| ប្រទេសកម្ពុជាត្រូវបានស្នើអោយសហប្រតិបត្តិការជាមួយ ប្រទេសថៃ ដើម្បីចុះបញ្ជីរមណីដ្ឋានប្រាសាទព្រះ វិហារទាំងមូល |
| ដោយ កាសែត | |
| ០៨-០៧-២០០៨ |
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាផ្លូវការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប៉ុន្តែគណៈកម្មាធិការនេះក៏បានអំពាវនាវដល់ប្រទេសកម្ពុជា អោយចូលរួមសហប្រតិបត្តិការជាមួយប្រទេសថៃ ដើម្បី «ដាក់បញ្ជូលតំបន់ព្រំដែនជុំវិញរមណីដ្ឋាននេះ»សារជាថ្មីទៀត សំដៅធានាការការពារ «តម្លៃកេរ្តិ៍តំណែលដ៏អស្ចារ្យមួយនេះ»នៃរមណីយដ្ឋាននេះទាំងមូល។
សមាជិកគណៈកម្មាធិការបេតិកភណ្ឌបានទទួលស្គាល់ថា «ប្រទេសថៃបានពន្យល់ជាច្រើនលើក ពីបំណងប្រាថ្នារបស់ខ្លួន ដើម្បីចូលរួមក្នុងសំណើសុំចុះបញ្ជីប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះរួមគ្នាមួយ»។ សមាជិកទាំងនោះក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា «សម្បត្តិមរតកដែលប្រទេសកម្ពុជាស្នើសុំចុះបញ្ជី ត្រូវបានកាត់បន្ថយ គឺដាក់បញ្ជូលត្រឹមតែតួប្រាសាទព្រះវិហារប៉ុណ្ណោះ គឺមិនរាប់បញ្ជូលទាំងល្អាងពយតាឌីទេ។
សេចក្តីប្រកាសរបស់គណៈកម្មាធិការបានអោយដឹងថា ប្រសិនជាគេមានបំណងចង់ដាក់បញ្ជូលតំបន់នេះទាំងមូលជាថ្មី ចាប់ពីថ្ងៃនេះទៅ គឺដាច់ខាត ត្រូវមានការយល់ស្របពីប្រទេសជិតខាងទាំងពីរ។ «ការស្រាវជ្រាវបុរាណវិទ្យា [...] ដែលប្រហែលជាសំដែងចេញតាមរយៈព័ត៌មានថ្មីៗ និងរបបគំហើញសំខាន់ៗ អាចសម្លឹងទុកពីយថាហេតុដែលអាចមាន ការស្នើសុំចុះបញ្ជីថ្មីនៃតំបន់ជាប់ព្រំដែន ដែលតម្រូវអោយមានការយល់ស្របពីប្រទេសកម្ពុជា និងប្រទេសថៃ»។
នៅក្នុងគំនិតតែមួយនេះ គណៈកម្មាធិការ«បានលើកទឹកចិត្តប្រទេសកម្ពុជាអោយសហប្រតិបត្តិការជាមួយនឹងប្រទេសថៃ ដើម្បីចូលរួមការពារតម្លៃសម្បត្តិមរតក ដោយបានដឹងថាប្រជារាស្រ្តនៃតំបន់ជិតខាងបានផ្សារភ្ជាប់ជាមួយនឹងប្រាសាទព្រះវិហារតាំងពីយូរណាស់មកហើយ។ គណៈកម្មាធិការក៏បានយល់ស្របផងដែរចំពោះបំណងប្រាថ្នានាថ្ងៃអនាគត ដែលពិចារណាដល់តម្លៃទាំងមូល និងបរិបទបរិយាកាសរបស់ប្រាសាទ តាមរយៈការចុះបញ្ជីជាថ្មី នៅក្នុងបេតិកភណ្ឌពិភពលោក»។ «បរិវេណជុំវិញប្រាសាទទាំងមូលសុទ្ធសឹងតែជាកេតនភណ្ឌ(លក្ខណៈពិសេស) នៃតំបន់រមណីយដ្ឋាននេះ ប៉ុន្តែ បូរណភាពប្រាសាទកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែល្អាងពយតាឌីមិនត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។
នៅក្នុងសេចក្តីសម្រេច ចុះថ្ងៃទី៧ កក្កដាឆ្នាំ២០០៧ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានបញ្ជាក់ថាគណៈកម្មាធិការមិនចាត់ទុកការគាំទ្ររបស់ប្រទេសថៃនៅក្នុងសំណុំរឿងនេះថាជារឿងសំខាន់នោះទេ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ គាំទ្រសំណុំរឿងនេះ ប៉ុន្តែ នៅទីបំផុត ភាគីថៃបានសម្រេចចិត្តដកការគាំទ្ររបស់ខ្លួន នៅប៉ុន្មានថ្ងៃមុនពេលបើកសម័យប្រជុំនៅទីក្រុងកេប៊ិច (ប្រទេសកាណាដា) បន្ទាប់ពីមានអធិបញ្ជារបស់តុលាការរដ្ឋបាល។
ជម្លោះរវាងប្រទេសជិតខាងទាំងពីរពាក់ព័ន្ធនឹងតំបន់ជុំវិញប្រាសាទព្រះវិហារមិនទាន់ដោះស្រាយបាននៅឡើយទេ។
ចាប់ពីពេលនេះទៅ ប្រទេសកម្ពុជាត្រូវប្រជុំជាមួយនឹងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ មុនខែកុម្ភៈ ឆ្នាំ២០០៩ ... «ដោយត្រូវអញ្ជើញរដ្ឋាភិបាលថៃអោយចូលរួមជាមួយ» ព្រមទាំងដៃគូសហការទាំងប្រាំពីរ។
|