|
អធិប្បាយចុងក្រោយ
|
| វ៉ាន់ ណាត អ្នកនៅរស់រានមានជីវិតពីពន្ធនាគារខ្មែរក្រហមជាមួយនឹងការងារចងក្រងឯកសារទុកជា ប្រវត្តិសាស្រ្ត |
| ដោយ ឈាង បុប្ផា | | | ២៧-០៨-២០០៨ | 
ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៧ មករា ២០០៨៖ វ៉ាន់ ណាត ជាងគំនូរ និងជាអ្នកនៅរស់រានមានជីវិតពីពន្ធនាគារខ្មែរក្រហម ស-២១ © ចន វីង / Magnum លោកអ៊ុំវ៉ាន់ ណាត ត្រូវបានចាត់ទុកនៅក្នុងចំណោមអ្នកនៅរស់រានមានជីវិតពីមន្ទីរឃុំឃាំងនៃរបបខ្មែរក្រហម ដែលគេហៅថា មន្ទីរសន្តិសុខ ស-២១។ លោកអ៊ុំគឺជាអ្នករួចស្លាប់ពីរបបកម្ពុជាប្រជាធិបតេយ្យដំបូងគេដែលមានគំនិតផ្តួចផ្តើមធ្វើការងារចងក្រងការចងចាំផ្សេងៗពីអតីតកាល។ ចាប់តាំងពីការដួលរលំរបបកាប់សម្លាប់បង្ហូរឈាមនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ គាត់បានចាប់ផ្តើមការងារគូររូបគំនូរជាច្រើន ដែលរៀបរាប់អំពីទិដ្ឋភាពនៃការធ្វើទារុណ កម្មដ៏សាហាវព្រៃផ្សៃដែលគេមិនធ្លាប់បានជួបប្រទះ។ លោកអ៊ុំគឺជាសាក្សី និងជាជនរងគ្រោះមួយរូបនៃការធ្វើទារុណកម្មបែបនេះ។ គោលបំណងនៅក្នុងបន្ទប់សម្លាប់នៃមន្ទីរនេះគឺដើម្បីបោសសំអាតមនុស្សមួយចំនួនចោលអោយអស់ ហើយ នេះមិនទាន់រៀបរាប់ពីកាប់សម្លាប់របស់ពួកខ្មែរក្រហមផ្សេងៗនៅឡើយផង។ លោកអ៊ុំ[វ៉ាន់ ណាត] បានផ្តល់សក្ខីកម្មរបស់គាត់ តាមរយៈជក់គូររូប ដើម្បីផ្តល់កិត្តិយសដល់មនុស្សមួយចំនួនដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងពន្ធនាគារដ៏ល្បីល្បាញ និងជាទីខ្លោចផ្សាមួយនេះ ហើយនឹងដើម្បីកុំអោយយុវជនជំនាន់ក្រោយ បំភ្លេចនូវទំព័រប្រវត្តិសាស្រ្តប្រទេសកម្ពុជាដ៏ខ្មៅងងឹតមួយនេះ។ ទោះបីជាលោកអ៊ុំវ៉ាន់ ណាត មានជម្ងឺ និងសុខភាពរាងកាយទន់ខ្សោយក៏ដោយ ក៏លោកអ៊ុំមិនព្រមបោះបង់ចោលការងារនេះជាដាច់ខាត។ បុរសវ័យ៦០ឆ្នាំផ្លាយដ៏ទន់ខ្សោយរូបនេះនៅតែបន្តគូររូបគំនូរ ដើម្បីបរិហារពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម លោកអ៊ុំវ៉ាន់ ណាតត្រូវជាប់ពន្ធនាគាររយៈពេលមួយខែ។ គាត់ត្រូវទទួលរងនូវការធ្វើបាបយ៉ាងទារុណ មុននឹងត្រូវបានបញ្ជូនមកកាន់សាលសិល្បៈស-២១ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងជាទីបំផុតពីសំណាក់ប្រធានគុកឈ្មោះឌុច ដើម្បីគូររូបប៉ុល ពត (បងធំទីមួយ) [ការជំនុំជម្រះរបស់ឌុច នឹងត្រូវធ្វើឡើងនៅទីក្រុងភ្នំពេញ នាពេលខាងមុខនេះ] ។ អតីតពេជ្ឈឃាតរបស់គាត់បានស្គាល់យ៉ាងច្បាស់ពីអតីតកាលនៃរូបគំនូររបស់គាត់ ជាពិសេសភាពយន្តឯកសារ និងជីវប្រវត្តិ។
គូររូបដើម្បីផ្តល់សក្ខីកម្ម លោកអ៊ុំវ៉ាន់ ណាត មិនដែលគិតថានឹងអាចរួចគេចផុតចេញពីនរក ស-២១នោះទេ ប៉ុន្តែ គាត់បានស្បថថាបើសិនជាគាត់អាចរួចផុតពីសេចក្តីស្លាប់បាន គាត់នឹងគូររូបគំនូរបញ្ជាក់អំពីទិដ្ឋភាពដ៏សាហាវយង់ឃ្នងពិតៗនៃរបបខ្មែរក្រហម ដើម្បីប្រាប់ដល់មនុស្សគ្រប់រូបអោយបានដឹង មិនថានៅក្នុងប្រទេសកម្ពុជា រឺនៅជុំវិញពិភពលោកឡើយ។ គាត់បានប្រកាន់ពាក្យសន្យារបស់គាត់។ ផ្ទាំងគំនូររបស់គាត់មួយផ្នែកបានបង្ហាញពីទិដ្ឋភាពនៅក្នុងមន្ទីរសន្តិសុខស-២១ ដែលសព្វថ្ងៃនេះ ត្រូវបានផ្លាស់ប្តូរទៅជា[សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង] ក្រោយពេលរបបខ្មែរក្រហមបានដួលរលំ។ រូបគំនូរទាំងនោះបង្ហាញពីទិដ្ឋភាពពិតៗនៃទីកន្លែងជាប្រវត្តិសាស្រ្តនៃការចងចាំមួយនេះ។ លោក[រឹទ្ធី ប៉ាន] សមិទ្ធិករភាពយន្តមួយរូប បានមានប្រសាសន៍ថា «វ៉ាន់ ណាត គឺជាមនុស្សដំបូងគេដែលបានធ្វើការងារមួយ ដើម្បីកុំអោយភ្លេចរឿងពីអតីតកាល។ តាមរយៈការងារផ្តល់សក្ខីកម្មជាយូរឆ្នាំរបស់គាត់ ជាពិសេសផ្ទាំងគំនូររបស់គាត់ ដែលគូរសម្រាប់សារមន្ទីរប្រល័យពូជសាសន៍ លោកវ៉ាន់ ណាតសាកសមនឹងទទួលបានកិត្តិយសថ្លៃថ្នូរនេះ ហើយគាត់ជាអ្នកត្រួសត្រាយផ្លូវសម្រាប់អ្នកនៅរស់រានមានជីវិតផ្សេងៗទៀត»។
លោកអ៊ុំវ៉ាន់ ណាតធ្លាប់បានព្យាយាមបំភ្លេចរឿងពីអតីតកាល ប៉ុន្តែ គាត់មិនអាចធ្វើបានសម្រេច។ អតីតកាលប្រៀបបានដូចជាស្រមោលអន្ទោលតាមប្រាណគាត់ជាប់ជានិច្ច។ នៅពេលថតខ្សែភាពយន្តឯកសាររបស់លោករឹទ្ធី ប៉ាន ឈ្មោះ «គុក ស-២១ ម៉ាស៊ីនសម្លាប់របស់ខ្មែរក្រហម» ដែលចាក់បញ្ចាំងនៅឆ្នាំ២០០៤លោករឹទ្ធី ប៉ានបាននាំគាត់មកកាន់កន្លែងនៃទុក្ខវេទនារបស់គាត់កាលពីមុន គឺមន្ទីរស-២១។ នៅពេលគាត់បានជួបជាមួយអតីតពេជ្ឈឃាតម្នាក់នៅពេលថ្ងៃ រូបភាពបុរសម្នាក់នោះបានតាមលងបន្លាចអោយគាត់ឃើញនៅពេលយប់ ទាំងដំណើរ សម្លេង និងការភ័យខ្លាច។
ដំណើរអប់រំ រូបគំនូររបស់លោកអ៊ុំ វ៉ាន់ ណាត បានប៉ះទង្គិចផ្លូវចិត្តសមិទ្ធិករ រឹទ្ធី ប៉ាន។ សម្រាប់រូបលោក រូបគំនូរនេះអាចបានបញ្ជាក់យ៉ាងច្បាស់ពីការចងចាំរបស់អ្នកដែលនៅរស់រានមានជីវិត និងអាចស្តែងចេញអោយឃើញថាគាត់ពិតជាធ្លាប់បានឆ្លងកាត់ឋាននរកនៅក្នុងមន្ទីរស-២១ ពិតប្រាកដមែន។
លោករឹទ្ធិ ប៉ាន បានសង្ខេប នៅក្នុងបុព្វកថាជាភាសាបារាំងនៃជីវប្រវត្តិផ្ទាល់របស់ វ៉ាន់ ណាតថា «នេះគឺជាការងារ និងដំណើរអប់រំរបស់ណាត។ សារមន្ទីរទួលស្លែងបានរៀបរាប់សង្ខេបពីភាពភ័យរន្ធត់ និងការស្លាប់ ដោយគ្មានប្រវត្តិរបស់គាត់ ជាអក្សរ រឺជារូបភាពឡើយ។ ប៉ុន្តែ ការភ័យខ្លាចមិនមែនកើតចេញពីធម្មជាតិរបស់មនុស្ស ប៉ុន្តែកើតចេញពីមនោគមវិជ្ជា។ សក្ខីភាពរបស់ណាត គឺជាផ្នែកដ៏សំខាន់មួយ ដើម្បីស្គាល់ពីមេកានិចនៃម៉ាស៊ីនសម្លាប់របស់ខ្មែរក្រហម។ ការគូររូបប៉ុល ពត បានជួយសង្គ្រោះគាត់អោយរួចផុតពីសេចក្តីស្លាប់។ គាត់បានខិតខំប្រមូលផ្តុំសតិអារម្មណ៍ ដោយប្រើប្រាស់ជក់របស់គាត់ ដើម្បីរៀបរាប់នូវព្រឹត្តិការណ៍មួយ ដែលគេមិនអាចរៀបរាប់អោយបានក្បោះក្បាយបានតាមរយៈការសរសេរ រឺការនិយាយស្តី»។
សម្រាប់អ្នកនិពន្ធសៀវភៅគំនូរជីវចលសញ្ជាតិបារាំង-ខ្មែរ ឈ្មោះសេរ៉ា លោកវ៉ាន់ ណាតបានផ្ទេរការចងចាំ «ដ៏រស់រវើក»មួយ ព្រោះវាគឺជាការចងចាំរបស់គាត់។ ទន្ទឹមនឹងនេះ គាត់ធ្វើការងារនេះដើម្បីខ្លួនឯងផ្ទាល់ គាត់បានផ្ទេរសារប្រាប់ទៅអ្នកដទៃ ព្រោះ «រូបគំនូររបស់គាត់គឺជាពាក្យពេចន៍មួយដែលមនុស្សមួយចំនួនបានយល់យ៉ាងច្បាស់»។
ផលិតកររូបនេះបានសង្កត់ធ្ងន់ថា «តាមគំនិតរបស់ខ្ញុំ ការងារដែលលោកវ៉ាន់ ណាត សម្រេចបាន ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយវាមិនមែនជាការឃោសនានោះទេ […]។ រូបគំនូរទាំងប៉ុន្មានរបស់គាត់បានបង្ហាញពីភាពភ័យរន្ធត់ដែលគ្មាននរណាម្នាក់ចង់ជួបប្រទះ។ តាមការយល់ឃើញរបស់ខ្ញុំ មិនមានស្លាកស្នាមរូបភាពណាមួយ ដែលបញ្ជាក់ពីការមកដល់ដោយចៃដន្យរបស់អ្នកទោសនៅក្នុងគុកទួលស្លែងនោះទេ។ គាត់គឺជាមនុស្សតែម្នាក់ ដែលព្យាយាមគូរទិដ្ឋភាពជាក់ស្តែងនេះឡើងវិញ ព្រោះគាត់ធ្លាប់បានឆ្លងកាត់ ព្រោះគំនូរគឺជាមធ្យោបាយក្នុងការរៀបរាប់អោយកាន់តែច្បាស់ពីព្រឹត្តិការណ៍ដែលគាត់ជួបប្រទះ។ គាត់ក៏ជាសាក្សីតែមួយគត់ ដែលគេមាន និងជាសាក្សីពិតប្រាកដម្នាក់»។
ការគូររូប គឺជាករណីកិច្ច ដើម្បីអ្នកស្លាប់ រយៈពេល៣០ឆ្នាំមកហើយ លោកអ៊ុំវ៉ាន់ ណាត នៅតែពុំអាចបំភ្លេចស្នាមដំបៅដ៏សែនឈឺចាប់ទាំងប៉ុន្មានរបស់គាត់ និងបំភ្លេចមុខមាត់របស់អ្នកទោសនៅគុកស-២១ ជាមួយគាត់។ លោកបានបដិសេធទៅនឹងអ្វីដែលថាពួកគេស្លាប់ឥតន័យ។
លោកអ៊ុំវ៉ាន់ ណាតមានប្រសាសន៍រៀបរាប់ថា «បច្ចុប្បន្ននេះ រាល់លើកដែលខ្ញុំត្រឡប់មកកាន់គុកទួលស្លែង ខ្ញុំហាក់បីដូចជាធ្លាក់ចូលទៅក្នុងអតីតកាល។ ការភ័យតក់ស្លុក អារម្មណ៍ភ័យខ្លាច មុខមាត់មនុស្សស្គមកំព្រឹង សំរែកនៃការឈឺចុកចាប់ដែលលាន់ឭសូរនៅក្នុងគុក ព្រមទាំងអំពើឃោរឃៅរបស់ឆ្មាំគុក តែងតែតាមលងបន្លាចខ្ញុំជានិច្ច។ ខ្ញុំហាក់បីដូចជាត្រូវបានវាយប្រហារដោយរូបភាព និងសម្លេងទាំងនេះ។ នៅជ្រុងនីមួយៗ ទឹកមុខដ៏ស្លេកស្លាំងរបស់អ្នកទោសហាក់បង្ហាញអោយខ្ញុំឃើញនូវក្រសែភ្នែកដ៏អស់សង្ឃឹមរបស់ពួកគេ ដោយស្រែកថា «ជួយខ្ញុំផង! សូមមេត្តាជួយខ្ញុំផង!»។ តាំងនាមអោយអ្នកដែលនៅរស់រានមានជីវិត ខ្ញុំត្រូវតែធ្វើជាសាក្សី។ ម្យ៉ាងវិញទៀត ខ្ញុំជឿជាក់ថាជនរងគ្រោះទាំងនេះនៅវិលវល់ជុំវិញខ្លួនរបស់ខ្ញុំ និងជួយផ្តល់កម្លាំងចិត្តដល់ខ្ញុំ ក្នុងការគូររូប»។
គូររូបគំនូរដើម្បីកុំអោយភ្លេចការចងចាំ «នេះគឺជាការចងចាំរបស់ខ្ញុំ ខ្ញុំមិនអាចបំភ្លេចហេតុការណ៍ទាំងនោះបានឡើយ។ ប៉ុន្តែ ប្រសិនជាខ្ញុំរក្សាអនុស្សាវរីយ៍ដ៏សែនជូរចត់ទាំងនេះទុកសម្រាប់ខ្លួនឯង ខ្ញុំហាក់បីដូចជាមានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន។ ខ្ញុំត្រូវតែចែករំលែកការចងចាំទាំងនេះប្រាប់ដល់អ្នកដទៃ ជាពិសេសយុវជនដែលមិនធ្លាប់បានឆ្លងកាត់របបនេះ។ ខ្ញុំត្រូវបង្ហាញថាមិនមែនមានតែខ្ញុំម្នាក់នោះទេ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈសុទ្ធតែត្រូវបានធ្វើបាបយ៉ាងទារុណ ពីសំណាក់ជនរួមជាតិរបស់ខ្លួនឯង។ ការឈឺចុកចាប់នៅតែជាស្នាមរបួសដ៏ធំមួយ ជាប់លើខ្លួនជនរងគ្រោះដូចជាពួកយើង។ ខ្ញុំគូររូប ព្រោះ ខ្ញុំមិនចង់អោយក្មេងៗជំនាន់ក្រោយជឿថា ហេតុការណ៍ដែលឪពុកម្តាយរបស់ពួកគេទទួលរងគ្រោះកាលពីមុន គ្រាន់តែជារឿងនិទានមួយ»។
តាមរយៈរូបគំនូរនៅសម័យខ្មែរក្រហមរបស់គាត់ លោកអ៊ុំវ៉ាន់ ណាតសង្ឃឹមថានឹងអាចជួយក្មេងៗជំនាន់ក្រោយក្នុងប្រទេសកម្ពុជាអោយបានយល់ច្បាស់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោកអ៊ុំសោកស្តាយដែលឪពុកម្តាយតិចតួចមួយចំនួនមិនបានរៀបរាប់រឿងសោកនាដកម្មរបស់ខ្លួនប្រាប់ដល់កូនៗរបស់ពួកគេ ប៉ុន្តែ លោកអ៊ុំមិនចង់វាយតម្លៃចំពោះអ្នកទាំងនោះទេ។ គាត់យល់ពីការស្ងៀមស្ងាត់របស់ពួកគាត់ ព្រោះពួកគាត់នៅមានអារម្មណ៍ភ័យខ្លាចរឿងអតីតកាលដែលគេចង់កប់ចោលក្នុងដី ហើយខ្លាចវាកើតឡើងសារជាថ្មីម្តងទៀត។ ពួកគាត់ខ្លាចធ្វើអោយស្នាមរបួសរើសឡើងវិញ នៅពេលរម្លឹករឿងកាលពីមុន។
លោកអ៊ុំ វ៉ាន់ ណាតបានសង្កត់ធ្ងន់ថា «ពិតជាឈឺចុកចាប់មែនទែន ក្នុងការរៀបរាប់ប្រាប់កូនរបស់គាត់ថាខ្មែរក្រហមធ្វើបាបយើង ប្រៀបដូចជាសត្វធាតុ និងប្រាប់ថាគេបានឃើញក្មេងៗស្លាប់ដោយសារភាពអត់ឃ្លាន ព្រមទាំងមនុស្សដែលត្រូវគេយកទៅសម្លាប់គឺជារឿងធម្មតា...។ ពិតជាលំបាកក្នុងការរៀបរាប់ពីរបបគ្រប់គ្រងមួយនេះ។ ប៉ុន្តែ បើសិនជាយើងមិនប្រាប់រឿងនេះដល់កូនៗ ពួកគេពិតជាមិនបានដឹងថាអំពើអមនុស្សធម៌មួយធ្លាប់បានកើតមានឡើងនៅក្នុងប្រទេសរបស់ពួកគេនោះទេ ខណៈពេលដែលប្រវត្តិសាស្ត្រអាចនឹងកើតឡើងដដែរៗ ប្រសិនជាពួកគេមិនបានដឹងលឺពីរឿងនេះ»។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកអ៊ុំបានចូលរួមធ្វើសន្និសីទ ដើម្បីផ្តល់សក្ខីកម្មនៅចំពោះមុខយុវជន។
គូររូបដើម្បីគេចចេញពីជំងឺបាក់ស្បាត សុបិនដ៏សែនអាក្រក់បានតាមលងបន្លាចលោកអ៊ុំវ៉ាន់ ណាតមិនចេះចប់មិនចេះហើយ ហើយវិធានការណ៍តែមួយគត់ដែលគាត់អាចប្រឈមមុខបាន គឺការគូររូប ដែលមានប្រសិទ្ធភាពខ្ពស់ជាងការនិយាយ រឺសរសេរ។ «ការចងចាំរបស់ខ្ញុំប្រៀបដូចនឹងធុងប្រេងមួយ។ ប្រសិនជាគេដាក់វាពេញពេក វានឹងអាចផ្ទុះ។ ប្រសិនជាខ្ញុំមិនបានគូររូប ខ្ញុំនឹងឆ្កួតមិនខាន។ ខ្ញុំត្រូវតែកម្ចាត់ស្នាមដំបៅពីអតីតកាលចោលអោយអស់ បើមិនដូច្នោះ ខ្ញុំពិតជាបាយមិនឆ្ងាញ់ សំរានមិនលក់ឡើយ»។
លោកសេរ៉ា បានយល់យ៉ាងច្បាស់អំពីស្ថានភាពរបស់វ៉ាន់ ណាត ព្រោះគាត់ក៏បានបាត់បង់ឪពុកជាជនជាតិខ្មែរមួយរូប នៅក្រោមរបបខ្មែរក្រហមដែរ។ ជាងគំនូររូបនេះបានពន្យល់ថា «មនុស្សម្នាក់ៗត្រូវស្វែងរកមធ្យោបាយរៀងៗខ្លួន ដើម្បីព្យាបាលស្នាមរបួសជាប់ក្នុងបេះដូងរបស់គេ។ អ្នកខ្លះបន់ស្រន់ព្រះជាម្ចាស់ អ្នកខ្លះផឹកសុរា រឺក៏ធ្វើអ្វីៗផ្សេងទៀត...។ ចំណែកសេរ៉ាវិញ គាត់បានសម្រេចចិត្តមកទស្សនាអតីតកាលរបស់ខ្លួន ដើម្បីផ្តាច់អនុស្សាវរីយដ៏ជូរចត់ទាំងឡាយអោយបានដាច់ស្រេច។
ការប្រឈមមុខជាមួយនឹងពេជ្ឈឃាត លោកអ៊ុំវ៉ាន់ ណាត បានសម្រេចចិត្តយល់ព្រមប្រឈមមុខជាមួយនឹងអតីតពេជ្ឈឃាតរបស់គាត់ នៅក្នុងខ្សែភាពយន្តឯកសាររបស់រឹទ្ធី ប៉ាន ឈ្មោះ «គុក ស-២១ ម៉ាស៊ីនសម្លាប់របស់ខ្មែរក្រហម»។ ផលិតកររូបនេះបានគូសបញ្ជាក់ថា «គាត់មានបំណងធ្វើការងារនេះ ព្រោះនេះគឺជាការងារដ៏មានសារៈសំខាន់មួយ។ ទោះបីជាគាត់មិនចង់ជួបអតីតអ្នកធ្វើទារុណកម្មមកលើរូបគាត់ក៏ដោយ ក៏គាត់ដឹងថាយើងសាកល្បងធ្វើការងារចងចាំមួយជាមួយគ្នា តាមរយៈការនិយាយជាមួយពួកគេ»។
តួយ៉ាង លោកអ៊ុំវ៉ាន់ ណាត បានប្រឈមមុខតទល់ជាមួយនឹងអតីតឆ្មាំគុក ឈ្មោះហួយ នៅក្នុងការថតរឿងភាពយន្តនេះ។ លោកអ៊ុំវ៉ាន់ ណាត បាននិយាយទៅកាន់ហួយ អតីតឆ្មាំគុកខ្មែរក្រហម ស-២១ ជាមួយនឹងសំដីរអាក់រអួលថាគាត់មិនអាចបំភ្លេចបានទេ បើទោះបីជាគាត់ចង់បំភ្លេចយ៉ាងណាក៏ដោយ។ ហួយបានឆ្លើយតបវិញថាគាត់អាចបំភ្លេចរឿងពីមុនបាន ហើយគាត់ឈប់គិតដល់ប្រវត្តិសាស្រ្តពីអតីតកាលទៀតហើយ។
«លោករឹទ្ធី ប៉ាន បានវិភាគថា ក្រោយមក ខ្ញុំយល់ឃើញថាឆន្ទះរបស់ណាត គឺចង់ដឹកនាំអ្នកដទៃអោយមកចូលរួមធ្វើជាសាក្សី ដើម្បីកុំអោយប្រវត្តិសាស្រ្តនេះត្រូវបានគេបំផ្លើស រឺបំភ្លេចចោល។ ការងារចងក្រងប្រវត្តិសាស្រ្តនៅមិនទាន់ពេញលេញនោះទេ ខណៈពេលអតីតពេជ្ឈឃាតមិនបានចូលរួមនៅក្នុងការងារនេះ។ ជាក់ស្តែង ហួយមិនអាចនិយាយ<
|
|
|