| បាតុកម្មប្រឆាំងនឹងប្រទេសថៃទ្រង់ទ្រាយតូចនៅតែ បន្តរៀបចំ បើទោះបីជាមានការដកកម្លាំងទាហាន ចេញពីព្រះវិហារ |
| ១៧-០៨-២០០៨ |
 ភ្នំពេញ ថ្ងៃទី១៧ សីហា ២០០៨ លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានប៉ូលីសរារាំង នៅមុខការិយាល័យ ស.ស.ក.ព.ក នៅក្នុងបាតុកម្មមួយដើម្បីការពារប្រាសាទព្រះវិហាររបស់ខ្មែរ © ចន វីង / Magnum អនុលោម ទៅនឹងសេចក្តីសម្រេចរួមគ្នារបស់កងទ័ពនៃប្រទេសកម្ពុជានិងប្រទេស ថៃ កាលពីថ្ងៃពុធ ទី១៣ សីហា កម្លាំងទាហានដែលប្រចាំការនៅតំបន់ជម្លោះប្រាសាទព្រះវិហារបាន ចាប់ផ្តើមដកចេញ តាំងពីល្ងាចថ្ងៃសុក្រ ហើយបានបន្តធ្វើឡើងជាទ្រង់ទ្រាយធំនៅថ្ងៃសៅរ៍ ទី១៦ សីហា។ មានតែចំនួនទាហាន «ដែលត្រូវបានកំណត់» ប៉ុណ្ណោះដែលត្រូវដាក់ប្រចាំការនៅតំបន់នេះ។ ទោះបីជាមានការដកកម្លាំងទាហានជាលើកដំបូងនេះក៏ដោយ ក៏សហជីពនៅប្រទេសកម្ពុជាចំនួនពីរ បានព្យាយាមរៀបចំបាតុកម្មមួយនៅថ្ងៃអាទិត្យ នៅទីក្រុងភ្នំពេញ ដើម្បីការពារអធិបតេយ្យភាពទឹកដីនៅកម្ពុជា។ ពីរសប្តាហ៍មកហើយដែលព្រះរាជាណាចក្រ ទាំងពីរបានឯកភាពគ្នាទៅវិញទៅមកលើដំណោះស្រាយនេះ គេសង្កេតឃើញថាមិនមានចលនាកម្លាំងទាហានណាមួយនៅតំបន់ព្រំដែននោះទេ។ បាតុកម្មនេះត្រូវបានរៀបចំធ្វើឡើងនៅមុនថ្ងៃប្រជុំពិភាក្សាគ្នា មួយរវាងភាគីទាំងសងខាង ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៨ សីហានេះ នៅប្រទេសថៃ។
បាតុកម្មដែលដឹកនាំដោយសហជីពទាំងពីរ នៅថ្ងៃអាទិត្យទី១៧ សីហានៅទីក្រុងភ្នំពេញ រៀបចំឡើងដើម្បីថ្កោលទោសទង្វើរបស់ប្រទេសថៃ។
នៅមុខ អតីតវិមានរដ្ឋសភាជាតិ ក្រុមបាតុករដែលប្រមូលផ្តុំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(ស.ស.ក.ព.ក) មិនអាចដើរដង្ហែជាជួរតាមផ្លូវដែលបានកំណត់ និងឆ្លងកាត់ស្ថានទូតថៃប្រចាំនៅកម្ពុជាដូចខ្លួនបានគ្រោងទុក នោះទេ។ ពួកគេត្រូវបានរារាំងដោយនគរបាល។ ពួកគេមានគ្នាត្រឹមតែជាងដប់នាក់ប៉ុណ្ណោះ ពោលគឺតិចជាងការប្រកាសរបស់សហជីពថានឹងអាចមានអ្នកចូលរួមជាង ៣០០នាក់។
ពួកគេសម្រេចចិត្តដើរត្រឡប់ទៅកាន់ទីស្នាក់ការ ស.ស.ក.ព.ក ដែលស្ថិតនៅសង្កាត់ទួលស្លែង។ នៅទីនោះ កងកម្លាំងរក្សាសណ្តាប់ធ្នាប់បានហាមឃាត់ពួកគេ ក្នុងការចែកចាយខិត្តប័ណ្ណ ដែលអំពាវនាវដល់ប្រទេសថៃអោយបញ្ឈប់ឈ្លានពានប្រទេសកម្ពុជា និងដកកម្លាំងទ័ពចេញពីទឹកដីកម្ពុជា។
ក្រុមបាតុករ ដែលដឹកនាំដោយលោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្រែកថា «ប្រជាជនកម្ពុជាត្រូវតែរួបរួមកម្លាំងសាមគ្គីគ្នា ដើម្បីការពារទឹកដីរបស់ខ្លួន។ យើងមិនត្រូវអោយគេជាន់ឈ្លីយើងនោះទេ!»។ ទន្ទឹងនឹងនេះ ពួកគេបានអំពាវដល់អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធឃោសនា និងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា អោយជួយពាំនាំសាររបស់ពួកគេប្រាប់ដល់អង្គការសហប្រជាជាតិ។
ក្រុម អ្នកតវ៉ាទាំងនេះត្រូវបានបង្ខំអោយត្រឡប់ទៅកាន់ទីស្នាក់ការ ស.ស.ក.ព.ក ស្របពេលដែលស្ថានទូតថៃត្រូវបានក្រុមប៉ូលីសនៅចាំយាមការយ៉ាងប្រុង ប្រយ័ត្នបំផុត។
សាលាក្រុងភ្នំពេញមិនបានអនុញ្ញាតិអោយរៀបចំ បាតុកម្មនេះទេ ហើយនៅថ្ងៃសុក្រ ទី១៥ សីហា សាលាក្រុងបានណែនាំប្រជាពលរដ្ឋកុំអោយចូលរួមនៅក្នុងចលនាតវ៉ានេះ ដោយពន្យល់ប្រាប់ថា បាតុកម្មនេះនឹងធ្វើអោយមានអស្ថេរភាពនយោបាយ។ សាលាក្រុងភ្នំពេញបានស្នើប្រជាពលរដ្ឋអោយរង់ចាំដោយចិត្តអំណត់នូវ លទ្ធផលនៃការចរចាដែលនឹងធ្វើឡើងនៅថ្ងៃច័ន្ទនេះ។
|