| អាជ្ញាធរកម្ពុជាមិនភ្លេចប្រាសាទតាមាន់ |
| ១៤-០៨-២០០៨ |
នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ សីហា ស្តីពីស្ថានការណ៍នៅព្រះវិហារ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានប្រកាសពីការឈ្លានពានរបស់ប្រទេសថៃ លើប្រាសាទតាមាន់ធំ ស្ថិតនៅខេត្តឧត្តរមានជ័យ។ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅប្រទេសថៃ កាលពីម្សិលមិញ លោកបានធ្វើដំណើរទៅកាន់ទីនោះ ហើយលោកបានឃើញ «របង»ដែលព័ន្ធដោយទាហានថៃ នៅជុំវិញប្រាសាទ។ លោកបានរាយការណ៍អោយដឹងថា «ពួកគេបានហាមឃាត់ប្រជាជនខ្មែរចូលទៅក្នុងប្រាសាទ ប៉ុន្តែ បន្ទាប់ពីមានការចរចារគ្នាជាមួយនឹងមេបញ្ជាការកងទ័ពថៃ ពួកគេបានយល់ព្រមបើកច្រកអោយយើង។ ខ្ញុំបានស្នើពួកគេអោយដកកម្លាំងទាហានចេញពីប្រាសាទនេះ»។
ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសខ្លីមួយ តែមានន័យច្បាស់លាស់។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ លោករដ្ឋមន្ត្រីបានប្រកាសថាប្រាសាទតាមាន់ធំនិងប្រាសាទតាមាន់តូច ស្ថិតនៅលើជួរភ្នំដងរែក និងនៅលើទឹកដីកម្ពុជា។ យោងតាមកំណត់ហេតុនៃការបោះបង្គោលសីមា ចុះឆ្នាំ១៩០៨ លោកបានបញ្ជាក់ថាបង្គោលព្រំដែនលេខ២២ ពិតជាស្ថិតនៅលើទឹកដីប្រទេសកម្ពុជា ហើយលោកបានទទួលស្គាល់ថាបង្គោលព្រំដែនលេខ២៣ ដែលកាលពីមុនស្ថិតនៅលើទឹកដីកម្ពុជា បានបាត់បង់ទៅហើយ។ លោកបានបញ្ជាក់ថា ការឈ្លានពានរបស់ថៃលើប្រាសាទទាំងនេះនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកក្រោយ ហើយលោកបានបដិសេធនូវរាល់ការទាមទារណា ដែលផ្ទុយពីសិទ្ធិស្របច្បាប់របស់ប្រទេសកម្ពុជា។
|