|
អធិប្បាយចុងក្រោយ
|
| កុមារគឺជាគោលដៅនៃការធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា |
| ដោយ ព្រំ សិលា | | | ២៦-០៨-២០០៨ | ភ្នំពេញ ថ្ងៃទី២០ សីហា ២០០៨ (ផ្សារទំនើបស៊ីដនី)៖ កន្លែងកំសាន្តនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងរាជធានីភ្នំពេញ មានចំនួនកើនឡើងគួរអោយកត់សម្គាល់ ដើម្បីទាក់ទាញគ្រួសារ។ © ចន វីង / Magnum ហាងលក់ប្រដាប់ប្រដាក្មេងលេង ហាងលក់សំលៀកបំពាក់ និងហាងលក់ផលិតផលផ្សេងៗសម្រាប់កុមារ ដែលមានបិទទៅដោយរូបតុក្កតា និងរូបទារកដ៏ទាក់ទាញ កំពុងតែ រីកដុះដាលដូចផ្សិត នៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ព្រមទាំងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនកន្លែង។ ហាងលក់ទំនិញទាំងនេះបានបង្ហាញខ្លួន ដូចជាហាងដ៏ទាន់សម័យមួយ ដែលអាចទាក់ទាញចំណាប់អារម្មណ៍អតិថិជនថ្មីៗ រួមទាំងអ្នកមានៗ រស់នៅទីក្រុងភ្នំពេញមួយចំនួន ដែលត្រូវការស្វែងរកកន្លែងកំសាន្ត និងល្បែងលេងគ្រប់ប្រភេទ សម្រាប់កូនៗរបស់ពួកគេ នៅពេលសម្រាកពីការសិក្សា។ ផ្សារទំនើប ហាងលក់ទំនិញធំៗ និងអាហារដា្ឋនប្រភេទ Fast-foods បានឆ្លៀតទាញយកផលចំណេញពីតម្រូវការរបស់ឪពុកម្តាយ ដោយបានរៀបចំជាកន្លែងលេងល្បែងកំសាន្ត និងកាដូសម្រាប់ក្មេងៗ ព្រោះពួកគេសង្ឃឹមថានឹងអាចទាក់ទាញឪពុកម្តាយ... និងប្រាក់ក្នុងហោប៉ាវរបស់ពួកគាត់។ ផ្នែកកុមារ ហាង Kid World មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសួនច្បានសម្តេចហ៊ុន សែន ដែលជាកន្លែងដើរកំសាន្តរបស់អ្នករស់នៅទីក្រុងភ្នំពេញ។ ហាងនេះតែងតែមានភ្ញៀវជនជាតិបរទេសមកពីបស្ចឹមប្រទេសចេញចូលមិនចេះដាច់ ចាប់តាំងពីថ្ងៃបើកដំណើរការដំបូង កាលពីជាង២ឆ្នាំមុន។ ពួកគេមកទីនេះ ដើម្បីទិញក្រែមនិងផលិតផលផ្សេងៗសម្រាប់កូនៗរបស់គេ។ ផលិតផលទាំងនោះសុទ្ធតែនាំចូលមកពីអឺរុប សហរដ្ឋអាមេរិក រឺអូស្រា្តលី ព្រោះពួកគេមិនអាចស្វែងរកទិញផលិតផលទាំងនេះបាននៅកន្លែងធម្មតាដទៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេលជាច្រើនខែមកហើយ លោក ប៊ូ ចាន់ភីរ៉ូ ម្ចាស់ហាងចម្រុះពណ៌មួយនេះ បានសង្កេតឃើញមានការផ្លាស់ប្តូរៈ អតិថិជនខ្មែរ ដែលចូលមកទិញទំនិញនៅក្នុងហាងរបស់គាត់ មានចំនួនកាន់តែច្រើនឡើងៗ។ លោក ប៊ូ ចាន់ភីរ៉ូ បានរៀបរាប់យ៉ាងក្បោះក្បាយថា «ភ្ញៀវបានចាប់ផ្តើមស្វែងរកទិញផលិតផលសម្រាប់ទារក តែគេពិបាកក្នុងការស្វែងរកទំនិញដែលខ្លួនចង់បាន ជាពិសេសនៅពេលគេចង់ទិញទំនិញដើម្បីរៀបចំធ្វើជាកាដូម្តងៗ ពួកគេត្រូវស្វែងរកទិញគ្រប់ផ្សារនៅក្នុងទីក្រុង មុននឹងរកបានកាដូមួយសម្រាប់ថ្ងៃខួបកំណើត រឺថ្ងៃបង្កក់កូន។ ម្យ៉ាងវិញទៀត ប្រសិនជាពួកគេចង់បានទំនិញមានគុណភាពល្អ ពួកគេត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកក រឺប្រទេសសិង្ហបុរី...។ ហេតុដូចនេះហើយ ទើបបានជាខ្ញុំសម្រេចចិត្តនាំចូលផលិតផលដែលមានគុណភាពទាំងនេះដោយផ្ទាល់»។ ផលិតផលដែលមានផ្លាកយីហោល្បីៗ អាជីវកររូបនេះបានជ្រើសរើសគោលដៅទីផ្សារយ៉ាងច្បាស់លាស់។ អតិថិជននៃត្រកូលអ្នកមានៗ ចាប់អារម្មណ៍លើផ្លាកយីយោទំនិញមានគុណភាព ជាងតម្លៃរបស់ទំនិញ។ លោកបានពន្យល់ថា «នៅលើទីផ្សារ គេឃើញមានផលិតផលផ្សេងៗជាច្រើនប្រភេទ ប៉ុន្តែ អតិថិជនមកពីគ្រួសារអ្នកមានស្តុកស្តម្ភ ស្វែងរកផលិផលណាដែលមានគុណភាពខ្ពស់សម្រាប់កូនៗរបស់ពួកគេ ជាជាងទិញទំនិញដែលមានតម្លៃថោក តែគុណភាពរបស់វាមិនសូវទុកចិត្ត»។ ហាងរបស់លោក ប៊ូ ចាន់ភីរ៉ូ មានដាក់លក់តែផលិតផលដែលមានផ្លាកយីហោល្បីៗ ដែល ទទួលស្គាល់ជាលក្ខណៈអន្តរជាតិប៉ុណ្ណោះ។ «អតិថិជនមួយចំនួនមិនខ្វល់នឹងរឿងតម្លៃនោះទេ ពួកគេត្រូវការតែផលិតផលណាមានគុណភាពច្បាស់លាស់ប៉ុណ្ណោះ។ ប្រសិនជាអាជីវកម្មរបស់ខ្ញុំមានដំណើរការយ៉ាងរលូននៅពេលនេះ ក៏ដោយសារប្រជាជនខ្មែរចាប់ផ្តើមយល់ពីសារៈសំខាន់នៃការទិញទំនិញល្អៗ»។ លោកសុខ ពិសិដ្ឋ ម្ចាស់ហាងលក់ប្រដាប់ប្រដាក្មេងលេងថ្មីឈ្មោះ Toy and Me ដែលមានរូបសញ្ញាឡូហ្គូពណ៌បៃតង ក្រហមនិងទឹកក្រូច បានធ្វើការកត់សម្គាល់ពីការវិវត្តន៍ដូចគ្នានេះ ដោយបានលើកឡើងពីក្រុមហ៊ុនចែកចាយឧបករណ៍ក្មេងលេងរបស់អាមេរិកដ៏ធំមួយ។ ប៉ុន្តែ ហាងរបស់គាត់ខុសពីហាង Kid World ដែលជាហាងប្រកួតប្រជែងរបស់គាត់ គាត់បើករកស៊ីតែប្រភេទល្បែងអប់រំក្មេងៗ ដែលជាតម្រូវការខ្ពស់ និងរបស់របរគ្រប់ប្រភេទខាងផ្នែកអប់រំ។ បន្ទាប់ពីមានការខឹងច្រឡោតចំពោះហាងទំនិញនៅទីក្រុងភ្នំពេញ ដែលមិនមានលក់ «ល្បែងប្រាជ្ញា» លោកបានពិភាក្សាជាមួយនឹងសាច់ញាត់ម្នាក់របស់គាត់ ដែលជានាយកសាលាមត្តេយ្យ ដែលធ្លាប់ត្អូញត្អែរអំពីកង្វះខាតផ្នែកសម្ភារៈក្មេងលេង លោកក៏បានសម្រេចចិត្តបើករបររកស៊ីនេះ និងនាំចូលប្រដាប់ក្មេងលេង។ គាត់ក៏លក់ផលិតផលបន្តទៅអោយអាជីវករផ្សេងៗ ព្រមទាំងសាលារៀននៅទីក្រុងភ្នំពេញផងដែរ។ ហាងទំនិញរបស់លោកសុខ ពិសិដ្ឋ ដែលមានពីរជាន់ ស្ថិតនៅក្នុងអគារមួយ នៅតាមបណ្តោយមហាវិថីម៉ៅសេងទុង និងមានបុគ្គលិកបម្រើការចំនួន២០នាក់ សំបូរទៅដោយល្បែងប្រាជ្ញាសម្រាប់ក្មេងៗ ដែលត្រៀមចូលសាលារៀន ប៉ុន្តែ ហាងនេះក៏មានដាក់លក់តុក្កតា រថយន្តបញ្ជាពីចម្ងាយ ល្បែងសាង់សង់ផ្ទះ រទេះទារក និងប្រដាប់ក្មេងលេងទាន់សម័យជាច្រើនទៀតផងដែរ។ ការអប់រំគឺជាអាទិភាពសម្រាប់មាតាបិតា ហេតុដូចនេះហើយទើបបានជាល្បែងរៀបអក្សរឡាតាំង និងគូប គឺជាផលិតផលដែលលក់ដាច់ជាងគេ នៅក្នុងហាង Toy and Me។ នៅទីនេះ ក្រុមគ្រួសារអ្នកមានៗនៅទីក្រុងភ្នំពេញកាន់តែពេញនិយមទិញសម្ភារៈក្មេងលេងសម្រាប់កូនៗរបស់ពួកគេ ក្នុងតម្លៃមួយខ្ពស់ ដូចជាល្បែងរៀបអក្សរ រថយន្តអាគុយតូចៗសម្រាប់ក្មេង ដែលមានតម្លៃចាប់ពី២០០ ទៅ៣០០ដុល្លារ។ ចំណែកហាងរបស់អ្នកស្រី រាសី ដែលជាម្តាយវ័យក្មេងមួយរូបផងនោះ មានដាក់លក់តែសំលៀកបំពាក់សម្រាប់ទារកទើបនឹងកើត និងសម្រាប់កុមារប៉ុណ្ណោះ។ រាសីមានគំនិតបើកហាងសំលៀកបំពាក់នេះ នៅពេលនាងមានផ្ទៃពោះ កាលពី៣ឆ្នាំមុន។ កាលនោះ អនាគតម្តាយរូបនេះបានដើររកទិញរបស់របរមួយចំនួនដើម្បីទុកអោយកូនដែលនឹងកើត ប៉ុន្តែគាត់មិនអាចរកទិញបានសោះ។ ដោយ«លង់ចិត្តស្រឡាញ់» លើសំលៀកបំពាក់របស់កុមារ គាត់បានបើកហាងលក់ដូរ បន្ទាប់ពីប្រសូត្របុត្ររួចរាល់។ សព្វថ្ងៃនេះ អាជីវកម្មរបស់គាត់ទាក់ទាញអតិថិជនជាច្រើន រួមទាំងគ្រួសារសាមញ្ញៗផងដែរ។ «រាសីបានកត់សម្គាល់ថា ឥឡូវនេះ ឪពុកម្តាយភាគច្រើនគិតដល់កូនៗរបស់ពួកគេយ៉ាងខ្លាំង។ អតិថិជនខ្លះសុទ្ធចិត្តស្លៀកពាក់ខោអាវថោកៗ ដើម្បីអាចទិញសំលៀកបំពាក់ថ្មីៗសម្រាប់កូនៗរបស់ពួកគេ…»។ អ្នកស្រី រតនា ដែលមានកូនប្រុសមួយនាក់ បានចំណាយថវិកាគ្រួសារមួយភាគ ដើម្បីបំពេញតម្រូវការរបស់កូនប្រុសរបស់គាត់។ ក្រៅអំពីថ្លៃបង់សាលាប្រចាំខែចំនួន២០០ដុល្លារ គាត់ត្រូវចំណាយ២០០ដុល្លារបន្ថែមទៀត ដើម្បីទិញប្រដាប់ប្រដាក្មេងលេង សំលៀកបំពាក់ និងនាំកូនរបស់គាត់ដើរកំសាន្តតាមកន្លែងផ្សេងៗ។ ដោយសំអាងលើប្រាក់ចំណូលរបស់ស្វាមីរបស់អ្នកស្រី ដែលជាស្ថាបត្យករមួយរូប អ្នកស្រីបានវាយតម្លៃថាចំនួនទឹកប្រាក់ចំណាយប្រចាំខែនេះគឺសមាមាត្រល្មម ប៉ុន្តែ បើប្រៀបធៀបជាមួយនឹងប្រាក់ចំណូលមធ្យមប្រចាំឆ្នាំចំនួន៦០០ដុល្លារសម្រាប់ប្រជាជនម្នាក់ គឺពិតជាចំនួនទឹកប្រាក់ដ៏ច្រើនមួយ។ «គាត់បានបញ្ជាក់ថា តម្លៃទំនិញនៅក្នុងហាងឯកទេសមានតម្លៃសមស្របល្មម រឺអាចថោកជាងនៅក្នុងទីផ្សារធម្មតាទៀតផង។ ម្យ៉ាងវិញទៀត នៅទីនេះ យើងអាចទទួលបានការផ្តល់ប្រឹក្សាជុំវិញផលិតផលសម្រាប់ទារក និងការអប់រំក្នុងការចិញ្ចឹមកូន។ បុគ្គលិកនៅរង់ចាំផ្តល់ការណែនាំយ៉ាងរួសរាយរាក់ទាក់»។ ស្រ្តីជាម្តាយរូបនេះតែងតែនាំកូនមកដើរកំសាន្តនៅតាម «ហាងក្មេងៗ»ទាំងនេះ ជារៀងរាល់ចុងសប្តាហ៍។ គេមកទីនេះដោយជិះឡាន និងមកជាលក្ខណៈគ្រួសារ ពួកគេចំណាយពេលវេលាជាច្រើនម៉ោងនៅទីនោះ ព្រមទាំងបរិភោគអាហារទៀតផង។ អាជីវកម្មទាំងនេះភាគច្រើនបានរៀបចំជាអាហារដ្ឋានតូចមួយ រួមមានភេសជ្ជៈ នំ ការ៉េម និងអាហារសំរ៉ន់។ ការដើរកំសាន្ត ដើម្បីបំពេញចិត្តកូនៗ អ្នកស្រីដានី អតិថិជនមួយរូប ដែលមកដើរកំសាន្តនៅហាង Toy and Me ជាមួយនឹងស្វាមី ព្រមទាំងកូនបីនាក់ បានអះអាងថា «វាមានភាពងាយស្រួល និងជាទីមនោរម្យ ក្នុងការមកកំសាន្តទីនេះ ជាមួយនឹងកូនៗ។ យើងអាចចំណាយពេលវេលាយូរ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់។ នៅក្នុងហាងលក់ប្រដាប់ប្រដាក្មេងលេង គេអាចស្វែងរកអ្វីដែលគេត្រូវការ និងមានពេលវេលាច្រើនគ្រប់គ្រាន់ល្មម។ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភោជនីយដ្ឋាននៅក្នុងរាជធានីភ្នំពេញ ព្យាយាមបំពេញតាមតម្រូវការរបស់អតិថិជនដែលចង់បានពេលវេលាគ្រប់គ្រាន់សម្រាប់ការដើរលំហែកាយជាលក្ខណៈគ្រួសារ និងកន្លែងកំសាន្តជាទីមនោរម្យផ្សេងៗ។ នៅអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កន្លែងក្មេងលេងមានការកើនឡើងគួរអោយកត់សម្គាល់ ដូចជានៅផ្សារទំនើបសុរិយា ស៊ីដនី និងផ្សារទំនើបសុវណ្ណា។ ដោយឡែក អាហារឆ្អិនភ្លាមៗ (Fast-foods) ដូចនៅតាមបណ្តាបស្ចឹមប្រទេស ត្រូវបានរៀបចំឡើងសម្រាប់ «កុមារ» ហើយ គេបានរៀបចំជាកាដូមួយដើម្បីលើកទឹកចិត្តកុមារ។ លើកនេះ អតិថិជនមិនសូវខ្វល់ពីរឿងគុណភាពអាហារនោះទេ។ អ្នកស្រីចាន់ថា ដែលមានកូនស្រីពីរនាក់ បានឆ្លៀតពេលរៀងរាល់ចុងសប្តាហ៍មកកំសាន្តនៅកន្លែងក្មេងលេងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គាត់មិនមែនមកដើម្បីទិញឥវ៉ាន់នោះទេ ប៉ុន្តែ ដើម្បីធ្វើអោយកូនស្រីជាទីស្រឡាញ់ទាំងពីររបស់គាត់សប្បាយចិត្ត និងជាពិសេស ដើម្បី«មកជួបគេឯង»។ គាត់បានវាយតម្លៃថា «ខ្ញុំចង់អោយកូនៗរបស់ខ្ញុំមកទីនេះ ដើម្បីសម្រាក់លំហែខួរក្បាល បន្ទាប់ពីបានសិក្សាពេញមួយសប្តាហ៍នៅឯសាលារៀន។ លើសពីនេះ ខ្ញុំចង់អោយកូនៗមានសេចក្តីក្លាហាន៖ កន្លែងលេងល្បែងកំសាន្តអាចជួយពួកគេកុំអោយមានអារម្មណ៍ភ័យខ្លាចអ្នកដទៃ និងហ្វូងមហាជន»។ ចាន់ថាកំពុងតែផ្តោតក្រសែសំឡឹងមើលកូនស្រីរបស់គាត់ ដូចជាអ្នកមកកំសាន្តដទៃផ្សេងទៀតដែរ។ ជាទំលាប់ គាត់មកដើរកំសាន្ត ដោយពិសាភេសជ្ជៈ និងបរិភោគអាហារសំរ៉ន់បន្តិចបន្តួច។ លោក ហេង ប៊ុនធឿន ប្រធានផ្នែកទីផ្សារនៃផ្សារទំនើបស៊ីដនី ដែលមានកន្លែងលេងកំសាន្តដ៏ធំមួយនៅក្នុងរាជធានី មានចំណាប់អារម្មណ៍ពីផលប្រយោជន៍ ដោយបានរៀបចំជាកន្លែងក្មេងលេងកំសាន្តនៅក្នុងហាងទំនិញ។ «គ្រួសារអាចដើរទិញឥវ៉ាន់ជាមួយនឹងការលេងកំសាន្ត ព្រោះនៅទីនេះ មានល្បែងលេងគ្រប់ប្រភេទ។ ជាទូទៅ មុនដំបូង ពួកគេមកដើរទិញទំនិញ បន្ទាប់មកពួកគេចូលមកលេងល្បែងកំសាន្ត ហើយជាចុងក្រោយ ពួកគេទៅបរិភោគអាហារ...»។ យោងតាមលោកប៊ុនធឿន ជារៀងរាល់ចុងសប្តាហ៍ អ្នករស់នៅទីក្រុងភ្នំពេញជាច្រើនតែងតែចំណាយពេលវេលាចាប់ពី២ទៅ៣ម៉ោង មកទិញឥវ៉ាន់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។ លោកខៀវ ចាន់ណា ប្រធានទីផ្សារ BB World បានអះអាងថា «យុទ្ធសាស្រ្តនេះក៏ជាយុទ្ធសាស្រ្តទីផ្សាររបស់យើងដែរ។ យើងត្រូវធ្វើគ្រប់មធ្យោបាយ ដើម្បីអោយភ្ញៀវចូលហាងរបស់យើង។ ប្រសិនជាក្មេងមកជាលើកដំបូង ពួកក្មេងៗនឹងសុំឪពុកម្តាយរបស់ពួកគេអោយមកទីនេះម្តងទៀត។ នៅពេលឪពុកម្តាយមកទីនេះម្តងទៀត ពួកគេពិតជាទិញទំនិញរបស់យើងជាក់ជាមិនខាន»។ ក្រុមហ៊ុនគ្រោងនឹងតំឡើងឧបករណ៍លេងកំសាន្តប្រភេទនេះនៅគ្រប់ភោជនីយដ្ឋានទាំងអស់។ យុទ្ធសាស្រ្តនេះក៏ត្រូវបានប្រើប្រាស់នៅហាងឡាក់គី ប័រហ្គ័រផងដែរ តែគេបានបដិសេធផ្តល់ព័ត៌មានលំអិតស្តីពីយុទ្ធសាស្រ្តធ្វើទីផ្សារ ដើម្បីទាក់ទាញកុមារ។ បើតាមលោកសុខ ស៊ីណា អ្នកសេដ្ឋកិច្ច បាតុភូតដែលត្រូវបានកត់សម្គាល់នាពេលសព្វថ្ងៃនេះគឺជារឿងធម្មតា៖ «ទោះបីជាកំណើនប្រជាជនបានថយចុះ តែប្រាក់ចំណូលគ្រួសារបានកើនឡើង...។ ដូចនេះ ប្រជាជនមានតម្រូវការខ្ពស់លើផលិតផលដែលមានគុណភាព» ព្រមទាំងការដើរកំសាន្ត និងការបរិភោគអាហារ តាមគម្រូនៃប្រទេសជឿនលឿន។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចរូបនេះបានអះអាងថា « ទីផ្សារប្រភេទនេះដំណើរការជាប្រក្រតីធម្មតា ហើយប្រសិនជាមានអ្វីកើតឡើង ទីផ្សារនេះនឹងផ្លាស់ប្តូរ រឺវិវត្តន៍ដោយខ្លួនឯង។ ប្រសិនជាតម្រូវការធ្លាក់ចុះ សកម្មភាពរកស៊ីនឹងកាត់បន្ថយដោយស្វ័យប្រវត្តិ»។ សម្រាប់ពេលនេះ និន្នាការ បែបនេះមិនបានធ្លាក់ចុះនោះទេ៖ បើតាមសៀវភៅទំព័រលឿងបានបង្ហាញបញ្ជីជាផ្លូវការថាមានហាងទំនិញធំ២៤កន្លែង ដែលលក់ផលិតផលកុមារ។ ចំនួននេះអាចនឹងប្រែប្រួល នៅក្នុងការបោះពុម្ពផ្សាយលេខក្រោយរបស់សៀវភៅមួយនេះ។
|
|
អត្ថបទបន្ថែម{mosimage}{mosimage}
|