| ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូល ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ការបន់ស្រន់របស់ប្រជាជនខ្មែរ នៅទីបំផុត បានសម្រេចដូចបំណងប្រាថ្នា |
| ដោយ កាសែត | |
| ០៨-០៧-២០០៨ |
ប្រាសាទព្រះវិហារ ថ្ងៃទី៩ មីនា ២០០៨ ប្រទេសកម្ពុជាស្នើសុំចុះបញ្ជីត្រឹមតែ តួប្រាសាទព្រះវិហារប៉ុណ្ណោះ គឺមិនរាប់បញ្ជូលទាំងល្អាងពយតាឌីឡើយ © John Vink / Magnum ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិជាផ្លូវការ។ បន្ទាប់ពីមានការសើរើឡើងវិញជាច្រើន គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានបើកសម័យប្រជុំ ចាប់ពីថ្ងៃទី២ កក្កដា នៅទីក្រុងកេប៊ិច (ប្រទេសកាណាដា) បានសម្រេចយល់ស្របតាមសំណើរបស់ប្រទេសកម្ពុជា បើទោះជាមានការប្រឆាំងពីសំណាក់រដ្ឋាភិបាលថៃ នាពេលថ្មីៗកន្លងមកនេះក៏ដោយ។ ការប្រកាសត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី៨ ខែកក្កដា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកមិនទាន់បានប្រកាសផ្សព្វផ្សាយព័ត៌មានជាផ្លូវការនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង កាលពីថ្ងៃច័ន្ទ ទី៧ ខែកក្កដានេះ។
បន្ទាប់ពីមានការប្រកាសដំណឹងដ៏គួរអោយមានមោទនភាពនេះ ពិធីបុណ្យបែបព្រះពុទ្ធសាសនាមួយត្រូវបានប្រារព្ធធ្វើឡើង នៅមុខព្រះបរមរាជវាំង ដែលផ្តួចផ្តើមគំនិតដោយលោកមឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ។
សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា «នេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងនៅជុំវិញពិភពលោក។ ការទទួលស្គាល់របស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទនិង រមណីដ្ឋាន (Icomos) បានចាត់ទុកប្រាសាទព្រះវិហារជារតនសម្បតិ្តដ៏អស្ចារ្យនៃ ស្ថាបត្យកម្មខ្មែរ និងមានតម្លៃជាសាកលដ៏ចំណាន»។
«ការចុះបញ្ជីនេះនឹងតម្រូវអោយសហគមន៍អន្តរជាតិទាំងមូល មានកាតព្វកិច្ច សហប្រតិបត្តិការការពារនូវបេតិកភណ្ឌសាកលមួយនេះ និងថែរក្សាជាសម្បត្តិវប្បធម៌កេរិ៍្តតំណែលដ៏មានតម្លៃនេះ សម្រាប់មនុស្សជំនាន់ក្រោយ»។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា «ប្រាសាទព្រះវិហារគឺជាបេតិកភណ្ឌខ្មែរទីបួនដែលត្រូវបានទទួលស្គាល់ បន្ទាប់ប្រាសាទអង្គរវត្ត(ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២) ហើយនឹងរបាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ) និងល្ខោនស្បែកធំ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិ នៅឆ្នាំ២០០៣ និង២០០៥កន្លងមក»។
នាយករដ្ឋមន្ត្រីបានវាយតម្លៃថា ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ «គឺជាលទ្ធផលនៃដំណើរការងារ និងការចរចារដ៏យូរ និងស្មុគស្មាញមួយក ជាមួយនឹងអង្គការយូណេស្កូ ដឹកនាំដោយលោកឧបនាយរដ្ឋមន្ត្រី សុខ អាន និងប្រធានគណៈកម្មាធិការនៃប្រទេសកម្ពុជា » ហើយនឹងជាលទ្ធផលនៃការស្នើសុំរបស់សម្តេចផ្ទាល់ ទៅកាន់អគ្គលេខាធិការអង្គការយូណេស្កូ កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០០១។
ប្រទេសកម្ពុជាបានស្នើសុំដាក់បញ្ជូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាច្រើនលើក ចាប់តាំងពីឆ្នាំនោះមក ហើយសំណើនេះត្រូវបានបដិសេធ រហូតមកទល់សព្វថ្ងៃ ដោយសារមានការប្រឆាំងជំទាស់ពីសំណាក់ប្រទេសថៃ និងជម្លោះព្រំដែន។
នៅថ្ងៃអាទិត្យ ទី៦ ខែកក្កដានេះ ប្រជាជនរស់នៅតំបន់ប្រាសាទព្រះវិហារ បានរៀបចំពិធីអបអររួចជាស្រេច ស្វាគមន៍ដល់ការដាក់ប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មុនពេលប្រកាសជាផ្លូវការរបស់គណៈកម្មាធិការ ដោយសារតែមានប្រផ្នូថាលទ្ធផលសម្រេចចុងក្រោយនឹងជាទីគាប់ចិត្តតាមការបន់ស្រន់របស់ប្រជាជនខ្មែរទូទាំងប្រទេស។
|