| ការចុះបញ្ជីប្រាសាទព្រះវិហារៈ ពិធីអបអរផ្សេងៗ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរកម្ពុជា |
| ដោយ រស់ ឌីណា និងឡូរ៉ង់ ឡឺហ្គូអង់វិក | |
| ០៨-០៧-២០០៨ |
រយៈប៉ុន្មានម៉ោង បន្ទាប់ពីការប្រកាសជាផ្លូវការនៃការចុះប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពិធីអបអរសាទរតូចៗជាច្រើនត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី៨ កក្កដានេះ។ ទន្ទឹមនឹងនេះ ដំណឹងដ៏រីករាយនេះនៅបន្តផ្សព្វផ្សាយតាមបណ្តាញវិទ្យុនិងទូរទស្សន៍នៅប្រទេសកម្ពុជា តាមសំណូមពររបស់រដ្ឋាភិបាល ដែលបានអំពាវនាវដល់ប្រព័ន្ធព័ត៌មានអោយជួយផ្សព្វផ្សាយ «ច្រើនដង» នូវសារជូនចំពោះជនរួមជាតិ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន សែននៅថ្ងៃដដែលនេះ។ សូមអានអត្ថបទ «ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ការបន់ស្រន់របស់ប្រជាជនខ្មែរ នៅទីបំផុត បានសម្រេចដូចបំណងប្រាថ្នា»
នៅព្រឹកថ្ងៃអង្គារនេះ ពិធីបែបព្រះពុទ្ធសាសនាដ៏តូចមួយ ដែលមានការលេងភ្លេងពិណពាទ្យ ដើម្បីថ្វាយព្រះពុទ្ធ ត្រូវបានរៀបចំឡើងនៅមុខព្រះបរមរាជវាំង ដោយមានវត្តមានអ្នកចូលរួមជាង៣០នាក់ ដែលសុទ្ធសឹងតែជាតារាសំដែង និងតារាចម្រៀង។ ពិធីបុណ្យនេះត្រូវបានផ្តួចផ្តើមគំនិតឡើងដោយលោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ។
នៅបវិវេណជុំវិញផ្សាធំថ្មី គេក៏ឃើញមានការដើរក្បួនដង្ហែអបអរសាទរចំពោះដំណឹងដ៏រីករាយនេះផងដែរ ដែលមានមនុស្សចូលរួមប្រមាណ៥០០នាក់។
តាមសាក្សីមួយចំនួន ការដើរក្បួននេះក៏មាននៅតាមសាកលវិទ្យាល័យជាច្រើននៅរាជធានីភ្នំពេញ ជាពិសេសសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងនៅក្នុងការិយាល័យនៃសាលាក្រុង។
លោក ផៃ ស៊ីផាន់ អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកសំណុំរឿងប្រាសាទព្រះវិហារ បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានផ្សព្វផ្សាយព័ត៌មានជុំវិញការប្រកាសលទ្ធផលនេះយ៉ាងប្រុងប្រយ័ត្នបំផុត ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ។
តួយ៉ាង នៅពេលវេលាម៉ោង១០ព្រឹក ថ្ងៃអង្គារនេះ គ្រប់វត្តអារ៉ាមទាំងអស់ទូទាំងប្រទេសត្រូវបានស្នើអោយទូងស្គរ ស្របពេលដែលវិទ្យុនៅទីក្រុងភ្នំពេញបានផ្សព្វផ្សាយសាររបស់នាយករដ្ឋមន្ត្រី។ នៅក្នុងសារនោះ ប្រមុខរដ្ឋាភិបាលបានបង្ហាញអោយដឹងថា សម្តេចគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សសំខាន់ៗដែលផ្តើមគំនិតនៃការចុះបញ្ជីប្រាសាទនេះ។ ការចុះបញ្ជីប្រាសាទជាផ្លូវការនេះបានបង្ហាញអោយឃើញពីជ័យជំនះមួយរបស់ក្រុមការងារនៃគណបក្សកាន់អំណាច។
តាមប្រសាសន៍លោកម៉ាន់ ឈឿន អភិបាលរងរាជធានីភ្នំពេញ សាលាក្រុងភ្នំពេញនឹងអញ្ជើញមន្ត្រីក្រោមឱវាទរបស់ខ្លួន ជួបជុំគ្នានៅបរិវេណវត្តភ្នំ នៅយប់ថ្ងៃអង្គារនេះ ដើម្បីរាំលេងកំសាន្ត អបអរដល់ការចុះបញ្ជីប្រាសាទព្រះវិហារ។ លោកអភិបាលរងក៏បានសន្យាថានឹងមានការបាញ់កាំជ្រួចផងដែរ។
លោកផៃ ស៊ីផាន់ បានបញ្ជាក់ប្រាប់កាសែតថា «លទ្ធផលនេះអាចសម្រេចទៅបាន អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាលកម្ពុជា។ ចាប់តាំងពីយប់ម្សិលមិញនេះមក ប្រាសាទព្រះវិហារនឹងលែងនៅឯកោទៀតហើយ។ ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្រោមការការពាររបស់សហគមន៍អន្តរជាតិ។ [...] ចាប់តាំងពីពេលនេះ គ្រប់គ្នានឹងអាចធ្វើដំណើរទៅដល់រមណីយដ្ឋានមួយនេះ [...] មិនមានកងកម្លាំងប្រដាប់អាវុធណាមួយដែលអាចប្រើប្រាស់កម្លាំងរបស់ខ្លួននៅទីនេះបានទេ លើកលែងតែមានករណីមិនគោរពច្បាប់អន្តរជាតិ»។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលទទួលបន្ទុកសំណុំរឿងប្រាសាទព្រះវិហារបានបន្ថែមទៀតថា «ជ័យជំនះមួយនេះមិនមែនគ្រាន់តែជាជ័យជំនះរបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជ័យជំនះរបស់គ្រប់គ្នាដែលស្រឡាញ់វប្បធម៌និងសិល្បៈ។ យើងឈ្នះទាំងអស់គ្នា!»។
លោកឧបនាយរដ្ឋមន្ត្រី សុខ អាន ដែលជាអ្នកចរចារដ៏សំខាន់នៅក្នុងសំណុំរឿងនេះ បានមានប្រសាសន៍ប្រហាក់ប្រហែលគ្នានេះ នៅក្នុងកិច្ចសំភាសន៍មួយ ដែលផ្សព្វផ្សាយនៅព្រឹកថ្ងៃអង្គារ លើបណ្តាញទូទស្សន៍ឯកជន ស៊ីធីអ៊ិន។ លោកសុខ អាន បានទទួលស្គាល់ថា «បញ្ហាប្រាសាទព្រះវិហារគឺជាការងារដ៏លំបាកនិងស្មុគស្មាញមួយ នៅក្នុងសម័យប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅឆ្នាំ២០០៧ សំណុំរឿងនេះបានដំណើរការទៅមុខហើយ ប៉ុន្តែការចរចារមិនទទួលបានជោគជ័យ ដោយសារមានការប្រឆាំងពីសំណាក់ប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ ប៉ុន្តែ លើកនេះ ទោះបីជាប្រទេសថៃផ្លាស់ប្តូរគំនិតលែងគាំទ្រក៏ដោយ ក៏គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅតែសម្រេចចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដែរ។ ម្យ៉ាងទៀត លោកក៏បានបញ្ជាក់ទៀតថា តាមរយៈការសម្រេចចិត្តរបស់គណៈកម្មាធិការនេះ ប្រទេសកម្ពុជានឹងទទួលបាន «ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ» ដើម្បីធានាដល់ «ការអភិវឌ្ឍន៍រមណីយដ្ឋាននេះ ប្រកបចីរភាព» ប៉ុន្តែ ប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នក្នុងការឆ្លើយតបទៅនឹងសំណើរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានអំពាវនាវដល់ប្រទេសកម្ពុជា អោយសហប្រតិបត្តិការជាមួយប្រទេសថៃ ដើម្បី «ចុះបញ្ជីតំបន់ព្រំដែនជុំវិញប្រាសាទ»។
|