| ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញចង់អោយ ប្រទេសកម្ពុជានិងថៃបង្ហាញពី "ភាពចាស់ទុំ" |
| ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក និងរស់ ឌីណា | |
| ១៣-០៨-២០០៨ |
លោក Joseph Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានចូលរួម សំដែងនូវការព្រួយបារម្ភចំពោះផលវិបាកសេដ្ឋកិច្ចផ្សេងៗនៃវិបត្តិ នៅព្រំដែន ដែលបានចាប់ផ្តើមចេញពីជម្លោះរវាងប្រទេសថៃនិងកម្ពុជា ជុំវិញបញ្ហាប្រាសាទព្រះវិហារ។ លោកបានអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រទាំង ពីរ ដែលនឹងត្រូវជួបពិភាក្សាគ្នានៅថ្ងៃច័ន្ទ ទី១៨ សីហាខាងមុខនេះ សូមអោយពិភាក្សាគ្នា «ឈរលើគោលការណ៍ត្រឹមត្រូវសមហេតុផល និងភាពចាស់ទុំ»។ នៅចុងបញ្ចប់នៃវេទិកាខ្មែរ-អាមេរិក ស្តីពីការផ្លាស់ប្តូរពាណិជ្ជកម្ម និងយន្តការនៃកិច្ចពិភាក្សារវាងវិស័យឯកជននិងសាធារណៈ អ្នកការទូតអាមេរិករូបនេះបានអះអាងថា «ជាភ័ព្វសំណាងល្អ រហូតមកទល់ពេលនេះ [វិបត្តិនេះ] គ្រាន់តែបានជះឥទ្ធិពលបន្តិចបន្តួច ទៅលើសេដ្ឋកិច្ច។» «ប៉ុន្តែ ប្រសិនជាជម្លោះនៅតែបន្តកើតមានឡើងទៀត វិបត្តិនេះនឹងអាចចោទជាបញ្ហាទៅលើវិស័យទេចរណ៍ និងការផ្តាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសថៃ»។
លោកបានគូសបញ្ជាក់ថា «យើងរក្សាក្តីសង្ឃឹមថា នៅសប្តាហ៍ក្រោយ គឺនៅពេលរដ្ឋមន្ត្រីក្រសួងការបរទេសថៃនិងកម្ពុជា ជួបប្រជុំគ្នា ពួកគេនឹងអាចដោះស្រាយបញ្ហា ដោយផ្អែកលើភាពត្រឹមត្រូវ ភាពចាស់ទុំ និងមិត្តភាព»។
កាលពីថ្ងៃទី៦ សីហា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើសុំជនរួមជាតិខ្មែរ កុំធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ និង «ត្រូវបន្តការផ្លាស់ប្តូរវិស័យពាណិជ្ជកម្ម និងទេសចរណ៍»តទៅទៀត។ សម្តេចបានសន្និដ្ឋានថា «យើងមិនត្រូវធ្វើសត្រូវជាមួយថៃទេ ប៉ុន្តែយើងត្រូវព្យាយាមដោះស្រាយបញ្ហាជាមួយគ្នា»។
ម្យ៉ាងវិញទៀត ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសពីពេលវេលានៃការជួបប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង ជាមួយនឹងរដ្ឋមន្ត្រីការបរទេសថៃ Tej Bunnag នៅថ្ងៃច័ន្ទ ទី១៨ សីហា នៅហួរហីន ប្រទេសថៃ ខណៈពេលដែលកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរនៅតែប្រឈមមុខដាក់គ្នា នៅតំបន់ជុំវិញប្រាសាទព្រះវិហារ និងនៅតំបន់ជុំវិញប្រាសាទតាមាន់ធំ។
គួរបញ្ជាក់ថា ប្រមុខការទូតទាំងនេះធ្លាប់បានជួបប្រជុំគ្នាម្តងរួចមកហើយ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៨ កក្កដា។ ក្រោយបញ្ចប់កិច្ចពិភាក្សារយៈពេល១២ម៉ោង មន្ត្រីការទូតទាំងពីរបានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការដកកម្លាំងប្រដាប់អាវុធចេញពីតំបន់ជម្លោះព្រមគ្នា។ ទោះជាយ៉ាងណា ពេលវេលាចេះតែដើរទៅមុខជាបន្តបន្ទាប់ ភាគីនីមួយៗនិយាយថារង់ចាំការដកទ័ពចេញរបស់ភាគីម្ខាងទៀត។
|