កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ទាំង​អ្នក​វិទ្យាសាស្ត្រ​ទាំង​អ្នកភូមិ​នាំ​គ្នាការ​ពារ​ ធនធាន ​បាតសមុទ្រ​នៅកម្ពុជា
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៨-០៨-២០០៨

Cambodge - nudibranche © Paul Ferber / DSC

 ក្រុង​ព្រះសីហនុ (កម្ពុជា) : កំណប់​មាន​ជីវិត​នៅ​លាក់ខ្លួន​​ក្នុង​បាត​សមុទ្រ​កម្ពុជា ដូច​ជា​ខ្យង​សមុទ្រ​ឥត​សំបកដ៏​ស្រស់​ស្អាត​នេះ​ជាដើម
© Paul Ferber / Dive Shop Cambodia

ពពុះទឹក​យក្ស​ សេះសមុទ្រ​ដ៏ក្រម៉ិចក្រមើម ខ្យង​សមុទ្រ​ឥតសំបកចម្រុះពណ៌ ផ្កាថ្ម.... បាត​សមុទ្រ​នៅ​ឆក​ក្រុង​ព្រះ​សីហនុ​នៅ​មាន​កំណប់មាន​ជីវិតមួយ​ចំនួន ក្នុង​ចំណោម​នោះ​មាន​ប្រភេទ​សត្វ​សមុទ្រ​កម្រៗ​យ៉ាង​ច្រើន។ ប៉ុន្តែ​តើ​វា​នៅសល់​ដល់ពេលណា ? ជាយូរ​មក​ហើយ ប្រទេស​កម្ពុជា​បាន​ព្រងើយ​កន្តើយ​​នឹង​​បេតិកភ័ណ្ឌ​ដ៏​អស្ចារ្យទាំង​នេះ​ ដោយសារ​ខ្វះ​មធ្យោបាយ​ និង​រវល់​តែ​ខ្វល់​ខ្វាយ​នឹង​ការ​ចិញ្ចឹម​ជីវិត​ ជាហេតុ​ធ្វើ​អោយ​បេតិកភ័ណ្ឌ​នេះ​បាត់​បង់​ទៅ​ពី​មួយ​ទៅ​មួយ​ថ្ងៃ​។ ធនធាន​ទាំង​នេះ​រង​គ្រោះនៃការ​​បំផ្លាញ​ដោយ​សារការ​នេសាទ​ ដែល​មិន​អាច​អោយ​សត្វ និង​រុក្ខជាតិ​សមុទ្រ​​រីក​លូត​លាស់​។​ ការ​អភិរក្ស​ធនធាន​សមុទ្រ​កម្ពុជា​គឺ​ជា​ការ​ងារ​បន្ទាន់​មួយ​ ហើយ​ដំណាក់​ការ​ទី១​នៃ​ការងារ​នេះ​គឺត្រូវ​ធ្វើ​បញ្ជើ​សារពើភ័ណ្ឌ​។ ​វា​គឺ​ជា​ការ​ងារដែលក្រុម​អ្នកជាប់​​ចិត្ត​​នឹង​ធនធាន​បាតសមុទ្រ​​ចង់​ធ្វើ​ ក្រោម​ការ​ផ្តួច​ផ្តើម​របស់ក្លឹប​អ្នក​ជ្រមុជ​ទឹក​នៅ​ក្រុង​ព្រះសីហនុ និង​គាំទ្រ​ពី​ខ័ណ្ឌ​រដ្ឋបាល​​នេសាទ​។ គោលបំណង​​គឺ​វាយតម្លៃតាម​បែប​​វិទ្យាសាស្រ្ត​ពី​ការ​គំរាម​កំហែង​ទៅលើ​ធនធាន​បាតសមុទ្រ​ទាំង​នេះ​ ហើយ​​រៀប​ចំ​តំបន់​អភិរក្សទៅ​ថ្ងៃ​អនាគត។

 

នៅ​មាន​សង្ឃឹម​សម្រាប់​សង្គ្រោះឆក​ក្រុង​ព្រះសីហនុ
គេ​គ្រាន់តែ​អាន​អត្ថបទ​​មួយ​ចំនួន​នៅ​ក្នុង​កិច្ចពិភាក្សា​តាម​អ៊ិនធឺណែត​ស្តីពី​ការ​ជ្រមុជ​ទឹក​ គឺ​គេ​អាច​យល់​បានពី​រឿង​នេះ​​។ ឆក​ក្រុង​ព្រះសីហនុ​មិន​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ជ្រមុជទឹក​ក្នុង​បាតសមុទ្រ​ទេ ហើយ​ពួកគេ​ចូល​ចិត្ត​​តំបន់​នៅ​ថៃ​​ជាង​។ អ្នក​ស្រឡាញ់​ប្រទេស​កម្ពុជា​មួយ​ចំនួន​តែង​តែ​ស្តាប់​ឮការអធិប្បាយ​មិន​សូវ​ជា​កោត​សរសើរ​ប៉ុន្មាន​ទេចំពោះ​តំបន់​បាត​សមុទ្រ​កម្ពុជា​។ គេតែង​តែឮ​ពាក្យ​ថា«​ធនធាន​បាតសមុទ្រ​កម្ពុជា​មាន​ការ​ខូច​ខាត» «ពុំ​សូវ​មានអ្វី​មើល​» «មាន​តែ​ដីខ្សាច់» «មិនសូវ​មាន​ពពួក​សត្វ​ច្រើន» ឬ​ក៏មិន​អីចឹងទេ​ គេ​មិន​និយាយដល់​ថ្នាក់​នេះ​ទេ តែ​​​​គឺខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ពីព្រោះ​ថា​ធនធានបាត​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ​បាន​ធ្លាក់​ចុះ​ប្រាកដ​ណាស់ ប៉ុន្តែ​នៅ​មិន​ទាន់​បាត់​បង់​ទាំង​ស្រុង​ទេ​។ នេះ​ជា​ការ​ជឿ​ជាក់​របស់​លោក​ប៉ូល ហ្វែរប៊ែរ អ្នក​គ្រប់​គ្រង​ក្លឹប​ Dive Shop Cambodia (DSC)​។ ជនជាតិ​អង់គ្លេស​ម្នាក់​នេះ​គឺ​ជាអ្នក​ផ្តើម​គំនិត​គម្រោង​ស្រាវជ្រាវ​ និង​អភិរក្ស​ពពួកសត្វ​ និង​រុក្ខជាតិ​សមុទ្រ​នៅកម្ពុជា។

លោក​ពន្យល់​ដោយរីករាយថា៖ «យើង​នៅ​ឃើញ​មាន​ប្រភេទ​​សត្វ​និងរុក្ខជាតិកម្រ​ជាច្រើន​នៅ​ក្នុង​សមុទ្រ​កម្ពុជា ដែល​នៅ​កន្លែង​ផ្សេង​មិន​ងាយនឹង​បាន​ឃើញ​ឡើយ។ ជាពិសេស​គឺ​មាន​សត្វ​សេះ​សមុទ្រ​ប្លែកៗ យ៉ាង​ហោច​ក៏​៥​ប្រភេទ​ខុស​ៗគ្នា​ដែរ សត្វ​ខ្យងគ្មានសំបកកម្រ និងប្រភេទ​ផ្កា​ថ្ម​ដ៏​ស្រស់​ស្អាត»។

ធនធាន​បាតសមុទ្រ​បន្ត​ធ្លាក់ចុះ
លោក​ប៉ូល ហ្វែរប៊ែរ ​​បាន​មក​ក្រុង​ព្រះសីហនុ​នេះ​ពីរ​ឆ្នាំ​មកហើយ បន្ទាប់​ពីស្នាក់​នៅ​ភូកេត​ ប្រទេស​​ថៃ​បាន​ជាង​៣​ឆ្នាំមក​។ លោក​​មាន​សញ្ញាប័ត្រ​«Dive Master» (អ្នក​​ដឹកនាំ​ក្រុម​អ្នក​ជ្រមុជទឹក)​​តាំង​ពី​ឆ្នាំ​១៩៩៨​មក។ លោក​មាន​អារម្មណ៍​លើស​ពី​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នៅពេល​លោក​បាន​ជ្រមុជ​ទៅ​ក្នុង​បាត​សមុទ្រ​កម្ពុជា​ជាលើក​ដំបូង​។ លោក​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ដី​និង​សមុទ្រ​កម្ពុជា។ នៅ​ពេល​នោះ លោក​មាន​អារម្មណ៍​ប្រៀប​ដូច​ជា​រូប​លោក​គឺ​ជា​សត្វ​ត្រី​កំពុង​ហែល​ទឹក​លេង​អីចឹង។

Sihanoukville - Cambodge - Nudibranche © Paul Ferber / DSC
 ក្រុង​ព្រះសីហនុ (កម្ពុជា) : ​ខ្យង​សមុទ្រ​ឥត​សំបក
© Paul Ferber / Dive Shop Cambodia

ប៉ុន្តែ ក្នុង​រយៈពេល​២ឆ្នាំមកនេះ អ្នក​ជ្រមុជ​ទឹក​រូប​នេះ​បាន​សង្កេត​ឃើញថា ​ការ​បំផ្លិច​បំផ្លាញ​កាន់​តែ​ខ្លាំង​ឡើងដោយសារ​​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​អ្ន​កនេសាទ។ ធនធាន​បាត​សមុ​ទ្រ​ដ៏​មាន​តម្លៃ​បាន​ប្រែក្លាយ​ជា​ដី​ខ្សាច់​រហោស្ថាន​«ត្រងោល​ឆឹល​»តែម្តង រីឯ​ពពួក​សត្វ​ផ្សេងៗ​វិញ​កាន់​តែ​ក្រ​ទៅៗ។ ការ​នេសាទ​ដោយ​ប្រើ​ថ្នង​ជ្រៅៗ​បានកោស​យក​អ្វី​ៗទាំង​អស់​ដ​ល់​បាត​ដី ហើយ​ជាទូទៅ ឧបករណ៍​ប្រភេទ​នេះ​គឺ​អនុញ្ញាត​អោយ​ប្រើ​តែ​ក្នុង​តំបន់​កំណត់​ប៉ុណ្ណោះ។ បន្ថែម​លើនេះ​ ការ​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ ឬក៏​ការ​ប្រើ​បច្ចេកទេស​គ្មាន​ការជ្រើស​រើស​ត្រឹម​ត្រូវ​គឺធ្វើ​អោយ​ប្រភេទ​សត្វ​នេសាទ​​បានគ្មាន​អនាម័យ​​មិន​អាច​បរិភោគបានហើយ​ក៏​ត្រូវ​ចាក់​ចោល​ចូល​ក្នុង​សមុទ្រ...​កត្តា​ទាំងអស់នេះ​បាន​ធ្វើ​អោយ​ធនធាន​បាតសមុទ្រ​ថយ​ចុះ​បន្តិច​ម្តងៗ។ លោក​សោក​ស្តាយថា៖​«ធនធាននេះ​​​នៅសល់​តិច ពីមុន​យើង​ឃើញ​មាន​​សត្វសេះ​សមុទ្រ​ពី២០​ទៅ​៣០​ក្បាល​ក្នុង​ពេលជ្រមុជ​ទឹក​ម្តង​។ បច្ចុប្បន្ន យើង​ឃើញ​មាន​មិន​ដល់​១០ក្បាល​ផង​»។

ធ្វើ​បញ្ជីសារពើភ័ណ្ឌប្រព័ន្ធ​អេកូសាស្រ្ត​តាម​បែប​វិទ្យាសាស្រ្ត​
អ្នក​ជ្រមុជ​ទឹក​ និង​អ្នក​នេសាទ​ជាច្រើនបាន​សង្កេតឃើញពី​ការ​ធ្លាក់​ចុះនៃ​ធនធាន​បាតសមុទ្រ​ទាំង​នេះ​។ ប៉ុន្តែ​ការ​សង្កេត​មើល​នឹង​«ភ្នែក​»ធម្មតា​មិន​អនុញ្ញាត​អោយ​គេ​អាច​វាយតម្លៃបាន​​ច្បាស់​លាស់​ពី​ទំហំ​នៃការ​ខូចខាត​ និង​មូលហេតុ​ពិត​​បានទេ ហើយ​វា​ក៏​មិន​អាច​អោយ​គេ​ដឹងមាន​អ្វី​ខ្លះ​ ​នៅ​​អាច​ស្រោច​ស្រង់​បាន និង​ថាតើ​ត្រូវ​ស្រោ​ចស្រង់​យ៉ាង​ដូច​ម្តេច​។ ទិន្នន័យស្តី​ពី​ស្ថានភាព​រុក្ខជាតិ និង​សត្វ​នៅ​ក្នុងសមុទ្រ​កម្ពុជា​មិន​មែន​ថា​គ្មាន​សោះ​នោះទេ តែ​វា​មាន​​តិច​តួច​ណាស់​។ នៅ​ឆ្នាំ ២០០០ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​​ធ្លាប់​បានរៀបចំ​ធ្វើ​ជំរឿន​លើ​ធនធាន​សមុទ្រ​ តាមរយៈ​ជំនួយ​របស់​ជប៉ុន និង​សាំង​ហ្កាពួរ។ នៅឆ្នាំ​២០០៤ ការ​សិក្សា​មួយទៅលើ​ផ្កាថ្ម​បាន​ផ្តល់​ព័ត៌មានដំបូងៗ​​ជាច្រើន​។ ប៉ុន្តែ​ដោយសារ​ខ្វះ​មធ្យោបាយ កម្មវិធី​ទាំង​នេះ​​មិន​ត្រូវ​បាន​ធ្វើឡើងវិញ​ទេ ទោះ​វា​សំខាន់​សម្រាប់​នយោបាយ​​អភិរក្ស​ក៏ដោយ។

ដូច្នេះ​លោក​ប៉ូល ហ្វែរប៊ែរ និង​អតិថិជន​ម្នាក់​របស់លោក​ គឺ​ជីវវិទូ​បារត៍ គ្លូសគែន អ្នក​ជំនាញ​ខាង​បរិស្ថាន​ក្នុង​ទឹក​ ក៏​មាន​គំនិត​បង្កើត​ក្រុម​តូច​មួយ​ដែល​ទទួល​​បន្ទុក​ធ្វើ​បញ្ជី​សារពើភ័ណ្ឌ​លើ​ធនធាន​បាត​សមុទ្រ​​នៅ​ក្រុង​ព្រះសីហនុ។ លោក​បារត៍ពន្យល់ថា៖ «គោល​បំណង​គឺ​ប្រមូល​ផ្តុំ​អ្នក​ស្ម័គ្រ​ចិត្ត ជាពិសេស​គឺ​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​ឯកទេស​ខាងសត្វ​និង​រុក្ខជាតិ​សមុទ្រ​​​ មក​រួម​គ្នា​ជាមួយ​កម្លាំង​ស្នូល​ដ៏​រឹង​មាំ​មួយ​​ ដើម្បី​បង្កើត​ជា​ក្រុម​តាមដាន​ធនធាន​បាតសមុទ្រ ហើយ​ប្រមូល​ទិន្នន័យ​សំខាន់ៗ​សម្រាប់​អោយ​អាជ្ញាធរ»។ លោក​គឺ​ជា​ជនជាតិ​ហូឡង់ លោក​មកធ្វើការ​នៅ​កម្ពុជា​អោយ​អង្គការ​មូលនិធិ​សត្វព្រៃពិភពលោក (WWF) ទៅ​លើ​កម្មវិធី​សង្គ្រោះ​ផ្សោត​ទឹក​សាប​។

សម្រាប់​ពេលនេះ ក្លឹប​ DSC ផ្តល់​​ជា​ទូក​ សម្ភារៈ និង​ធនធាន​មនុស្ស​ចាំ​បាច់​មួយ​ចំនួន​សម្រាប់​ដឹកនាំ​​ប្រតិបត្តិការ​ធ្វើ​ជំរឿន​នេះ ដោយ​ធ្វើការងារ​ជាមួយ​អាជ្ញាធរមូលដ្ឋាន​និង​អាជ្ញាធរជាតិ ដើម្បី​ដំណើរ​ការ​​គម្រោង​​នេះយូរ​អង្វែង។ នៅ​ដើម​ខែ​កក្កដា ដោយ​សហការ​ជាមួយ​ប្រធានរដ្ឋបាល​នេសាទ​ ការ​បណ្តុះ​បណ្តាល​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ តាម​រយៈ​ការ​បើក​សម្ពោធន៍​ការ​ស្រាវជ្រាវ​ដំបូង​។

Sihanoukville - Cambodge - Hippocampes © Paul Ferber / DSC
 ក្រុង​ព្រះសីហនុ (កម្ពុជា) : ​សេះ​សមុទ្រ
© Paul Ferber / Dive Shop Cambodia 

លោក​ប៉ូល​គូសបញ្ជាក់ថា៖ «វាគឺជា​ការ​បោះ​ជំហានយ៉ាង​វែង​មួយ​​រួច​ទៅ​ហើយ​​ដែល​យើង​អាច​បង្កើត​កម្មវិធី​ប្រមូល​ទិន្នន័យ​។ អាជ្ញា​ធរ​គ្មាន​មធ្យោបាយ​ធ្វើ​បានទេ ប៉ុន្តែ​យ៉ាង​ហោច​អាជ្ញាធរ​បាន​បង្ហាញថា ខ្លួន​មាន​ឆន្ទៈ​ដែរ។ អ្វីដែល​យើង​អាច​ធ្វើ​បានសម្រាប់​ពេល​នេះ គឺ​ផ្តល់​ព័ត៌មាន​ពី​អ្វី​​ដែល​ធ្វើ​បាន​ដើម្បី​ការពារ​ធនធាន​បាតសមុទ្រ​នៅ​កម្ពុជា។ ដោយសារ​ខ្វះទិន្នន័យ​ វា​ពិបាក​នឹង​ដឹង​បញ្ហា​ច្បាស់​»។ លោក​បារត៍​បន្ថែម​ថា៖ «យ៉ាង​ហោច​វា​នឹង​អាច​ជា​សញ្ញាប្រកាស​អាសន្ន​ ដោយ​ផ្អែក​លើ​ភស្តុតាង​​ដ៏​គួរ​អោយ​ទុក​ចិត្ត​»។

ការពង្រីក​បណ្តាញ​តាមដាន​
នៅពេល​បណ្តាញ​នេះ​ត្រូវ​ពង្រឹង ជាពិសេស​តាមរយៈ​មហាវិទ្យាល័យ​នានា​នៅអាស៊ី​​ដូចជា​មហាវិទ្យាល័យ​សាំងហ្កាពួរជាដើម ដំណាក់​ការ​ក្រោយ​នឹង​ផ្តោត​លើ​ការ​ស្វែងរក​ធនធាន​(លុយ) ដើម្បី​រ៉ាប់រង​ការ​តាមដាន​ជា​ប្រចាំ ដែល​អាច​អោយ​គេ​ធ្វើ​ការ​ប្រៀប​ធៀប​ទិន្នន័យ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ហើយ​ចាត់​វិធានការ​សម​ស្របណាមួយ​​។

ដោយ​មិន​រង់ចាំ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ លោក​ប៉ូល និង​លោក​បូរ៉ា បុគ្គលិក​ជនជាតិ​ខ្មែរ​នៅ​ក្លឹប​ DSC ដែលមានសញ្ញាប័ត្រ​ «Dive Master» និង​​កំពុង​រៀប​ចំ​ខ្លួន​ក្លាយ​ជា​អ្នក​ចុះ​ទៅបង្រៀន​តាម​សហគមន៍​នៅ​ភូមិ​ម៉ៃប៉ៃ កោះ​រូង​សន្លឹម​ ដើម្បី​​បង្កើត​តំបន់​អភិរក្ស​​​។ នៅ​ក្នុង​តំបន់​នេះ​ អ្នក​នេសាទ​តែ​​ ៥០​គ្រួសារដែល​រស់នៅ​ទីនោះ​​ប៉ុណ្ណោះ​ ត្រូវគេ​អនុញ្ញាត​អោយ​នេសាទ​ ដោយ​ប្រើ​បច្ចេកទេស​មិន​បំផ្លាញដល់ជីវិត​សត្វ​និង​រុក្ខជាតិ​ ហើយ​រក្សា​លំនឹង​​ធនធានក្នុង​បាតសមុទ្រ​។ លោក​ប៉ូលរៀប​រាប់ថា៖ «អ្នក​ភូមិ​ក៏​សង្កេត​ឃើញដែរ​ថា បរិមាណ​ត្រី​ថយ​​ចុះ​។ ដូច្នេះ ពួកគេ​ស្នើ​​បង្កើត​តំបន់​នេសាទ​កំណត់មួយ​។ ប្រធាន​ភូមិ​បង្ហាញ​​ភាព​រីករាយ​យ៉ាង​ខ្លាំង ហើយ​ក្រុម​អ្នក​ភូមិ​ជាអ្នក​តាម​ដាន​​»​។ មិន​ដល់​៦ខែ​ផង បែប​បទ​ចាំ​បាច់​ទាំងមូល​ត្រូវ​បាន​បំពេញរួចរាល់​ ខណៈពេល​ដែល​នីតិវិធី​ប្រភេទ​នេះ​ធម្មតា​ត្រូវ​ស៊ី​​ពេល​រាប់​ឆ្នាំ... បច្ចុប្បន្ន សំណុំ​ឯកសារ​គឺ​ស្ថិត​នៅ​លើ​តុ​របស់​​រដ្ឋបាល​នេសាទ​។

Image

បញ្ចូល​សហគមន៍​អ្នក​ភូមិ​ក្នុង​គម្រោង​
ប្រតិបត្តិការ​សំខាន់​ផ្សេងៗ​ទៀត ដូចជា​ការ​សម្អាត​ឆ្នេរខ្សាច់​ សហការ​ជាមួយ​អង្គការ​​​ដែល​ធ្វើ​ការ​ជាមួយ​កុមារ​តាម​ចិញ្ចើម​ថ្នល់​ និង​ការ​សម្អាត​បាតសមុទ្រ​​ជាដើម​​(​ប្រតិបត្តិការ​លើក​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២០ កញ្ញា នៅក្នុងឱកាស​ទិវា​អន្តរជាតិ​សម្អាត​បាត​សមុទ្រ​​ ដែល​បង្កើត​ឡើង​ដោយ​គម្រោង​ Aware) ក៏​ត្រូវ​បាន​ធ្វើ​ឡើងផង​ដែរ។

សម្រាប់​ក្លឹប​អ្នក​ជ្រមុជ​ទឹក ពោលគឺ​ក្លឹប DSC  ការ​ធ្វើ​ទំនាក់​ទំនង​​ជាមួយ​សហគមន៍​មូលដ្ឋាន​គឺ​ជា​របៀប​មួយ​ដើម្បី​អាច​ទទួលបាន​ទំនុក​ចិត្ត​ពីពួកគេ​ ហើយ​ធ្វើ​អោយ​យើង​​ប្រាកដ​ថា​សត្វ​ និង​រុក្ខជាតិ​​សមុទ្រ​ដែល​ពួកគេ​ធ្វើ​ពាណិជ្ជកម្ម​​អាច​បន្ត​ជីវិត​បាន​។ លោកប៉ូល​សារភាពថា៖ «​យើង​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​មួយ​ចំ​ណែក​ដែរ​នៅ​ក្នុង​ការ​ធ្លាក់​ចុះ​នៃ​ធនធាន​បាតសមុទ្រនេះ​»​។ ពិត​ណាស់​ថា ​អ្នក​ជ្រមុជទឹក​យ​ក​ចិត្ត​ទុកដាក់​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​មែន ក៏​វាមិន​មែន​បានន័យថា​សកម្មភាព​ពួកគេ​គ្មាន​ផល​ប៉ះពាល់​នោះ​ដែរ : «មាន​ពេលខ្លះ​ទូក​អ្នក​នេសាទ​បើក​តាម​ទូក​អ្នក​ជ្រមុជ​ទឹក​ ដើម្បីរក​​កន្លែង​​សម្បូរ​ត្រី» នេះ​ជា​ការ​ពន្យល់​របស់​ជនជាតិ​អង់គ្លេស​​ខាងលើ។ តែ​លោក​មិន​តាំង​ខ្លួន​ធ្វើ​ជា​អ្នក​ណែនាំ​អ្វីទេ... តាម​ពិត​ទៅ​ វា​គឺជាវិធី​មួយ​របស់​លោក​ដើម្បី​រម្លឹកថា បញ្ហា​អភិរក្ស​ធនធាន​បាត​សមុទ្រ​កម្ពុជា​​គឺ​ខ្ពស់​ហួស​ពី​សមត្ថភាព​​របស់​អ្នក​ទេសចរធម្មតា​​ដែលគ្រាន់​តែ​ចង់​ដើរ​​ស្វែងរក​​រូបភាពល្អៗ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ