| កិច្ចចរចារនៃជម្លោះព្រំដែនរវាងខ្មែរនិងថៃទៅមុខដូច ជារ៉ូឡូកិនថ្នល់ |
| ដោយ រស់ ឌីណា | |
| ២០-០៨-២០០៨ |
ប្រាសាទព្រះវិហារ (ប្រទេសកម្ពុជា) ថ្ងៃទី២១ កក្កដា ២០០៨៖ ទាហានកម្ពុជានិងទាហានថៃ សំដែងភាតរភាព មុនកិច្ចប្រជុំលើកទីមួយ ដែលធ្វើឡើងនៅខែកក្កដា ©ចន វីង/ Magnum លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានប្រកាសប្រាប់អ្នកយកព័ត៌មានថាការជួបប្រជុំរឿងជម្លោះព្រំដែនក្នុងតំបន់ព្រះវិហារ នៅហួរហ៊ីន ប្រទេសថៃ នៅថ្ងៃទី១៨ និង១៩ សីហា បានបោះជំហានទៅមុខមិនថយក្រោយឡើយ។ ក្នុងដំណើរមាតុភូមិនិវត្តន៍នៅព្រឹកថ្ងៃពុធ ទី២០ សីហានេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានវាយតម្លៃនៅក្នុងសន្និសីទកាសែតមួយ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរជាលើកទីពីរ បានបោះមួយជំហានទៅមុខ លើពីរចំណុច គឺទីមួយ យើងបានព្រម ព្រៀងគ្នាអោយក្រុមការងារពិសេសTash-Force របស់កម្ពុជា ធ្វើការជាមួយមេបញ្ជាការថ្នាក់ភូមិភាគរបស់ថៃ ដើម្បីឈានទៅរកការដកកម្លាំងយោធាដែលសេសសល់ចំនួន៣០នាក់ម្ខាង នៅក្នុងនិងជុំវិញវត្តកែវសិក្ខាគិរីស្វារៈជាស្ថាពរ។ កិច្ចប្រជុំថ្នាក់មន្ត្រីយោធានៃប្រទេសទាំងពីរគ្រោងនឹងរៀបចំធ្វើឡើងជាលើកទីពីរ នៅថ្ងៃទី២៩ សីហា នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ចំណុចទីពីរ គឺជាការសម្រេចអោយមានរបៀបវារៈនៃកិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ នៅដើមខែតុលា ក្នុងប្រទេសកម្ពុជា ដោយមិនទាន់មានការបញ្ជាក់ពីពេលវេលានិងទីកន្លែងច្បាស់លាស់នៅឡើយទេ។ មន្ត្រីការទូតរូបនេះបានពន្យល់ថា កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះព្រំដែននេះនឹងផ្តោតទៅលើដំណោះស្រាយបញ្ហាព្រំដែនក្នុងតំបន់ទំនាស់ រួមទាំងការដោះមីន ដើម្បីវាស់វែងព្រំដែន។ នៅក្នុងរឿងនេះ លោករដ្ឋមន្ត្រីហោ ណាំហុង បានវាយតម្លៃថា «ខ្ញុំសង្ឃឹមថាថ្ងៃអនាគត នឹងដកទាហានដែលនៅសេសសល់ចុងក្រោយ នៅក្នុងនិងជុំវិញវត្តកែវសិក្ខាគិរីស្វារៈ ជាស្ថាពរ [...] ហើយការចរចារអំពីបញ្ហាព្រះវិហារ ដូចជាចលនានៃរ៉ូឡូកិនផ្លូវអញ្ជឹង វាទៅយឺត តែវាទៅមុខ ទោះជាមានឧបសគ្គបន្តិចបន្តួចក៏ដោយ»។
ដោយឡែក ជុំវិញបញ្ហាការឈ្លានពានរបស់កងទ័ពថៃនៅប្រាសាទតាមាន់ធំនិងតាមាន់តូច គឺមិនត្រូវបានគេយកមកជជែកវែកញែកនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរនេះទេ។ លោកហោ ណាំហុង បានមានប្រសាសន៍ថា លោកបានលើកបញ្ហានេះនៅក្នុងកិច្ចប្រជុំនោះដែរ ប៉ុន្តែ ភាគីថៃហាក់មិនទាន់បានត្រៀមខ្លួនក្នុងរឿងនេះនោះទេ។ បើតាមលោក បញ្ហាប្រាសាទតាមាន់នឹងអាចលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទីបី ដែលនឹងធ្វើឡើង ក្រោយពេលទទួលបានរបាយការណ៍ពីកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ នៅខែតុលា។
ជាមួយនឹងបណ្តឹងដែលកម្ពុជាបានប្តឹងទៅអង្គការសហប្រជាជាតិ ហើយកម្ពុជាបានសុំផ្អាកជាបណ្តោះអាសន្ននោះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានពន្យល់ថា ប្រសិនជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរដំណើរការស្រួលបួលទៅជាធម្មតា រដ្ឋាភិបាលកម្ពុជានឹងពិនិត្យពិចារណាដកពាក្យវិញ ដោយសារយើងបានដោះស្រាយរួចហើយ។ «ទុកធ្វើអ្វី? អត់ន័យទេ! យើងទុក ដោយសារបញ្ហាមិនទាន់ដោះស្រាយ»។
លោកហោ ណាំហុង បានប្រាប់អោយដឹងទៀតថាយុគសម័យនេះ ការដោះស្រាយបញ្ហាព្រំដែន ដោយប្រើកម្លាំងយោធា «វាហួសសម័យហើយ» ហើយសមភាគីរបស់លោកគឺលោកទេព ប៊ុនណាក់ (Tej Bunnag) រដ្ឋមន្រ្តីការបរទេសថៃក៏ឯកភាពជាមួយគំនិតរបស់លោកដែរ។ គួរបញ្ជាក់ផងដែរថា នៅក្រោយកិច្ចប្រជុំនៅហួរហ៊ីន លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ក៏បានចូលបង្គំគាល់ព្រះមហាក្សត្រថៃ Bhumibol Adulyadej ដោយបានថ្វាយរបាយការណ៍នៃកិច្ចប្រជុំជាបន្តបន្ទាប់ តាំងពីកិច្ចប្រជុំនៅសៀមរាប និងហួរហ៊ីន។ តាមរយៈលោករដ្ឋមន្ត្រីការបរទេស ព្រះមហាក្សត្រថៃបានមានបន្ទូលថា «យើងគួរដោះស្រាយបញ្ហាដោយសន្តិភាព ជៀសវាងសង្គ្រាម ក្នុងស្មារតីប្រទេសភូមិផងរបងជាមួយ»។
|