កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
ដោយ រ៉ាអ៊ូល ម៉ាកជែនណារ៍   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៥-០៧-២០០៨
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។

 

ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ជីវិត​នយោបាយ​ថៃ​បាន​ជួប​វិបត្តិយ៉ាង​ធ្ងន់ធ្ងរ​ ដោយ​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០០៦ មាន​រដ្ឋ​ប្រហារ​យោធា​មួយ​បានកើត​ឡើង ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​បាតុកម្ម​ជា​ច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីវិល​​ដែល​កាន់​អំណាច​​បន្ត​​ពី​ពួក​កង​ទ័ព។ ប៉ុន្តែ​ស្ថានភាព​នេះ​បានជួប​របត់​ថ្មី​ ​តាមរយៈ​ការប្រើ​​ប្រធាន​បទ​មួយ​ដែល​ដុត​បញ្ឆេះ​​ចំណាប់​អារម្មណ៍​​អ្នក​ជាតិ​​និយម​​​​។ ប្រវត្តិសាស្រ្ត​បាន​បង្រៀន​ថា ការ​លើក​យក​​ជាតិ​និយមមក​ប្រើ​​​គឺ​ជា​ដំណោះស្រាយ​​នៅពេល​ដែល​ប្រទេស​មួយ​រង​ការ​បែក​បាក់ធ្ងន់​ធ្ងរ​បំផុត។

នៅពេល​ដែល​ប្រាសាទ​ព្រះ​វិហារ​កម្ពុជា​ត្រូវ​បាន​ចុះក្នុង​​បញ្ជីបេតិកភ័ណ្ឌ​ពិភព​លោក​របស់​មនុស្ស​ជាតិនៅក្នុង​​អង្គការ​យូណេស្កូ​ វា​គឺ​ជា​ឱកាស​ហុច​អោ​យ​ប្រទេស​​ថៃ​ដើម្បី​​ប្រើ​ប្រាស់​ភាព​ជាតិ​និយម​​នេះ​​​​​​​។ ប្រាសាទ​ព្រះវិហារ​​ស្ថិត​​នៅ​ប្រ៉ប​​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ​ នៅ​លើ​ជួ​ភ្នំ​ដង​រែក។ ការ​ចុះ​បញ្ជី​ប្រាសាទ​នេះ​​បាន​ឆ្កឹះ​ដំបៅ​ចាស់​ធ្វើ​អោយ​​ទាំង​អ្នក​នយោបាយ​ថៃ​គ្រប់​និន្នាការ និង​សូម្បី​​អាជ្ញាធរ​ជាន់​ខ្ពស់​​របស់​ប្រទេស​នេះ​ស្ទុះ​ភ្ញាក់​ឡើង​។

តាម​ពិត​ទៅ ដូច​យើង​នឹង​និយាយ​រៀប​រាប់​ខាង​ក្រោម យើង​ត្រូវ​ដឹង​ថា​ ខ្សែ​បន្ទាត់​ព្រំដែន​​រវាង​ប្រទេស​ថៃ និង​កម្ពុជា​​ មិន​ដែល​ត្រូវ​ទទួល​ស្គាល់ពិត​ប្រាកដ​​​​ពី​រាជាធិបតេយ្យ កងទ័ព ​និង​អ្នក​នយោបាយ​ថៃ​​​សោះ​ឡើយ​។ រាល់​ពេល​ដែល​ស្ថានភាព​នៅ​កម្ពុជា​​​ហុច​ឱកាស​អោយ​​ពួកគេ​ ប្រទេស​ថៃមិន​ដែល​ខក​ខាន​តវ៉ា​ពីបញ្ហា​​ព្រំ​ដែន​ទេ ហើយ​ថែម​ទាំង​រំលោភ​ខ្សែ​បន្ទាត់​នេះ​​ទៀត​ផង​។​ អំឡុង​ឆ្នាំ​១៩៨០ រូប​ខ្ញុំ​ផ្ទាល់ធ្លាប់​មើល​ឃើញ​ពី​ការ​ល្បាត​​រថក្រោះ​ថៃ​​នៅ​លើ​ទឹក​ដី​កម្ពុជា​ភាគ​ខាង​ជើង​ទីក្រុង​អារញ្ញ​​។ អំឡុង​ពេល​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​​នៅ​ប្រទេស​កម្ពុជា​ កងកម្លាំង​មួក​ខៀវ​បាន​សង្កេត​ឃើញ​ជា​ច្រើន​ដង​ពីការរំកិល​ចូល​នៃ​បង្គោល​ព្រំដែន​​មក​ខាង​ក្នុង​​ទឹក​ដី​កម្ពុជា​ ដោយ​កងទ័ព​ថៃ​។ សព្វថ្ងៃនេះ​ ​នៅពេល​យើង​​អាន​សារព័ត៌មាន​​នៅទីក្រុង​បាងកក​ គឺ​ប្រៀប​ដូច​យើង​​បាន​​ស្តាប់​​​សំឡេង​ជាតិ​និយម​ និង​ពង្រីក​ទឹកដី​របស់​អ្នក​​តវ៉ា​ថៃដូច្នោះ​ដែរ​​​។ ពួក​គេ​​ទាមទារ​រហូត​ដល់​​ខេត្ត​បី​របស់​កម្ពុជា​ ក្នុង​នោះ​មាន​ខេត្ត​សៀម​រាប​អង្គរ​ថែម​ទៀត។

ព័ត៌មានជា​ផ្នែក​ និង​មាន​លក្ខណៈលម្អៀង​ ដកស្រង់​​ដោយ​សារព័ត៌មាន​អន្តរជាតិ​​​​ដែ​លមាន​​ភាព​ជា​សត្រូវ​របស់​​​​កម្ពុជា តម្រូវ​អោយ​យើង​ធ្វើ​ការ​រម្លឹក​​ឡើង​វិញ​​នូវ​ហេតុការណ៍​ទាំងឡាយ​។ ជាពិសេស​​នៅពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​មិន​អាច​​បំពេញ​តួនាទី​របស់​ខ្លួន អង្គការ​នេះ​​មិន​អាច​​ដំណើរ​ការ​​ការទូតដើម្បី​បង្ការ​សង្រ្គាម​បានឡើយ ក្រោម​ការ​បញ្ចុះ​បញ្ចូល​របស់​សហរដ្ឋ​អាមេរិក​​ ដែល​ជា​សម្ព័ន្ធភាព​របស់​ប្រទេស​ថៃ និង​ជា​អ្នក​ផ្សំ​គំនិត​​រាល់​ពេល​ដែល​ប្រទេស​នេះ​​ធ្វើ​សកម្មភាព​​ធ្វើ​អោយ​កម្ពុជា​ចុះ​ខ្សោយ។ អង្គការ​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ខណៈ​ពេលដែល​​នៅ​នឹង​កន្លែង​កើត​ហេតុ​ ទាហាន​រាប់​ពាន់​នាក់​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ទៅ​ហើយ​នោះ។

ការរម្លឹក​ពីហេតុការណ៍​ប្រវត្តិសាស្រ្ត
·    នៅឆ្នាំ​១៩០៤ ប្រទេស​បារាំង (​ជា​អាណាព្យាបាល​ដ៏​មាន​ឥទ្ធិពល​​របស់​កម្ពុជា) និង​ប្រទេស​សៀម ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​​មួយ​ដើម្បី​កំណត់​​ព្រំដែន​រវាង​កម្ពុជា និង​សៀម​ជា​ស្ថាពរ។
·    នៅឆ្នាំ​១៩០៤ គណៈកម្មការ​ចម្រុះ​បារាំង-សៀម​ កើត​ចេញ​ពី​អនុសញ្ញា​​នេះ​ ធ្វើ​ការ​កំណត់​​ព្រំដែន​នៅ​ក្នុង​ខ្សែក្រវ៉ាត់​ភ្នំដងរែក ហើយ​បញ្ជាក់​យ៉ាង​ច្បាស់ថា ប្រាសាទ​ព្រះវិហារ និង​បរិវេណ​​ជុំវិញ​នោះ​គឺ​ជា​ដី​របស់កម្ពុជា។
·    នៅឆ្នាំ​១៩២៥ ប្រទេស​បារាំង និង​សៀម ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​មួយ​។ មាត្រា​​២នៃ​សន្ធិសញ្ញា​នេះ​បញ្ជាក់​ថា«ភាគី​ចុះ​ហត្ថ​លេខា​​ទាំង​ពីរ​ទទួល​ស្គាល់​ដោយ​​គោរព​គ្នាទៅ​វិញ​ទៅ​មក​ ពី​​ព្រំដែន​នៅ​លើ​ទឹកដី​ពួកគេ​ គឺ​ដោយ​យោង​តាម និង​ស្រប​តាម​​សេចក្តី​មាន​ចែង​​នៅ​ក្នុង​​កិច្ច​ព្រម​ព្រៀង​មុន​ៗ»។
·    នៅឆ្នាំ​១៩២៦ អនុសញ្ញា​ស្តី​ពី​ទន្លេ​មេគង្គ អះអាងបញ្ជាក់​​ម្តង​ទៀត​ពី​មាត្រា​២​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩២៥។
·    នៅឆ្នាំ​១៩៣៧ សន្ធិសញ្ញា​មិត្តភាព​ថ្មីមួយ​​ លើក​មក​និយាយម្តង​ទៀត​​នូវ​បទបញ្ញត្តិ​នៅ​ក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩២៥ ទាក់​ទង​នឹង​បញ្ហា​ព្រំដែន។
·    នៅឆ្នាំ​១៩៤៦ ក្រោយ​ពេល​ប្រទេស​ថៃ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ជប៉ុន​ បាន​​កាន់​កាប់​ខេត្ត​បី​របស់កម្ពុជា កិច្ច​ព្រម​ព្រៀង​ដំណោះស្រាយ​បារាំង-សៀម​ ដាក់​អោយ​អនុវត្ត​ឡើង​​វិញ​នូវ​សន្ធិសញ្ញា​ឆ្នាំ​១៩៣៧។ គណៈកម្មការ​​ផ្សះផ្សា​បារាំង-សៀម​ វាយ​តម្លៃ​ថា​ ខសំខាន់​ៗ​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​​ ទាក់ទង​នឹង​​បញ្ហា​ព្រំដែន​រវាង​សៀម និងកម្ពុជា​មិន​អាច​ត្រូវ​​សើរើ​ឡើង​​វិញ​ឡើយ​។
·    នៅឆ្នាំ​១៩៥៤ ខណៈពេល​ដែល​កម្ពុជា​​ ទទួល​បាន​ឯករាជ្យ​ភាព កងទ័ព​ថៃ​​កាន់​កាប់​​ប្រាសាទ​ព្រះ​វិហារ និង​បរិវេណ​ជុំ​វិញ ដោយ​រំលោភ​លើ​សន្ធិសញ្ញា​ទាំងឡាយ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​។
·    នៅ​ខែ​មិថុនា ឆ្នាំ​១៩៦២ តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា តុលាការ​យុត្តិធម៌អន្តរជាតិ​ ចេញ​សេចក្តី​សម្រេច​​បញ្ជាក់​​ពី​អធិបតេយ្យភាព​កម្ពុជា​លើ​ប្រាសាទ​ព្រះវិហារ និង​បរិវេណ​ជុំវិញ ដោយ​យោង​លើ​ខ្សែ​បន្ទាត់​ព្រំដែនដែល​​ត្រូវ​បាន​បញ្ជាក់​​នៅ​ក្នុង​សន្ធិសញ្ញា​​ជា​បន្ត​បន្ទាប់ ហើយ​ដែល​ប្រទេស​ថៃ​​មិនដែលតវ៉ា​​សោះ​រហូត​មក។ «​ដូច្នេះ​ ដោយ​យោង​​តា​ម​ការ​បកស្រាយ​សន្ធិសញ្ញា​ទាំងឡាយ  តុលាការសម្រេចប្រកាស​​ទទួលស្គាល់​​ព្រំដែន​បញ្ជាក់​​នៅ​លើ​ផែន​ទី​​សម្រាប់​តំបន់​ជម្លោះ»។ (ទំព័រ​ទី​៣៥​នៃ​សេចក្តី​សម្រេច​)។ សេចក្តី​សម្រេច​​នេះ​គូសបញ្ជាក់ថា «ប្រទេស​ថៃ​ត្រូវ​ដក​កងកម្លាំង​យោធា ឬនគរបាល ឬ​ការ​យាមកាម​ ឬអ្នក​យាម​​ផ្សេង​ទៀត​ ដែល​ខ្លួន​បាន​​ដាក់ពង្រាយ​​​នៅ​ក្នុង​ប្រាសាទ​ និង​បរិវេណ​ជុំវិញ​ ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​» (ទំព័រ​ទី​៣៧)។
·    នៅ​ខែកក្កដា ឆ្នាំ​១៩៦២ ប្រទេស​ថៃ​ព្រម​ទទួល​យក​សេចក្តី​សម្រេច​របស់​​តុលាការ​យុត្តិធម៌អន្តរជាតិ ហើយ​មិនបាន​​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ទេ​​រយៈពេល​៦ឆ្នាំបន្ត​មក​ទៀត​​ ដែល​ក្នុង​អំឡុង​ពេល​នេះ​ ខ្លួន​អាច​ប្តឹង​ជំទាស់នឹង​សេចក្តី​សម្រេច​នេះ​​បាន​។
·    នៅ​ឆ្នាំ​២០០០ ប្រទេស​កម្ពុជា​ និង​ថៃ​​ ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​យោគ​យល់​គ្នា​​មួយ​ដើម្បី​ដាក់​ខ័ណ្ឌសីមា និង​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​​ ដោយ​គោរព​តាម​សន្ធិសញ្ញា​ និង​អនុសញ្ញា​ដែលខ្លួន​​បាន​ចុះ​ហត្ថលេខា និង​ផែន​ទី​គូរ​ឡើង​ដោយ​អនុលោម​​តាម​​សន្ធិសញ្ញា​ និង​អនុសញ្ញា​ទាំង​នេះ (មាត្រា​១គ)។
·    នៅឆ្នាំ​២០០១ កម្ពុជា​ស្នើ​សុំ​ជា​ផ្លូវការ​ ការ​ចុះ​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ ពិភពលោកមនុស្សជាតិ​​របស់​អង្គការ​យូណេស្កូ។
·    ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ គណៈកម្មាធិការបេតិកភ័ណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ​ ចុះ​ឈ្មោះ​ប្រាសាទក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ ជាឯកច្ឆ័ន្ទ។
·    ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០០៨ កង​ទ័ព​ថៃ​រំលោភ​លើ​បូរណភាព​កម្ពុជា​​នៅ​ក្នុងតំបន់​​ ​ព្រះ​វិហារ ហើយទង្វើ​នេះរំលោភលើសន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា និង​​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​ថៃ​ខ្លួន​ឯង​ផ្ទាល់​។

ទាំង​នេះ​គឺជា​​ហេតុការណ៍​ពិ​ត​ប្រាកដ​មិន​អាច​ប្រកែក​បាន​។​ ហេតុការណ៍ទាំង​នេះ​បញ្ជាក់​ថា ព្រំដែន​មានពិត​និង​​​ច្បាស់​លាស់រវាង​កម្ពុជា និង​ថៃ ហើយ​ខ្សែ​បន្ទាត់​ខ័ណ្ឌ​ព្រំដែន​ត្រូវ​បាន​បញ្ជាក់​ជា​ច្រើន​លើក​ច្រើនសា​ពី​អាជ្ញាធរថៃ​អំឡុង​ពេល​​​​មួយ​សតវត្ស​កន្ល​ងមក បើ​ទោះ​ជា​ឥឡូវ​​ពួកគេ​បដិសេធ​ការពិត​​នេះ​​ដោយសារ​ហេតុ​ផល​នយោបា​យ​ផ្ទៃក្នុង​ក៏ដោយ​។ ហេតុការណ៍​ទាំង​នេះ​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ និង​បរិវេណជុំវិញ​ប្រាសាទ​នេះ​គឺ​ស្ថិត​ក្រោម​អធិបតេយ្យភាព​​កម្ពុជាទាំង​ស្រុក និង​​ផ្តាច់មុខ។

សហរដ្ឋអាមេរិក​ ដែល​ជាសម្ព័ន្ធមិត្ត​ឥត​លាក់​ខណ្ឌ​របស់​ប្រទេស​ថៃ ដាក់​​ការ​សម្រប​សម្រួល​របស់ខ្លួន​នៅ​ក្នុង​បញ្ហា​នេះ​។ ទោះ​យ៉ាងណា​ កិច្ច​សម្រប​សម្រួល​នេះ​​មិន​អាច​បដិសេធ​អធិបតេយ្យភាព​កម្ពុជា​លើ​ដែនដី​​កំណត់​ដោយ​ផែន​ទី​គូរឡើង​តាម​សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ចុះ​ហត្ថលេខា និង​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​ទាំង​ពីរ​តាំងពី​ជាង​១០០ឆ្នាំ​មក​ហើយ​នោះ​បានទេ​។ កិច្ច​សម្រប​សម្រួល​នេះ​មិន​អាច​បដិសេធ​ឆន្ទៈ និង​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ទេ។ វា​នឹង​ប្រឆាំង​នឹង​អំណាច​រឿង​ដែល​ត្រូវ​វិនិច្ឆ័យ​រួច​ហើយ​។ របៀប​រៀបចំ​​​ពិភព​លោកដែល​ទន់​ខ្សោយ​រួច​ទៅ​ហើយ​​ដោយសារ​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​ តម្រូវ​អោយ​គោរព​​ច្បាប់ទាំងឡាយ​ ​ដែល​សហគមន៍​អន្តរជាតិ​ខ្លួន​ឯងផ្ទាល់​ជា​អ្នក​កំណត់​ឡើង​។


2 អធិប្បាយ
ដោយ អនាមិក 2009-04-21 16:38:54
ប្រាជ្ញបណ្ឌិតថែល្ងីល្ងឺ មិនយល់ច្បាប់ មិន​យល់​ប្រវត្តសាស្ត្រ មិន​ចេះ​ខ្មាស​មិន​ចេះ​អៀន ហាន​ប្រៀន​ប្រដៅ​កូន​ចៅ​ថែ ថា​ព្រះសាទ​ព្រះវិហាន​ជា​របស់​ខ្លួន​​បើ​មិន​ដឹង​ក្បួន​ច្បាប់​តម្រា​ទេ ម៉េច​ក៏​មិន​ក្អេង​ក្អាង​ឡើង​មក​តវ៉ា​នៅ​តុលា​ការ​អន្តរជាតិ ឬ​ដាក់​រឿង​ទៅ​ចរចារ​នៅ​អង្គការ​អន្តរជាតិ រឺ​ក៏​ខ្លប​ខ្លាច​បញ្ញា​ជន​ខេមរា។
ដោយ yearytuk 2009-04-29 17:09:53
តទៅប្រទេសកម្ពុជាត្រូវតែបញ្ជូនអ្នកដែលរៀនឆ្លាតៗ
ដើម្បីអោយទៅសឹក្សាក្នុងរឿងបងើ្កតអាវុធយូគែ្លរ៍
គឺដើម្បីទុកការពារប្រទេសនៅពេលដែលមាន
អាសន្នអន់ក្ររឺប្រទេសជិតខាងរំលោភទឹកដីរបស់
យើង
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

អ្នក​និពន្ធ : រ៉ាអ៊ូល ម៉ាក​ជែនណារ៍
បណ្ឌិត​វិទ្យាសាស្រ្ត​នយោបាយ​ និ​ង​ការសិក្សា​ខ្មែរ
អ្នកនិពន្ធសៀវភៅ​​«ព្រំដែនកម្ពុជា​សម័យ​បច្ចុប្បន្ន» (សារណា​​បញ្ចប់​ថ្នាក់​បណ្ឌិត​, INALCO, ប៉ារីស) ថ្ងៃទី២៥ កក្កដា ឆ្នាំ​២០០៨

ចូល​រួម​បញ្ចេញមតិ
ការ​ចូល​រួម​បញ្ចេញ​មតិ​​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​វិភាគ​របស់​កាសែត(k7) គឺ​មិន​​ឆ្លុះ​បញ្ចាំង​ពី​គំនិត​របស់​ការិយាល័យ​និពន្ធ​ទេ។ ដើម្បី​សរសេរ​មតិ​តប​នឹង​ការ​បញ្ចេញ​មតិ​ទាំង​នេះ​ សូម​សរសេរ​​​មក​ខាង​ការិយាល័យ​និពន្ធ​របស់​កាសែត : redaction@ka-set.info

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វិភាគ

ជុំវិញ​ភាព​តាន​តឹង​រវាង​កម្ពុជា-ថៃ
លោក​បណ្ឌិត​រ៉ាអ៊ូល ម៉ាកជែនណារ៍ នឹង​លើក​យក​មក​បង្ហាញ​ឡើង​វិញ​នូវ​​បញ្ជី​កិច្ច​ព្រម​ព្រៀង​ សន្ធិសញ្ញា និង​អនុសញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​សតវត្ស​ចុង​ក្រោយនេះ​ ហើយ​​បើតាម​រូប​លោក​ វា​បញ្ជាក់​​ពី​អធិបតេយ្យ​ភាព​របស់​កម្ពុជា​​​​នៅ​លើ​តំបន់​ព្រះវិហារ​។ សព្វថ្ងៃ តំបន់​ព្រះវិហារ​នេះកំពុង​រង​ការ​តវ៉ា​មិនសុខ​ចិត្ត​ពី​ប្រទេស​ថៃ។​​​