កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
កម្លាំង​ខ្យល់​បង្វិល​កង្ហារ​ទាញ​ទឹក​ស្រោច​ស្រប់​ដី​ស្រែ
ដោយ រស់ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១០-០៧-២០០៨

Image

កង្ហារខ្យល់គំរូមួយ ដែលប្រើប្រាស់នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មដីឥដ្ឋ

ភូមិស្រែអំពិល ស្រុកកៀនស្វាយ ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ខាងកើតទីក្រុងភ្នំពេញ
កុសល ពិសី

© Kosal Pisey

លោក​ ជួប មនោរម្យ ​ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​កម្ពុជា​(វ.អ.ក) បាន​កំពុង​ធ្វើការ​ងារ​ទាក់ទង​នឹង​​រូប​​ធាតុ​​បី​យ៉ាង​ គឺ​ទឹក ដី និង​ខ្យល់។ អង្គការ​ក្រៅរដ្ឋាភិបាល​​ដ៏​តូច​មួយ​នេះ​បាន​កំពុង​តែ​អភិវឌ្ឍន៍​ប្រព័ន្ធ​កង្ហារ​ខ្យល់​​អោយកាន់តែមាន​លក្ខណៈ​ល្អ​ប្រសើរ​​ជាមុន​ ដោយ​​​តម្លៃថោកសមរម្យ​​ ហើយ​​នឹង​​​​មិនចាំបាច់​ប្រើ​​សាំង​ សូម្បី​តែ​មួយ​​តំណក់ ដើម្បី​​​បូម​បញ្ជូលទឹកទៅក្នុង​ស្រែ និង​ចំការ​ដំណាំ​ឡើយ​។​ ដោយ​មាន​​ការ​​ឧបត្ថម្ភ​ពី​កម្មវិធីអភិវឌ្ឍន៍​នៃអង្គការ​សហប្រជាជាតិ​ប្រចាំនៅកម្ពុជា​(UNDP) កង្ហារខ្យល់​គំរូចំនួន​៨គ្រឿង​​ត្រូវ​បានផលិត​​​ឡើង​ ដែល​សុទ្ធសឹង​តែ​ប្រើ​ប្រាស់​​​​ឧបករណ៍​ក្នុង​​​ស្រុក​​​ទាំង​អស់​។ ទន្ទឹម​នឹង​នេះ ប្រជាកសិករ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នឹងត្រូវ​បាន​បណ្តុះ​បណ្តាល​​​អោយយល់ដឹង​​ពី​វិធីសាស្រ្ត​​​ផលិត​កង្ហារ​ខ្យល់​​ប្រភេទ​​នេះ ​ដោយផ្ទាល់​​ដៃ​​​របស់​ខ្លួន​។ នេះ​គឺ​ជា​គម្រោងសាក​ល្បង​​មួយ​ ដែល​អាច​នឹងមាន​ការ​ប្រកួត​ប្រជែង​គ្នា។

កម្លាំងខ្យល់​​បូមយក​ទឹក
លោកជួប មនោរម្យ បាន​ធ្វើការងារ​ទាក់ទង​នឹង​ឧបករណ៍​នេះ​អស់រយៈពេល​ជាង​បីឆ្នាំមកហើយ​។​ ចាប់តាំងពីឆ្នាំ​២០០៥មក ​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​​រូប​នេះ​តែង​តែ​ធ្វើការ​កែសម្រួល​​បន្ថែម​​លើ​​គំរូកង្ហារខ្យល់មុនៗ​​របស់គាត់ ដែល​ជា​ប្រព័ន្ធ​បូម​ទឹក​សម័យ​ដើម​តាំង​ពី​រាប់​សតវត្ស​មក​ហើយ​ ។ ប៉ុន្តែ តាម​​រយៈ​ការ​កែច្នៃសម្រប​​ទៅតាមមជ្ឈដ្ឋាន​​​ក្នុង​ស្រុក កង្ហា​រ​ប្រភេទ​នេះ​​អាច​នឹង​ទៅ​ជា​​ជីវិត​ថ្មី​​​មួយ សម្រាប់​​​​កសិករ​ខ្មែរ ដែល​មិនចង់​ចំណាយ​ប្រាក់​របស់​ពួកគេ ​​យក​ទៅ​​​ទិញ​​ប្រេងឥន្ធនៈ​​​​។

គំរូកង្ហារខ្យល់​​ទីមួយ​ត្រូវ​បាន​ដាក់​​បង្ហាញ​នៅទីក្រុង​ភ្នំពេញ ​កាល​ពី​​​ខែមីនា ឆ្នាំ​២០០៦។ កង្ហារ​នេះ​​គឺ​​ជា​​ផ្លែ​ផ្កា​​​​មួយ​​នៃ​​​​ការ​ស្រាវជ្រាវ​របស់​ វ.អ.ក តាមរយៈជំនួយ​របស់​អ្នកស្រាវ​ជ្រាវ​ជន​ជាតិ​កាណាដា​ម្នាក់ ​និង​ជំនួយ​របស់​អង្គការ​Geres។ គំរូ​​ប្រភេទ​នេះមានប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ វា​នៅមាន​តម្លៃ​​ខ្ពស់​ ​សម្រាប់​កសិករ​ខ្មែរ។ លោក​ជួប មនោរម្យ បាន​រៀប​រាប់ថា«នៅក្នុង​គម្រោង​ដើម​ កង្ហារ​ខ្យល់​មួយ​​មាន​តម្លៃ​ពី​​៧០០ ទៅ ១៥០០ដុល្លារ​ ​។ បច្ចុប្បន្ននេះ​ កង្ហារ​ខ្យល់​ប្រភេទ​ថ្មី​របស់​យើង​ មាន​តម្លៃ​​ចាប់ពី​២៥០ ទៅ២៧០ដុល្លារប៉ុណ្ណោះ​​»។ លោក​បានពន្យល់​យ៉ាង​​ច្បាស់ថា គម្រោង​ការងារ​របស់​លោក​​បា​នទទួលជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់។​ ដើម្បី​សម្រេច​​បាន​នូវលទ្ធផល​នេះ វ.អ.ក​បាន​ជ្រើស​រើ​​ស​​នូវឧបករណ៍​​ដែល​មាន​តម្លៃថោក និងងាយស្រួល​រក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូចជា​បំពង់​ឫស្សី រឺ​បំពង់​ទុយោ​ទឹក​ដែល​មាន​តម្លៃ​​ថោក អ័ក្ស​ និងអង្កត់ផ្ចិត​ធ្វើអំពីឈើ ហើយនឹង​ស្លាប​កង្ហារ​​​ដែលអាច​ធ្វើអំពីដែក រឺ​ធ្វើអំពីក្រណាត់ ដើម្បីសន្សំសំចៃប្រាក់​អោយ​បាន​កាន់​​តែ​ច្រើន​។

ប្រមូលទិន្នផលពីរដងក្នុងមួយឆ្នាំ
ប្រធានអង្គការ​ក្រៅរដ្ឋាភិបា​ល​រូបនេះ​មាន​ប្រសាសន៍​ ដោយមាន​មោទនភាព​ថា «យើង​បាន​សម្រួល​​បច្ចេកទេស​ប្រើប្រាស់​អោយកាន់តែមាន​លក្ខណៈ​ងាយ​ស្រួល​​ជាងមុន ដើម្បី​ធ្វើ​​អោយ​កង្ហារ​​ខ្យល់​ទាំង​នេះ​កាន់​តែ​ងាយស្រួល​ក្នុងការ​​ផលិត​ និង​មាន​​​សមត្ថភាព​កាន់​តែ​ខ្ពស់​ក្នុង​ការ​​បូម​ទឹក​»។ កង្ហារខ្យល់​កែ​សម្រួល​ទាំង​នេះ​អាច​ផ្គត់ផ្គង់​ទឹកបាន​​ចំនួន​បីម៉ែត្រគូប​ក្នុង​រយៈពេល​មួយ​ម៉ោង​​។ យោង​តាម​ទិន្នន័យ​របស់​អ.វ.ក បរិមាណ​ទឹក​​ដែល​ទទួល​បាន​មាន​ចំនួន​​គ្រប់គ្រាន់​ សម្រាប់​​​​ចែក​ចាយដល់​​ដីស្រែ​មួយ​ហិចតា និង​អនុញ្ញាតិ​អោយ​ប្រជាកសិករ​​អាច​ធ្វើ​ស្រែ​​​បាន​​ពីរដង​ក្នុង​មួយ​ឆ្នាំ ពិសេស​លើ​ដីស្រែ​ទាំង​ឡាយ​ណា​ដែល​លើក​មុន​មិនអាច​បង្ក​បង្កើន​ផល​បាន​នៅ​រដូវ​ប្រាំង​។​
 
នៅ​ប្រទេស​កម្ពុជា​ គេ​បានបំពាក់​កង្ហារខ្យល់​ទាំង​នេះ​ជាង​១២គ្រឿង ដោយ​គួប​ផ្សំ​ជាមួយនឹង​បច្ចេក​ទេស​និង​ប្រព័ន្ធ​កែ​សម្រួល​​​​​ឡើង​​វិញ​ ។ ឧបករណ៍​ភាគច្រើន​ត្រូវ​បាន​បំពាក់​ដើម្បីបូមទឹក​បញ្ជូល​​ស្រែ ប៉ុន្តែ កង្ហារ​ខ្យល់មួយ​ក្នុង​ចំណោមកង្ហារ​ខ្យល់ទាំង​នោះ​ត្រូវ​បានតំឡើង​ ​នៅ​ក្នុង​វត្ត​មួយ​​នៅ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល (ជាប់នឹង​ទីក្រុង​ភ្នំពេញ) ដើម្បី​បូម​ទឹក​ពី​បឹង​ បញ្ជូល​ទៅ​ក្នុង​​​ចំ​ការ​ដំណាំ។ កង្ហារ​ខ្យល់​ពីរផ្សេង​ទៀត​ត្រូវ​បានប្រើប្រាស់នៅក្នុង​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​ ដីឥដ្ឋ នៅ​ភូមិ​ស្រែអំពិល (ស្ថិត​នៅក្នុង​ស្រុក​កៀន​ស្វាយ) ដោយកង្ហារខ្យល់​​មួយ​ដាក់​សម្រាប់​បូម​ទឹក​ដាក់​​ស្រែ និង​មួយគ្រឿង​ទៀត​​​​សម្រាប់បូមទឹក​ស្រោច​​ដំណាំ​បន្ថែ​ក្នុង​មជ្ឈ​មណ្ឌល​។ ​
Image
© Kosal Pisey 
ក្រណាត់ក្រាស់និងមាំ
ប្រធាន​​ អ.វ.ក រូបនេះ​បាន​ពន្យល់​ថា​ «កសិករ​មកពី​ចុងកាត់មាត់ញក ​ពិត​ជា​មាន​ការ​​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ទៅលើ​ឧបករណ៍ប្រភេទ​​នេះ។ ជានិច្ច​កាល ពួកគេ​បាន​​មកជួប​ខ្ញុំ ដើម្បី​​សាក​សួរ​​ព័ត៌មាន​។ ប៉ុន្តែ អ្នកទាំង​នោះ​​នៅ​តែ​​មានការ​រារែក​ចិត្ត​​ក្នុង​ការ​បំពាក់​​កង្ហារ​ខ្យល់ និង​ មិនហ៊ាន​ចំណាយ​​ប្រាក់​ដើម្បី​ទិញវាទេ​»។ លោក​ ជួប​ មនោរម្យ បាន​អះអាង​ថា «កង្ហារខ្យល់​នេះ​មាន​អត្ថប្រយោជន៍យ៉ាង​ច្រើន​ ប្រៀប​ធៀប​ទៅនឹង​ម៉ាស៊ីន​ប្រើ​ម៉ាស៊ូត។ ជាបឋម បន្ទាប់​ពី​បង់​ថ្លៃ​តំឡើង​​រួច​ គេ​នឹង​មិនចាំបាច់​ចំណាយ​អស់ប្រាក់កាស​អ្វីទៀត​ឡើយ។ កង្ហារ​ខ្យល់​ប្រភេទ​នេះ​អាច​ប្រើ​ប្រាស់​​បានរយៈពេល​យ៉ាង​ហោច​ណាស់​ពីរឆ្នាំ ហើយ​ប្រសិន​ជា​យើង​​ថែ​ទាំ​វា​បានល្អ ដូចជា​ការ​លាបថ្នាំ​ការពារ​​ឈើ  នោះយើង​នឹង​អាច​ប្រើ​ប្រាស់​​កង្ហារ​នេះ​បាន​រយៈពេល​ពី​ពីរ​ទៅ​បី​ឆ្នាំ​បន្ថែម​​ទៀត​​។ ពាក់ព័ន្ធ​នឹងផ្នែក​​ស្លាប​កង្ហារ បើសិនជាវា​ធ្វើពីដែក យើ​ងមិនចាំបាច់ផ្លាស់​ប្តូរវា​នោះ​ទេ​​ ព្រោះ​​វា​អាច​ប្រើ​ប្រាស់​បាន​រយៈពេល​ជាង​១០ឆ្នាំ តែ​បើសិនជា​វាធ្វើពី​សាច់​ក្រណាត់វិញ​​ យើង​អាច​​​ផ្លាស់​​​ប្តូរ​​ក្រណាត់​បានយ៉ាង​ងាយ​ស្រួល មានន័យ​ថា​គេ​គ្រាន់​​​ទិញ​ក្រណាត់​ក្រាស់ៗ និង​រឹង​មាំ​ជាប់​បានយូរ​ ដែលមានតម្លៃថោក ហើយយក​មក​​​កែច្នៃ​ដោយ​ផ្ទាល់​ដៃ​របស់ខ្លួន​អោយ​ចេញជា​សាច់​ក្រណាត់​ថ្មី​មួយ​​! »។

តម្លៃប្រេង​ឥន្ធនៈចេះ​តែបន្តឡើង​ថ្លៃ​ឥត​ឈប់ឈរ​ ជាហេតុជម្រុញ​អោយ​​មានការ​​ស្វែង​រក​ធន​ធាន​​ថាមពលថ្មី ដើម្បី​ជំនួស​ប្រេង​សាំង​។ ប៉ុន្តែផ្ទុយ​ទៅ​វិញ​ គេ​សង្កេ​ត​ឃើញ​ថា ការ​ប្រើប្រាស់​កង្ហារ​ខ្យល់​​ទាំង​នេះ​​​បែរ​ជា​នៅ​មាន​ចំនួនតិច​តួច​នៅ​ឡើយ។ ដូចនេះ​ វិទ្យាស្ថាន​អភិវឌ្ឍន៍​កម្ពុជា​នឹង​សហការ​​ជាមួយ​​នឹង​UNDP ដើម្បីផ្សព្វផ្សាយ​ពី​​ឧបករណ៍​​ទាំងនេះ និង​​បង្រៀន​ដល់​កសិករអោយ​ចាប់ផ្តើម​ប្រើ​ប្រាស់​កង្ហារខ្យល់ ហើយ​អាច​ឈាន​​រហូតដល់​ផលិត​វា​ដោយខ្លួនឯង​ផ្ទាល់។ ​
 
ជំនួយ​សម្រាប់​ថាមពល​កកើត​ឡើង​វិញ​
តាមរយៈលទ្ធផល​ការងារ​នេះ គេ​បាន​ចំណាយ​ថវិកាចំនួន​១១០០០ដុល្លារ​ ក្នុង​ ​ក្របខ័ណ្ឌ​របស់​​មូលនិធិ​មួយ​តាម​រយៈ​អង្គការ​​UNDP «កម្មវិធី​ជំនួយ​ខ្នាត​តូច​​​នៃ​មូល​និធិ​បរិស្ថាន​ពិភពលោក​» សំដៅ​​ផ្គត់​​ផ្គង់​ការ​ប្រើ​ប្រាស់ រឺការផលិត​ថាមពល​កកើត​ឡើង​វិញ​ដល់​​​សហគ្រាស​ធុនតូច រឺអង្គការ​ក្រៅ​រដ្ឋាភិបាល​។ មូលនិធិ​នេះ​នឹង​ផ្តល់​ថវិកា​សម្រាប់​ធ្វើ​​​ក​ង្ហារខ្យល់គំរូចំនួន​ប្រាំបី​គ្រឿង  ព្រម​ទាំង​បើក​​​វគ្គ​បណ្តុះ​បណ្តាលរយៈពេល​បីថ្ងៃ​​ ដល់​កសិករ​មក​ពី​​ខេត្ត​កណ្តាល តាកែវ កំពង់​ចាម កំពង់ស្ពឺ និង​ប៉ៃលិន។ នៅក្នុង​វគ្គបណ្តុះបណ្តាលនេះ អង្គការ​នឹង​បង្រៀន​ពី​របៀប​ផលិត​​កង្ហារខ្យល់​ទាំង​នេះ ជាមួយ​នឹង​ឧបករណ៍​ដែលពួកគេ​មាន​។ ម្យ៉ាង​វិញទៀត អ្នកចូលរួម​ត្រូវ​ដើរ​តួជា​អ្នកបណ្តុះ​បណ្តាល​បន្ត មានន័យ​ថា​ តាម​រយៈកិច្ច​សន្យា​ជាលាយ​លក្ខណ៍​អក្សរ​​មួយ​ជាមួយ​​កសិករ គឺ​នៅ​ពេល​ត្រឡប់​ទៅ​វិញ​ ពួក​គាត់​​ត្រូវ​ជួ​យ​បណ្តុះបណ្តាល​អ្នក​ភូមិ​របស់ខ្លួ​ន​បន្ត អោយ​យល់ដឹង​ពី​បច្ចេកទេស​ទាំងនេះ បើ​មិន​ដូច្នោះ ពួកគេ​ត្រូវ​សង​ថ្លៃ​​បណ្តុះបណ្តាល​ដែលបាន​បង្រៀន​​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​កម្ពុជា។

អ្នក​ស្រី​ ងីន ណាវរៈ​ អ្នក​ទទួ​ល​ខុស​ត្រូវ​មូលនិធិជំនួយខ្នាត​​តូច​នៃ​មូលនិធិ​បរិស្ថាន​ពិភព​លោក​​​នៃកម្មវិធីអភិវឌ្ឍន៍​សហ​ប្រជាជាតិ​ បាន​សំដែង​ក្តី​សោមនស្ស​​រីករាយថា «យើង​ពិត​ជា​គាំទ្រ​ទាំង​ស្រុង​លើ​គម្រោង​នេះ​ ព្រោះ​ថា​​​កង្ហារខ្យល់ទាំង​នេះ​ងាយស្រួល​ផលិត​ ដោយ​ប្រើប្រាស់នូវឧបករណ៍ក្នុង​ស្រុក និងថែម​ទាំង​​មាន​តម្លៃថោក​ទៀត​ផង​»។ «អ្នក​ស្រី​អប​អរ​សារ​ទរ​ថា នេះនឹង​ក្លាយ​ជា​​គម្រោង​​បំភ្លឺផ្លូវ​មួយ​។ ប្រសិនជា​អ្វីៗគ្រប់យ៉ាង​ដំណើរ​ការ​តាម​ការ​គ្រោង​ទុក យើង​នឹង​អាចអភិវឌ្ឍន៍​គម្រោងនេះ​​​អោយ​បាន​កាន់​តែ​ទូលំទូលាយ រហូតដល់​បណ្តា​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ជាពិសេស​តំបន់​តាម​មាត់​សមុទ្រ និង​តំបន់ភ្នំ នា​ខេត្ត​រតនគិរី និងមណ្ឌលគិរី»។ នេះមិនមែនជា​ការនិយាយ​ចោល​​​នោះទេ...។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ