| ខៀវ កាញារីទ្ធៈ គ្មានទេកំផែងប៊ែរឡាំង រវាងព្រំដែន កម្ពុជា-ថៃ ប៉ុន្តែជារបងបេតុង |
| ដោយ រស់ ឌីណា | |
| ២៥-០៨-២០០៨ |
ប្រទេសកម្ពុជាចង់អោយមានការធ្វើរបងបេតុង រឺជញ្ជាំងថ្មខ័ណ្ឌ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ នៅតំបន់ដែលភាពស្មុគស្មាញ ក្រោយពេលបន្ទាត់ព្រំដែនទាំងនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ ដោយប្រទេសទាំងពីរ។ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតមួយ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ សីហានេះ នៅក្រសួងព័ត៌មាន ថាបញ្ហាធ្វើរបងនេះ គេបានជជែកគ្នារួចហើយ តាំងពីឆ្នាំ២០០០មកម្ល៉េះ។
ប៉ុន្តែ នៅក្នុងអត្ថបទចេញផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី២៥ សីហាបានសរសេរថា ប្រទេសកម្ពុជាមានគម្រោងសាងសង់ «កំផែងបែបទីក្រុងប៊ែរឡាំង (Berlin-style wall)។ នៅក្នុងចំណុចនេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានបដិសេធនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃច័ន្ទនេះដែរ ថាខ្លួនមិនបានប្រើពាក្យថា «កំផែង» នោះទេ គឺមានត្រឹមតែពាក្យថាបង្គោល និងរបងបេតុង នៅកន្លែងដែលស្មុគស្មាញ ពោលកន្លែងដែលអាចជារបៀងរត់ពន្ធគ្រប់ប្រភេទ រឺកន្លែងដែលអាចបង្កភាពងាយស្រួលដល់អំពើឧក្រិដ្ឋកម្មផ្សេងៗ។
|