|
អធិប្បាយចុងក្រោយ
|
| ជីវប្រវត្តិរបស់អៀង សារី អ្នកឱកាសនិយមបាតដៃប្រឡាក់ឈាម |
| ដោយ ស្ទេហ្វានី ហ្សេ និង ឈាង បុប្ផា | | | ២៥-០៦-២០០៨ | 
អៀង សារីត្រូវបានគណៈប្រតិភូខ្មែរក្រហមចាំទទួលស្វាគមន៍ នៅព្រលានយន្តហោះពោធិចិនតុង (ប្រហែលជាមកពីទស្សនកិច្ចនៅប្រទេសចិន) អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសជាមួយ អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហមគឺលោកខៀវសំផន ដែលប្រជាជនខ្មែរទូទៅចាត់ទុកថាជាមេដឹកនាំកំពូលនៃរបបកាប់សម្លាប់បង្ហូរឈាម នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសវនាការជាសាធារណៈនៅចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) នាថ្ងៃទី៣០ មិថុនា ខាងមុខនេះ។ ចាប់តាំងពីមានការចាប់ខ្លួនរូបលោក ព្រមជាមួយនឹងភរិយា កាលពីថ្ងៃទី១២ វិច្ឆិកា ២០០៧ និងបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបទរំលោភបំពានធ្ងន់ធ្ងរលើសន្ធិសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ សីហា ១៩៤៩ លោកបានធ្វើអោយសាធារណៈជននិយាយពីរូបលោកច្រើន នៅពេលលោកបានស្នើសុំសិទ្ធិជួបសួរសុខទុក្ខភរិយារបស់លោក។ រូបលោក ក៏ដូចជាអតីតមេដឹកនាំរបបខ្មែរក្រហមផ្សេងទៀត មិនដែលធ្លាប់បានបង្ហាញពីការសោកស្តាយបន្តិចណាទាល់តែសោះ ចំពោះសោកនាដកម្មមកលើប្រជាជនខ្មែរគ្រប់រូប ហើយបានបដិសេធថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនជាតិខ្មែរឡើយ។ ឈ្មោះរបស់បុគ្គលនេះ ត្រូវបានប្រជាជនកម្ពុជាបានអះអាងថាជាក្បាលម៉ាស៊ីនដឹកនាំមួយរូបនៃរបបខ្មែរក្រហម ហើយចាប់តាំងពីប្រទេសវៀតណាមចូលមកគ្រប់គ្រងប្រទេសកម្ពុជា ជនជាតិវៀតណាមបានថ្កោលបុគ្គលរូបនេះជាសាធារណៈ ថាជាមនុស្សដ៏គួរអោយស្អប់ខ្ពើមបំផុត ដូចជាពាក្យ«បនប៉ុល ពត និង អៀង សារី» ដែលត្រូវបានគេប្រើប្រាស់រហូតមកទល់សព្វថ្ងៃនេះ។ គីម ត្រាង កើតនៅឆ្នាំ១៩២៥ នៅលើទឹកដីកម្ពុជា។ ក្រោយមក លោកក៏បានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនអោយមានលក្ខណៈជាខ្មែរ ដោយបានប្តូរជាឈ្មោះ អៀង សារីវិញ។ លោកគឺជាកូនប្រុសរបស់អ្នកមានមុខមាត់ម្នាក់។ នៅពេលវ័យជំទង់ លោកបានចាកចេញពីវៀតណាមខាងត្បូង ដើម្បីបន្តការសិក្សានៅខេត្តព្រៃវែង បន្ទាប់លោកក៏បានមករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជាគ្រឹះស្ថានសិក្សាមានឈ្មោះល្បីល្បាញ នៅទីក្រុងភ្នំពេញ។ សិស្សរៀនពូកែរូបនេះបានធ្វើអោយឈ្មោះរបស់ខ្លួនមានភាពល្បីល្បាញ និងមានសិស្សជាច្រើនស្តាប់បង្គាប់ដើរតាម។ លោកបានក្លាយជាមេដឹកនាំចលនានិស្សិតដើម្បីឯករាជ្យនៅកម្ពុជា ដែលជាចលនាដំបូងគេនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី Elilzabeth Becker អ្នកយកព័ត៌មានជនជាតិអាមេរិក បានរម្លឹកថា ចាប់តាំងពីឆ្នាំ១៩៤៦មក លោកបានដឹកនាំក្រុមមួយដែលឈ្មោះថា «ក្រុមរំដោះកម្ពុជាចេញពីអាណានិគមនិយមបារាំង»។
លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅទីក្រុងប៉ារីសប្រទេសបារាំង នៅវិទ្យាល័យ Cordorcet បន្ទាប់មកសិក្សានៅវិទ្យាស្ថានសិក្សានយោបាយ។ លោកបានសម្រេចចិត្តបោះបង់ចោលការសិក្សានៅទីនោះ ដើម្បីចូលរួមធ្វើពលីកម្ម ទាំងរូបរាងកាយ និងដួងព្រលឹង ដើម្បីបុព្វហេតុបដិវត្តន៍។ អៀង សារី បានងប់ងុលខ្លាំងនឹងលទ្ធិកុម្មុយនីស្តនៅរដ្ឋធានីបារាំង ហើយបានក្លាយជាសមាជិកគណបក្សកុម្មុយនីស្តបារាំង នៅឆ្នាំ១៩៥១។ នៅឆ្នាំនោះ លោកបានរៀបមង្គលការជាមួយនឹងខៀវ ធីរិទ្ធិ ដែលជាកូនស្រីរបស់ចៅក្រមកម្ពុជា ហើយនឹងបានក្លាយជា «ស្រ្តីទីមួយនៃបដិវត្តន៍»។ ចំណែកបងស្រីរបស់អ្នកស្រី ឈ្មោះ ប៊ុណ្ណារី បានរៀបមង្គលការជាមួយនឹងសាឡុត សរ ដែលក្រោយមកមានឈ្មោះថា ប៉ុល ពត។ នៅក្នុងឆ្នាំដដែលនេះ លោក អៀង សារី ក៏បានតាំងខ្លួនជាមេដឹកនាំ និងជាសហស្ថាបនិកលទ្ធិម៉ាក់និយមនៃនិស្សិតខ្មែរនៅទីក្រុងប៉ារីស។
នៅឆ្នាំ១៩៥៧ លោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានក្លាយជាសាស្រ្តាចារ្យប្រវត្តិវិទ្យានៅគ្រឹះស្ថានរដ្ឋ និងបានចូលរួមជាមួយនឹងបក្សកុម្មុយនីស្តកម្ពុជា ។ លោកបានឈានជើងចូលប្រឡូកក្នុងរឿងនយោបាយ តាមរយៈការចូលព្រៃម៉ាគី នៅឆ្នាំ១៩៦៣ និងបានចូលរួមនៅក្នុងចលនាពួកខ្មែរក្រហម។ ថ្ងៃទី១៧ មេសា ១៩៧៥ គឺជាថ្ងៃនៃការចូលកាន់កាប់ទីក្រុងភ្នំពេញ របស់ពួកស្លៀកពាក់ឈុតខ្មៅ។ អៀង សារី គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកទាំងប្រាំមួយរូប នៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនីស្តកម្ពុជា (នៅឆ្នាំ១៩៦០ លោកគ្រាន់តែជាសមាជិកបណ្តោះអាសន្នប៉ុណ្ណោះ ហើយបានក្លាយជាសមាជិកពេញសិទ្ធិ ចាប់តាំងពីឆ្នាំ១៩៦៣មក)។ លោក ហ្វីលីព ស៊ត ប្រវត្តិវិទូ បានរម្លឹកថា គណៈកម្មាធិការនេះគឺជាអំណាចគ្រប់គ្រងកំពូលនៃរបបខ្មែរក្រហម។
អ្នកស្រី Elilzabeth Becker បានពណ៌នាយុវជនវ័យក្មេង អៀង សារី ថាជាមនុស្ស «អង់អាចក្លាហាន មានប្រាជ្ញាឈ្លាសវៃ និងមានចរិកស្លូតបូត»។ ចំណែកលោកសាស្រ្តាចារ្យ David Chandler បានរៀបរាប់ថា អ្នកដែលបានជួបនឹងគាត់ ជាពិសេសនៅក្នុងអំឡុងពេលគាត់កាន់អំណាច បានពណ៌នាអំពីគាត់ថាជាមនុស្សក្រអឺតក្រទម ជាមនុស្សពិបាកយល់ និងជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់» ហើយអ្នកទាំងនោះមិនដែលចាត់ទុករូបគាត់ថា «ជាមនុស្សរួសរាយរាក់ទាក់»នោះទេ។ លោកស្រីLaurence Picq លោកបានលើកឡើងថា «អៀង សារី គឺជាមេដឹកនាំដ៏សាហាវឃោឃៅ និងមានភាពស្មោះត្រង់ជាមួយនឹងម្ចាស់របស់ខ្លួន»។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបរាប់ដោយគ្មានការរារែកចិត្តថា មនុស្សដូចអៀង សារី គឺជាមនុស្ស «ប៉ិនប្រសប់និងសំបូរល្បិចកល »។ លោក Philip Short ក៏បានបន្ថែមទម្ងន់ទៅលើអៀង សារី ដោយចាត់ថាជាមនុស្ស «សំបូរល្បិចកលច្រើន» ហើយជាមនុស្ស «មានល្បិចកលច្រើនជាងមានភាពវ័យឆ្លាត»។ លោកបានពន្យល់ថា គាត់គឺជា «មនុស្សដែលគោរពវិន័យពីរ មួយសម្រាប់រូបគាត់ និងវិន័យមួយផ្សេងទៀតសម្រាប់មនុស្សរស់នៅជុំវិញគាត់។ វិន័យទាំងពីរនេះអាចបញ្ជាក់បានពីបុគ្គលិកលក្ខណៈរបស់គាត់នៅក្នុងមួយជីវិតនេះ។ គេក៏បាននិយាយទៀតផងដែរថា អៀង សារី គឺជាមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងគ្រួសាររបស់គាត់។ លោក ឆាំង យុ បានសន្និដ្ឋានថា «អៀង សារី គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយមិនខ្លាចអង្វរករសត្រូវ ដែលខ្លួនគិតថាជាសត្រូវស៊ូពូជ។ ឧទាហរណ៍ ដូចជា លោកបានយល់ព្រមចុះចូលជាមួយនឹងរដ្ឋាភិបាលសម្តេច ហេង សំរិន (១៩៩៦) ប៉ុន្តែកាលពីមុននេះ លោកធ្លាប់បានរិះគន់រដ្ឋាភិបាលនេះយ៉ាងចាស់ដៃ។»
លោក Philip Short បានគូសបញ្ជាក់ថា ជាការពិតណាស់ អៀង សារី គឺជាមនុស្សគ្រួសារបក្សពួកនិយម។ «គាត់បានដាក់កូនប្រុសនិងក្មួយៗរបស់គាត់ អោយកាន់កាប់មុខតំណែងខ្ពស់ៗ ដែលអ្នកទាំងនោះសុទ្ធសឹងតែជាមនុស្សអសមត្ថភាព»។
នៅក្នុងរូបថតដែលថតកាលពីសម័យខ្មែរក្រហម ទាំងអៀង សារី ទាំងប៉ុល ពត បានបញ្ចេញទឹកមុខស្រស់ស្រាយ ដែលអាចបញ្ជាក់បានថាគាត់គឺជាមនុស្សរស់នៅស្រណុកស្រួលម្នាក់។ លោក ឆាំង យុ បានបរិហារថា «គាត់បានប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍របស់បដិវត្តន៍ ដោយសារគាត់ពាក់វ៉ែនតា បើករថយន្ត ដែលទង្វើទាំងនេះខុសឆ្ងាយពីគំរូលទ្ធិកុម្មុយនីស្តដែលពួកខ្មែរក្រហមបានបង្ខំអោយប្រជាពលរដ្ឋអនុវត្តតាម។»
អ្នកនាំពាក្យរបស់របបកម្ពុជាប្រជាធិបតេយ្យ ប្រមុខការទូតខ្មែរក្រហមរូបនេះគឺជាអ្នកប្រឆាំងនឹងពួកចក្រពត្តិនិយមអាមេរិកកាំង និងបានដឹកនាំបូជនីយកិច្ចមួយប្រឆាំងនឹងប្រទេសវៀតណាម ដែលជាពួកវាទទីនិយមដ៏មានគ្រោះថ្នាក់។ លោកបានបង្កើតគំនិតដ៏សំខាន់មួយ សម្រាប់របបកម្ពុជាប្រជាធិតេយ្យ សម្រាប់ឯករាជ្យភាពរបស់ប្រទេស និងសម្រាប់រដ្ឋស្វ័យត។ ទាំងនេះជាគំនិតដែលខៀវ សំផន បានប្រើសម្រាប់សរសេរនិក្ខេបទថ្នាក់បណ្ឌិតរបស់ខ្លួន នៅទីក្រុងSorbonne នាឆ្នាំ១៩៥៩។ លោកស្រី Laurence Picq បានរម្លឹកថា នៅក្នុងសុន្ទរកថារបស់អៀង សារី គាត់តែងតែនិយាយថាស្ថានភាពអន្តរជាតិមិនសូវជាមានលក្ខណៈអំណោយផលល្អ ហើយគាត់បានសន្និដ្ឋានថា «មានតែរបបកម្ពុជាប្រជាធិបតេយ្យតែមួយប៉ុណ្ណោះ ដែលអាចផ្តល់ជូនមនុស្សជាតិគ្រប់រូបនូវប្រទេសមួយដ៏មានអំណាច និងបដិវត្តន៍ដ៏ពិតប្រាកដមួយ»។
លោក Philip Short បានអោយដឹងថា នៅឆ្នាំ១៩៧៧ អៀង សារីបានប្រកាសប្រាប់អ្នកយកព័ត៌មានម្នាក់ថា «យើងចង់សម្រេចអោយបាននូវអ្វីមួយ ដែលប្រវត្តិសាស្រ្តមិនធ្លាប់មាន។ គាត់បានប្រកាសថា ដូច្នេះដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន ខ្មែរក្រហមជៀងវាងមិនអនុវត្តទ្រឹស្តី ប៉ុន្តែ ត្រូវពឹងផ្អែកលើមនសិការបដិវត្តន៍ និងត្រូវដឹកនាំការប្រឆាំងដែលច្បាស់លាស់មួយ»។
ក្រុមអ្នកជ្រុលនិយមបានចាត់ទុករូបលោកគឺជាអ្នកផ្សព្វផ្សាយមនោគមវិជ្ជាដ៏ពូកែម្នាក់។ លោកស្រី Laurence Picq បានរាយការណ៍ថា «ធ្វើការមួយថ្ងៃ១៧ម៉ោង! ត្រង់នេះហើយគឺជាឧត្តមភាពនៃរបបសង្គមនិយម! យើងមិនមានសហជីពចាំពិនិត្យឡើងវិញ ដែលតម្រូវអោយធ្វើការ៤០ម៉ោងក្នុងមួយសប្តាហ៍ ហើយយើងមិនអត់ការងារធ្វើ ដូចសម័យមូលធននិយមនោះទេ!»។
អៀង សារី និងការកម្ចាត់អ្នកប្រឆាំង អៀង សារីជឿជាក់ថាមានសត្រូវផ្ទៃក្នុងដែលបង្កប់ខ្លួននៅកម្ពុជា និងនៅក្នុងបក្ស។ មានការកម្ចាត់ជនប្រឆាំងនៅក្នុងក្រសួងការបរទេស ដែលជាកន្លែងបង្ខាំងពួកបញ្ញាវ័ន្តដែលគាត់បានអំពាវនាវអោយត្រលប់ពីបរទេសដើម្បីចូលរួមកសាងប្រទេស។ លោកស្រី Laurence Picq បានដាក់ឈ្មោះអោយក្រសួងនេះថា «ជាកន្លែងសម្លាប់មនុស្ស»។ ក្រសួងការបរទេសបានផ្តុំបណ្តាញជំរំអប់រំដែលមាននៅទីក្រុងភ្នំពេញនិងនៅតាមខេត្ត។ជាពិសេសគេស្គាល់ជំរំបឹងត្របែកដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។
លោកស្រី Laurence Picq បានរម្លឹកថា នៅរាល់សិក្ខាសាលា អៀង សារីបានអំពាវនាវអោយមានការចូលរួមសហការ ដើម្បីបរិហារវែករកមុខជនក្បត់អង្គការ» ហើយគាត់តែងតែស្វាគមន៍រាល់ការកាត់ទោសប្រហារជីវិតបណ្តាញចារកម្មម្តងៗ។ អ្នកស្រីបានរៀបរាប់អោយដឹងពីសំដីរបស់រដ្ឋមន្ត្រីរូបនេះ បន្ទាប់ពីមានការកម្ចាត់ក្រុម វ៉ាន់ ពីនី ដែលត្រូវបានចោទប្រកាន់ថាជាភ្នាក់ងារសម្ងាត់CIA។ «វ៉ាន់ ពីនីធ្លាប់បានសារភាពថា ខ្លួនបានខ្ជះខ្ជាយដូងជាង៥០ផ្លែ។ អៀង សារី និយាយម្តងទៀត ជាមួយនឹងសម្លេងខ្លាំងៗ «ដូង៥០ផ្លែ»។ នេះគឺជាវិច្ឆេទកម្មសេដ្ឋកិច្ច(ការធ្វើអោយអន្តរាយសេដ្ឋកិច្ច) !»។ អ្នកស្រីបានសរសេរថា នៅឆ្នាំ១៩៧៨ «អៀង សារី ត្រូវបានគេចាត់ទុកថាជាវីរៈបុរស ដែលចេះដឹកនាំការប្រយុទ្ធប្រឆាំងមួយប្រកបជោគជ័យ នៅក្នុងកិច្ចការកម្ចាត់ខ្មាំងផ្ទៃក្នុង។»
សម្រាប់ ឆាំង យុ បុរសម្នាក់នេះគឺជាមនុស្សមាន «បាតដៃប្រឡាក់ទៅដោយឈាម»។
ការមិនព្រមការកាត់សេចក្តី នៅចុងឆ្នាំ១៩៩៧នៅចំពោះមុខអង្គការសហប្រជាជាតិដែលចង់បើកការស៊ើបអង្កេតលើការមិនគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា អៀងសារីមិនបានអោយតម្លៃទៅលើការរៀបរាប់របស់ជនភៀសខ្លួនកម្ពុជាស្តីពីរឿងដ៏ព្រឺក្បាលដែលបង្ករឡើងដោយពួកអង្គការនៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែផ្ទុយទៅវិញក្នុងនាមជាសមាជិកនៃគណអចិន្រ្តៃយ៍មជ្ឈឹមបក្សកុម្មុយនិស្តកម្ពុជា អៀងសារីដឹងរឿងទាំងអស់។លើសពីនោះគាត់ជាអ្នកចូលរួមក្នុងការគាំទ្រនិងបង្កើតនូវនយោបាយដឹកនាំរបបខ្មែរក្រហម។ លោក ឆាំង យុ បាននិយាយសង្កត់ធ្ងន់ថា«គឺគណអចិន្រ្តៃយនេះហើយដែលជាអ្នកសម្រេចជោគវាសនារបស់ប្រទេសកម្ពុជា។ កំនត់ហេតុរាល់ការប្រជុំរបស់គណអចិន្រ្តៃយ៍អាចបញ្ជាក់អំពីការចូលរួមរបស់អៀងសារី។ លើសពីនោះយើងដឹងថាគឺគាត់ជាអ្នកបញ្ចុះបញ្ចូលបញ្ញាវ័ន្តខ្មែរអោយត្រលប់ចូលប្រទេស ហើយពួកគេភាគច្រើនត្រូវបានគេសម្លាប់ភ្លាមៗក្រោយពេលជាន់ទឹកដីកម្ពុជា។» ប៉ុន្តែលោកឆាំង យុទទួលស្គាល់ថា«បុរសម្នាក់នេះឆ្លាតនិងមានលទ្ធភាពបញ្ជៀសការពិតដកខ្លួនចេញពីការទទួលការខុសត្រូវដោយមិនមានការខ្មាស់អៀន។» នៅក្នុងដីការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដែលចុះនៅថ្ងៃទី១៤ខែវិច្ឆិការឆ្នាំ២០០៧គេបានសរសេរថាអៀងសារីបានប្រឆាំងរាល់បទចោទប្រកាន់ទៅលើខ្លួនគាត់ហើយនិយាយថា«គាត់ចង់ដឹងពីការពិតដែលបានកើតឡើងនៅក្នុងសម័យកាលខ្មៅងងឹតនៃប្រវត្តិសាស្រ្តយើង»ពីព្រោះគាត់មិនបានដឹងថាដឹងថាការពិតនោះនៅឯណានោះទេ។
ជីវិតដ៏មានផាសុខភាពរបស់អ្នកបដិវត្ត
បើតាមការបញ្ជាក់របស់លោកហ្វ៊ីលីព ស៊ត អៀងសារីមិនដែលធ្វើអ្វីដោយគ្មានការព្រៀងទុកឡើយ។នៅឆ្នាំ១៩៧៩នៅពេលកងទ័ពវៀតណាមសម្រុកចូលកាន់តែជ្រៅលើទឹកដីកម្ពុជា អៀងសារីបានចាកចេញពីប្រទេសកម្ពុជាតាមរយៈរថភ្លើងពិសេសសំដៅព្រំដែនកម្ពុជាថៃដោយនាំទៅជាមួយនូវឯកសាររបស់ក្រសួងដែលរៀបចំដោយប្រញាប់មួយថ្ងៃមុននៃការចាកចេញ។ នៅថ្ងៃទី១៩ខែសីហាឆ្នាំ១៩៧៩អៀងសារីត្រូវបានផ្តន្ទាទោសប្រហារជីវិតដោយកំបាំងមុខចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍នៅក្នុងតុលាការបដិវត្តប្រជាជនដោយមានជំនួយពីប្រទេសវៀតណាមនៅទីក្រុងភ្នំពេញ។ ការសម្រេចសេចក្តីដែលមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិដោយហេតុផលថា«តុលាការនេះមិនមានលក្ខណៈបទដ្ឋានសម&#
|
|
អត្ថបទបន្ថែមការដាក់អោយត្រួតពិនិត្យរបស់តុលាការដែលជានិមិត្តរូបដ៏ខ្ពស់ គឺជា«មនុស្សដែលមិនអាចប៉ះពាល់បាន»លោកឆាំង យុប្រធានមជ្ឈមណ្ខលឯកសារកម្ពុជាបានវាយតម្លៃថាអៀងសារី តែងតែ«ធ្វើដំណើរទៅណាមកណាជាមួយនឹងអង្គរក្សជានិច្ចនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។លោកឆាំង យុបានមានប្រសាសន៍ថា«គ្មាននរណាម្នាក់ក្នុងប្រទេសកម្ពុជានឹកគិតថាអៀងសារីត្រូវគេចាប់ខ្លួនជាពិសេសនៅពេលដែលកូនចៅរបស់គាត់សុទ្ធតែកាន់តំណែងខ្ពស់នៅក្នុងរដ្ឋាភិបាល»។លោកអៀង វុធកូនប្រុសលោកអៀងសារីជាអភិរងទីមួយក្រុងប៉ៃលិន ចំនែកកូនស្រីរបស់គាត់គឺអ្នកស្រីអឿង សុភីគឺជាប្រធានគណកម្មាការបោះឆ្នោតថ្នាក់ខេត្តប្រចាំប៉ៃលិន។កូនប្រុសមិនអាចទាក់ទងសុំយោបល់បានចំណែកកូនស្រីរបស់អៀង សារីបដិសេធធ្វើអត្ថាធិប្បាយលើករណីឪពុករបស់ខ្លួនដោយមូលហេតុថា«ទោះជាយ៉ាងណាគ្មាននរណាជឿសំដីរបស់ខ្ញុំទេ»។
ទំនាក់ទំនងរបស់គាត់ជាមួយប៉ុលពត អៀងសារីបានជួបអនាគតបងធំទីមួយប៉ុលពតនៅទីក្រុងប៉ារីស។ ភ្លាមៗបុរសទាំងពីរបានរាប់អានគ្នាជាមិត្តភក្តិ។ អ្នកស្រីអេលីហ្សាបែត បែកឃឺ ជនជាតិអាមេរិកាំងជាអ្នកកាសែតដ៏កម្រដែលត្រូវបានអញ្ជើញដោយពួកខ្មែរក្រហមនៅឆ្នាំ១៩៧៨។ គាត់បានសរសេរថា«ការតស៊ូរហូតបានមកដល់ទីក្រុងប៉ារីសដោយគ្មានមិនចាំបាច់មានប្រវត្តិជាក្រុមបញ្ញាវ័ន្តបានធ្វើអោយប៉ុលពតនិងអៀងសារីមានអារម្មណ៍ថាពួកគេត្រូវបានគេ«ជ្រើសរើស»និងអាកប្បកិរិ យានាំមុខគេជានិច្ចដែលជាឥរិយាបថដែលពួកគេមិនធ្លាប់បោះបង់ចោលទាល់តែសោះ។ អ្នកស្រីអេលីហ្សាបែតបានរៀបរាប់ថាអតីតសមាជិកជាច្រើនរបស់ក្រុមកាល់ម៉ាក្សនៅប៉ារីសបានបង្ហាញថាប៉ុលពតបានប្រាប់ពួកគេទុកជាមុនអំពីចរិកឯករាជ្យជ្រុលរបស់អៀងសារី។ បុរសម្នាក់នេះបដិសេធម្តងម្តាលបញ្ជាររបស់ថ្នាក់លើរបស់ខ្លួន។ លោកឆាំង យុវាយតម្លៃថាបងប្អូនប្រុសថ្លៃទាំងពីរធ្លាប់ជាមិត្តភក្តិដ៏ជិតស្និទ្ធ។ ការយោគយល់គ្នាដោយសារទំនាក់ទំនងគ្រួសារបានធ្វើអោយពួកគេរឹតតែទំនាក់ទំនងស្អិតរមួតខ្លាំង។ បើទោះបីជាមានចំនូលចិត្តខ្លាំងនឹងរឿងនយោបាយអៀងសារីមិនដែលប៉ងចង់បានរឺឈោងចាប់យកតំណែងទីមួយនៅក្នុងរបបខ្មែរក្រហមទេ។ លោកឆាំងយុបានធ្វើការវិភាគថា«គាត់ចូលចិត្តកេងយកប្រយោជន៍ពីបដិវត្តិជាជាងបម្រើបដិវត្តិ។ នៅផ្ទះរបស់គាត់ទ្រព្យសម្បត្តិសំខាន់ជាងមុខតំណែង។ បន្ទាប់មកគាត់សប្បាយរីករាយនឹងការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយតាមរយៈមុខតំណែងជារដ្ឋមន្រ្តីការបរទេសរបស់ខ្មែរក្រហម។
ឯកសារពិគ្រោះ -ហ្វីលីព ស៊ត ជាអ្នកនិពន្ធសៀវភៅ Pol Pot, Anatomie d'un cauchemar គ្រឹះស្ថានបោះពុម្ពDenoël, ប៉ារីសឆ្នាំ២០០៧ -ឡូរ៉ង់ ពេជ្រ អ្នកនិពន្ធសៀវភៅ «ឆ្ងាយហួសពីជើងមេឃ ប្រាំឆ្នាំនៅក្នុងរបបខ្មែរក្រហម»បោះពុម្ពនៅប្រទេសបារាំងឆ្នាំ១៩៨៤ -អេលីហ្សាបែត បែកឃឺ អ្នកនិពន្ធសៀវភៅ«នៅពេលសង្រ្គាមផុតរលត់ទៅ» «កម្ពុជានិងបដិវត្តិខ្មែរក្រហម» «កិច្ចការសាធារណៈ»បោះពុម្ពនៅញូវយ៉កឆ្នាំ១៩៩៨ -ដាវីដ ឆែនល័រ អ្នកនិពន្ធសៀវភៅ«បងធំទីមួយ» «ជីវប្រវត្តិនយោបាយរបស់ប៉ុលពត»បោះពុម្ពនៅ Westview Press ឆ្នាំ១៩៩៩
|