|
អធិប្បាយចុងក្រោយ
|
| ដោយ អេមីកូ ស្តក់ | | | ២២-០៨-២០០៨ | វាក្យស័ព្ទនេះរៀបរៀងដោយ អេមីកូ ស្តក់ (Emiko Stock) បេក្ខជនបណ្ឌិតផ្នែកជាតិពន្ធុវិទ្យា នៃសាកលវិទ្យាល័យ ប៉ារីស ១០ ណង់តែរ (Université Paris X Nanterre) ដែលបានមកនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០
Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
គេហទំព័រ http://fin-fond-grenier.over-blog.com
ក្រុមអាម៉ាឌីយ៉ា (Ahmadiyya) ជនជាតិចាម ប្រទេសចម្ប៉ា និកាយស៊ីអ៊ីត (Chiisme) ក្រុម ដាវ៉ា (Dawa) ( សូមអានត្រង់ ហ្សាម៉ាអាត តាប្លីហ្ស៍) សាសនាឥស្លាមនៅកម្ពុជា ក្រុម ហ្សាម៉ាអាត តាប្លីហ្ស៍ ( Jamaat Tabligh) ជនជាតិជ្វា ខ្មែរឥស្លាម អ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសកម្ពុជា សាហ្វីអ៊ីតនិយម (Shafiisme) និកាយស៊ូហ្វីត (Soufisme) និកាយស៊ុននីត (Sunnisme) ក្រុម តាប្លីហ្ស៍ (សូមអានត្រង់ ហ្សាម៉ាអាត តាប្លីហ្ស៍) អ្នកកាន់ប្រពៃណី និកាយវ៉ាហាប៊ីត (Wahhabisme)
អ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសកម្ពុជា នៅក្នុងភាសាខ្មែរសព្វថ្ងៃនេះ ឥស្លាមបរិស័ទត្រូវបានគេអោយឈ្មោះថា ចាម ដែលជាឈ្មោះមួយចង់សំដៅទៅដល់ប្រជាជនដើមនៃអតីតប្រទេសចម្ប៉ា។
នៅក្នុងប្រទេសកម្ពុជា អ្នកកាន់សាសនាឥស្លាមមានចំនួនប្រមាណ ៥០០ ០០០នាក់ ស្មើនឹង៥% នៃចំនួនប្រជាជន។ ខ្មែរឥស្លាមមានកិត្តិនាមល្បីល្បាញខាងអ្នកនេសាទ អ្នកកាប់គោ ជាងដំដែក អ្នកធ្វើស្រែចំការ រឺ គ្រូមន្តអាគម។ ពួកគេក៏ត្រូវបានគេស្គាល់គ្រប់ពេលវេលាផងដែរ ក្នុងនាមជាមន្ត្រីរាជការដែលមានឋានន្តរស័ក្តិខ្ពស់ និង ជាយោធា រឺមួយក៏ជាអ្នកប្រឆាំងនឹងរាជរដ្ឋាភិបាល។
ការធ្វើចំនាកស្រុកក្រោយឆ្នាំ១៩៧៩ បានជម្រុញអោយអ្នកកាន់សាសនាឥស្លាម មកតាំងទីលំនៅនៅគ្រប់បណ្តាខេត្តទូទាំងប្រទេស ទៅតាមចំនួនតិច រឺក៏ចំនួនច្រើន ដែលភាគច្រើនរស់នៅតាមដងទន្លេ និងនៅខេត្តកំពង់ចាម តាកែវ កំពត និងខេត្តកំពង់ឆ្នាំង។
ខ្មែរឥស្លាម ខ្មែរឥស្លាមគឺជាពាក្យថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ក្នុងអំឡុងឆ្នាំ១៩៦០ ក្នុងព្រះរាជគោលបំណងធ្វើការរួបរួមជាតិខ្មែរ។ សម្រាប់ពាក្យនេះ ព្រះអង្គចង់សំដៅដល់គ្រប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលគោរពសាសនាឥស្លាម។
ជនជាតិចាម សម្រាប់ប្រជាជនកម្ពុជា ពាក្យ ចាម មានអត្ថន័យយ៉ាងទូលំទូលាយនៅក្នុងភាសាសព្វថ្ងៃនេះ ដោយចង់សំដៅគ្រប់ឥស្លាមបរិស័ទទាំងអស់ ទោះបីជាមានដើមកំណើតមកពីជាតិសាសន៍ណាក៏ដោយ។
ជនជាតិចាម ក៏ដូចជា ជនជាតិម៉ាឡេស៊ី និង ជនជាតិចារ៉ាយ សុទ្ធសឹងជាប្រជាជនអូស្រ្តូណេស៊ី ផ្ទុយស្រឡះពីជនជាតិខ្មែរ ដែលមានដើមកំណើតចេញពីក្រុមអូស្រ្តូអាស៊ី។ ជនជាតិចាមមានដើមកំណើតចេញពីប្រទេសចម្ប៉ា ដែលបានរស់នៅបែកខ្ញែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ទីក្រុងបាងកកនៃប្រទេសថៃ ទីក្រុងហាយណាននៃប្រទេសចិន និងនៅតាមបណ្តាប្រទេសអឺរុបមួយចំនួន ជាពិសេសប្រទេសបារាំង ហើយនិងនៅសហរដ្ឋអាមេរិក ជាពិសេសនៅរដ្ឋកាលីហ្វរនី។
ប្រទេសចម្ប៉ា ប្រទេសចម្ប៉ាបានកើតមានឡើងតាំងពីដើមគ្រិស្តសករាជ។ កាលពីមុន ប្រទេសនេះបានគ្រប់ដណ្តប់ប្រទេសវៀតណាមសព្វថ្ងៃនេះទាំងមូល។ យោងតាមប្រវត្តិសាស្រ្តនាសម័យកាលនោះ អាណាចក្រផ្សេងៗគ្នាបានប្រមូលផ្តុំបង្កើតបានជាព្រះរាជាណាចក្រមួយនេះ ដែលលាតសន្ធឹងចាប់ពីភាគខាងជើង ជាប់នឹងព្រំប្រទល់ប្រទេសអាណ្ណាម រហូតដល់ភាគត្បូង ជាប់នឹងទីក្រុងហូជីមិញសព្វថ្ងៃនេះ។ ដោយត្រូវប្រឈមមុខនឹងការចូលឈ្លានពានទឹកដីពីសំណាក់ប្រទេសដៃវៀត ជនជាតិចាមបានរត់ភៀសខ្លួន មកកាន់ប្រទេសកម្ពុជា ប្រមាណជាបីលើក នៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ពោលគឺនៅក្នុងឆ្នាំ១៤៧១ ១៦៩៣ និងឆ្នាំ១៨៣២។
សាសនាឥស្លាមនៅក្នុងប្រទេសកម្ពុជា នៅប្រទេសវៀតណាម យើងឃើញមានជនជាតិចាមជាច្រើនក្រុមដែលកាន់សាសនារបៀបព្រហ្មញ្ញសាសនា មួយទៀតកាន់សាសនាឥស្លាមលាយព្រហ្មញ្ញសាសនា និងមួយទៀតកាន់សាសនាឥស្លាមស្រដៀងឥស្លាមនៅស្រុកខ្មែរ។ ប៉ុន្តែ ជនជាតិចាមនៅស្រុកខ្មែរទាំងអស់កាន់សាសនាឥស្លាមតែម្តង។ ប្រពៃណីសាសនានៅប្រទេសវៀតណាមនេះគឺជាសាសនាឥស្លាមអញ្ញបដិបន្នមួយបែប(ដែលមិនគោរពតាមច្បាប់សាសនា) ខណៈពេល ជនជាតិចាមដទៃៗទៀតមានពិធីបុណ្យសាសនារបស់ខ្លួនប្រហាក់ប្រហែលទៅពិធីបុណ្យរបស់ជនជាតិចាមនៅក្នុងប្រទេសកម្ពុជា។ ជនជាតិចាមនៅកម្ពុជាទាំងអស់សុទ្ធសឹងតែជាអ្នកកាន់សាសនាឥស្លាម។ ប៉ុន្តែ តាមរយៈនិន្នាការជាច្រើន ព្រមជាមួយនឹងចលនាពិសេសៗមួយចំនួន សហគមន៍នេះនៅតែមានលក្ខណៈផ្សេងៗគ្នាដដែល។ ទោះបីជាឥស្លាមបរិស័ទនៅក្នុងប្រទេសកម្ពុជាភាគច្រើនទទួលស្គាល់ថាខ្លួនគោរពសាសនាឥស្លាមនិកាយស៊ុននីតបែបសាហ្វីអ៊ីតនិយមក៏ដោយ ក៏គេឃើញមាននិន្នាការខុសៗគ្នាជាច្រើនទៀត ដូចជាអ្នកកាន់ប្រពៃណីទោះជាជនជាតិចាម រឺជ្វា បេសកកម្មដាវ៉ា រឺក្រុមតាប្លីហ្ស៍- និកាយវ៉ាហាប៊ីត- ក្រុមអាម៉ាឌីយ៉ា ។ល។
ជនជាតិជ្វា ការហៅឈ្មោះជនជាតិ ឈ្វា រឺ ជ្វា មកពីពាក្យកោះ ជ្វា នៅក្នុងភាសាខ្មែរ។ នៅក្នុងចំណោមខ្មែរឥស្លាម ជនជាតិនេះមានចំនួនតិចតួច និងពុំសូវមានគេស្គាល់ប៉ុន្មាននោះទេ។ ជនជាតិនេះភាគច្រើនរស់នៅក្នុងខេត្តតាកែវ កំពត និងបាត់ដំបង ព្រមទាំងរស់នៅក្បែរភ្នំ ឧត្តុង្គ ហើយពួកគេនិយាយតែភាសាខ្មែរប៉ុណ្ណោះ។ ពួកគេប្រហែលជាមកដល់ប្រទេសកម្ពុជាមុនជនជាតិចាមទៅទៀត។ គេមានការយល់ខុសដែលបានចាត់ទុកពួកជ្វាមានប្រភពមកពី ពួកម៉ាឡាយ៉ូ ប៉ុន្តែ ជនជាតិជ្វាប្រហែលជាមានដើមកំណើតចេញមកពីប្រទេសម៉ាឡេស៊ីសព្វថ្ងៃនេះ និងចេញមកពីភាគខាងត្បូងនៃប្រទេសថៃ រឺក៏មកពី កោះជ្វា កោះស៊ូម៉ាត្រា និងកោះប៊រណេអូ។
និកាយស៊ុននីត និកាយសាសនាឥស្លាមដ៏សំខាន់បំផុតនេះ ប្រមូលផ្តុំទៅដោយបរិស័ទមួយភាគធំនៅក្នុងពិភពលោក។ និកាយស៊ុននីតមានសាវ័កចំនួនបួនរូប ហើយប្រពៃណីស៊ុនណា(Sunna) ដែលមានតាំងពីសម័យរបស់ទេវទូតមហាម៉ាត់មកនោះ មានសារៈសំខាន់ជាងគេ។
និកាយស៊ីអីត និកាយសាសនាឥស្លាមមួយនេះ កើតចេញពីការបែកបាក់គ្នា រវាងក្រុមអ្នកគោរពសាសនានិកាយស៊ុននីត ជាមួយនឹងបក្សពួករបស់ អាលី(Ali) ដែលជាសាវ័កទីបួន។ និកាយស៊ីអ៊ីត មាននៅក្នុងទ្វីបអាស៊ីកណ្តាល និងអាស៊ីខាងត្បូង ព្រមទាំងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងប្រទេសលីបង់។ ជាពិសេស និកាយនេះបានជះឥទ្ធិពលមួយផ្នែកទៅលើពិធីបុណ្យសាសនា និងទំនៀមទំលាប់របស់ជនជាតិម៉ាឡេស៊ី និងជនជាតិចាមបុរាណ ដែលរស់នៅក្នុងប្រទេសកម្ពុជា រឺមួយក៏នៅក្នុងប្រទេសវៀតណាម តាមរយៈកិត្យានុភាពរបស់សាវ័កទីបួន អាលី។
សាហ្វីអីតនិយម នៅក្នុងចំណោមនិកាយទាំងបួននៃសាសនាឥស្លាមនិកាយស៊ុននីតសាហ្វីអ៊ីតនិយម ដែលត្រូវបានបង្កើតឡើងដោយលោក ស្សាហ្វីអ៊ី(Chafii) នាសតវត្សទីប្រាំបី ត្រូវបានគេគោរពជាពិសេសនៅក្នុងទ្វីបអាហ្រ្វិក ប្រទេសអ៊ីរ៉ាក់ ស៊ីរី អេហ្ស៊ីប និងនៅតាមតំបន់របស់ជនជាតិម៉ាឡាយ៉ូ។ សាហ្វីអ៊ីតក៏ជានិកាយមួយដែលមានការចូលរួមភាគច្រើនពីសំណាក់ខ្មែរឥស្លាមផងដែរ។
និកាយស៊ូហ្វីត និកាយសមាធិនៃសាសនាឥស្លាមមួយនេះ បានកើតមានឡើងនាសតវត្សទីប្រាំបី នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយបានធ្វើការសិក្សាស្វែងយល់អំពីព្រះជាម្ចាស់។ និកាយស៊ូហ្វីតត្រូវបានរៀបចំឡើងជាប្រព័ន្ធសាសនិកសមាគមផ្សេងៗទូទាំងពិភពលោក ដោយទទួលបាននូវការពេញចិត្តពីអ្នកចូលសាសនាឥស្លាមនៅអាស៊ីអាគ្នេយ៍ ដោយសារមានលក្ខណៈស្រដៀងគ្នាជាមួយនឹងធម្ម ដែលត្រូវបានគេប្រើប្រាស់ មុនការចូលមកដល់នៃសាសនានេះ។
អ្នកកាន់ប្រពៃណី អ្នកដែលគេហៅថាជាអ្នកកាន់ប្រពៃណីមានលក្ខណៈខុសប្លែកពីអ្នកដែលនិយាយថាគេគោរពតាមច្បាប់សាសនាដែលគេហៅជាទូទៅ។ អ្នកកាន់ប្រពៃណីគឺជាអ្នកថែរក្សាប្រពៃណី ដែលបានបន្សល់ទុកដោយបុព្វបុរសរបស់ពួកគេ អោយស្ថិតស្ថេរគង់វង្ស។ ជាពិសេស សហគមន៍សំខាន់របស់ជនជាតិចាមដែលជាអ្នកកាន់ប្រពៃណី មាននៅឧត្តុង្គ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ដែលនៅថែរក្សាអក្សរចាមអោយស្ថិតនៅគង់វង្សបានយូរអង្វែង។ ទោះបីជាគេស្គាល់ជនជាតិចាមទាំងនោះ ដែលត្រូវបានគេហៅថា អ៊ីម៉ាម សាន(Imam San)ក៏ដោយ ក៏នៅមានសហគមន៍ជនជាតិជ្វា នាខេត្តកំពតផ្សេងៗទៀតផងដែរ ដែលមានកេរ្តិ៍តំណែលប្រហាក់ប្រហែលគ្នា។ ពិធីបុណ្យសាសនាមានលក្ខណៈដូចៗគ្នា ដែលទទួលរងឥទ្ធិពលតិចរឺច្រើន ពីព្រហ្មញ្ញសាសនា និកាយស៊ីអ៊ីត រឺមួយក៏និកាយស៊ូហ្វីត។ ពិធីទាំងនោះសង្កត់ធ្ងន់ទៅលើការសូត្រធម្មនៅរៀងរាល់ថ្ងៃសុក្រ និងពិធីបុណ្យប្រពៃណីបុរាណ។
ក្រុម ហ្សាម៉ាអាត តាប្លីហ្ស៍ ក្រុម ហ្សាម៉ាអាត តាប្លីហ្ស៍ ដែលត្រូវបានគេហៅកាត់ជាញឹកញាប់ថា «តាប្លីហ្ស៍» (ដែលនៅក្នុងភាសាអារ៉ាប់ ប្រែថាការផ្សព្វផ្សាយលទ្ធិសាសនា) ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌា នាឆ្នាំ១៩២០ ហើយបានមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩០។ ក្រុមនេះមានគោលបំណងចង់អោយបរិស័ទគោរពតាមគោលការណ៍គ្រឹះនៃសាសនាឥស្លាមអោយបានខ្ជាប់ខ្ជួនបំផុត។ ក្រុមនេះក៏ត្រូវបានគេអោយឈ្មោះថា «ដាវ៉ា» ដែលជាភាសាអារ៉ាប់ មានន័យថា «បេសកកម្ម»។ ការផ្សព្វផ្សាយជំនឿសាសនានេះគឺជាករណីយកិច្ចសំខាន់មួយក្នុងចំណោមករណីយកិច្ចសំខាន់ៗរបស់សមាជិក។
និកាយវ៉ាហាប៊ីត (Wahhabisme) និកាយវ៉ាហាប៊ីត គឺជាចលនាបដិរូបនិយមមួយ ដែលកើតមានឡើងនៅក្នុងសតវត្សទី១៨។ និកាយនេះ មានគោលបំណងធ្វើទំនើបកម្មពិភពឥស្លាម តាមរយៈវិសុទ្ធកម្មនៃការគោរពសាសនា ហើយនឹងត្រូវការអោយសាសនាត្រឡប់ទៅរកលំនាំដើមវិញ។ ទោះបីជានិកាយវ៉ាហាប៊ីតនេះគឺជាសាសនារបស់រដ្ឋនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ ក៏និកាយនេះមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជាដែរ ក្នុងនាមជា «សមាគមប្រជាជនកូវែត» ដែលបានបង្កើតសាលារៀន និងមជ្ឈមណ្ឌលកុមារកំព្រា ដែលឧបត្ថម្ភដោយអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសកូវែត។ ភាពខុសគ្នានៃនិកាយនេះជាមួយនឹងនិកាយផ្សេងៗនៃសាសនាឥស្លាម បានធ្វើអោយអ្នកកាន់សាសនានៅប្រទេសកម្ពុជាតែងតែប្រៀបធៀបទៅនឹងធម្មយុត្តិមហានិកាយនៃសាសនាព្រះពុទ្ធ។
ក្រុមអាម៉ាឌីយ៉ា (Ahmadiyya) ក្រុមអាម៉ាឌីយ៉ាគឺជាចលនាមួយកើតនៅសតវត្សទី១៩មួយ ដែលបានយកឈ្មោះស្ថាបនិកជនជាតិឥណ្ឌាឈ្មោះ មៀហ្សា ហ្គូឡាម អាហ៍មាដ(Mirza Ghulam Ahmad) ជាឈ្មោះរបស់សាសនា។ ជាពិសេស ក្រុមអាម៉ាឌីយ៉ាមានជំនឿជឿជាក់ទៅលើអ្នកមានបុណ្យដែលគេហៅថា ម៉ាហ៍ឌី(Mahdi) ដែលនឹងមកជួយរំដោះគ្រោះរបស់ពួកគេទៅថ្ងៃអនាគត ហើយស្ថាបនិកចលនានេះបានអះអាងថា ខ្លួនគឺជាអ្នកមានបុណ្យដែលបានមកចាប់កំណើត។ ចលនានេះតែងតែត្រូវបានបន្តុះបង្អាប់ដោយសាសនាឥស្លាមគន្ថប្បដិបន្ន (ដែលត្រូវតាមច្បាប់សាសនា) ដែលបានចាត់ទុកក្រុមនេះថាជាក្រុមសាសនាមិនត្រឹមត្រូវតាមច្បាប់សាសនាឥស្លាម។ ចលនានេះ បានមកដល់ក្នុងប្រទេសកម្ពុជា តាមរយៈប្រទេសឥណ្ឌូនេស៊ី ដែលនៅទីនោះក្រុមនេះបានទទួលជោគជ័យ។
|
|
|