| សម្តេចឪបានលើកឡើងពីប្រវត្តិសាស្រ្តដើម្បីអះអាងថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរ |
| ១១-០៧-២០០៨ |
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី៨ កក្កដា និងត្រូវបានផ្សព្វផ្សាយលើវិបសាយរបស់ព្រះមហាវីរៈក្សត្រខ្មែរ សម្តេចឪមានប្រតិកម្មទៅនឹងការវាយប្រហារពីសំណាក់ជនជាតិថៃ ដែលមានបំណងចង់ទាមទារអធិបតេយ្យភាពលើប្រាសាទព្រះវិហារ។
ព្រះបាទនរោត្តម សីហនុ មានព្រះរាជចំណារថា «អ្នកដែលមានការយល់ខុស និងមានបំណងធ្វើរឿងមិនគួរគប្បីនៅប្រទេសថៃ បានចោទប្រកាន់ប្រទេសកម្ពុជានិងប្រជាជនខ្មែរ ដោយមិនត្រឹមត្រូវ និងខុសកាលៈទេសៈ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។ អ្នកទាំងនោះមិនសូវខ្វល់ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរប្រកបដោយសុខដុមរមនានិងផ្លែផ្កាឡើយ»។ គួររម្លឹកថា នៅឆ្នាំ១៩៦២ សម្តេចឪបាននាំយកនូវជ័យជំនះជូនប្រទេសកម្ពុជា ទាក់ទងនឹងសំណុំរឿងប្រាសាទព្រះវិហារនេះ តាមរយៈការកាត់សេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។
ព្រះអង្គបានរម្លឹកថាប្រាសាទជាទីសក្ការៈមួយនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី១០ និងទី១១ «ក្រោមរជ្ជកាលព្រះមហាក្សត្រខ្មែរពីរអង្គ ហើយប្រាសាទនេះ គឺជាស្នាដៃឯករបស់ខ្មែរពិតៗ»។ ព្រះអង្គបានបន្ថែមទៀតថានៅសម័យកាលនោះ ភ្នំនិងប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា ដែលមានវិសាលភាពទឹកដីធំល្វឹងល្វើយរាប់រយគីឡូម៉ែត្រនៅភាគខាងជើង ខាងកើតនិងខាងលិច គឺវែងជាងព្រំប្រទល់កម្ពុជាសព្វថ្ងៃ ជាមួយនឹងប្រទេសថៃ និងប្រទេសឡាវបច្ចុប្បន្នទៅទៀត»។
ព្រះអង្គមានព្រះរាជចំណារបន្ថែមទៀតថា «ជាលទ្ធផល ប្រាសាទនេះស្ថិតនៅ «ក្នុងទឹកដីអាណាចក្រខ្មែរ ហើយខ្លោងទ្វារចូលមុខប្រាសាទមិនមែនបែរមុខទៅរកប្រទេសសៀម ដូចសារព័ត៌មានមួយចំនួនអះអាងនោះទេ ប៉ុន្តែ ខ្លោងទ្វារបែរមុខមករកប្រទេសកម្ពុជា។
ព្រះបាទនរោត្តម សីហនុ បានសន្និដ្ឋានថា «ដោយសារអធិបតេយ្យភាពខ្មែរ និងអាណាចក្រខ្មែរ (ជាពិសេសនៅសម័យអង្គរ) ប្រទេសថៃបច្ចុប្បន្ននេះ សំបូរប្រាសាទនិងបូជនីយដ្ឋានខ្មែរ សម័យអង្គរជាច្រើន»។
|