហេតុអ្វីបានជាពួកគេត្រូវចំណាយលុយដើម្បីទិញថ្នាំបន្សាបជាតិគីមីក្នុងដី ដើម្បីការពារបរិស្ថាន? វាមិនអាចទៅរួចទេព្រោះសារធាតុគីមីទាំងនោះថ្លៃណាស់សម្រាប់ពួកគេ។ លោកសង្កត់ធ្ងន់ថា «សារធាតុគីមីរបស់បុរសទាំងនោះតែងតែបានបំពុលដី...»។
ជម្ងឺផ្លូវដង្ហើម ប្រតិកម្មស្បែក និងសត្វមានសុខភាពទន់ខ្សោយ...។ នៅភូមិត្រពាំងទទឹម អ្នកស្រីស្វាយ គឿន គឺជាអ្នកមនុស្សដំបូងគេដែលបានចោទប្រកាន់ទៅលើឈ្នួញរកស៊ីខុសច្បាប់ ព្រោះថាការមកដល់របស់អ្នកទាំងនោះបានធ្វើអោយអ្នករស់នៅទីនេះក្តៅក្រហាយមិនចេះចប់មិនចេះហើយ។ «នៅក្នុងមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតបាននិយាយថាអ្នកជម្ងឺមានផ្ទុកសារធាតុគីមីនៅក្នុងរាងកាយ...។ ពួកគេបានផឹកទឹកដែលមានជាតិគីមី ដែលបណ្តាលមកពីក្រុមអ្នកជីកយករ៉ែមាសប្រើជាតិគីមី។ លើសពីនេះ សត្វចិញ្ចឹមរបស់អ្នកភូមិមានរោគសញ្ញាចម្លែកដែលពេទ្យសត្វមិនស្គាល់ និងគ្មានលទ្ធភាពអាចព្យាបាលបាន!» ចាប់តាំងពីដើមឆ្នាំនេះ មានគោ៤៥ក្បាលងាប់ ប៉ុន្តែមិនមានការវិភាគរោគណាមួយបានអះអាងថាការបំពុលខាងលើនេះ គឺជាដើមហេតុនៃការស្លាប់មុនអាយុនេះទេ។ ស្បែករបស់សត្វទាំងនោះក៏បានរលួយភ្លាមៗ ហើយនៅប៉ុន្មានថ្ងៃក្រោយមក គោទាំងនោះបានងាប់។ ដោយមិននៅរង់ចាំលទ្ធផលជាយថាហេតុនៃការធ្វើតេស្ត ប្រជាជនបានលក់គោងាប់ទាំងនោះទៅអោយកន្លែងកាប់គោលក់ នៅក្នុងស្រុក។ ស្វាយ ភឿន ប្អូនជីដូនមួយរបស់អ្នកស្រីស្វាយ គឿន បានគូសបញ្ជាក់ថា « នៅទីបំផុត អ្នកភូមិគឺជាអ្នកបរិភោគសាច់ដែលមានជំងឺនេះ។ គេមិនអាចទទួលបានប្រាក់កំរៃពីសត្វដែលងាប់ទាំងនោះបានទេ។ ពួកយើងមិនអាចបន្ទោសពួកគេ បើពួកគេចង់បានប្រាក់ពីការលក់គោរបស់ពួកគេ»។
អាជ្ញាធរមានភាពធូររលុង នៅឃុំភ្នំលុង គេឃើញមានអណ្តូងរ៉ែមាសច្រើនបំផុត ដែលក្នុងនោះអណ្តូងរ៉ែធំមួយត្រូវបានក្រុមហ៊ុនចិនមួយធ្វើសម្បទានរយៈពេល៥ឆ្នាំ។ លោក គាត គីមថុល អភិបាយរងស្រុក បានអះអាងថាក្រុមហ៊ុននេះមិនបានប្រើប្រាស់សារធាតុពុលនោះទេ។ ប៉ុន្តែ ប្រជាពលរដ្ឋរស់នៅជុំវិញទីនោះ មានការយល់ឃើញផ្សេងទៅវិញ។ ទោះយ៉ាងណា លោកគាត គីមថុលបានគូសបញ្ជាក់ថាអាជ្ញាធរបានបិទទ្វារការដ្ឋានអណ្តូងរ៉ែខុសច្បាប់ចំនួន១៤កន្លែង នៅដើមឆ្នាំនេះ។ លោកសំដែងការសោកស្តាយថា «ប៉ុន្តែ យើងនៅមានការលំបាក ក្នុងការបញ្ឈប់សកម្មភាពបំពុលបរិស្ថាននៅក្នុងព្រៃទាំងនេះ ។ ច្បាប់ស្តីពីឧស្សាហកម្មបានហាមឃាត់ការប្រើប្រាស់ជាតិគីមីនៅក្នុងការដ្ឋានអណ្តូងរ៉ែមាស ប៉ុន្តែ ជានិច្ចកាល នៅតែមានការរំលោភបំពានច្បាប់ដដែល...»។ លោកបានអះអាងថាក្រុមហ៊ុនចិនបានបញ្ចប់សកម្មភាពជីកយករ៉ែរបស់ខ្លួនហើយ ព្រោះថាកិច្ចសន្យាដល់ពេលត្រូវបញ្ចប់។
លោកស្វាយ ភឿន បានចោទប្រកាន់អាជ្ញាធរថា វិធានការរបស់អាជ្ញារមូលដ្ឋានគឺគ្រាន់តែជាគ្រឿងតែងលំអប៉ុណ្ណោះ។ លោកបានសន្និដ្ឋានថា «ការចាប់ឈ្នួញរកស៊ីគឺជាមធ្យោបាយតែមួយគត់ ដែលអាចបញ្ឈប់ការបំពុលបរិស្ថានបាន»។ ប៉ុន្តែ វាមិនស្ថិតនៅក្នុងរបៀបវារៈនោះទេ ព្រោះជនទុច្ចរឹតបានសូកប៉ាន់អាជ្ញាធរ ជាមួយនឹងទឹកប្រាក់អាចទៅដល់៥០០ដុល្លារឯណោះ។ ដើម្បីអោយអាជ្ញាធរចាត់វិធានការទូទៅមួយ តំណាងអ្នកភូមិមានបំណងនឹងធ្វើការទាមទារមួយនៅមុខសាលាក្រុង។ «គេត្រូវតែគិតគូរដល់បញ្ហាដែលកើតមានឡើង គិតគូដល់ផលប៉ះពាល់នៃការបំពុលបរិស្ថាននេះ និងត្រូវគិតគូរពីអាយុជីវិតរបស់ពួកយើង»។
|
|
អត្ថបទបន្ថែម-ទឹកស្អាត១០០១ "ដើម្បីអោយប្រជាពលរដ្ឋឈប់ ទទួលទានទឹកស្រះ" (១៥-០៥-២០០៨) -ប៉ៃលិន : ទីក្រុងដីហុយ (១០-០៤-២០០៨)
-អតិសុខុមប្រាណដ៏មានប្រសិទ្ធិភាព: ជីធម្មជាតិដែល កសិករស្រមៃចង់បាន (២៦-០៣-២០០៨)
មុខរបរទី ២ របស់អ្នកភូមិ នៅពេលការងារចំការត្រូវបានបញ្ចប់ គឺនៅរដូវប្រាំង ប្រជាជនមានទំលាប់ចូលព្រៃដើម្បីជីករករ៉ែមាស។ ពួកគេបានជីករណ្តៅជម្រៅកន្លះម៉ែត្រ ដែលអាចអោយពួកគេជីករកមាសបានរយៈពេលពីរ ទៅបួនសប្តាហ៍។ ពួកគេអាចរកមាសបានពី ៥លី ទៅមួយជី (១លី ស្មើ១០ជី ហើយ១ជីស្មើ៣,៧៥ក្រាម)។ ក្រោយមក អ្នកភូមិយកមាសដែលរកបានទៅលក់នៅផ្សារ ដោយទទួលបានទឹកប្រាក់ដុល្លារខ្លះៗ។
ឈ្មួញ និង អ្នកភូមិ អាចម៍ដីដែលប្រជាជនប្រើប្រាស់រួចហើយ ត្រូវបានយកទៅលក់អោយឈ្មួញ ក្នុងតម្លៃចាប់ពីមួយសែន ទៅប្រាំសែនរៀល ក្នុងមួយម៉ែត្រគូប ទៅតាមភាពសំបូររ៉ែនៅក្នុងដី។ ឈ្នួញម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែប្រាប់ថាគាត់មកខេត្តក្រចេះ បានពន្យល់ថា «យើងមិនសូវខាតបង់បើសិនយើងទិញដីដែល ប្រើប្រាស់រួចហើយពីប្រជាជនព្រោះយ៉ាងហោច ណាស់ក៏យើងទិញតែដីណាដែលមាន រ៉ែមាសប៉ុណ្ណោះ!»។ ម្យ៉ាងវិញទៀត លោកបានបញ្ជាក់ថាគេអាចរកទិញសារធាតុគីមីទាំងនេះបានយ៉ាងងាយស្រួលនៅផ្សារខេត្តកំពង់ធំ។ យោងតាមការសិក្សាបានអោយដឹងថាសារធាតុគីមីទាំងនេះគ្រាន់តែជាជាតិស៊ីយ៉ាននីទ្រីត បារត រឺក៏អាស៊ីតនីទ្រិចប៉ុណ្ណោះ។ គេបានលាយសារធាតុគីមីទាំងនេះជាមួយនឹងដី ម្សៅមី និងអង្កាម រួចដាក់ទុកចោលរយៈពេលមួយសប្តាហ៍នៅក្នុងអាងដែលធ្វើពីឈើនិងមិនជ្រាបទឹក។ នៅពេលដែលភាគល្អិតតូចៗនៃរ៉ែមាសអណ្តែតឡើងលើ គេបង្ហូរទឹកចេញដើម្បីអោយមេដែកចាប់ឆក់យករ៉ែទាំងនេះចេញពីក្នុងទឹក។ ដោយមានការសប្បាយរីករាយនៅក្នុងមុខជំនួញរបស់ខ្លួន ឈ្នួញម្នាក់នោះរៀបរាប់លំអិតទៀត «ការទាញយករ៉ែមាសក្នុងអាងទំហំ៥ម៉ែត្រគូប ត្រូវចំណាយអស់ថវិកាចំនួន២០០០ដុល្លារ តែគេទទួលបានមាសចាប់ពី១០ ទៅ២០តម្លឹង។
|