|
អធិប្បាយចុងក្រោយ
|
| ផ្តើមចេញពីការចងចាំទៅការបង្កើតថ្មី:ជំនួបរវាងសិល្បករកម្ពុជាបីជំនាន់ |
| ដោយ ឈាង បុប្ផា | | | ៣១-០៧-២០០៨ |
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ខែកក្កដា ឆ្នាំ២០០៨៖ យុវតីមួយនាក់រៀនគូររូប ស្រ្តីពរកូនដ៏កំសត់ម្នាក់ នៅក្នុងក្របខ័ណ្ឌការងារមួយរបស់វ៉ាន់ ណាត និងសេរ៉ា © ឈាង បុប្ផា រយៈពេល១ខែ សិល្បករកម្ពុជាវ័យក្មេងជាង១០នាក់មកពីខេត្តបាត់ដំបង និងខ្លះទៀតនៅក្រុងភ្នំពេញបានចូលរួមវគ្គបណ្តុះបណ្តាលមួយធ្វើឡើង ដោយសាស្ត្រាចារ្យពីររូបដែលមានស្ទីល និងសកម្មភាពការងារខុសគ្នា។ទី១ គឺវិចិត្រករវ៉ាន់ ណាត។ គាត់ល្បីល្បាញដោយសារស្នាដៃដែលបង្ហាញពីសម័យ ខ្មែរក្រហម និងពីឋាននរកនៅមន្ទីរស២១ដែលរូបគាត់បានជួបប្រទះ។ ទី២ គឺលោកអ៊ឹង ភូសឺរ៉ា អ្នកនិពន្ធសៀវភៅរឿងរូបភាព កូនកាត់ខ្មែរ-បារាំង ដែលគេស្គាល់ច្រើនជាមួយនឹងឈ្មោះថាសេរ៉ា។ ពួកគេបានចំណាយពេល៣០ថ្ងៃ នៅក្នុងទីកន្លែងមួយនៃការចងចាំ គឺមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នាទីក្រុងភ្នំពេញ ដើម្បីស្វែងរកអតីតកាល។ អតីតកាលដែលត្រូវបានពួកគេចាត់ ទុកថាជាធាតុសម្រាប់ទុកធ្វើការពិចារណា និងនាំទៅដល់ការបង្កើតថ្មី។ មើល ស្វែងយល់ ហើយច្នៃប្រឌិតថ្មី «គំនិតរបស់យើងគឺថាប្រមូលសិល្បករមានបទពិសោធន៍ទាំងពីរ និងយុវជន កំពុងហាត់រៀនក្នុងផ្នែកនេះអោយមកជួបគ្នានៅមជ្ឈមណ្ឌលបុប្ផាណា ដោយ ដាក់កំណត់អោយពួកគេធ្វើការងារផ្តើមចេញពីបណ្ណសារ» នេះជាការពន្យល់ របស់អ្នកស្រីសូកូ ផៃវ៉ាកាលីស៍ សាស្ត្រាចារ្យសន្និសីទផ្នែកសិល្បៈសូនរូបនៅមហាវិទ្យាល័យបារាំង ប៉ារីស៨ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះឡើង នៅក្នុងក្របខ័ណ្ឌគម្រោងស្រាវជ្រាវមួយឈ្មោះថា«ការចងចាំ បណ្ណសារ និងការបង្កើតថ្មី»។ អ្នកស្រីបន្តទៀតថា៖ «និស្សិតដែលត្រូវបានជ្រើសរើសមិនមែនជាអ្នកមិនទាន់ចេះសោះនោះទេ។ វាមិនមែនជាការបង្ហាត់ពួកគេអោយចេះគូររូបទេ ប៉ុន្តែជាការបង្រៀនអោយពួកគេធ្វើការសម្តែងបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនផ្តើមចេញពីបណ្ណសារដែលមាននៅចំពោះមុខពួកគេច្រើនជាង។ គឺស៊ីជម្រៅជាងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសទៅទៀត វាជាការងារលើការចងចាំរបស់យុវជននិងធ្វើអោយ ពួកគេក្លាយជាម្ចាស់ការលើការចងចាំនោះយ៉ាងពិតប្រាកដ»។
អ្នកជំនាញខាងសិល្បៈខាងលើវាយតម្លៃថា វាជារឿងបន្ទាន់មួយដែលត្រូវ រៀបចំអោយមានការផ្លាស់ប្តូរបទពិសោធន៍រវាងសាក្សីចាស់ និងសិល្បករជំនាន់ក្រោយ។ «យើងមានសំណាងដែលនៅអាចនិយាយផ្លាស់ប្តូរយោបល់គ្នាជាមួយសាក្សីនៅមានជីវិតរស់រានដូចលោកវ៉ាន់ ណាត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិល្បៈក៏មានតួនាទីនៅក្នុងការផ្ទេរសក្ខីភាពនេះទៅតាមរបៀបមួយរបស់ខ្លួនដែរ»។
ជាដំបូងគឺរៀនស្រាវជ្រាវ រយៈពេលពីរសប្តាហ៍ដំបូងនៃការបណ្តុះបណ្តាល ត្រូវបានផ្តោតទាំងស្រុងលើការរៀនបច្ចេកទេសក្នុងការស្រាវជ្រាវឯកសារសោតទស្សន៍ក្នុងមូលដ្ឋានទិន្នន័យរបស់មជ្ឈមណ្ឌលបុប្ផាណា។ បន្ទាប់មកធ្វើការក្នុងរោងជាងចំនួន ពីរថ្ងៃជាមួយលោកវ៉ាន់ ណាត និងជាមួយសេរ៉ាបីថ្ងៃ។
នៅក្នុងពេលរៀនជាមួយលោកវ៉ាន់ ណាត សិស្សចាប់ផ្តើមដំបូងដោយការអោយបាយ និងការរៀបចំផ្ទាំងក្រណាត់ បន្ទាប់មកចាប់ផ្តើមរៀនបច្ចេកទេសលាយពណ៌។ នៅក្នុងដំណាក់ការទី១នេះ គឺគ្មានអ្វីលំបាកខ្លាំងទេ។ អ្នកហាត់រៀនក្មេងៗទាំងនេះឆាប់ចាប់បានអ្វីដែលសិល្បករយើងចង់បាន ហើយគូរគំនូរពណ៌ ជាមួយនឹងភាពត្រដំត្រសងនឹងអ្វីដែលពួកគេតែងតែធ្វើជាប្រចាំស្រាប់ហើយ។ ប៉ុន្តែផ្នែកបច្ចេកទេសមិនមែនជាគោលបំណងតែម្យ៉ាងទេ។ អ្នកស្រីសូកូ ផៃវ៉ាកាលីស៍ គូសបញ្ជាក់ថា៖ «ការងាររបស់លោកវ៉ាន់ ណាត បង្កើតអោយមានទំនាក់ទំនងជាមួយ ប្រពៃណីផ្ទាំងគំនូរពណ៌ខ្មែរ រីឯការងាររបស់សេរ៉ាវិញគឺផ្តល់នូវសេរីភាព ផ្តល់នូវគន្លឹះ និងរបៀបផ្សេងទៀតសម្រាប់ធ្វើការងារសិល្បៈ»។
ឈើទ្រ និងដី វិធីសាស្រ្តពីរខុសគ្នា និងបំពេញគ្នាទៅវិញទៅមក គឺមានឃើញរហូតដល់ ទម្រ និងឧបករណ៍ដែលអ្នកសិល្បៈទាំងពីរយកមកប្រើ។ អ្នកស្រីសម្តែងការរីករាយថា៖ «លោកវ៉ាន់ ណាត ជាវិចិត្រករគូរដោយមានដាក់ឈើទ្រ ដាក់ក្រណាត់ផ្អែកលើជញ្ជាំង ប៉ុន្តែមិនដាក់ផ្ទាល់ដីទេ។ ក្នុងរោងជាងរបស់សេរ៉ាវិញ សិស្សរៀនដឹងថា ពួកគេក៏អាចប្រើដីដាក់លើក្រណាត់ដែរ ហើយអាចដើរពីលើទៀត! វាពិតជាគួរអោយចាប់អារម្មណ៍សម្រាប់ក្មេងៗដែលបានដឹងពីវិធីសាស្រ្តខុសគ្នាទាំងពីរនៅក្នុងរោងជាងនេះ ដែលប្រៀបដូចជាកន្លែងនៃជំនួបប្រសព្វមួយ»។ អ្នកស្រីបន្ថែមទៀតថា៖ «អ្វីដែលខ្ញុំមើលឃើញថាជាចំណុចខ្លាំងរបស់លោកវ៉ាន់ ណាត គឺសមត្ថភាពទទួលយកចំណុចថ្មីរបស់គាត់។ តាមពិតទៅ គាត់ជាមនុស្សចាស់ទុំ និងមានបទពិសោធន៍គំនូរយ៉ាងជោគជាំ។ ដូច្នេះមិនមែនងាយស្រួលទេនៅពេលមកជួបនឹងសិល្បករម្នាក់ទៀតដែលមកពីបារាំងដោយវិធីធ្វើការលើសិល្បៈខុសគ្នាដាច់ស្រឡះពីវិធីរបស់គាត់នោះ បើទោះជាសិល្បកររូបនោះមានដើមកំណើតខ្មែរដែរក៏ដោយ»។
សេរីភាពពេញទី លោកវ៉ាន់ ណាត គឺជាវិចិត្រករធ្លាប់ទទួលបានការបណ្តុះបណ្តាល។ គាត់ទុកសេរីភាពអោយអ្នកហាត់រៀនជ្រើសរើសគូរតាមចិត្ត។ គាត់អោយដំបូន្មានមួយចំនួន ជួយពួកគេដើម្បីធ្វើអោយវាចេញជាក់ស្តែងនិងជ្រើសរើសប្រធានបទដែលពួកគេចង់បង្ហាញនៅក្នុងស្នាដៃរបស់ខ្លួន។ វិចិត្រកររូបនេះនិយាយថា៖ «ក្មេងៗគូរអ្វីដែលពួកគេចង់! អ្វីដែលយើងអាចបង្ហាញពួកគេ គឺថាត្រូវធ្វើយ៉ាងម៉េចជាមួយរូបនោះ ប៉ុន្តែយើងមិនអាចបង្ខំពួកគេបានឡើយ។ គំនិតទាំងអស់ត្រូវចេញពីក្នុងបេះដូង គឺមិនអាចនៅក្រោមឥទ្ធិពលអ្វីមួយឡើយ»។
បើគ្រាន់តែក្រឡេកមួយភ្លែត អ្នកសិល្បៈវ័យក្មេងទាំងអស់មើលឃើញគំនូរពណ៌របស់លោកគ្រូជនជាតិកម្ពុជាយើងថាជាគំនូរ«ច្បាស់» ស្រួលយល់ និងស្រួលគូរតាម។ កញ្ញាស៊ូ សុភី អាយុ២១ឆ្នាំ ដែលមើលទៅរាងយកចិត្តទុកដាក់បន្តិចនឹងការងារលើការចងចាំដែលលោកវ៉ាន់ ណាត មានបំណងផ្តល់អោយនាង បានវាយតម្លៃថា៖ «វាងាយស្រួលក្នុងការគូរគំនូរពណ៌ដូចលោកគ្រូវ៉ាន់ ណាត។ គាត់យកចិត្តទុកដាក់ខ្លាំងលើសោភណ្ឌភាព»។ យុវតីរូបនេះសោកស្តាយថា៖ «ប៉ុន្តែ ការងាររបស់លោកគ្រូសេរ៉ាវិញ យើងពិបាកធ្វើតាមណាស់។ រូបគំនូររបស់គាត់«អរូបិយ»ខ្លាំងណាស់ ហើយវាមានកម្រិតខ្ពស់ពេកបើប្រៀបធៀបនឹងសមត្ថភាពរបស់ពួកយើង»។
មើល វិភាគ រួចហើយបកស្រាយ មុនគូរគំនូរ នៅក្នុងថ្នាក់រៀនរបស់សេរ៉ា សិស្សត្រូវរៀនមើល និងវិភាគរូបភាពសិន។ បន្ទាប់មក ពួកគេត្រូវបកស្រាយរូបភាពទាំងនោះដោយប្រើគំនិតផ្ទាល់ខ្លួន។ អ្នកនិពន្ធសៀវភៅរឿងរូបភាពរូបនេះទទួលស្គាល់ថា ការងារនេះមានសារសំខាន់ ហើយវាជាការងារ«ធំសម្បើមណាស់» ជាពិសេសគឺជាការពិបាកសម្រាប់សិស្ស។ ពួកគេមិនត្រូវចង់តែគូរ«រូបភាពស្អាត»មួយមុខនោះទេ ប៉ុន្តែត្រូវមានសមត្ថភាពអាចបង្ហាញគំនិតយល់ឃើញផ្ទាល់ខ្លួនទៅនឹងអតីតកាលផងដែរ។
លោកសេរ៉ាពន្យល់ថា៖ «វាមិនមែនធម្មតាទេ! ចាប់តាំងពីខ្ញុំមកទីនេះ ខ្ញុំព្យាយាមជួយក្មេងៗទាំងនេះក្នុងការតាក់តែង និងរៀបចំការងារពួកគេ។ មុននឹងពួកគេចាប់ផ្តើមគូរខ្មៅដៃ និងធ្វើរូបភាពផ្សេង ខ្ញុំចង់អោយពួកគេគិតពីវិធីសាស្រ្តនានាដែលនឹងនាំពួកគេទៅកាន់ការបង្កើតរូបភាពមួយ។ ខ្ញុំចង់និយាយថា ការគូរគំនូរដើម្បីនិយាយអ្វីមួយវាមិនគ្រប់គ្រាន់ទេ ប៉ុន្តែគេត្រូវគិត គេត្រូវធ្វើការរៀបចំ គេត្រូវរកឯកសារសម្រាប់ធ្វើការអះអាង គេត្រូវធ្វើការស្រាវជ្រាវទៀត។ នៅពេលពួកគេបានធ្វើដំណាក់ការមួយនេះបានហើយ ពួកគេត្រូវគិតពិចារណាពីអ្វីដែលពួកគេចង់បង្ហាញទៅអោយអ្នកដទៃ។ ត្រង់ចំណុចនេះ វាមិនមែនជាការចម្លងតាម ឬគូររូបភាពស្អាតនោះទេ ប៉ុន្តែពួកគេត្រូវតែអាចបង្ហាញនូវអ្វីមួយដែលមានលក្ខណៈផ្ទាល់ខ្លួន។ ការងារនេះត្រូវការភាពហ្មត់ចត់ខ្លាំងណាស់ និងការយកចិត្តទុកដាក់ផ្ទាល់ខ្លួន»។
ការទាមទារនេះមិនមែនងាយស្រួលនឹងធ្វើតាមនោះឡើយសម្រាប់សិស្ស។ វាគួរអោយសោកស្តាយចំពោះលោកសេរ៉ា ដែលចង់អោយសិស្សមានភាពចង់ដឹងចង់ឮច្រើន មានសំណួរច្រើន មានចម្ងល់ច្រើន ហើយកុំចេះតែធ្វើ តាមគាត់ប្រាប់មួយមុខ។ ឧទាហរណ៍ អ្នកមួយចំនួនធំក្នុងចំណោមពួកគេ មិនមានចម្ងល់អ្វីសោះនៅពេលគាត់អោយពួកគេគូររូបស្រ្តីពរទារកដ៏កម្សត់ ម្នាក់នៅលើក្រណាត់ភ្លឺផ្លែកដ៏មានតម្លៃ។ ទោះយ៉ាងណា និស្សិតស្រីម្នាក់ក៏បានកត់សម្គាល់លើវិធីនេះ : «គឺជារបៀបទាក់ទាញក្រសែភ្នែករបស់អ្នកមើលដើម្បីអោយពួកគេមានប្រតិកម្ម» នាងលើកឡើងយ៉ាងដូច្នេះ។ លោកសេរ៉ាដែលជាអ្នកបណ្តុះបណ្តាលក្មេងៗទាំងនោះវាយតម្លៃថា៖ «យើងត្រូវប្រឹងជំរុញពួកគេបន្តិច។ ក្មេងៗទាំងនេះមិនធ្លាប់ទទួលការសិក្សាតឹងរ៉ឹងទេ។ ខ្ញុំនៅទីនេះ ដើម្បីដឹកនាំពួកគេអោយចេញផុតពីការចង់តែចេះគូររូប»។
គំលាតរវាងការបង្កើតនិងការចង់បាន ដូចជាមិត្តភក្តិរបស់ខ្លួន ប៊ុត ស៊ុនរិនអាយុ២០ឆ្នាំមកពីខេត្តបាត់ដំបង យល់ឃើញថាគេមានការលំបាកក្នុងការតាមអោយទាន់វិធីសាស្រ្តបង្រៀនរបស់សេរ៉ា។ មុនពេលមកស្ថិតនៅក្នុងថា្នក់រៀនរបស់សេរ៉ា យុវសិល្បកររូបនេះចេះតែគូររូបគំនូរដូចនិងគំនូរទេសភាពប៉ុណ្ណោះ។ប៉ុន្តែពេលនេះស៊ុនរិនដែលកំពុងរោលផ្ទាំងក្រណាត់សជាមួយនឹងផ្សែងភ្លើងទៀនមិនដឹងពីមូលហេតុអ្វីបានខ្លួនកំពុងធ្វើនោះទេ។នៅពេលនេះមិនដឹងថាតើសេរ៉ាកំពុងរង់ចាំអ្វីពីគេនោះទេ។
មុននឹងទទួលស្គាល់ថាគេចង់យកគំរូតាមអ្នកគំនូរសេរ៉ា យុវជនសារិនបាននិយាយដោយខ្នាន់ខ្នាញ់ថា«គាត់ចង់អោយខ្ញុំធ្វើរូបមួយដោយប្រើអារម្មណ៍ផ្ទាល់របស់ខ្ញុំនិងដោយយកគំនិតពីឯកសាររូបថត។ប៉ុន្តែតើយើងអាចបង្ហាញពីការចងចាំតាមរយៈរូបគំនូរបានយ៉ាងម៉េច? ខ្ញុំមិនចេះធ្វើវាទេ។វាដូចជាអរូបិយពេកហើយសម្រាប់ពួកយើង។»
ដោយសារការខិតខំប្រឹងប្រែងស្តាប់ការពន្យល់ស៊ុនរិនបានយល់ភ្លឺច្បាស់ជាងមុន។យុវជនរូបនេះបានយកពេលសម្រាប់គិតពិចារណាមុននឹងចាប់គ្រវាសផ្សែងទៀននៅលើក្រណាត់។គេចាប់ផ្តើមស្វែងរកប្រធានបទដែលនិយាយពីអតីតកាល។ស៊ុនរិនសម្រេចចិត្តជ្រើសរើសយកប្រធានបទសង្រ្គាម។គេបង្កើតច្នៃប្រឌិត។គេបានបញ្ជាក់ថា«ពិតប្រាកដណាស់ចាប់ពីពេលនេះទៅរបៀបធ្វើការងាររបស់ខ្ញុំមានការប្រែប្រួល។ខ្ញុំគិតថានឹងអាចផលិតផ្ទាំងគំនូរដោយដកស្រង់គំនិតចេញពីការចងចាំ»។ប៉ុន្តែសិល្បករវ័យក្មេងបានសំដែងការសោកស្តាយថា«ទោះជាយ៉ាងណាខ្ញុំគ្រាន់តែអាចគូររូបបែបនេះសម្រាប់ការកំសាន្តអារម្មណ៍ប៉ុណ្ណោះពីព្រោះមិនមានខ្មែរណាម្នាក់ ចាប់អារម្មណ៍គំនូរប្រភេទនេះនោះទេនៅពេលបច្ចុប្បន្ននេះ។អតិថិជនទាំងនេះចូលចិត្តតែរូបគំនូរទេសភាព។ដើម្បីអាចចិញ្ចឹមជីវិតបានខ្ញុំត្រូវតែអាចផលិតរូបគំនូរដែលបំពេញតំរូវចិត្តរបស់ពួកគេ។
សង្រ្គាមក្លាយជាប្រធានបទដែលពេញនិយម បើទោះបីជារឿងរ៉ាវនៃរបបខ្មែរក្រហមមិនត្រូវបានលើកមកនិយាយ ដោយចំហរនៅក្នុងបន្ទប់រៀន ប៉ុន្តែជាលទ្ធផលផ្ទាំងគំនូរពីភាគបីនិយាយពីសម័យកាលនោះ នៅខណៈពេលដែលកូនសិស្សមានសេរីភាពពេញលេញក្នុងការជ្រើសរើសប្រធានបទនៃផ្ទាំងគំនូររបស់ខ្លួន។ជាការពិត គ្រូបង្ហាត់ទាំងពីរបានចំណាយពេលភាគច្រើនធ្វើស្នាដៃរបស់ខ្លួនទាក់ទងនឹងរបបខ្មែរក្រហម។សេរ៉ាបានពន្យល់ទៅកាន់កូនសិស្សរបស់ខ្លួនថា«ពួកកូនសិស្សប្រុសៗចាប់អារម្មណ៍លើប្រធានបទសង្រ្គាម។ប្រាកដណាស់ថានោះជារឿងខ្មែរក្រហមជារឿងពិត ប៉ុន្តែវាមិនមែនមានតែរឿងនោះទេ។យើងមិនត្រូវធ្វើអ្វីមួយដោយគ្រាន់តែមានត្រឹមចំណាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវមើលអោយហួសពីចំនុចនេះគឺត្រូវតែរៀនយល់សាច់រឿងរបស់វា។ដើម្បីអាចធ្វើដូច្នោះបានគេទាមទារអោយមានការស្រាវជ្រាវឯកសារដែលជាទូទៅមិនសូវធ្វើអោយយើងចាប់អារម្មណ៍ប៉ុន្មានទេ។ប៉ុន្តែឯកសារទាំងនោះនឹងធ្វើអោយមានការប៉ះទង្គិចចិត្តនិងធ្វើអោយអ្វីដែលកប់ជ្រៅក្នុងចិត្តរបស់យើងលេចចេញមក»។
«កុំចង់តែគូររូបភាពស្អាត» ! ការរម្លឹកបច្ចេកទេសជាមូលដ្ឋានឡើងវិញ ហើយបំភ្លេចទុកមួយកន្លែងដើម្បីរកឃើញផ្លូវមួយផ្ទាល់របស់ខ្លួន : ពិតណាស់កិច្ចការនេះគឺវាច្រើនជ្រុលសម្រាប់ពេលវេលាតែ៤សប្តាហ៍។ ដូច្នេះ វគ្គបណ្តុះបណ្តាលទី២នឹងអាចធ្វើឡើងដើម្បីបន្តការហាត់រៀនដ៏វែងឆ្ងាយនេះ។ លោកសេរ៉ាសង្ឃឹមអាចបង្រៀនសិល្បករក្មេងខ្ចីទាំងនេះអោយអនុវត្ត«វិធីខ្លាំង»មួយ ហើយកុំអោយពួកគេនៅតែដក់«នឹងរូបគំនូរស្អាតស្អេកស្កះ» និង«កុំនៅតែជាមនុស្សចេះគូរផាត់ពណ៌រូបភាពស្អាតៗដែលគេយកទៅព្យួរនឹងជញ្ជាំង តែក្រោយមកគេក៏ភ្លេចបាត់»។ សេរ៉ា ដែលជាអ្នកគូរគំនូរខ្មៅដៃម្នាក់ដែរនោះ គូសបញ្ជាក់ថា៖ «ការងារដែលពួកគេធ្វើ មិនមែនដើម្បីអោយអ្នកដទៃបំភ្លេចចោលនោះទេ ប៉ុន្តែផ្ទុយមកវិញដើម្បីអោយអ្នកដទៃទៀតកត់សម្គាល់ ហើយចាំឈ្មោះពួកគេរហូតទៅ»។
អ្នកស្រីសូកូទទួលស្គាល់ថា ដំណើរការនៃការបង្កើតថ្មី ដោយមិនចម្លងតាមវិធីសាស្រ្តរបស់លោកវ៉ាន់ ណាត និងលោកសេរ៉ា ត្រូវការពេលវេលាដើម្បីអោយសិល្បករក្មេងៗ«ក្រេបជញ្ជក់ រៀន រលាយចូល ភ្លេចហើយដកខ្លួនឆ្ងាយបន្តិចសិនចាំទុកអោយអ្វីៗត្រឡប់មកវិញដោយខ្លួនឯង»។ អ្នកស្រីអះអាងថា៖ «ខ្ញុំគិតថា យើងនឹងរៀបចំវគ្គបបណ្តុះបណ្តាលទី២ទៀត ហើយខ្ញុំហ៊ានភ្នាល់ថា ជាមួយអ្នកដែលនឹងចូលរួមបន្តទៀត យើងនឹងពិតជាភ្ញាក់ផ្អើលមិនខាន»។ អ្នកស្រីសូកូប្រកាសអោយដឹងថា នឹងមានការរៀបចំតាំងពិព័រណ៍ និងការចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីពីការបណ្តុះបណ្តាលនេះនៅឆ្នាំក្រោយ។
|
|
អត្ថបទបន្ថែមវ៉ាន់ ណាត «បុរសឯកោ» លោកវ៉ាន់ ណាត ត្រូវបានគេស្គាល់នៅក្នុងពិភពលោកថាជាសាក្សីសំខាន់ម្នាក់នៃបបខ្មែរក្រហម ដែលនៅរស់រានមានជីវិតពីមន្ទីរឃុំឃាំងស២១ ក្រោយមកក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ ផ្ទាំងគំនូរពណ៌របស់គាត់គឺជាសក្ខីភាពដ៏រន្ធត់ ពីអ្វីដែលរូបគាត់ផ្ទាល់បានឆ្លងកាត់ ឬបានឮពីមាត់ជនរងគ្រោះផ្សេងទៀត។ លោកវ៉ាន់ ណាត ព្យាយាមផ្ទេរបទពិសោធន៍នេះទៅក្មេងៗជំនាន់ក្រោយ។ អ្នកស្រីសូកូ ផៃវ៉ាកាលីស៍ សាស្រ្តាចារ្យសន្និសីទផ្នែកសិល្បៈសូនរូប វិនិច្ឆ័យថា៖ «សម្រាប់រូបខ្ញុំ ផ្ទាំងគំនូររបស់លោកវ៉ាន់ ណាត មានតម្លៃផ្នែកសិល្បៈ ប៉ុន្តែអ្វីដែលច្បាស់ទៅទៀត គឺរូបគំនូរទាំងនោះបន្តសក្ខីភាពពីសម័យនៃអំពើហិង្សាព្រៃផ្សៃ។ នៅក្នុងវគ្គបណ្តុះបណ្តាល ស្នាដៃពីរដែលគាត់បានគូរផាត់ពណ៌ បើទោះជាវាមិនបង្ហាញចំៗដូចផ្ទាំងគំនូរផ្សេងទៀតរបស់គាត់ក៏ដោយ ក៏វាមានន័យច្បាស់ពីសម័យនោះដែរ»។ គំនូរមួយផ្ទាំងក្នុងចំណោមផ្ទាំងគំនូរទាំងពីរ គឺបង្ហាញរូបបុរសឯកោម្នាក់ អង្គុយនៅលើដុំថ្ម ក្បែរដើមឈើមួយ។ បុរសនោះមិនអង្គុយខាងមានម្លប់ទេ តែបែរជាទៅអង្គុយហាលថ្ងៃទៅវិញ។ លោកវ៉ាន់ ណាត ពន្យល់ថា គាត់មានបំណងបញ្ជាក់ថា មនុស្សម្នាក់ត្រូវជឿជាក់តែលើខ្លួនឯងប៉ុណ្ណោះ។ បើទោះជាថ្ងៃក្តៅយ៉ាងណា បុរសម្នាក់នោះអាចមើលឃើញអ្វីៗច្បាស់ គាត់អាចគិតរំពៃគយគន់មើលជើងមេឃ។ ការជ្រើសរើសម្លប់ គឺជាការផ្សងព្រេងនៅក្នុងទីកន្លែងមិនស្គាល់គ្រោះថ្នាក់ ហើយអាចមានគ្រាប់មីនក៏ថាបាន។ វិចិត្រករវ៉ាន់ ណាត ពន្យល់ថា ដើមឈើគឺតំណាងអោយអង្គការ មនោគមន៍វិជ្ជា និងរដ្ឋាភិបាលផ្តាច់ការមួយ។ ការមិនជ្រើសរើសនៅក្រោមម្លប់ គឺបដិសេធមិនបណ្តោយខ្លួនឯងអោយលង់ក្នុងពាក្យសម្តីពិរោះៗ។ អ្នកស្រីសូកូសន្និដ្ឋានថា៖ «វាគឺជាមេរៀនជីវិតដែលគាត់បានផ្តល់អោយអ្នកចូលរួម។ ស្នាដៃរបស់គាត់មិនមែនជាការចម្លងទាំងស្រុងចំៗពីអ្វីដែលគាត់បានឆ្លងកាត់ និងដែលយើងបានដឹងរួចហើយនៅក្នុងសៀវភៅរបស់គាត់នោះទេ ប៉ុន្តែវាគឺជាការប្រៀបធៀបនៃជីវិត។ គាត់បានទាញបទពិសោធន៍ទូទៅពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់។ គាត់បាននាំយកមកនូវបទពិសោធន៍ជីវិតសម្រាប់វគ្គបណ្តុះបណ្តាលនេះ តែមិនមែនថាជីវិតអ្នកណាក៏បាននោះឡើយ។ វាជាបទពិសោធន៍ជីវិតរបស់បុរសម្នាក់ដែលបានហែលឆ្លងកាត់រឿង បាក់ស្បាតបំផុតដែលកម្ពុជាបានជួបប្រទះ» ។
សេរ៉ា : ទឹកដី និងសៀវភៅរឿងរូបភាព លោកអ៊ឹង ភូសឺរ៉ា ហៅសេរ៉ា កើតនៅទីក្រុងភ្នំពេញ នៅឆ្នាំ១៩៦១ ដោយមានឳពុកជនជាតិខ្មែរ និងម្តាយជនជាតិបារាំង។ គាត់ទៅរស់នៅបារាំងចាប់តាំងពីឆ្នាំ១៩៧៥។ នៅទីនោះ លោកទទួលបានការបណ្តុះបណ្តាលផ្នែកសិល្បៈសូនរូប បន្ទាប់មកក៏បានក្លាយជាសាស្រ្តាចារ្យក្នុងផ្នែកនេះ។ លោកចំណាយពេលទាំងអស់ទៅលើសៀវភៅរឿងរូបភាព គំនូរពណ៌ និងចម្លាក់។ លោកគឺជាម្ចាស់ស្នាដៃចំនួន៣ដែលនិយាយពីសម័យខ្មែរក្រហម : « ផ្លូវទ័លច្រក និងក្រហម (Impasse et rouge) » (Vent des savanes, បោះពុម្ពឡើងវិញនៅឆ្នាំ 2003), « ទឹកដី (L'eau et la terre) » (Delcourt, 2005) និង « អនាគតផេះ (Lendemains de cendres)» (Delcourt, 2007) ព្រមទាំងសៀវភៅរឿងរូបភាពអភិនិហារ ដូចជាអាល់ប៊ុមរឿង« Les Processionnaires » (Albin Michel)ជាដើម។ បើចង់ដឹងពីជីវប្រវត្តិបន្ថែមរបស់លោកសេរ៉ា សូមមើលក្នុងទំព័រអ៊ឺនធឺណែតរបស់គ្រឹះស្ថានបោះពុម្ព Delcourt http://www.editions-delcourt.fr/catalogue/auteurs/sera
បុប្ផាណា : មជ្ឈមណ្ឌលនៃការចងចាំ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាត្រូវបានបង្កើតឡើងក្នុង គោលបំណងប្រមូលរូបភាព និងសំឡេងដែលជាឯកសារចងចាំរបស់កម្ពុជា ដើម្បីដាក់អោយសាធារណជនបានទស្សនាស្វែងយល់។ ស្របនឹងការងារស្រាវជ្រាវ ប្រមូល ជួសជុល និងរក្សាឯកសារស្តីពីប្រទេសកម្ពុជា(ឯកសារមួយ ចំនួនប៉ុណ្ណោះត្រូវបានរកឃើញនៅក្នុងប្រទេស) មជ្ឈមណ្ឌលក៏មាន បំណងបង្កើតមុខរបរផ្នែកសោតទស្សន៍និងគាំទ្រផលិតកម្មសោតទស្សន៍ផងដែរ តាមរយៈការទទួលក្រុមថតកុនបរទេសនិងតាមរយៈការផលិតឯកសារដោយខ្លួនឯងផ្ទាល់។ រាល់ឯកសារសោតទស្សន៍ដែលរក្សាទុក ត្រូវបានដាក់អោយសាធារណជនទស្សនាស្រាវជ្រាវ នៅក្នុងមូលដ្ឋានទិន្នន័យបីភាសា (បារាំង អង់គ្លេស ខ្មែរ)។
មជ្ឈមណ្ឌលបុប្ផាណាក៏ផ្តល់ជាកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗផងដែរ (សន្និសីទ កិច្ចពិភាក្សា ពិព័រណ៍ ការបណ្តុះបណ្តាល) ដើម្បី«ផ្តល់ជីវិត»ដល់បណ្ណសារ និងជំរុញអោយការផ្លាស់ប្តូរយោបល់ និងការពិចារណាផ្សេងៗ។
មជ្ឈមណ្ឌលបុប្ផាណាកំពុងបន្តស្រាវជ្រាវរកឯកសារជារូបភាព ជាសំឡេងឬឯកសារសោតទស្សន៍ទាក់ទងនឹងប្រទេសកម្ពុជា។ ប្រសិនបើលោកមានឯកសារប្រភេទនេះ សូមទាក់ទងមជ្ឈមណ្ឌលតាមរយៈអ៊ីមែល : archives@bophana.org
|