| ប្រាសាទ ព្រះវិហារៈប្រទេសកម្ពុជាមិនព្រមទទួល សំណើប្រទេសថៃហើយសុំអោយក្រុមប្រឹក្សា សន្តិសុខបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីរកដំណោះស្រាយ |
| ដោយ រស់ ឌីណា និង ស្ទេហ្វានី ហ្សេ | |
| ២២-០៧-២០០៨ |
នៅថ្ងៃអង្គារទី ២២ កក្កដា នេះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបពិភាក្សាជាមួយនឹងឯកអគ្គរាជទូត-រដ្ឋទូតនៃបណ្តាប្រទេសផ្សេងៗ ដើម្បីជម្រាបអោយដឹងពីលទ្ធផលនៃកិច្ចចរចាររវាងប្រទេសកម្ពុជានិងប្រទេសថៃ ស្តីពីជម្លោះទឹកដីដែលបានកើតមានឡើងដោយបើកចំហរ តាំងពីថ្ងៃអង្គារ ទី១៥ កក្កដាមកម្ល៉េះ។ នៅក្នុងជំនួបពិភាក្សានេះ គេពុំឃើញមានវត្តមានចូលរួមរបស់ឯកអគ្គរដ្ឋទូតប្រទេសថៃប្រចាំនៅកម្ពុជានោះទេ។ នៅថ្ងៃកិច្ចចរចារ គណៈកម្មការចំរុះនៃព្រំដែនដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានបញ្ចប់ទៅនៅពេលល្ងាច ហើយគណៈកម្មការប្រទេសទាំងពីរបានចាកចេញទៅដោយស្ងៀមស្ងាត់មិនមានការសំរុះសំរួលជាដុំកំភួនឡើយ។ ព្រះរាជាណាចក្រកម្ពុជាបដិសេធមិនព្រមទទួលសំណើរចុងក្រោយដែលភាគីថៃបានស្នើរឡើងទាក់ទងទៅនឹងផែនទីគំនូសព្រំដែនឯកតោភាគី។ នៅចំពោះមុខការចចេសរឹងរូសនៃប្រទេសជិតខាងមួយនេះ រដ្ឋាភិបាលក្រុងភ្នំពេញមិនបានសន្យារកដំណោះស្រាយអ្វីទាំងអស់ដោយទុកអោយខាងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបើកកិច្ចប្រជុំវិសាមញ្ញដើម្បីដោះស្រាយបញ្ហានេះ ដែលមានប្រទេសទាំងពីរជាសមាជិក ។ ភាគីទាំងពីរបានបញ្ជាអោយកងកម្លាំងប្រដាប់អាវុធទាំងសងខាងនៅតំបន់ប្រាសាទព្រះវិហាររក្សាភាពស្ងៀមស្ងាត់និងអំណត់អត់ធ្មត់ទាំងសងខាង ។ ចំណែកឯកងកំលាំងទាំងពីរក៏មិនបានធ្វើសកម្មភាពអ្វីដែរ ពួកគេនៅចាំទទួលបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ ។ នៅទីក្រុងភ្នំពេញឯណេះវិញ ប្រជាជនបានប្រើពាក្យថ្មី « ឈ្លានពាន» ដោយប្រទេសថៃនៅឯព្រំដែនដោយបើកចំហរ ។ សំណើពីររបស់រដ្ឋាភិបាលក្រុងភ្នំពេញ ឆ្លើយតបទៅនឹងសំណើរបស់ភាគីថៃ គណៈប្រតិភូកម្ពុជាបានយល់ស្របលើពីរចំណុច ដោយសង្ឃឹមថា អាចនឹងឈានទៅរកដំណោះស្រាយបញ្ហាដោយសន្តិវិធីបាន។ លោក ហោ ណាំហុង បានអោយដឹងថា ជាបឋម ប្រទេសថៃបញ្ជាអោយទាហានរបស់ខ្លួនដែលដាក់ពង្រាយនៅក្បែរវត្ត ចម្ងាយ៣០០ម៉ែត្រ ពីប្រាសាទព្រះវិហារ និង៧០០ម៉ែត្រពីព្រំប្រទល់ត្រឡប់មកវិញ ព្រមទាំងមានការកំណត់ព្រំប្រទល់ ដើម្បីធ្វើអោយស្ថានការណ៍ត្រឡប់ទៅរកសភាពដើមវិញ ដូចមុនការចូលឈ្លានពាន កាលពីថ្ងៃអង្គារ ទី១៥ កក្កដា។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏ត្រូវដកទាហានរបស់ខ្លួនចេញពីវត្ត «បើទោះបីជាវត្តនេះស្ថិតនៅក្នុងទឹកដីខ្មែរក៏ដោយ»។
បន្ទាប់មកទៀត «ដើម្បីបំពេញទៅតាមបំណងប្រាថ្នារបស់ជនជាតិថៃ» ប្រទេសកម្ពុជាបាននិយាយថា ត្រៀមនឹង«ប្តូរទីតាំងផ្សារតូចមួយ និងភូមិតូចមួយ ក្នុងទឹកដីខ្មែរ បើទោះបីជាផ្សារនិងភូមិទាំងនេះត្រូវបានបង្កើតឡើង នៅប្រទេសកម្ពុជាក៏ដោយ»។
ការព្រួយបារម្ភពីបំណងវាទទីពីសំណាក់ប្រទេសថៃ លោក ហោ ណាំហុង បានប្រកាសថា បន្ទាប់ពីបានយល់ស្របតាមសំណើទាំងពីរករណីរួចមក «យើងមិនបានដឹងថាតើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីបំពេញតាមឆន្ទះរបស់ប្រទេសថៃនោះទេ»។ លោកបានរម្លឹកថា ប្រទេសនីមួយៗ ត្រូវប្រឈមមុខនឹងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ «ដូចលោកអ្នកដឹងស្រាប់ហើយថា ប្រទេសកម្ពុជាមិនដែលបានតវ៉ាពីបញ្ហាព្រំដែនប្រទេសថៃម្តងណាឡើយ។ មានតែប្រទេសថៃមួយប៉ុណ្ណោះ ដែលបានប្រើប្រាស់ផែនទីផ្ទាល់របស់ខ្លួន ទាមទារយក «ទឹកដីជាច្រើនកន្លែងនៅព្រំដែន»។ ប្រមុខការទូតរូបនេះព្រួយបារម្ភខ្លាចក្រែងទៅថ្ងៃអនាគត ប្រទេសជិតមួយនេះនឹងត្រឡប់មកទាមទារយកទឹកដី
រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាផែនទីទាំងពីរមានលក្ខណៈផ្ទុយគ្នា ផែនទីមួយត្រូវបានគូសដោយប្រទេសថៃ ជាឯកតោភាគី និងមិនត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ចំណែកផែនទីមួយទៀតត្រូវបានគូសនៅឆ្នាំ១៩០៨ រវាងប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណាព្យាបាលបារាំង និងប្រទេសសៀម។ ផែនទីចុងក្រោយនេះត្រូវបានយកមកប្រើប្រាស់ដោយតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីកាត់សេចក្តីនៅឆ្នាំ១៩៦២ ដោយកំណត់ថាប្រាសាទព្រះវិហារស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ «តាមរយៈផែនទីចុងក្រោយនេះ វត្តព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជាប្រាកដមែន!»។ ផែនទីរបស់ប្រទេសថៃនេះបានបង្កជាឧបសគ្គរារាំងដល់កិច្ចចរចារកាលពីថ្ងៃច័ន្ទនេះ។ ប្រទេសកម្ពុជាបានវាយតម្លៃថារហូតមកទល់ពេលនេះ កម្ពុជាមានការអត់ធ្មត់យ៉ាងច្រើនអណេកអនន្ត និងបានបង្ហាញពីការសហការ ជុំវិញបញ្ហាដ៏រសើបនេះ។
ការរំពឹងទុករបស់ប្រទេសកម្ពុជា លោករដ្ឋមន្រ្តីដដែលក៏បានបន្តទៀតថា៖ « យើងមានជម្រើសពីរ » ទីមួយប្រទេសកម្ពុជាយល់ព្រមអោយទឹកដីមួយផ្នែករបស់ខ្លួននៅតំបន់ព្រំដែនអោយប្រទេសថៃត្រួតត្រា ដែលហាក់ដូចជាបើកទ្វារអោយប្រទេសនេះចូលលុកលុយ ប៉ុន្តែ « តើមានប្រទេសណាមួយដែលយល់ព្រមនោះ ? » រឺក៏ស្នើអោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិរកដំណោះស្រាយ ។ តាមរយៈលោក ហោ ណាំហុង ប្រទេសថៃបានបដិសេធន៍ចំពោះការជួយជ្រោមជ្រែងរកដំណោះពីសំណាក់សមាគមនៃប្រទេសអាស៊ីអាគ្នេយ៍ដែលមានព្រះរាជាណាចក្រទាំងពីរជាសមាជិក ។
« ដំណោះស្រាយដែលនៅសល់មានតែមួយ» ដើម្បីជៀសវាងការប្រឈមមុខគ្នាដោយអាវុធនោះ គឺមានតែក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមួយប៉ុណ្ណោះ។ បើតាមការសន្និដ្ឋានរបស់លោកហោ ណាំហុងដែលបានបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងភ្នំពេញបានស្នើសុំទៅខាងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអោយធ្វើការបើកអង្គប្រជុំវិសាមញ្ញមួយជា«បន្ទាន់« ដោយសង្ឃឹមថានឹងមានដំណោះស្រាយមួយដ៏ប្រសើរទាំងផ្នែក« នយោបាយ និង ផ្នែកការទូត » ចំពោះវិបត្តិដែលបានកើតឡើងនេះ ។ យោងតាមព័ត៌មានដែលលោកទទួលបានកាលពីព្រឹកដូចគ្នានេះដែរ សម័យប្រជុំវិសាមញ្ញនេះនឹងអាចរកនូវដំណោះស្រាយមួយបាននៅ « ថ្ងៃចន្ទ័ខាងមុខនេះ »។
|