| រដ្ឋាភិបាលកម្ពុជាបង្ហាញពីសមទ្ធិផលលើវិស័យ សុខុមាលភាពនាទិវាប្រជាជន ពិភពលោក |
| ១១-០៧-២០០៨ |
ក្នុងទិវាប្រជាជនពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំនេះ ក្រោមប្រធានបទ «ការរៀបចំផែនការគ្រួសារគឺជាសិទ្ធិ ចូរយើងចូលរួមអនុវត្តទាំងអស់គ្នា» សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្សាយសារលិខិតមួយចុះថ្ងៃទី២៧ មិថុនា ផ្ញើជនរួមជាតិ ដោយបង្ហាញពីកំណើនប្រជាពលរដ្ឋឥតឈប់ឈរ ពីឆ្នាំ១៩៦០ (ប្រជាជនពិភពលោកប្រមាណ៣ពាន់លាននាក់) ដល់១៩៩៩ (៦ពាន់លាននាក់) ហើយកំណើននេះនឹងអាចកើនដល់ប្រមាណ៨ពាន់លាននៅឆ្នាំ២០១៦ ក្នុងនោះ៩០%មកពីប្រទេសកំពុងអភិវឌ្ឍន៍។
ចំពោះបញ្ហាសុខភាពបន្តពូជគ្រួសារ សម្តេចបានរម្លឹកថាក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ព័ត៌មានពីការរៀបចំផែនការគ្រួសារនិងវិធីពន្យារកំណើតនៅមិនទាន់ជ្រួតជ្រាប និងបានចូលរួមអនុវត្តពីបុរស ស្រ្តី និងប្រជាជនវ័យក្មេង ក្នុងវ័យបន្តពូជរាប់រយលាននាក់នៅឡើយទេ។ ដូច្នេះ ស្ថានភាពសុខភាពប្រជាជនទូទាំងសកលលោកនៅតែជាបញ្ហាប្រឈមជាអាទិភាព ដែលត្រូវបន្តរួមគ្នាដោះស្រាយជាសកល។
ចំពោះអាយុកាលមធ្យម នៅឆ្នាំ២០០៧ សម្រាប់ពិភពលោកទាំងមូល គឺមាន៦៨ឆ្នាំ រីឯប្រជាជនជប៉ុនមាន៨២ឆ្នាំ ទ្វីបអាហ្រិ្វកមាន៥៣ឆ្នាំ តំបន់អាស៊ីអាគ្នេយ៍មាន៦៩ឆ្នាំ ប្រទេសកម្ពុជាមាន៦៣ឆ្នាំ និងទាបបំផុតគឹប្រទេសស្វាហ្ស៊ីទ្បេន មាន៣៣ឆ្នាំ។ ជារួមសេវាសុខភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ពិតជានៅមានកំរិតទាបនៅឡើយ ជាពិសេស ក្នុងចំណោមប្រជាជនក្រីក្រ។
ផ្តល់សេរីភាពពេញលេញក្នុងការជ្រើសរើសចំនួនកូន ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលគ្មានគោលការណ៍អោយគ្រួសារនីមួយៗត្រូវយកកូនប៉ុន្មាននាក់នោះទេ។ សម្តេចបានថ្លែងថា «សិទ្ធិសេរីភាព ក្នុងការជ្រើសរើសចំនួនកូនពិតជាមានសារៈសំខាន់ដល់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង ពីព្រោះបុរសស្រ្តី រឺប្តីប្រពន្ធគ្រប់រូប ក្នុងវ័យបន្តពូជតែងតែចង់បានសមាជិកគ្រួសារ។ ពោលគឺស្រ្តី រឺមាតាគ្រប់រូបមានសិទ្ធិសេរីភាពយ៉ាងពេញលេញក្នុងការជ្រើសរើសចំនួនកូន និងការរៀបចំផែនការគ្រួសារ»។
ការធ្លាក់ចុះអត្រាមរណភាពទារកនិង កុមារ សម្តេចនាយករដ្ឋមន្ត្រីបានអោយដឹងថា ជាលទ្ធផល ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ អត្រាមរណភាពទារក ថយចុះពី៩៥នាក់ មក៦៥នាក់ ក្នុង១ ០០០កំណើតរស់។ អត្រាមរណភាពកុមារក្រោម៥ឆ្នាំ ថយចុះពី១២៤នាក់ មក៨២នាក់ ក្នុង១ ០០០កំណើតរស់។ ប៉ុន្តែ មរណភាពមាតានៅមានកំរិតខ្ពស់ប្រមាណ៤៧២នាក់ ក្នុង១០០ ០០០កំណើតរស់ គឺស្មើនឹង០,៤៧%នៃកំណើតរស់ បើទោះមានការយកចិត្តទុកដាក់កើនឡើងក៏ដោយ។ ជាក់ស្តែង គិតពីឆ្នាំ២០០៣ ដល់២០០៧ អត្រាគ្របដណ្តប់នៃការពិនិត្យផ្ទៃពោះលើកទីពីរបានកើនពី៣៣% ដល់៦៨%។ អត្រាប្រើប្រាស់វិធីពន្យារកំណើតទំនើបក្នុងស្រ្តីមានគ្រួសារអាយុពី១៥ ដល់៤៩ឆ្នាំ កើនពី១៩% ក្នុងឆ្នាំ២០០០ ដល់២៧%ឆ្នាំ២០០៧។
ការរីកចម្រើនផ្នែកសេវាសុខភាព រាជរដ្ឋាភិបាលបានជម្រុញការយកចិត្តទុកដាក់ខ្ពស់ ទាំងការបង្កើនបុគ្គលិកពេទ្យជំនាញ មន្ទីរពេទ្យ ក៏ដូចជាថវិកា ជាក់ស្តែងក្នុងអាណត្តិទី៣នេះ (២០០៣-២០០៧) មន្ទីរពេទ្យបង្អែកកើនពី៦៩ ដល់៧៦កន្លែង។ មណ្ឌលសុខភាពដែលបានទទួលឱសថសម្រាប់សំណុំសកម្មភាពអប្បបរមាបានកើនពី៨២៣ ដល់៨៨០មណ្ឌល។ មន្ទីរពេទ្យបង្អែកដែលមានសេវាវះកាត់ធំកើនពីចំនួន៣៩ដល់៤៨កន្លែង។ ថវិកាជាតិនិងអន្តរជាតិមានការកើនឡើងរៀងរាល់ឆ្នាំ ដែលក្នុងនោះថវិការដ្ឋបានកើនពី២០២.០០០លានរៀល ដល់៣៣៧.០០០លានរៀល គឺកើន៦៧%។
វេជ្ជបណ្ឌិតកើនពី២ ០៨៣នាក់ ដល់២ ១៦២នាក់ គិលានុបដ្ឋាកមធ្យម កើនពី៤ ៥៨៦នាក់ ដល់៥៤០០នាក់ និងគិលានុបដ្ឋាកបឋមពី៣ ៣៤៤នាក់ ដល់៣ ៤៦៤នាក់។ ឆ្មបមធ្យមកើនពី១ ៧៩០នាក់ ដល់១ ៨៤៨នាក់ និងឆ្មបបឋមកើនពី១ ០៧៩នាក់ដល់១ ៣៣៩នាក់។ សម្តេចបានរលឹកថា «នៅឆ្នាំ២០០៧ រដ្ឋបានចំណាយថវិកាជាតិសម្រាប់បង់សេវាជូនជនក្រីក្រនូវទឹកប្រាក់ចំនួន១ ៦២០លានរៀល និងថវិកាពីដៃគូអភិវឌ្ឍន៍ជាង១លានដុល្លារ»។
|