| សមាគមនៅកម្ពុជានិងជនរួមជាតិរស់នៅបរទេសប្រមូល ផ្តុំគ្នាដើម្បីការពារប្រាសាទព្រះវិហារ |
| ដោយ ដួង សុខា | |
| ០៤-០៧-២០០៨ |
ខណៈពេលគណៈប្រតិភូកម្ពុជាបានមកដល់ទីក្រុងកេប៊ិច ប្រទេសកាណាដា ដើម្បីធ្វើការការពារការចុះបញ្ជីប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅចំពោះមុខគណៈកម្មាធិការជំនាញរបស់អង្គការយូណេស្កូ អង្គការនិងសមាគមដែលប្រមូលផ្តុំដោយអាណិកជនខ្មែរ (បណ្តុំអង្គការចំនួន១២ នៅសហរដ្ឋអាមេរិក កាណាដា បារាំង និងណូវែលហ្សេឡង់) បានសរសេរលិខិត ទៅកាន់គណៈកម្មាធិការបេតិកភណ្ទពិភពលោកដែលនឹងធ្វើការសម្រេចលើការចុះបញ្ជីប្រាសាទនេះ ដើម្បីគាំទ្របេក្ខភាពប្រទេសរបស់ខ្លួន។
យោងតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ចុះឆ្នាំ១៩៦២ ដែលបានទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា លើប្រាសាទជម្លោះរវាងព្រះរាជាណាចក្រជិតខាងទាំងពីរ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ អង្គការ-សមាគមនេះ «បានបរិហារ និងមិនទទួលស្គាល់រាល់សំណើមិនសមហេតុផលរបស់ប្រទេសថៃជ្រុលនិយម និងវាទទីនិយម ដែលមិនបានស្គាល់ពីប្រវត្តិសាស្ត្រផ្ទាល់របស់ខ្លួនអោយច្បាស់ និងមានបំណងបញ្ឈប់ និងបង្អាក់ដំណើរការចុះបញ្ជីរបស់ប្រាសាទខ្មែរនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។
អង្គការ-សមាគមអាណិកជននេះបានវាយតម្លៃថាអន្តរាគមន៍ប្រឆាំងរបស់«ជនជាតិថៃមួយក្រុម» នៅក្នុងអធិបតេយ្យភាពកម្ពុជា ជាអំពើខុសនឹងច្បាប់។ សមាគមប្រមូលផ្តុំទាំងនេះបានអំពាវនាវដល់អង្គការយូណេស្កូអោយទទួលយកសំណើរបស់ប្រទេសកម្ពុជា។
លោក ទូច ណារ័ត្ន ស្នងការនគរបាលក្រុងភ្នំពេញបានពន្យល់ថា ចាប់តាំងពីថ្ងៃទី២៥ មិថុនាមក ប្រទេសទាំងពីរបានសហការគ្នា ដាក់ពង្រាយកងកម្លាំងសន្តិសុខ នៅជុំវិញស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ និងស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ដើម្បីបង្ការបាតុកម្មប្រជាជន។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលប្រមូលផ្តុំដោយសហជីពកម្មករ និងសមាគមគ្រូបងៀ្រនចំនួនប្រាំ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពីព្រហស្បតិ៍ ទី៣ ខែកក្កដា នេះថា ក្រុមប្រឹក្សានឹង «ធ្វើមហាបាតុកម្មអហឹង្សា ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងប្រាសាទព្រះវិហារ» ក្នុងករណីដែលភាគីថៃនៅតែបន្តមហិច្ឆតាមកលើប្រាសាទ។ ដោយសំអាងទៅលើសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ និងសន្ធិសញ្ញាបារាំង-សៀម ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានវាយតម្លៃថា «បេក្ខភាពរបស់ប្រទេសកម្ពុជាមិនចាំបាច់មានការគាំទ្រពីប្រទេសថៃនោះទេ»។ សេចក្តីថ្លែងការណ៍នេះត្រូវបានចុះហត្ថលេខាដោយតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាទាំងពីរ គឺលោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងលោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ។
|