|
អធិប្បាយចុងក្រោយ
|
| អ្នកស្រីដេនី អាហ្វុងសូ អ្នកនៅមានជីវិតរស់នៅពីរបបខ្មែរក្រហមៈ "គេត្រូវតែកាត់ទោសឧក្រិដ្ឋ របស់ពួកខ្មែរក្រហម" |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១១-០៩-២០០៨ |
ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៥ សីហា ១៩៧៩។ អ្នកស្រីដេនី អាហ្វុងសូ ជនជាតិបារាំង នៅក្នុងសវនការកាត់ទោស "បនប៉ុល ពត-អៀង សារី" ដែលត្រូវបង្កើតឡើងដោយរដ្ឋាភិបាលគាំទ្រវៀតណាម © Coll. Denise Affonço-Herrmann ស្ថិតនៅក្នុងវ័យ៣១ឆ្នាំ អ្នកស្រី ដេនី អាហ្វុងសូ (Denise Affonço) ដែលជាជនជាតិបារាំងមួយរូប បានធ្លាក់ចូលទៅក្នុងរណ្តៅសោកនាដកម្មនៃរបបខ្មែរក្រហម(១៩៧៥) ជាមួយនឹងស្វាមី ព្រមទាំងកូនៗរបស់អ្នកស្រី។ អ្នកស្រីបានរៀបរាប់អំពីស្វាមីដែលជាជនជាតិចិន រស់នៅខេត្តកំពត ថាជា «អ្នកប្រកាន់លទ្ធិកុម្មុយនីស្ត និងមានសុទិដ្ឋិនិយមជ្រុលហួសហេតុ»។ គាត់ (ស្វាមី)ត្រូវបានគេសម្លាប់យ៉ាងទាន់ហន់។ ប៉ុន្តែ ទាល់តែនៅដើមឆ្នាំ១៩៧៨ ទើបអ្នកស្រីបានដឹងទាំងសោកសៅថាគាត់បានស្លាប់បាត់ទៅហើយ។ នៅសម័យនោះ អ្នកស្រីត្រូវបានគេអោយទៅធ្វើការជីកទំនប់មួយ។ មេភូមិបានប្រកាសនៅក្នុង «កិច្ចប្រជុំលាងសំអាតខួរក្បាលមួយ» ថាអង្គការបានសម្រេចថាទំនប់ដែលកំពុងកសាងនេះនឹងត្រូវដាក់ឈ្មោះថា ទំនប់មេម៉ាយ។ ឈ្មោះនេះនឹងក្លាយទៅជាចំណងជើងសៀវភៅនៃសក្ខីភាពរបស់អ្នកស្រី ដែលត្រូវបានបោះឆ្នោតផ្សាយនៅប្រទេសបារាំងជាលើកទីមួយ នៅឆ្នាំ២០០៥។ នៅក្នុងកិច្ចសំភាសន៍ជាមួយនឹង កាសែត អ្នកស្រី ដេនី អាហ្វុងសូបានរៀបរាប់អំពីរឿងរ៉ាវដ៏សែនឈឺចាប់កាលពីមុនរបស់គាត់ ហើយនឹងសុបិនអាក្រក់ដែលនៅតាមលងបន្លាចគាត់ជារៀងរាល់ថ្ងៃ។ កាសែតៈ អ្នកស្រីស្ថិតនៅក្នុងចំណោមពួកបស្ចឹមប្រទេសដ៏កម្រដែលមានលទ្ធភាពអាចគេចផុតចេញពីរបបខ្មែរក្រហម។ តាំងនាមជាជនជាតិបារាំង ចាប់តាំងពីថ្ងៃចូលកាន់កាប់របស់ខ្មែរក្រហមដំបូង តើមូលហេតុអ្វីបានជាអ្នកស្រីត្រូវមករស់នៅក្រោមរបបមួយនេះ ព្រោះខ្មែរក្រហមព្យាយាមបណ្តេញពួកបស្ចឹមប្រទេសចេញពីទឹកដីរបស់ពួកគេ? ដេនី អាហ្វុងសូៈ រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំគឺជាលេខាមួយរូបនៃសេវាកម្មវប្បធម៌នៃស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ មួយខែមុនការមកដល់របស់ខ្មែរក្រហម អាជ្ញាធរបារាំងបានដឹកនាំប្រជាជនបារាំងចេញពីប្រទេស។ រដ្ឋបារាំងត្រៀមនឹងចេញថ្លៃចំណាយនៃការធ្វើដំណើរសម្រាប់ខ្ញុំ និងកូនទាំងពីររបស់ខ្ញុំ ប៉ុន្តែ មិនបានចេញថ្លៃចំណាយសម្រាប់ស្វាមីរបស់ខ្ញុំដែលជាជនជាតិចិននោះទេ ព្រោះយើងមិនទាន់បានរៀបការស្របច្បាប់នៅឡើយ។ ដោយសារតែយើងគ្មានលទ្ធភាពចេញថ្លៃចំណាយធ្វើដំណើរសម្រាប់សមាជិកខាងគ្រួសារឪពុកម្តាយក្មេករបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តរស់នៅទីនេះបន្ត ដោយមិនសុទ្ធចិត្តបោះបង់ចោលស្វាមីរបស់ខ្ញុំឡើយ។ ម្យ៉ាងវិញទៀត ស្វាមីរបស់ខ្ញុំដែលជាអ្នកកាន់កុម្មុយនីស្តជ្រុលហួសហេតុពេក សង្ឃឹមជឿជាក់យ៉ាងមុតមាំថាការមកដល់របស់ខ្មែរក្រហមនឹងនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ។ គាត់មានទំនុកចិត្តទៅលើពួកកុម្មុយនីស្ត។ ជារៀងរាល់យប់ គាត់តែងតែស្តាប់វិទ្យុប៉េកាំងដោយលួចលាក់។ វិទ្យុនេះបានឃោសនាអំពីជ័យជំនះរបស់កងទ័ពសេរី និងអំពើល្អរបស់កងទ័ពព្រៃចក្រពត្តិចំពោះប្រជារាស្រ្ត។
ទោះជាយ៉ាងណា នៅថ្ងៃជម្លៀសប្រជាជនភាគខាងត្បូងទីក្រុងភ្នំពេញ ខ្ញុំមិនអាចទៅកាន់ស្ថានទូតបារាំង ដែលស្ថិតនៅភាគខាងជើងបានទេ ព្រោះការជម្លៀសនេះត្រូវធ្វើឡើងតាមតំបន់ និងតាមទិសដៅ ពោលគឺប្រជាជនរស់នៅភាគខាងជើង ត្រូវជម្លៀសទៅភាគខាងជើង ចំណែកអ្នករស់នៅភាគខាងត្បូងត្រូវជម្លៀសទៅភាគខាងត្បូង ….។ ដោយសារធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្មែរក្រហម យើងមិនអាចធ្វើអ្វីបាន ក្រៅអំពីប្រតិបត្តិតាមបទបញ្ជារបស់យោធាខ្មែរក្រហមនោះឡើយ។ នៅពេលចេញផុតពីទីក្រុង គឺនៅប៉ុស្តិ៍ត្រួតពិនិត្យទីមួយ ខ្ញុំបានបង្ហាញលិខិតឆ្លងដែននៃប្រទេសបារាំង ដោយពន្យល់ប្រាប់ពួកគេថាទាំងខ្ញុំនិងកូនៗ សុទ្ធសឹងតែជាជនជាតិបារាំង ព្រោះខ្ញុំសង្ឃឹមក្នុងចិត្តថាពួកគេនឹងព្រមអោយយើងធ្វើដំណើរទៅកាន់ស្ថានទូតបារាំង ប៉ុន្តែ អ្វីៗមិនដូចជាការគិតនោះទេ។ ពួកគេបានទាញយកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណការងារនៅស្ថានទូត ព្រមទាំងសំបុត្រកំណើតកូនទាំងពីររបស់ខ្ញុំចេញពីដៃរបស់ខ្ញុំ ហើយចាប់ហែកចោលអស់។ បន្ទាប់មក ពួកគេបានបញ្ជាអោយយើងធ្វើដំណើរបន្តទៀត។ ប្រសិនជាពួកគេបណ្តេញពួកបស្ចឹមប្រទេសចេញពីប្រទេស ប្រហែលជាអ្នកទាំងនោះត្រូវមាន «សម្បុរសទង់ដែង ភ្នែកពណ៌ខៀវ» និងមិនចេះនិយាយភាសាខ្មែរ ប៉ុន្តែ ខ្ញុំមិនបំពេញលក្ខខណ្ឌទាំងនោះទេ ព្រោះខ្ញុំមានសម្បុរទង់ដែង ភ្នែកខៀវ ជាពិសេសខ្ញុំមកជាមួយនឹងគ្រួសារចិន ដែលចេះនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។ ប្រយោគរបស់ពួកខ្មែរក្រហមមួយឃ្លាដែលខ្ញុំនៅចងចាំនោះគឺ «ចាប់តាំងពីថ្ងៃនេះតទៅ លែងមានចិន បារាំង វៀតណាមទៀតហើយ។ យើងទាំងអស់គ្នាគឺជាខ្មែរ» ។
កាសែតៈ ក្នុងស្ថានភាពអ្នកស្រីគឺជាជនជាតិបរទេស អ្នកស្រីពិតជាត្រូវទទួលរងនូវទុក្ខលំបាកយ៉ាងខ្លាំង ក្នុងអំឡុងរយៈកាលដ៏ខ្មៅងងឹតនេះ? ដេនី អាហ្វុងសូៈ ពិតជាមហាសែនវេទនា នេះក៏ព្រោះតែស្វាមីរបស់ខ្ញុំឈ្មោះសេង ដែលជាអ្នកកាន់លទ្ធិកុម្មុយនីស្តជ្រុលហួសហេតុ និងចូលចិត្តនិយាយច្រើន។ ខ្ញុំត្រូវបានគេកត់សម្គាល់តាំងពីថ្ងៃដំបូងមកម្ល៉េះ។ នៅតាមជំរុំថ្មីនីមួយៗ មេភូមិបានដឹងថាខ្ញុំគឺជាជនជាតិបារាំង៖ ពួកគេបានហៅខ្ញុំថា «យាយបារាំង» រឺ «យាយពង់សូ» (ព្រោះឈ្មោះរបស់ខ្ញុំ «អាហ្វុងសូ» មិនអាចបញ្ចេញសម្លេងជាភាសាខ្មែរបានទេ)។ ជាពិសេស ប្រពន្ធមេភូមិទាំងនោះចូលចិត្តសើចចំអកអោយរូបខ្ញុំ។ ពួកគេតែងតែចាំឃ្លាំមើលខ្ញុំរហូត ហើយសើចចំអកឡកឡឺអោយខ្ញុំ ដោយសារតែខ្ញុំមិនចេះធ្វើការនៅក្នងចំការ។ គ្រប់គ្នាត្រូវតែចេះ ភ្ជួររាស់ដី សាបសំណាប ដកសំណាប ស្ទូងស្រូវ ច្រូតកាត់ បោកស្រូវ និងប្រមូលស្រូវ ដាំពោត កាត់ពោត និងហាលថ្នាំជក់។ ការងារនេះគឺជាការងារធម្មតាសម្រាប់អ្នករស់នៅតំបន់ភ្នំ ប៉ុន្តែ វាគឺជាការងារដ៏លំបាកសម្រាប់អ្នករស់នៅទីក្រុង។ យើងត្រូវរៀនរស់នៅក្នុងស្ថានភាពលំបាកវេទនា។ ជានិច្ចកាល ស្រ្តីទាំងនោះបានបង្ហាញអោយឃើញពីអំពើសាហាវឃោរឃៅរបស់ពួកគេ។ នៅពេលខ្ញុំមិនអាចមកធ្វើការបាន ដោយសារមានជម្ងឺគ្រុនចាញ់ រឺជម្ងឺរាគមួល ពួកស្រ្តីទាំងនោះតែងតែសុំយោធា ចាប់នាំខ្លួនខ្ញុំចេញមក ដោយចោទប្រកាន់ថាខ្ញុំ «ធ្វើពុតជាឈឺ»។
កាសែតៈ តើអ្នកស្រីអាចរៀបរាប់អំពីជីវភាពប្រចាំថ្ងៃ នៅសម័យនោះបានដែររឺទេ? ដេនី អាហ្វុងសូៈ ជារៀងរាល់ព្រឹកទោះបីជាថ្ងៃនោះអាកាធាតុល្អ រឺមានភ្លៀងធ្លាក់ រឺធ្លាក់ខ្យល់ក៏ដោយ គ្រប់គ្នាត្រូវតែក្រោកពីព្រលឹម តាំងពីមាន់រងាវ ដើម្បីមកជួបជុំគ្នានៅមុខខ្ទមរបស់មេភូមិ ដើម្បីចាំទទួលបញ្ជា។ ក្រោយមក យើងត្រូវធ្វើដំណើរទៅកាន់កន្លែងធ្វើការ ដោយថ្មើរជើងទទេ បន្តកន្ទុយគ្នា។ នៅតាមរដូវនីមួយៗ យើងត្រូវធ្វើការងារផ្សេងៗ ពោលគឺពីការងារភ្ជួររាស់ដី មកការងារជីកទំនប់ទឹក...។ នៅថ្ងៃត្រង់ នារីម្នាក់នាំយកអាហារថ្ងៃត្រង់មកអោយយើង ហើយនេះគឺជារបបអាហារទីមួយរបស់យើង។ មនុស្សម្នាក់ទទួលបានបបរមួយវែក និងអំបិលគ្រួសមួយដុំ។ នៅខណៈពេលបរិភោគ ខ្ញុំក៏បានលួចចូលពួននៅក្នុងចំការមួយជាប់នោះ ដើម្បីប្រមែប្រមូលត្រកួន សត្វល្អិត រឺកូនក្អុក ដើម្បីបំពេញរបបបបរមួយវែក នៅពេលល្ងាច។ ប្រសិនជាថ្ងៃណាមានសំណាង ខ្ញុំអាចរកបានគីង្គក់មួយក្បាល ហើយថ្ងៃនោះគឺជាថ្ងៃជប់លៀងធំ។ ក្រោយមកទៀត យើងត្រូវចាប់ផ្តើមធ្វើការងារបន្ត រហូតដល់ថ្ងៃអស្តង្គត។ នៅពេលត្រឡប់មកភូមិវិញ ខ្ញុំមានពេលវេលាត្រឹមតែងូតទឹកសំអាតខ្លួន នៅក្នុងទន្លេ (ដោយគ្មានសាប៊ូ) រួចត្រូវទៅរកបបរជាលើកទីពីរ ព្រមទាំងរបបបបរពាក់កណ្តាល សម្រាប់កូនតូចរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំបានហូបបបរ និងស្បៀងអាហារដែលរកបានពីថ្ងៃ ជាមួយនឹងកូន។ កូនស្រីរបស់ខ្ញុំឈឺ នាងមិនអាចទៅធ្វើការបាន ដូច្នេះ នាងបានទទួលរបបអាហារតែពាក់កណ្តាលប៉ុណ្ណោះ។ កូនស្រីខ្ញុំត្រូវបានចាត់ទុកថាជាមនុស្សគ្មានប្រយោជន៍។
ក្រោយបរិភោគអាហារពេលយប់រួចរាល់ គ្រប់គ្នាដាច់ខាតត្រូវមកប្រជុំលាងខួរក្បាលប្រចាំថ្ងៃ ដែលមានរយៈពេលជិតពីរម៉ោង។ ខ្ញុំមានវត្តមានត្រឹមតែខ្លួនប្រាណប៉ុណ្ណោះ ប៉ុន្តែ អារម្មណ៍របស់ខ្ញុំហោះហើរទៅឆ្ងាយពីកន្លែងនេះរាប់ម៉ឺនគីឡូម៉ែត្រឯណោះ ព្រោះក្រពះរបស់ខ្ញុំដែលសឹងតែគ្មានអ្វីកិនបន្តិចសោះនោះ បានធ្វើអោយខ្ញុំមិនគិតខ្វល់នឹងសំដីនិយាយរបស់ខ្មែរក្រហមឡើយ។ គ្រប់គ្នាត្រូវតែមានវត្តមានចូលរួម អ្នកអវត្តមានត្រូវបានចាត់ទុកថាជាជនក្បត់អង្គការ។ មានមនុស្សជាច្រើនបានស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលវេលាម៉ោងប្រហែលជា៩ រឺ ១០យប់ (យើងមិនមាននាឡិកា និងប្រតិទិនឡើយ) ទើបរាងកាយដ៏ស្គមកំព្រឹងរបស់ខ្ញុំអាចដេកសម្រាលលើដីក្នុងខ្ទមបាន។ ជានិច្ចកាល ទោះបីជាខ្ញុំហត់អស់កម្លាំងយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចដេកលក់ស្កប់ស្កល់បានដែរ ព្រោះភាពស្រេកឃ្លានបានតាមមករំខានជានិច្ច។ ដើម្បីបំបាត់ភាពស្រេចឃ្លាន ខ្ញុំញ៉ាំគ្រាប់អំបិលមួយដុំ ហើយផឹកទឹកមួយកែវធំ។ នៅពេលព្រះច័ន្ទពេញបូណ៌មី ខ្ញុំឆ្លៀតចេញមកស្រោចដំណាំក្នុងសួនបន្លែរបស់ខ្ញុំ។ ទោះបីជាខ្ញុំទន់ជ្រាយក៏ដោយ ក៏ខ្ញុំអាចដាំពោតពីរបីគុម្ព ត្រសក់ស្រូវ ដំឡូង និងដំឡូងបារាំងនៅមុខខ្ទមរបស់ខ្ញុំបានដែរ ព្រោះខ្ញុំសង្ឃឹមថាអាហារទាំងនេះអាចជួយបន្ថែមលើរបបអាហារប្រចាំថ្ងៃបាន។ ពុទ្ធោអើយ! នៅពេលបន្លែរបស់ខ្ញុំផ្តល់នូវផ្លែផ្លា ប្រពន្ធមេភូមិបានមកបេះនៅពេលខ្ញុំមិននៅ និងមិនអោយខ្ញុំដឹងជាមុន ដោយទុកសម្រាប់បរិភោគផ្ទាល់ខ្លួន។
កាសែតៈ តើអ្វីដែលជាការឈឺចាប់បំផុតក្នុងការរៀបរាប់ អំពីសោកនាដកម្មនេះ? ដេនី អាហ្វុងសូៈ នោះគឺទុក្ខលំបាកវេទនា និងការស្លាប់របស់កូនស្រីអាយុ៩ឆ្នាំរបស់ខ្ញុំ ព្រមទាំងការទទួលរងនូវការឈឺចាប់ផ្លូវចិត្តនិងរាងកាយរបស់កូនប្រុសរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាពិរុទ្ធជនម្នាក់ ដែលបាននាំពួកគេមកកាន់ឋាននរក ដែលពួកគេមិនធ្លាប់ស្គាល់ និងមិនចង់ជួប។
កាសែតៈ តើអ្នកស្រីបរិហារពីពួកខ្មែរក្រហមអ្វីខ្លះ នៅពេលអ្នកស្រីរស់នៅក្រោមច្បាប់របស់ពួកគេ? អ្នកស្រីតែងតែលើកឡើងនៅក្នុងសៀវភៅរបស់អ្នកស្រី អំពីការកុហករបស់ពួកគេ...។ ដេនី អាហ្វុងសូៈ ការកុហករបស់ពួកគេពិតជាថោកទាបបំផុត...។ ពួកគេកុហកដូចជា «អ្នកដកធ្មេញ»អញ្ជឹង។ ខ្ញុំសូមលើកជាឧទាហរណ៍មកបញ្ជាក់៖ -នៅពេលជម្លៀសប្រជាជនចេញពីទីក្រុង ពួកគេបាននិយាយប្រាប់យើងថា «អ្នកទាំងអស់គ្នាត្រូវតែចាកចេញ អង្គការត្រូវការជួយសង្គ្រោះលោកអ្នកពីការទម្លាក់គ្រាប់បែករបស់ពួកអាមេរិកកាំង»។ នៅថ្ងៃចេញដំណើរ ពួកគេបាននិយាយថា «សូមអ្នកទាំងអស់គ្នាទុកសោផ្ទះនៅនឹងពួកយើង យើងនឹងរក្សាសោផ្ទះអោយ សូមកុំព្រួយបារម្ភអោយសោះ អ្នកទាំងអស់គ្នានឹងត្រឡប់មកវិញ ក្នុងរយៈពេលពីរបីថ្ងៃខាងមុននេះ សូមយកត្រឹមតែរបស់របរដែលសំខាន់ទៅជាប់ជាមួយបានហើយ»។ ពីរបីថ្ងៃស្អី គឺទៅ គ្មានថ្ងៃត្រឡប់មកវិញ។ -ដើម្បីស្វែងរកអត្តសញ្ញាណរបស់បញ្ញាវន្ត យោធា -ល- ដែលអ្នកទាំងនេះត្រូវបានចាត់ទុកថាជាជនក្បត់ជាតិដែលព្រមលក់ឧត្តមគតិទៅអោយពួកចក្រពត្តិ និងដើម្បីបោសសំអាតអ្នកទាំងនោះ ពួកខ្មែរក្រហមបានអោយប្រជាជនបំពេញជីវប្រវត្តិរបស់ខ្លួន ដោយនិយាយថា «អង្គការបានបង្កើតរោងចក្រនៅទីក្រុងភ្នំពេញ និងត្រូវការកម្លាំងពលកម្ម។ សូមអ្នកទាំងអស់គ្នា ប្រាប់ពួកយើងពីមុខរបរចាស់របស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់អង្គការ ក្នុងការប្រើប្រាស់អ្នកទាំងអស់គ្នា ទៅតាមមុខជំនាញរៀងៗខ្លួន»។ ប្រជាជនខ្មែរភាគច្រើនដឹងថានេះគ្រាន់តែជាអន្ទាក់ប៉ុណ្ណោះ ដូច្នេះ ពួកគេក៏បានលាក់ប្រវត្តិពិតរបស់ខ្លួន លើកលែងតែសេង ស្វាមីប្រកាន់លទ្ធិកុម្មុយនីស្តជ្រុលហួសហេតុ ដែលបានណែនាំអោយខ្ញុំនិយាយការពិត។ -នៅពេលពួកគេមកចាប់ខ្លួនបុរសនៅក្នុងជំរុំទីមួយ ពួកគេនិយាយថា «យើងចាប់ខ្លួនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ អង្គការត្រូវការចង់ដឹងព័ត៌មាន»។ ប៉ុន្មានថ្ងៃក្រោយមកទៀត ពួកគេថា «អង្គការត្រូវការអប់រំពួកគេឡើងវិញ ប៉ុន្មានសប្តាហ៍ទៀត» ហើយបន្ទាប់មក យើងលែងបានជួបអ្នកទាំងនោះជារៀងរហូត។ -នៅពេលពួកគេប្រកាសប្រាប់យើងថា «អង្គការនឹងជួយអ្នកទាំងអស់គ្នា អោយជួបនូវឋានសួគ៌ដ៏ពិតប្រាកដនៅឆ្នាំក្រោយ» មានន័យថា លក្ខខណ្ឌនៃការលំបាកនៅតែខ្លាំងក្លាដូចពេលមុនដដែរ។ -នៅពេលដែលមេភូមិនិយាយប្រាប់យើង ក្នុងន័យធ្វើជាស្លូតត្រង់ថា «អ្នកទាំងអស់គ្នាលួចរបស់ ដោយសារភាពស្រេកឃ្លɟ
|
|
|