កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
នយោបាយ​កម្ពុជា​គឺ​ជារូប​បំភាន់​ភ្នែក​សម្រាប់​ខ្មែរ​រស់​នៅ​អាមេរិក?
ដោយ ស្ទេហ្វាន ហ្សាណាំង នៅទីក្រុងវ៉ាស៊ីនតោន   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២១-០៧-២០០៨

USA - Arlington - Khmers - Sam Rainsy © Stéphane Janin 

អាលីនតុន(សហរដ្ឋអាមេរិក) ខែមេសា ២០០៨៖ ព្រំ សូណូរ៉ា វិស្វករ បានសួរសំណួរ

មួយជាសាធារណៈទៅលោក សម រង្ស៊ី នៅក្នុងទស្សនកិច្ចការបោះឆ្នោតរបស់លោក

នៅសហរដ្ឋអាមេរិក

© Stéphane Janin

 

សហគមន៍​កម្ពុជា​តូច​មួយ​នៅ​​​ទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក និង​នៅ​​​រដ្ឋ​ជិត​ខាង​ម៉ារីឡែន និង​វីហ្សីនី តាម​ដាន​​​មើល​​ពី​ចម្ងាយ​​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​​ដែល​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​។ ពិតណាស់ ជន​ជាតិកម្ពុជា​ឯ​នាយ​សមុទ្រ​គ្មាន​លទ្ធភាពចូល​រួម​បោះ​ឆ្នោត​នៅ​កម្ពុជា​ពី​បរទេស​ទេ។ ជំនួប​នយោបាយដ៏កម្រ​​​នៅ​រដ្ឋ​ភាគ​ខាង​កើត​នៃ​ប្រទេស​អាមេរិក​នេះ​ ជានិច្ច​កាល​គឺ​រៀប​ចំ​ឡើងដោយ​គណបក្ស​ប្រឆាំង។ ជាទូទៅ ជំនួប​ទាំង​នេះ​នៅ​តែ​មាន​​លក្ខណៈបើក​ចំហរ ហើយ​បញ្ហា​ជុំវិញ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ត្រូវ​បាន​លើក​ឡើង​ច្រើន​ជាងគេ​នៅ​ក្នុង​កិច្ច​ពិភាក្សា​​។ បើ​ទោះ​ជាសហគមន៍​ខ្មែរ​រស់​នៅ​ក្រៅប្រទេស​​បញ្ចេញ​មតិច្រើន​លើ​​ស្ថាន​ភាពនយោបាយ សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​ក៏ដោយ ក៏​ការ​លើក​កម្ពស់​បេតិកភណ្ឌ និង​ជាពិសេស​វប្បធម៌ខ្មែរ​ជា​ការងារ​របស់​ខ្មែរ​ទាំង​អស់​គ្នា​ដែរ។ នេះ​​ជា​ការ​ជួប​ជាមួយ​អ្នក​ឃ្លាត​ស្រុកកំណើត​មករស់នៅ​សហរដ្ឋអាមេរិក​ក្នុង​​នាម​ជា​ជន​ភៀសខ្លួន​នៅ​ចុង​ឆ្នាំ​១៩៧០ ឬអំឡុងឆ្នាំ​១៩៨០ និងកូន​ៗ​ពួកគេ​ដែល​បាន​កើត​លើ​ទឹក​​ដីនេះ។

 

យុវជនក្មេងៗ​មិន​ចាប់​អារម្មណ៍ មនុស្ស​ចាស់​ស្រងាកចិត្ត
នៅ​ក្នុង​ចំណោម​​យុវជនខ្មែរអាមេរិកាំង​មួយ​ចំនួន​ គេបានសារភាព​ថា នយោបាយ​​កម្ពុជា​គឺ​គ្រាន់​​តែ​ជា​ការ​ខ្វាយខ្វល់​តូច​តាច​មួយ​របស់​ពួកគេ​ប៉ុណ្ណោះ។ សុជាតិ និងបុប្ផា*នៅ​ស្ងៀម​មិន​និយាយ​ស្តី។ យើង​មិនអាច​ធ្វើ​អោយ​ពួកគេ​ហើប​មាត់និយាយពី​បញ្ហា​នេះទេ។ យុវតី​កម្ពុជា​វ័យ​ក្មេង​ទាំង​ពីរ​នាក់​នេះ​រស់នៅ​ក្នុង​រដ្ឋ​ម៉ារីឡែន។ ពួកគេ​គឺ​ជាសកម្មជនដ៏សកម្ម​ក្នុងការ​ថែរក្សា​វប្បធម៌ខ្មែរ។ ពួកគេ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាពនៅ​ប្រាសាទពុទ្ធសាសនា​ខ្មែរ​ស៊ីលវើស្ព្រីង ជាមួយ​រៀម​ច្បង​ សាស្ត្រាចារ្យរបាំ និង​តន្រ្តី​។

ចំណែកអ្នក​មួយ​ចំនួនដែល​បាន​មក​ដល់​សហរដ្ឋអាមេរិកពេលពេញវ័យ បន្ទាប់​ពីបាន​ឆ្លង​កាត់​របប​លន់ នល់ បន្ទាប់​មក​ខ្មែរក្រហម រស់នៅ​​ជាមួយ​ភាព​ភ័យ​បុក​ពោះ​ជានិច្ច​មិនហ៊ាន​និយាយ​បង្ហាញ​គំនិត​របស់​ពួកគេ​ពាក់​ព័ន្ធ​នឹង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជាទេ។ ពួកគេ​អះអាងថា ឧត្តមគតិ​នយោបាយ​​របស់ពួកគេ​បាន​រលាយ​បាត់​យូរ​ហើយ។

ការយល់ឃើញរបស់អ្នកឃ្លាតឆ្ងាយមក​​​លើ​ប្រទេស​កម្ពុជា
ខ្មែរអាមេរិកាំង​ជាច្រើន​​មិន​វិល​ត្រឡប់​មកកម្ពុជា​វិញទេ ចាប់​តាំង​ពី​ពួកគេ​បាន​ដាក់​ជើង​ជាន់​ដី​បរទេស។ ពួកគេ​រក្សារូបភាព​នៃកម្ពុជា​ជា​ប្រទេស​សង្រ្គាម​ ហើយ​ការ​ចូលពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​អាច​ធ្វើ​អោយ​ពួកគេ​បាត់​បង់ជីវិត។ អ្នក​ផ្សេង​ទៀត​បានត្រឡប់មកវិញដែរ​ ហើយ​បាន​ធ្វើ​​ដំណើរ​មកកាន់ «ប្រទេស​នេះ»​ក្នុង​ឆ្នាំ​១៩៩០ តែ​បន្ទាប់មក​ក៏​លែង​មក​ទៀត។

ជួនកាល ពួកគេ​វង្វេង​វង្វាន់​នឹងកម្ពុជា​មួយ​ដែល​មានផ្លូវថ្នល់​គ្មាន​សុវត្ថិភាព និង​ទីក្រុង​ភ្នំពេញ​មួយ​ស្ថិត​​ក្រោម​សំឡេង​​ម៉ាស៊ីន​ភ្លើង​ ហើយ​ដែល​ព្រលាន​យន្ត​ហោះ​​ពោធិ៍ចិនតុង​​សំបូរ​​ដោយ​គ្រាប់កាំ​ភ្លើង​​​ដោយសារការ​វាយប្រយុទ្ធ​របស់​កងកម្លាំងនៃ​សហនាយករដ្ឋ​មន្ត្រីនាសម័យ​​នោះ គឺព្រះអង្គម្ចាស់​រណឫទ្ធិ និង​លោក​ហ៊ុន សែន (សម្រាប់​អ្នក​ដែល​ចូលមក​ប្រទេស​នេះ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​៥​ និង​៦​កក្កដា ១៩៩៧)។ អំពើឃាតកម្ម​លើ​អ្នក​កាសែតប្រឆាំង ឈ្មោះ​ខឹម សម្បូរណ៍​ និង​កូន​ប្រុស​របស់គាត់​ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ធ្វើ​អោយ​ជន​ជាតិ​ខ្មែរ​​រស់នៅ​អាមេរិកនៅ​តែ​មើល​ឃើញថា ព្រះរាជាណាចក្រដ៏​តូច​មួយ​នេះនៅ​តែ​«ជាប្រទេស​មួយ​គ្រោះ​ថា្នក់​»។

ការភ័យខ្លាច​ពីចម្ងាយ
ក្នុងជំនួប​អាហារពេល​ល្ងាចមួយ​រៀបចំ​ឡើង​កាលពីខែ​មេសា​កន្លងទៅនេះ​ដោយគណបក្ស​សម រង្ស៊ី នៅ​ក្នុង​ភោជនីយដ្ឋាន​ចិន​ឈ្មោះ​អាលីនថុន ធ្វើ​ដំណើរប្រហែល២០នាទីពីទីក្រុង​វ៉ាស៊ីនតោន យើង​ជួប​ជាមួយ​ស៊ីដនី ឳពុក​អាយុ​៣៥ឆ្នាំនៅ​ក្នុងគ្រួសារ​មួយ។ គាត់​ធ្វើការ​ផ្នែក​អេឡិចត្រូនិច និង​រស់នៅ​ក្នុងរដ្ឋ​ម៉ារីឡែន។ គាត់​យល់ព្រម​ភ្លាមផ្តល់​បទ​សម្ភាសន៍​ជាមួយ​យើង និង​បង្ហាញ​​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង។ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​ទីនេះ។ វា​ជា​លើក​ទី​១​​នៅ​ក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​ប្រភេទនេះ! បើ​នៅ​កម្ពុជា​ ​ខ្ញុំមិន​ផ្សង​ព្រេង​​ធ្វើ​ដូច្នេះទេ។ ខ្ញុំមាន​មោទនភាព​ដែល​បាន​ជួប​មេដឹក​នាំបក្ស​ប្រឆាំង​រូប​នេះ​។​ ខ្ញុំ​ពិតជា​គិត​ថា​ គាត់​អាច​ផ្លាស់​ប្តូរ​កម្ពុជា​បាន ហើយ​ជួយ​ប្រជាជន​កម្ពុជា»។

នៅពេល​គេ​ថតរូប​គាត់​នៅ​ជិត​លោក​សម រង្ស៊ី លោក​ស៊ីដនីញញឹម​បិទ​មាត់​មិន​ជិត​។ រូបថត​មួយ​សន្លឹកនេះ​ច្បាស់​ជា​ត្រូវគាត់​ដាក់​បញ្ចូល​ក្នុង​អាល់ប៊ុម​រូប​ថត​គ្រួសារ​។ ប៉ុន្តែ​ ខណៈដែល​ការ​បោះ​ឆ្នោត​ខិត​ចូលមក​ដល់​ គាត់​សុំ​អោយ​ដក​រូបថត​នេះ​ចេញ​ពី​ទំព័រ​អ៊ីនធឺណែត​របស់ខ្ញុំ។ គាត់​ពន្យល់​ដោយ​ទើស​ទាល់ថា៖ «អ្នក​យល់ទេ ខ្ញុំ​មិន​ចង់​មាន​បញ្ហា​ពេលនេះ​ ឬ​ក្នុងពេល​ទៅ​សម្រាក​លំហែ​​កាយ​លើក​​ក្រោយ​នៅកម្ពុជាទេ...»។

រឿង​នេះជាឧទាហរណ៍​​ ហើយ​វាមិន​មែន​ជាករណីតែមួយ​ទេ។ សូម្បី​រស់​នៅ​ឆ្ងាយ​ពី​ប្រទេស​ និង​រស់​​នៅ​ធូរធារ​​ហើ​យ​ក៏ដោយ ក៏​ជន​ជាតិ​កម្ពុជា​នៅ​បរទេស​នៅ​តែ​មានការភ័យ​ខ្លាចនៅ​ក្នុង​ដំណើរ​​ការ​ប្រព្រឹត្ត​ទៅ​នៃ​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​​​ថ្ងៃទី​២៧ កក្កដា​ ។

ការបោះឆ្នោត«ដែល​លទ្ធផល​ដឹង​មុន​រួច​​ហើយ»
ទោះ​យ៉ាងណា ខ្មែរអាមេរិកាំង​ដែល​ត្រូវបាន​សម្ភាសន៍​ ទទួលស្គាល់​ពី​ការរីក​ចម្រើន​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និងសេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ពួកគេ​បន្ថែម​ថា«នៅ​មាន​បញ្ហា​សំខាន់​ៗ​ជាច្រើន​​ទៀត​ត្រូវ​ធ្វើ​អោយ​មាន​ការរីក​ចម្រើន​»។​ ពួកគេ​បាន​​ដឹង​ព័ត៌មាន​ភាគ​ច្រើ​ន​​តាមអ៊ីនធឺណែត។ ពួកគេ​ផ្ញើអ៊ីមែលឆ្លើយ​ឆ្លង​ជាមួយ​ញាតិ​មិត្ត​នៅ​កម្ពុជា ឬបើក​មើល​ទំព័រអ៊ីនធឺណែត​របស់​វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេង​សហរដ្ឋអាមេរិក (VOA) ជាប្រចាំ។

លោក​តុង យ៉ាប់ អាយុ​៤១ឆ្នាំ វិស្វករអេឡិចត្រូនិច និង​ជា​ស្ថាបនិកសមាគមមួយ​កាលពីប៉ុន្មាន​ឆ្នាំ​មុន។ សមាគមនេះ​និយាយថានៅ​ក្រៅ​នយោបាយ ប៉ុន្តែគេ​ចាប់អារម្មណ៍​នឹង​គំនិត​របស់​គណបក្ស​ប្រឆាំងនៅកម្ពុជា។ សមាគម​នេះ​ឈ្មោះ​ថា​«​ខ្មែរអាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ»។ លោក​តុង​ យ៉ាប់ វាយ​តម្លៃថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៧ ខែកក្កដា​ នឹង​«ជា​ការ​បោះ​ឆ្នោត​ប្រកប​ដោយភាពត្រឹមត្រូវ និង​សេរី​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា»។ ប៉ុន្តែ លោក​នៅ​តែ​ព្រួយបារម្ភ​ចំពោះ​ការ​គំរាមកំហែង និង​ការបំភិតបំភ័យ​ទៅ​លើ​បក្ស​ប្រឆាំង ល្គឹកណា​«ប្រព័ន្ធផ្សព្វផ្សាយ​​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​រដ្ឋាភិបាល»។ លោក​អធិប្បាយ​ថា៖ «អំណាច​សំខាន់​ៗផ្តុំ​ក្នុង​ដៃ​មនុស្សតែម្នាក់ ហើយ​គេប្រើ​អំណាច​នេះ​ទាំង​រំលោភបំពាន។ សំណាង​ល្អ អង្គការ​ជាច្រើន​ធ្វើ​ការ​នៅ​កម្ពុជា ធ្វើ​អោយ​«ល្អប្រសើរ»វិញ»។​

សុភា មក​ដល់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៧២ កាលអាយុ​២៧​ឆ្នាំ។ គាត់​និយាយ​ថា​ គាត់​មិន​មែន​ឆោត​នោះទេ។ «យើង​ដឹង​យ៉ាង​ច្បាស់ថា ការបោះ​ឆ្នោត​ទាំង​នេះ​មិន​សេរីទេ! ការសំខាន់គឺកុំ​អោយ​មាន​អំពើ​ហិង្សា​ទៅ​បានហើយ។ ខ្ញុំ​គិតថា អ្នក​​ដឹកនាំប្រទេស​ឆ្លាត ហើយ​ដឹង​ថា​ការច្បាំង​គ្នាឯង​គឺ​ជាការ​ខាត​បង់​ពេល​វេលា​!»។

កម្លាំង​​ស្នូល​មួយ​របស់​គណបក្សសម រង្ស៊ី នៅ​តំបន់​មួយនេះ​នៃ​សហរដ្ឋអាមេរិក គឺ​​ម៉ារ៉ុង អាយុ​៥៧ឆ្នាំ។ គាត់​មិន​ចង់​បាន​អ្វី​ពីការ​បោះ​ឆ្នោត​នេះ​ទេ ប៉ុន្តែ​មាន​ក្តី​សង្ឃឹម​មួយ​។ «វា​នៅ​តែ​លំបាក​សម្រាប់​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​គោល​នយោបាយ​ផ្សេង​ទៀត​ក្រៅពី​គោល​នយោបាយ​របស់​បក្ស​កាន់​អំណាច។ ផ្លូវ​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ​ទៀត មុន​នឹង​អាច​ធ្វើ​អោយស្ថានភាព​មាន​លក្ខណៈ​​ធម្មតា ដូច​នៅ​អាមេរិក ឬ​អឺរ៉ុប​»។ អ្នក​ស្រីចន្ថារី ភរិយា​របស់​គាត់ បន្ថែមច្បាស់​ៗ​ថា : «តើ​អោយ​ខ្ញុំ​ចាប់​អារម្មណ៍​នឹង​នយោបាយ​កម្ពុជា​យ៉ាង​ម៉េចទៅ បើ​ល្បែង​នេះត្រូវ​គេ​ដឹងលទ្ធផល​មុន​ទៅ​ហើយ? ឈ្មោះអ្នក​ឈ្នះ យើង​ដឹង​រួច​ហើយ! ថ្ងៃណា​ដែល​មាននីតិវិធីប្រកប​ដោយតម្លាភាព និងសមធម៌ ថ្ងៃនោះ ប្រាកដ​ណាស់ ខ្ញុំ​នឹង​យកចិត្តទុកដាក់​នឹង​នយោបាយ»។

ក្តីសង្ឃឹម​នៃ​ការវិលត្រឡប់មកប្រទេស​វិញ
ខ្មែរអាមេរិកាំង​ជាច្រើន​ដែលត្រូវបាន​សម្ភាសន៍​ គឺ​ជា​សមាជិក​សកម្ម​របស់​សហគមន៍​ពួកគេ ហើយ​មនុស្សជាច្រើន​ក្នុង​ចំណោម​នោះអះអាងថា​«ពេល​ខាង​មុខ​»​ ​ពួកគេ​នឹង​វិលត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ និ​ងបទ​ពិសោន៍ដែល​ប្រមូល​បាន​នៅបរទេស​ ទៅ​អោយ​ជន​រួម​ជាតិផ្សេងទៀត​​។

វិបុល អ្នក​ជំនាញខាងហិរញ្ញវត្ថុ អាយុ​៣៦ឆ្នាំ​ រស់នៅ​សហរដ្ឋអាមេរិក​​៥ឆ្នាំ​ហើយ គាត់​សង្ឃឹមថា បក្ស​ប្រឆាំង​ឈរ​ជើងនៅ​ក្នុង​រដ្ឋសភា ហើយ​ធ្វើការ​អភិវឌ្ឍ​ការអប់រំ និង​សេវា​សុខភាព​រដ្ឋ​របស់​កម្ពុជា។ «កូនសោនៃ​ការអភិវឌ្ឍ​ស្ថិត​នៅ​លើ​អភិបាល​កិច្ច​ល្អ និង​ការគ្រប់គ្រង​ធនធាន​ និង​ហិរញ្ញវត្ថុ​របស់កម្ពុជា។ កត្តា​នេះ​នឹង​ស្តារ​ជំនឿចិត្ត​ជន​ជាតិកម្ពុជា​ឡើងវិញ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​អោយ​វិនិយោគនៅក្នុង​ប្រទេស​ខ្លួន​ឯង។ គេ​ត្រូវ​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ខេត្ត​ បង្កើត​ការងារ...»។

សុភា ការពារ​នយោបាយ​សុវត្ថិភាព​​ចំណីអាហារ​។ បើ​តាម​ការ​យល់​ដឹង​របស់​អ្នក​ស្រី ចំណីអាហារ​មួយ​ភាគ​ធំ​គឺ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​​ប្រទេស​ថៃ។ អ្នកស្រី​​ព្រួយ​បារម្ភ​ផង​ដែរ​​ពីការ​ខ្ជះខ្ជាយ​ធនធាន​ធម្មជាតិរបស់​កម្ពុជា​ ដោយសារ​អំពើ​ពុក​រលួយ។ អ្នកស្រី​វាយតម្លៃថា ថ្ងៃណាមួយ​ អ្នក​ដឹកនាំ​នយោបាយ​នឹង​អាច​ចង​កសម្លាប់​ខ្លួន។ ស្រ្តី​វ័យ​ក្មេង​រូបនេះ​សោក​ស្តាយ​ថា៖ «ធនធាន​របស់ប្រទេស​មិនបានផ្តល់​ផល​ចំណេញ​អោយ​ប្រជាជន​កម្ពុជា​ទេ»។

ចុងក្រោយ គ្រប់​គ្នា​សុទ្ធតែអះអាងថា រដ្ឋាភិបាលថ្មី​នៅ​ទីក្រុងភ្នំពេញ​នឹង​បង្ហាញ​ភាព​ប៉ិន​ប្រសប់​របស់ខ្លួន ​ដើម្បី​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ជា​ប្រទេស​«កាន់តែ​ទាក់​ទាញ» ហើយ​បញ្ឈប់​អតិផរណា។ ជន​ជាតិ​កម្ពុជា​ដែលបាន​ភ្លក់​ក្តី​ស្រមៃខ្លះៗនៅអាមេរិក​ បានអះអាងយ៉ាង​មុតមាំ​ថា​ ពួកគេ​អន្ទះសា​ចង់​អោយ​ប្រទេស​ជាតិ​ពួកគេ​ចាកផុត​ពី​ភាព​តោកយ៉ាក។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

 

សហគមន៍កម្ពុជា​រស់នៅរដ្ឋវ៉ាស៊ីនតោន ម៉ារីឡែន និង​វីហ្សីនី​មាន​ចំនួន​៥​ ០០០ នាក់​ បើ​យោង​តាម​ការប៉ាន់​ស្មាន​របស់​(សមាគម ក្នុងស្រុក)។ វត្តមាន​ពួកគេ​នៅ​លើ​ទឹកដី​ភាគ​ខាង​កើត​សហរដ្ឋអាមេរិក​នេះមិន​សូវកកកុញ​ពេកទេ បើ​ប្រៀបធៀប​នឹង​ចំនួន​ជនជាតិខ្មែរដ៏ច្រើន​សន្ធឹក​សន្ធាប់​​ផ្តុំគ្នា​​នៅ​រដ្ឋ​ឡូវែល (៣០ ០០០ នាក់) រដ្ឋម៉ាសាជូសេត ឬឡុងប៊ិច (៥០ ០០០ នាក់) រដ្ឋកាលីហ្វញ៉ា​ ហៅ​«​ក្រុង​ភ្នំពេញ​អាមេរិក»។ ជនជាតិកម្ពុជា​​រស់នៅ​ក្នុង​តំបន់​វ៉ាស៊ីនតោន​មាន​ជីវភាព​ធូរធារ និង​ត្រូវ​គេ​បញ្ចូល​យ៉ាង​ល្អ​ទៅ​ក្នុង​សេវារដ្ឋបាលសហព័ន្ធ ស្ថាប័ន​អន្តរជាតិធំៗ និងសហគ្រាសបច្ចេកវិទ្យា។

យោងតាម​ជំរឿន​របស់​អាជ្ញាធរអាមេរិក ពួកគេ​មាន​ចំនួន​២ ០០០​ ថែម​ពី​លើ​ជនជាតិ​កម្ពុជា​ចំនួន​១៧៨ ០០០នាក់​ ដែលត្រូវ​បាន​ប្រកាស​នៅ​លើ​ទឹកដី​អាមេរិក។

សម្រាប់​សប្តាហ៍ចុងក្រោយ​នៃ​យុទ្ធនាការឃោសនានេះ កាសែតនឹងផ្តោតទំព័រ​របស់ខ្លួន​​លើ​ព័ត៌មាន​​នយោបាយ​​កម្ពុជា។

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ