| ប្រាសាទព្រះវិហារៈ ជម្លោះរវាងប្រទេសកម្ពុជានិង ប្រទេសថៃនៅតែមានសភាពធ្ងន់ធ្ងរ |
| ដោយ ឈាង បុប្ផា និង ស្ទេហ្វានី ហ្សេ | |
| ១៥-០៧-២០០៨ |
ទោះបីជាប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅដើមខែនេះក៏ដោយ ក៏អង្គការយូណេស្កូបានបន្សល់ទុកនូវការងារសម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍ថ្មីមួយទើបតែនឹងកើតមានឡើង បណ្តាលអោយមានការប្រឈមមុខដាក់គ្នារវាងប្រទេសជិតខាងទាំងពីរ។
ជនជាតិថៃបីនាក់ ស្ថិតក្នុងសំលៀកបំពាក់ជាអ្នកបួស បានលួចផ្លោះរបងព្រំដែននៃប្រទេសទាំងពីរ នៅយប់ ថ្ងៃច័ន្ទ ទី១៤ និងព្រឹកថ្ងៃអង្គារ ទី១៥ កក្កដាដើម្បីទៅកាន់ប្រាសាទព្រះវិហារ។ តាមប្រភពមួយចំនួនបានអោយដឹងថា អ្នកទាំងនោះមានគោលបំណងយកទង់ជាតិប្រទេសពួកគេ ដោតនៅលើប្រាសាទ ហើយតាមប្រភពផ្សេងទៀតបង្ហាញថា ដើម្បីទៅធ្វើសមាធិនៅទីនោះ។ ពួកគេត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរកម្ពុជា ពីបទឆ្លងចូលដោយខុសច្បាប់កម្ពុជា។ ចាប់តាំងពីថ្ងៃទី២២ មិថុនា បន្ទាប់ពីមានបាតុកម្មរបស់ជនជាតិថៃ នៅច្រកទ្វារព្រំដែន ប្រទេសកម្ពុជាបានសម្រេចបិទច្រកព្រំដែនព្រះវិហារ ដើម្បីជៀសវាងការចូលមកប្រព្រឹត្តអំពើមិនគប្បីជាយថាហេតុណាមួយរបស់ប្រជាជនថៃ។
នៅពាក់កណ្តាលថ្ងៃត្រង់ ទាហានថៃប្រដាប់ទៅដោយអាវុធជាង៤០នាក់ បានចូលមកក្នុងទឹកដីខ្មែរ ខណៈពេលដែលទាហានមួយចំនួនផ្សេងទៀតត្រូវបានដាក់ពង្រាយនៅតាមច្រកទ្វារព្រំដែន ដែលប្រឈមមុននឹងទាហានកម្ពុជាប្រចាំការនៅប៉ុស្តិ៍ព្រំដែន។ បេសកកម្មរបស់ទាហានថៃទាំងនោះ គឺដើម្បីទាមទារអោយដោះលែងជនរួមជាតិរបស់ពួកគេ ព្រមទាំងទាមទារឯកសារដែលអាជ្ញាធរកម្ពុជាបានអោយអ្នកទាំងនោះចុះហត្ថលេខា។ នៅក្នុងឯកសារនោះ អ្នកទាំងបីនាក់ បានទទួលស្គាល់ថាបានលួចឆ្លងព្រំដែនដោយខុសច្បាប់។ ទាហានថៃបាននិយាយថាពួកគេចង់ដុតឯកសារទាំងនោះចោល។
យោងតាមលោក ឡុង សុវណ្ណ អភិបាលរងខេត្តព្រះវិហារ ការចរចាររវាងភាគីទាំងសងខាងត្រូវបានធ្វើឡើងអស់រយៈពេលយ៉ាងយូរ។ ដំបូងឡើយ ភាគីកម្ពុជាបានបដិសេធទៅនឹងលក្ខខណ្ឌទីពីររបស់ភាគីថៃ។ លោកបានបញ្ជាក់ នៅល្ងាចថ្ងៃអង្គារ ទី១៥ កក្កដានេះថា «លោកមិនយល់»ទាល់តែសោះថាហេតុអ្វីបានជាទាហានថៃ ដែលមកនៅក្នុងវត្តលើកំពូលភ្នំប្រាសាទ បដិសេធមិនព្រមត្រឡប់ទៅវិញ ខណៈពេលដែលអាជ្ញាធរកម្ពុជាបានបំពេញទៅតាមតម្រូវការរបស់ពួកគេទាំងស្រុង។ «យើងបានដឹងថាការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានបង្កអោយមានការខឹងសម្បារពីសំណាក់ជនជាតិថៃ»។
នៅថ្ងៃពុធ ទី១៦ កក្កដានេះ ប្រទេសកម្ពុជានិងថៃបានដាក់ពង្រឹងកម្លាំងប្រដាប់អាវុធ នៅតាមមាត់ច្រកទ្វារព្រំដែន។ តំណាងអាជ្ញាធរកម្ពុជាបានសំដែងការព្រួយបារម្ភជាច្រើន ក្នុងការអធិប្បាយទាក់ទងនឹងបញ្ហាខាងលើនេះ ដែលបានកើតមានឡើងមុនការបោះឆ្នោតសភា រយៈពេល១០ថ្ងៃ។ ប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានត្រៀមខ្លួនរួចជាស្រេចទៅនឹងយថាហេតុណាមួយ បានអោយដឹងថា នៅល្ងាចថ្ងៃអង្គារនេះ ការប្រឈមមុខដាក់គ្នាកាន់តែមានសភាពតានតឹង។ អ្នកភូមិម្នាក់ បានរាយការណ៍ថា នៅពេលយប់ ទាហានថៃជាង២៥នាក់ផ្សេងទៀត បានមកចូលរួមជាមួយនឹងទាហានថៃជាង៤០នាក់ ដែលមានវត្តមានស្រាប់នៅក្នុងវត្តរបស់កម្ពុជា។ ចាប់ពីពេលនេះតទៅ ដំណោះស្រាយបញ្ហាផ្សេងៗត្រូវធ្លាក់លើថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
|