|
អធិប្បាយចុងក្រោយ
|
| ទីក្រុងភ្នំពេញៈ ការប្រគុំតន្ត្រីដ៍ធំមួយអបអរសាទរ ដល់កិត្តិស័ព្ទប្រាសាទព្រះវិហារនិងគណបក្ស ប្រជាជនកម្ពុជា |
| ដោយ រស់ ឌីណា | | | ១៥-០៧-២០០៨ |  © John Vink / Magnum រយៈពេលមួយសប្តាហ៍ បន្ទាប់ពីការប្រកាសជាផ្លូវការនៃការចុះបញ្ជីប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា នៅទីក្រុងកេប៊ិច(ប្រទេសកាណាដា) ការប្រគុំតន្ត្រីត្រូវបានរៀបធ្វើឡើងម្តងទៀត ជាលក្ខណៈទ្រង់ទ្រាយធំ និងអធិកអធមជាទីបំផុត ក្នុងឱកាសដំណើរត្រឡប់មកដល់ទីក្រុងភ្នំពេញវិញនៃគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន នៅថ្ងៃច័ន្ទ ទី១៤ កក្កដា។ អគ្គនាយដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់បុត្រីមួយរូបក្នុងចំណោមបុត្រីរបស់សម្តេចហ៊ុន សែន បានរៀបចំការប្រគុំតន្ត្រី «អបអរសាទរ» ដ៏ធំមួយ នៅពហុកីឡាដ្ឋានអូឡាំពិច ដែលមានមនុស្សចូលរួមទស្សនាប្រមាណពីរម៉ឺននាក់។ នៅក្នុងចំណោមមហាជនទាំងអស់ គេសង្កេតឃើញមានក្រុមសិស្សនិស្សិតពាក់អាវស មានចំនួនច្រើនជាងគេ ដោយបានលើកក្រវីទង់ជាតិប្រទេសកម្ពុជាបក់រវិចៗ។ គេក៏ឃើញមានវត្តមានចូលរួមពីសំណាក់ប្រជាជនរស់នៅទីក្រុងភ្នំពេញ មន្ត្រីជាន់ខ្ពស់ នគរបាល យោធា និងមន្ត្រីសាលាក្រុងភ្នំពេញ នៅក្នុងពិធីដ៏ឧឡោរិកនេះផងដែរ។ អ្នកចូលរួមមួយចំនួនបានពាក់អាវយឺតពណ៌ស ដែលមានបោះពុម្ពរូបប្រាសាទព្រះវិហារ និងរូបសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងមានពាក្យស្លោកមួយឃ្លា ថា «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ»។
រូបភាពរបស់«ភ្ញៀវកិត្តិយស» ដែលបានចូលរួមកម្មវិធីប្រគុំតន្រ្តីនេះត្រូវបានបញ្ជូននៅលើផ្ទាំងអេក្រង់ដ៏ធំៈ លោកសុខ អាន បានមកដល់ទីក្រុងភ្នំពេញ តាមជើងយន្តហោះ នៅរសៀលថ្ងៃដដែលនេះ។ នៅលើវេទិកាប្រគុំតន្ត្រី គេឃើញមានផ្ទាំងរូបភាពប្រាសាទព្រះវិហារដ៏ធំ រំលេចទៅដោយពន្លឺភ្លើងចំរុះពណ៌ នៅចំពោះទស្សនិកជនរាប់ពាន់នាក់។ ថ្នាក់ដឹកនាំគណៈប្រតិភូកម្ពុជានៅទីក្រុងកេប៊ិច បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយជាបឋម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះករុណាជាអង្គម្ចាស់ ព្រះបាទនរោត្តម សីហនុ ដែលបានទាមទារយកប្រាសាទព្រះវិហារមកវិញ តាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិក្រុងឡាអេ ហើយតុលាការបានសម្រេចជាផ្លូវការ ប្រគល់ប្រាសាទនេះមកកម្ពុជាវិញ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។ «សេចក្តីសម្រេចនេះមានអំណោយផលបំផុត សម្រាប់ក្រុមការងារចរចាររបស់យើង»។
លោកសុខ អាន ក៏សំដែងសេចក្តីសោមនស្សរីករាយផងដែរចំពោះដំណើរការចរចារប្រព្រឹត្តិទៅបានយ៉ាងល្អ នៅក្នុងសម័យប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានអ្នកចូលរួមប្រមាណជាង៨០០នាក់។ ជាពិសេស លោកបានគូសបញ្ជាក់អោយដឹងថាសមាជិកគណៈកម្មាធិការត្រូវធ្វើការងារលើសំណុំរឿងដ៏រសើបចំនួន៤ គឺការចុះបញ្ជីទីព្រះវិហារហ្សេរ៉ូសាលឹម(Jérusalem) (ប្រទេសអ៊ីស្រាអែល) ការថែរក្សាទីក្រុងបុរាណDresde (ប្រទេសអាល្លឺម៉ង់) ការចុះបញ្ជីប្រាសាទមួយនៃប្រទេសកូសូវ៉ូ និងការចុះបញ្ជីប្រាសាទព្រះវិហាររបស់កម្ពុជា។ ពាក់ព័ន្ធនឹងសំណុំរឿងប្រាសាទព្រះវិហាររបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការប្រឆាំងរបស់ភាគីថៃ។ គណៈប្រតិភូនៃប្រទេសជិតខាងមួយនេះបានទាមទារនៅចំពោះមុខសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សូមអោយព្យួរការចុះបញ្ជីប្រាសាទព្រះវិហារខ្មែរ ដោយសំអាងលើហេតុផលចំនួន៣ គឺបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ភាពចាំបាច់នៃការរៀបចំដំណើរការចុះបញ្ជីរួមគ្នា រវាងប្រាសាទព្រះវិហារនិង ស្រះមួយនៅជាប់ព្រំដែនអោយដាក់ជាសម្បត្តិរួមនិងចោទថាកម្ពុជាមិនបានរ ពិគ្រោះគ្នាជាមួយថៃជាមុន មុននឹងសុំចុះបញ្ជីដែលនាំដល់ការមិនយល់គ្នា។
លោកឧបនាយករដ្ឋមន្ត្រីបានរាយការណ៍អោយដឹងទៀតថា «យើងបាននិយាយនៅក្នុងអង្គប្រជុំថាជម្លោះព្រំដែនគឺជាបញ្ហាមិនពិត (...) ។ យើងមានផែនទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ របស់តុលាការក្រុងឡាអេ ដែលបានប្រគល់ប្រាសាទព្រះវិហារជូនប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ១៩៦២។ ទន្ទឹមនឹងនេះ ផែនទីដែលប្រទេសថៃប្រើប្រាស់សព្វថ្ងៃនេះ គ្រាន់តែជាឯកសារដែលគូសវាស់ជាលក្ខណៈឯកតោភាគី ដែលមិនត្រូវបានយកជាការនៅក្នុងអង្គប្រជុំ»។
លោកសុខ អាន បានកោតស្ងប់ស្ងែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្ន និងក្រុមការងារចរចារកម្ពុជា ដែលសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការពន្យល់ប្រាប់ដល់សមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទាំង២១ប្រទេសអោយបានយល់ច្បាស់។ លោកបានអួតសរសើរថា «ខ្មែរបានគិតទុកជាមុនថាពិតជាមានបញ្ហាដែលនឹងកើតមានឡើងជាមួយនឹងប្រទេសថៃ។ យើងជាខ្មែរ យើងបានត្រៀមខ្លួនរួចជាស្រេច។ យើងបានរៀបចំដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលសម្រាប់ប្រាសាទព្រះវិហារ ជាពិសេសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីសហរដ្ឋអាមេរិក។ ក្រោយពីបញ្ចប់ទស្សនកិច្ចនេះ គណៈប្រតិភូទាំងនោះបានវាយតម្លៃថាអ្វីដែលប្រទេសកម្ពុជាបាននិយាយគឺជាការពិត និងអនុលោមទៅតាមច្បាប់ ហើយពួកគេបានគាំទ្រពួកយើងយ៉ាងពេញទំហឹង»។ លោកសុខ អាន បានរៀបរាប់នូវសេចក្តីលំអិតតូចៗ រហូតទាល់តែប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចទទួលស្គាល់ប្រាសាទព្រះវិហារជាសម្បត្តិពិភពលោក។
សុន្ទរកថារបស់លោកឧបនាយករដ្ឋមន្ត្រី ត្រូវបានស្វាគមន៍គាំទ្រដោយសម្រែកជយឃោសរបស់មហាជន និងសមាជិកគណបក្សកាន់អំណាចៈ «ជយោ! ប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក!» «ជយោ! ព្រះរាជាណាចក្រកម្ពុជា»។ ឥស្សរៈជនជាន់ខ្ពស់ដែលមានវត្តមាននៅទីនោះ និងអ្នករៀបចំកម្មវិធីមិនបានភ្លេចរម្លឹកប្រាប់យើងទាំងអស់គ្នាអំពីករណីកិច្ចរបស់គាត់ ដោយសំណូមពរអោយស្រែកជយឃោសថា «ជយោ! គណបក្សប្រជាជនកម្ពុជា» ព្រោះថា តាមលោកសុខ អាន ការចុះបញ្ជីប្រាសាទនេះគឺជាជ័យជំនះមួយ របស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងគណបក្សប្រជាជនកម្ពុជា បន្ថែមលើសមិទ្ធិផលជាច្រើនដែលមានស្រាប់...។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃថារាជរដ្ឋាភិបាលរបស់គាត់នៅមានការងារជាច្រើនទៀតដែលត្រូវបំពេញ នាពេលអនាគត ហេតុដូច្នេះ លោកបានអំពាវសាធារណៈជនដោយបើកចំហរថា «សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី»។
សុន្ទរកថាជាលក្ខណៈឃោសនារកសម្លេងឆ្នោតនេះ បានបញ្ចប់ ដោយមានការបាញ់កាំជ្រួចអបអរសាទរ ស្របពេលជាមួយគ្នានោះផ្ទាំងអេក្រង់ដ៏ធំផ្នែកខាងស្តាំវេទិកា បានចាក់ផ្សាយរូបភាពនៃសកម្មភាពរបស់លោកសុខ អាន ក្នុងអំឡុងពេលចរចារនៅប្រទេសកាណាដា ហើយនៅផ្នែកខាងឆ្វេង មានចាក់ផ្សាយរូបភាពនៃសកម្មភាពមនុស្សធម៌របស់សម្តេចហ៊ុន សែន និងភរិយា។ នៅខាងក្រៅពហុកីឡាដ្ឋាន ប្រជាជនរស់នៅទីក្រុងភ្នំពេញបាននាំគ្នាចេញមកមើលកាំជ្រួច ហើយបទចំរៀងជាច្រើនបានច្រៀងរៀបរាប់ អបអរសាទរដល់កិត្តិស័ព្ទដ៏ល្បីល្បាញរបស់ប្រាសាទព្រះវិហារ និង «កិច្ចខិតខំប្រឹងប្រែង» របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។
នៅថ្ងៃទី៧ កក្កដានេះ អាជ្ញាធរកម្ពុជាបានរៀបចំពិធិអបអរសាទ ចំពោះការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បើទោះបីជាមិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ។ នៅថ្ងៃទី៨ កក្កដា អាជីវករ និងសិស្សនិស្សិតបាននាំគ្នាសំដែងការសប្បាយរីករាយ នៅតាមដងវិថី នាទីក្រុងភ្នំពេញ។ តបតាមការស្នើសុំរបស់រដ្ឋាភិបាល គ្រប់វត្តអារ៉ាមទាំងអស់នៅទូទាំងប្រទេស បានទូងស្គរព្រមគ្នា ស្របពេលដែលវិទ្យុនិងទូទស្សន៍បានចាក់ផ្សាយសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលអបអរសាទរដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី និងខ្លួនលោកផ្ទាល់ សម្រាប់ «ជ័យជំនះ»នេះ។
|
|
|