| អាដហុកនិងលីកាដូបរិហារពីឥរិយាបថរបស់ រដ្ឋាភិបាលកម្ពុជា ចំពោះបាតុកម្មអហឹង្សា |
| ដោយ កាសែត | |
| ១៨-០៨-២០០៨ |
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ អង្គការការពារសិទ្ធិមនុស្សសំខាន់ពីរ គឺអង្គការអាដហុក និងលីកាដូ បានថ្កោលទោសការចុះបង្រ្កាបរបស់មន្ត្រីនគរបាល ប្រឆាំងនឹងកម្មករនិងគ្រូបង្រៀន កាលពីថ្ងៃអាទិត្យ ទី១៧ សីហាកន្លងទៅ។ អ្នកទាំងនោះមិនអាចចូលរួមធ្វើបាតុកម្មមួយ ដែលរៀបចំឡើងដោយសហជីពចំនួនពីរ ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានតំបន់ប្រាសាទព្រះវិហារ ពីសំណាក់ទាហានថៃ។
សម្រាប់អង្គការក្រៅរដ្ឋាភិបាលទាំងពីរខាងលើនេះ ការហាមឃាត់ការធ្វើបាតុកម្មនេះ រួមទាំងការឃុំខ្លួនបណ្តោះអាសន្ននូវ «កម្មករជាង១០នាក់» នៅជាយក្រុងភ្នំពេញ ដែលព្យាយាមចូលរួមនៅក្នុងចលនាបាតុកម្មនេះ បានបង្ហាញអោយឃើញពី «ការរំលោភបំពានដោយផ្ទាល់នូវច្បាប់រដ្ឋធម្មនុញ្ញនៅប្រទេសកម្ពុជា ដែលធានាសេរីភាពនៃការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ»។
អង្គការលីកាដូ និងអាដហុកបានលើកឡើងថា ចាប់តាំងពីដើមឆ្នាំនេះមក អាជ្ញាធរកម្ពុជាធ្លាប់ «បានបញ្ឈប់ រឺហាមឃាត់» យ៉ាងហោចណាស់ គម្រោង «ប្រមូលផ្តុំអហឹង្សា»ចំនួនពីរលើកផ្សេងគ្នារួចមកហើយ (បាតុកម្មមួយប្រឆាំងនឹងអតិផរណា និងក្បួនដង្ហែនៅក្នុងទិវាពលកម្មអន្តរជាតិ) ដោយបានអំពាវនាវដល់រដ្ឋាភិបាល «អោយផ្លាស់ប្តូរឥរិយាបថផ្តាច់ការរបស់ខ្លួន ចំពោះប្រជាពលរដ្ឋដែលព្យាយាមបញ្ចេញមតិយោបល់របស់ពួកគេ ដោយសន្តិវិធី និងសូមបញ្ឈប់ដាក់ពង្រាយកម្លាំងប្រដាប់អាវុធមិនត្រឹមត្រូវ នៅក្នុងព្រឹត្តិការណ៍បែបនេះទៀត»។
លោកស្រីពុង ឈីវកេក ប្រធានអង្គការលីកាដូ បានបរិហារនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមជាមួយនឹងអង្គការអាដហុកនេះថា «សកម្មភាពហាមឃាត់ប្រជាពលរដ្ឋជាប្រព័ន្ធក្នុងការបញ្ចេញមតិយោបល់របស់ពួកគេ អាចបង្កអោយមានអស្ថេរភាពសង្គម»។
បាតុកម្មដែលរៀបចំធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ សីហា ដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(ស.ស.ក.ព.ក) ត្រូវបានហាមឃាត់ដោយសាលាក្រុងភ្នំពេញ ហើយបាតុកម្មនេះបានផ្លាស់ប្តូរទិសដៅរបស់ខ្លួន បន្ទាប់ពីមានអន្តរាគមន៍ទាហាននិងនគរបាល ដែលនៅចាំរារាំងមាត់ផ្លូវចូលទៅកាន់កន្លែងណាត់ជួប គឺនៅមុខអតីតវិមានរដ្ឋសភាជាតិ។ ប្រធានសហជីពទាំងពីរបានព្យាយាមទំលុះរបាំងការពារ ដើម្បីធ្វើដំណើរទៅកាន់ទីស្នាក់ការ ស.ស.ក.ព.ក ស្ថិតនៅសង្កាត់ទួលស្លែង។ នៅទីនោះ ពួកគេត្រូវបានរារាំងមិនអោយធ្វើបាតុកម្មជាថ្មីម្តងទៀត។ យោងតាមអង្គការលីកាដូ និងអាដហុក កម្មករនិងគ្រូបង្រៀនជាង១០០នាក់ ត្រូវបានបង្ខាំងនៅក្នុងទីស្នាក់ការ ស.ស.ក.ព.ក ដើម្បីរារាំងកុំអោយចេញទៅធ្វើបាតុកម្មនៅតាមដងផ្លូវ ចំណែក «នគរបាលបានគំរាមកំហែងអ្នកដែលចង់ចូលរួមធ្វើបាតុកម្ម រឺអ្នកដែលនៅឈរមើលក្បែរនោះ»។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថានឹងមានមនុស្សចូលរួមធ្វើបាតុកម្មចំនួន៣០០នាក់ ដើម្បី«ស្នើសុំប្រទេសថៃអោយបញ្ឈប់ឈ្លានពានទឹកដីកម្ពុជា និងដកកម្លាំងទាហានចេញពីប្រទេសកម្ពុជាវិញ»។ បាតុកម្មនេះធ្វើឡើងនៅមុនថ្ងៃចេញដំណើររបស់លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដែលត្រូវទៅជួបពិភាក្សាជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ នៅថ្ងៃច័ន្ទ ទី១៨ និងថ្ងៃអង្គារ ទី១៩ សីហា ស្តីពីការដកកម្លាំងទាហានចេញពីប្រាសាទព្រះវិហារ។
|