|
អធិប្បាយចុងក្រោយ
|
| ទេសចរណ៍ធម្មជាតិ និងសហគមន៍ : ជម្រើសដ៏សំខាន់សម្រាប់កម្ពុជា |
| ដោយ ឡឺរ៉ង់ ឡឺហ្គូអង់វិក | | | ១២-០៩-២០០៨ | 
ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១០ តុលា ២០០៣ ប្លង់នៃទេសភាពនៅកម្ពុជា នៅព្រះបរមរាជវាំង © ចន វីង / Magnum វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែមានដំណើរការយ៉ាងល្អប្រសើរ ហើយបានចូលរួមបង្កើនថវិកាជាតិជារៀងរាល់ឆ្នាំទៀតផង ដោយសារមានអ្នកទេសចរបរទេសជាង២លាននាក់នៅឆ្នាំ២០០៧ និងការកើនឡើងនៃចំនួនអ្នកចូលមកប្រទេសកម្ពុជាជិត២០% ។ ប៉ុន្តែទន្ទឹមនឹងលទ្ធផលវិជ្ជមាននេះ វាក៏មានជះឥទ្ធិពលមិនល្អដែរ។ ការកើនឡើងនៃអ្នកទេសចរ ភាគច្រើនមកពីប្រទេសអាស៊ី មិនត្រឹមតែជាប្រភពនៃការបំពុលបរិស្ថាន និងធ្វើអោយតំបន់ទេសចរណ៍ខូចខាតប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ផលចំណេញតិចតួចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឬជាការបន្ថែមសម្ពាធទៅលើអ្នកក្រីក្រខ្លាំងដែលដីធ្លី និងរបរចិញ្ចឹមជីវិតរបស់ពួកគេរងការគំរាមកំហែង។ តើធ្វើយ៉ាងណាដើម្បីអោយប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសប្រជាជនក្រីក្រ ទទួលបានផលចំណេញពីវិស័យទេសចរណ៍ ដោយកាត់បន្ថយឥទ្ធិពលអវិជ្ជមានទាំងនោះ? នេះជាបញ្ហាលំបាកមួយដែលអង្គការក្នុងស្រុកនិងអង្គការអន្តរជាតិ ប្រតិបត្តិករឯកជន និងរដ្ឋាភិបាល ព្យាយាមដោះស្រាយ តាមរយៈគំនិតទាន់សម័យមួយប៉ុន្តែនៅមិនទាន់ជាក់លាក់នៅឡើយ គឺ«ទេសចរណ៍ធម្មជាតិ»។ ទេសចរណ៍ធម្មជាតិ អាទិភាពថ្មីរបស់រដ្ឋាភិបាល ទេសចរណ៍«យូរអង្វែង» ទេសចរណ៍«សហគមន៍» ទេសចរណ៍«បៃតង» ទេសចរណ៍ប្រកបដោយ«ទំនួលខុសត្រូវ» ទេសចរណ៍«សីលធម៌»... ទាំងនេះគឺជាគោលការណ៍ទេសចរណ៍កំពុងពេញនិយមនៅក្នុងពិភពលោក។ ប៉ុន្តែគោលការណ៍ទាំងនេះមាននិយមន័យច្រើន ហើយការអនុវត្តក៏ច្រើនដែរ។ ក្រសួងទេសចរណ៍កម្ពុជាបានជ្រើសរើសយកគោលការណ៍ទេសចរណ៍មួយនៅខែមិថុនា ឆ្នាំ២០០៨ គឺគោលការណ៍«ទេសចរណ៍ធម្មជាតិ»។ បច្ចុប្បន្ន គំនិតនេះស្ថិតក្នុងចំណោមអាទិភាពទាំងឡាយរបស់រដ្ឋាភិបាលកម្ពុជា ហើយឯកសារព្រាងមួយត្រូវបានរៀបចំ ដើម្បីកំណត់នយោបាយដែលត្រូវអនុវត្តនៅក្នុងវិស័យនេះ ដោយសហការជាមួយអង្គការអភិវឌ្ឍហូឡង់ SNV។
ច្បាប់«៣ P» អ្នកស្រីអានម៉ារី មេខលា អ្នកសម្របសម្រួលកម្មវិធីទេសចរណ៍យូរអង្វែងដើម្បីប្រជាជនក្រីក្រ ដែលបង្កើតឡើងដោយ SNV បានសង្ខេបថា៖ «មូលដ្ឋានគ្រឹះនៃនយោបាយជាតិស្តីពីទេសចរណ៍ធម្មជាតិដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមការគាំទ្រពី SNV គឺផ្អែកលើច្បាប់មួយហៅថា«៣P» : ភពផែនដី ប្រជាជន និងផលចំណេញ។ ច្បាប់នៃផលចំណេញគឺជាកត្តាសំខាន់ ពីព្រោះគេត្រូវធ្វើយ៉ាងណាអោយគម្រោងដែលគេបង្កើតឡើង ផ្តល់ប្រាក់ចំណេញឋិតថេរ តាមរយៈការការពារភពផែនដី (មានន័យថាការពារបរិស្ថាននិងធនធានធម្មជាតិ) និងតាមរយៈការយកចិត្តទុកដាក់ពីសុខុមាលភាពរបស់ប្រជាជន ទាំងអ្នករស់នៅតាមតំបន់ទេសចរណ៍ និងអ្នកទៅទស្សនា។ ទេសចរណ៍ធម្មជាតិត្រូវផ្តល់មុខរបរចិញ្ចឹមជីវិតបន្ថែមដល់មនុស្ស ហើយអប់រំពួកគេ»។
ដូច្នេះ នេះគឺជាគំនិតមួយមានលក្ខណៈទូលំទូលាយពេក។ ឆែម សំណាង និស្សិតឆ្នាំទី៤ផ្នែកគ្រប់គ្រងទេសចរណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាម្ចាស់អត្ថបទជាច្រើនស្តីពីប្រធានបទនេះ នៅក្នុងទំព័រអ៊ីនធឺណែតរបស់ទីភ្នាក់ងារទេសចរណ៍ Bayon Heritage Travel and Tours និងនៅតាមសារព័ត៌មានលើវិបសាយជាច្រើនទៀត បានទទួលស្គាល់ថា៖ «វាលំបាកណាស់ក្នុងការនិយាយច្បាស់ថាអ្វីជាទេសចរណ៍ធម្មជាតិនៅកម្ពុជា»។ យុវជនវ័យ២១ឆ្នាំរូបនេះ អះអាងដោយភាពជឿជាក់ និងដោយរីករាយថា៖ «ជាទូទៅ វាជាសកម្មភាពច្នៃប្រឌិតផ្សារភ្ជាប់នឹងធម្មជាតិ ដោយគោរពតម្លៃ និងវប្បធម៌របស់សហគមន៍មូលដ្ឋាន»។ «គោលបំណងរបស់ទេសចរណ៍ធម្មជាតិ គឺធ្វើយ៉ាងណាអោយលទ្ធផលដែលគេទទួលបាន មានភាពវិជ្ជមាន : លើកកម្ពស់ជីវភាពរបស់សហគមន៍ ថែរក្សាសុខុមាលភាព វប្បធម៌ និងបេតិកភណ្ឌ ហើយនឹងការពារបរិស្ថាន»។
តំបន់ទេសចរណ៍ធម្មជាតិចំនួន៣ សកម្មភាពប្លែកៗដូចជាដំណើរកម្សាន្តលើខ្នងដំរីនៅខេត្តមណ្ឌលគិរី ការគយគន់សត្វស្លាបកម្រៗនៅព្រែកទាល់ ការស្រស់ស្រូបអាហារក្រោមសម្រស់ធម្មជាតិនៅក្បែរទឹកធ្លាក់ចំបក់ ការដើរឡើងភ្នំក្រវ៉ាញ ឬការស្នាក់នៅផ្ទះអ្នកភូមិនៅខេត្តក្រចេះ... គឺសុទ្ធតែអាចជា«ទេសចរណ៍ធម្មជាតិ»។ ក្នុងនាមជាទីប្រឹក្សារបស់ក្រសួងទេសចរណ៍ SNV បានស្រង់ឃើញតំបន់ភូមិសាស្រ្តធំៗបីនៅកម្ពុជាដែលមានសក្តានុពលខ្លាំងនៅក្នុងវិស័យទេសចរណ៍ធម្មជាតិ ដោយយោងទៅលើធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះ។ តំបន់ទាំងបីរួមមានបណ្តាខេត្តនៅភាគឥសាន (មណ្ឌលគិរី រតនគីរី ស្ទឹងត្រែង និងក្រចេះ) បណ្តាខេត្តនៅភាគនីរតី (ជួរភ្នំក្រវ៉ាញ តំបន់ព្រៃកោងកាង និងតំបន់ឆ្នេរខ្សាច់) និងបឹងទន្លេសាប ជាពិសេសតំបន់នៅជុំវិញទីក្រុងអង្គរ សៀមរាប ដែលមានតំបន់ធម្មជាតិព្រែកទាល់។
ជាច្រើនឆ្នាំមកហើយ អង្គការ និងស្ថាប័នជាង៣០នៃកិច្ចសហប្រតិបត្តិការអន្តរជាតិបានចាប់ផ្តើមធ្វើគម្រោងជាច្រើននៅក្នុងតំបន់ទាំងនេះ ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ ពោលគឺការការពារបរិស្ថាន ឬការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ ហេតុនេះហើយទើបមានការរៀបចំរចនាសម្ព័ន្ធវិស័យទេសចរណ៍ធម្មជាតិដោយប្រមូលផ្តុំសកម្មភាពខុសៗគ្នាមកបង្កើតជាបណ្តាញមួយ គឺបណ្តាញកម្ពុជាទេសចរណ៍ធម្មជាតិសហគមន៍ (CCBEN : Cambodia Community-based Ecotourism Network)។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ហើយធ្វើប្រតិបត្តិការចាប់តាំងពីឆ្នាំ២០០៥មក។ សព្វថ្ងៃ អង្គការនេះមានសមាជិក២៧ ភាគច្រើនជាអង្គការការពារបរិស្ថានក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ឯកជនដែលព្យាយាមដាក់បង្ហាញសកម្មភាពថ្មីៗដល់ភ្ញៀវ ក្រៅពីប្រាសាទអង្គរវត្ត។ តួនាទីរបស់បណ្តាញនេះ គឺរៀបចំ និងផ្តល់ព័ត៌មានដល់អ្នកទេសចរ។ CCBEN ធ្វើសកម្មភាពលើការរៀបចំទិសដៅទេសចរណ៍នៅតាមសហគមន៍ក្នុងភូមិ ដោយមានការគាំទ្រពីមន្ត្រីមូលដ្ឋាន ឬបុគ្គលិកអង្គការ។ CCBEN ក៏ធ្វើគម្រោងធំមួយផងដែរពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីទេសចរណ៍ធម្មជាតិសហគមន៍នៅកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
ការពារធម្មជាតិដើម្បីប្រយោជន៍សហគមន៍ កញ្ញាសុខ សុភា អ្នកសម្របសម្រួលនៅ CCBEN រៀបរាប់លម្អិតថា៖ «យើងបានកំណត់បញ្ជីគោលការណ៍គ្រឹះដែលគម្រោងផ្សេងៗពាក់ព័ន្ធនឹងទេសចរណ៍ធម្មជាតិត្រូវគោរពតាម ក្នុងនោះមានលក្ខខណ្ឌគ្រឹះចំនួន៤ គឺស្ថិរភាពផ្នែកសេដ្ឋកិច្ច ទិដ្ឋភាពសង្គម ការការពារបរិស្ថាននិងគុណភាពនៃការគ្រប់គ្រង។ បន្ទាប់មក យើងបានកំណត់ស្តង់ដារសកម្មភាពនីមួយៗនៅក្នុងទេសចរណ៍ធម្មជាតិ»។ អ្នកសម្របសម្រួលវ័យក្មេងរូបនេះ បន្ថែមថា៖ «ជាបឋម ទេសចរណ៍ធម្មជាតិគឺចង់សំដៅលើសកម្មភាពក្នុងតំបន់ធម្មជាតិមួយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺថាសកម្មភាពទេសចរណ៍ទាំងនេះត្រូវរៀបចំនិងគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន។ ពួកគេគឺជាអ្នកគ្រប់គ្រងសកម្មភាពទេសចរណ៍នេះ។ គោលបំណងទី១គឺការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ទាំងនេះ ដោយគោរពតាមវប្បធម៌របស់ពួកគេ ព្រមទាំងលើកស្ទួយសិទ្ធិរបស់ពួកគេ។ គេអាចធ្វើដូច្នេះបាន តាមរយៈការការពារធម្មជាតិ ពីព្រោះប្រជាជនកម្ពុជាភាគច្រើនពឹងផ្អែកដោយផ្ទាល់លើធនធានធម្មជាតិ។ ប្រសិនបើបរិស្ថានត្រូវបំផ្លាញ ពួកគេលែងមានអ្វីសម្រាប់ចិញ្ចឹមជីវិតទៀតហើយ»។
កញ្ញាសុខ សុភា បន្តទៀតថា៖ «អ្នកភូមិភាគច្រើនមិនយល់ដឹងអ្វីសូម្បីតែបន្តិចពីវិស័យទេសចរណ៍។ ដូច្នេះ នៅដំណាក់កាលដំបូង គេតែងតែមានការលំបាក ក្នុងការធ្វើអោយអ្នកភូមិទាំងនេះយល់ថាពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីការឈប់កាប់ដើមឈើឬឈប់បរបាញ់សត្វកម្រៗ ខណៈពេលពួកគេប្រកបរបរទាំងនេះដើម្បីចិញ្ចឹមជីវិត។ នៅក្នុងគម្រោងដែលគ្រប់គ្រងយ៉ាងល្អដោយសហគមន៍ផ្ទាល់ ដូចជាគម្រោងមួយបង្កើតឡើងដោយអង្គការម្លប់បៃតងនៅចំបក់ បច្ចុប្បន្នប្រជាពលរដ្ឋមានមោទនភាព និងរ៉ាប់រងការពារព្រៃដោយខ្លួនឯង ពីព្រោះពួកគេបានយល់ថា ធនធានធម្មជាតិមិនត្រឹមតែជាប្រភពសំខាន់នៃការចិញ្ចឹមជីវិតប៉ុណ្ណោះទេ តែវាអាចទាក់ទាញអ្នកទេសចរថែមទៀតផង។ គោលបំណងរបស់ទេសចរណ៍ធម្មជាតិមិននាំមកនូវប្រាក់ចំណូលច្រើនទេ ប៉ុន្តែវាផ្តល់ធនធានមួយទៀត ដោយពួកគេមិនចាំបាច់បំផ្លាញព្រៃឈើ»។ អ្នកសម្របសម្រួលរបស់ CCBEN ដដែលរូបនេះបានរៀបរាប់ថា ជាយូរមកហើយ អ្នកភូមិនិងអង្គការការពារបរិស្ថាន មានគំនិតផ្ទុយគ្នា ម្នាក់បំផ្លាញធនធានព្រៃឈើដើម្បីចិញ្ចឹមជីវិត រីឯម្នាក់ទៀតខំប្រឹងរារាំងពួកគេកុំអោយធ្វើដូច្នេះ។ កញ្ញាអះអាងថា ទេសចរណ៍សហគមន៍អាចផ្សះផ្សាភាគីទាំងពីរ។
ទោះយ៉ាងណា គម្រូនៃគម្រោងនេះត្រូវបានអង្គការអូស្មូសធ្វើតាម។ អង្គការនេះបានបង្កើតដំណើរកម្សាន្តតាមទូកនៅព្រែកទាល់ក្នុងបឹងទន្លេសាប។ ដំណើរកម្សាន្តនេះសហការដឹកនាំដោយអ្នកភូមិ និងទទួលខុសត្រូវផ្ទាល់ដោយសហគមន៍នៅព្រែកទាល់ រីឯអ្នកអភិរក្សព្រៃគឺជាអតីតអ្នកបរបាញ់ខ្លួនឯងតែម្តង។ គម្រោងដូចគ្នានេះក៏ត្រូវបានអនុវត្តផងដែរនៅអាងត្រពាំងថ្ម នៅក្នុងខេត្តបន្ទាយមានជ័យ ឬនៅ Tmatboey នៅក្នុងខេត្តព្រះវិហារជាដើម។ អង្គការអភិរក្សសត្វព្រៃ បានបង្កើតគម្រោងទេសចរណ៍មួយ ដែលបញ្ចូលអ្នកភូមិទៅក្នុងការការពារសត្វក្ងដែលជាប្រភេទសត្វស្លាបកម្រ ហើយគម្រោងនេះបានទទួលរង្វាន់«ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ»នៅឆ្នាំ២០០៧ ដែលប្រគល់ដោយអង្គការព្រៃអាស៊ី (WildAsia)។
យន្តការស្មុគស្មាញ ប៉ុន្តែគម្រោងបែបនេះមិនចេះតែដំណើរការបានរាល់លើកនោះទេ...។ សុខ សុភា ទទួលស្គាល់ថា៖ «គម្រោងជាច្រើនបានបរាជ័យឬពិបាកដំណើរការ។ សហគមន៍ក្រីក្រតែងខ្វះខាតចំណេះដឹង និងធនធានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគម្រោង។ ក្នុងករណីខ្លះ បើគ្មានការជួយគាំទ្ររបស់អង្គការទេ ការគ្រប់គ្រងច្បាស់ជាហិនហោចមិនខាន...។ ឧទាហរណ៍ យើងជួបបញ្ហាជាច្រើនក្នុងការគ្រប់គ្រង និងបញ្ហាតម្លាភាពនៅកំពង់ភ្លុក ជិតខេត្តសៀមរាប»។
ជានិច្ចកាល គម្រោងទេសចរណ៍សហគមន៍តែងតែមានភាពស្មុគស្មាញ ហើយត្រូវការសមត្ថភាពជាច្រើនដែលអ្នកភូមិ កសិករ ឬអ្នកនេសាទ កម្រនឹងមាន។ ដូច្នេះ ការបណ្តុះបណ្តាលគឺជាបញ្ហាសំខាន់។ លោកថមមី ទិនណូ (Tommi Tenno) ប្រធានទីប្រឹក្សាផ្នែកបច្ចេកទេសនៃគម្រោង Mekong Discovery Trail រៀបរាប់ថា៖ «នៅក្នុងសហគមន៍ដែលយើងបានជ្រើសរើស ដើម្បីបញ្ចូលគម្រោង«ផ្លូវមេគង្គ» យើងបានធ្វើការបណ្តុះបណ្តាលភាសាអង់គ្លេស និងមូលដ្ឋានគ្រឹះចាំបាច់នានាដើម្បីទទួលអ្នកទេសចរបរទេស»។ គម្រោង Mekong Discovery Trail នេះត្រូវបានបង្កើតឡើងនៅខេត្តស្ទឹងត្រែង និងក្រចេះដោយមានការគាំទ្ររបស់ SNV។ «គេត្រូវបង្កើតយន្តការដើម្បីបែងចែកផលចំណេញ។ ឧទាហរណ៍ ក្នុងករណីមានការសម្រាកនៅផ្ទះប្រជាជន គឺម្ចាស់ផ្ទះជាអ្នកទទួលបានប្រាក់។ ប៉ុន្តែគេមិនត្រូវភ្លេចថា ដើម្បីអោយទេសចរមក គឺសហគមន៍ទាំងមូលត្រូវចូលរួម និងបង្ហាញភាពទាក់ទាញ»។
នៅពេលសហគមន៍អ្នកភូមិមានសមត្ថភាព ហើយស្ម័គ្រចិត្តចូលរួមនៅក្នុងការអភិរក្សធនធាន និងអភិវឌ្ឍវិស័យទេសចរណ៍ ពួកគេរងនូវសំពាធមួយបន្ថែម ជាពិសេសកាន់តែខ្លាំងនៅពេលដែលគម្រោងរបស់ពួកគេមានផលចំណេញច្រើន និងពាក់ព័ន្ធនៅក្នុងតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង។ ដីរបស់ពួកគេគឺជាការចង់បានរបស់អ្នកវិនិយោគធំៗ។ លោកថមមី ទិនណូ អះអាងថា៖ «បញ្ហាគ្រប់គ្រងដីធ្លីគឺជាបញ្ហាចំបង។ យើងត្រូវយកចិត្តទុកដាក់ខ្ពស់ ធានាសន្តិសុខ លើសិទ្ធិប្រើប្រាស់ដីធ្លីដែលយកធ្វើគម្រោងទេសចរណ៍សហគមន៍»។ ហេតុនេះ លក្ខន្តិកៈពិសេសនៃ«សហគមន៍អ្នកភូមិព្រៃឈើ»ត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្ម។ វាអនុញ្ញាតអោយសហគមន៍ទាញយកផលពីសិទ្ធិរបស់ពួកគេនៅលើដីព្រៃសម្រាប់រយៈពេល១៥ឆ្នាំ។
ការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច? ជាទូទៅ ទេពកោសល្យក្នុងការគ្រប់គ្រងរបស់សហគមន៍ អ្នកភូមិតែងតែមិនច្បាស់លាស់ ហើយសមត្ថភាពរបស់ពួកគេនៅក្នុងការវិនិយោគវិញក៏នៅមានកំរិត។ ដូច្នេះសហគមន៍ទេសចរណ៍ធម្មជាតិទាំងនេះត្រូវបានអ្នកវិនិយោគមើលឃើញថាជាការរាំងស្ទះដល់ការអភិវឌ្ឍទៅវិញ នៅពេលពួកគេគ្រប់គ្រងតំបន់ធម្មជាតិមានសក្តានុពលទេសចរណ៍ខ្ពស់នោះ។ ដោយឡែក អ្នកវិនិយោគមានធនធានមនុស្ស និងហិរញ្ញវត្ថុដើម្បីលើកស្ទួយតម្លៃបេតិកភ័ណ្ឌទាំងនេះ។ អំណះអំណាងខាងលើនេះត្រូវបានលើកឡើងដោយអាជ្ញាធរមូលដ្ឋាននៅតំបន់បឹងយក្សឡោម ក្នុងខេត្តរតនៈគិរី។ សុខ សុភា រៀបរាប់ថា៖ «អាជ្ញាធរចង់យកដីដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដាច់មុខដោយសហគមន៍អ្នកភូមិ ដើម្បីដាក់អោយអ្នកវិនិយោគទុនធ្វើ។ ប៉ុន្តែអ្នកភូមិមិនចង់បានអ្នកវិនិយោគទុនទាំ&#
|
|
អត្ថបទបន្ថែមដោយសហការជា Ademe (ទីភ្នាក់ងារបារាំងបរិស្ថាន និងគ្រប់គ្រងថាមពល) និង IED (ការបង្កើតថាមពលអភិវឌ្ឍ) ក្រុមហ៊ុនឯករាជ្យនៃការប្រឹក្សាយោបល់និងវិស្វកម្មដែលធ្វើការក្នុង សេវាអគ្គិសនីជនបទ ថាមពលកកើតឡើងវិញនិងការគ្រប់គ្រងថាមពល , សភាពាណិជ្ជកម្មបារាំង-កម្ពុជា (CCFC) បានរួមគ្នាសហការរៀបចំនៅថ្ងៃច័ន្ទទី១៥ កញ្ញា សិក្ខាសាលាមួយស្តីពីបរិស្ថាន និងវិស័យទេសចរណ៍នៅកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍បរិស្ថាន។ លោកដេនី ហ្គាំបាដ នាយករបស់ CCFC ពន្យល់ថា៖ «គោលបំណងរបស់ CCFC គឺធ្វើអោយក្រុមហ៊ុនផ្សេងទៀតក្រៅតែពីអ្នកមានមុខរបរក្នុងវិស័យ ទេសចរណ៍ធម្មជាតិ ចាប់អារម្មណ៍នឹងបញ្ហាបរិស្ថាន។ នៅក្នុងទិវានេះ យើងមានបំណងលើកឡើងពីចំណុចសំខាន់ៗសម្រាប់ការអភិវឌ្ឍចីរកាលនៃវិស័យ ទេសចរណ៍ : ទិដ្ឋភាពបច្ចេកទេស ផលប៉ះពាល់សង្គម ការបំពុលបរិស្ថាន... »។ វាគ្មិនរបស់ IED , Ademe , SNV , ទីភ្នាក់ងារបារាំងបរិស្ថាន , សមាគមម្ចាស់សណ្ឋាគារនៅកម្ពុជា និងបណ្តាញទេសចរណ៍ធម្មជាតិសហគមន៍ CCBEN នឹងពិភាក្សាគ្នាពីទិដ្ឋភាពផ្សេងៗទាក់ទងនឹងប្រធានបទនេះ រាប់តាំងពីការគ្រប់គ្រងភាពម្ចាស់ការលើទឹកនិងថាមពល រហូតដល់ការធ្វើអោយសម្បូរបែបនៃការផ្តល់សេវាទេសចរណ៍និង ប្រាក់ចំណូលដល់សហគមន៍។ នាយករបស់ CCFC វាយតម្លៃថា៖ «ប្រឈមមុខនឹងទេសចរកើនឡើងយ៉ាងសន្ធឹកសន្ធាប់ អ្នកមានមុខរបរនៅក្នុងវិស័យទេសចរណ៍យកចិត្តទុកដាក់ទៅលើ ធម្មជាតិ។ សម្រាប់ពេលនេះ ពិតណាស់ គេគ្រាន់តែប្រកាសចង់ធ្វើទេសចរណ៍ធម្មជាតិប៉ុណ្ណោះ។ (...) នៅមានសំណួរជាច្រើនដែលគេត្រូវរកចម្លើយ។ ឧទាហរណ៍ តើការមើលផ្សោតទឹកសាបដ៏សាមញ្ញ សក្តិសមនឹងការទទួលបានពានរង្វាន់«ឡាបែលទេសចរណ៍ធម្មជាតិ»ហើយឬ? តើលក្ខខណ្ឌអ្វីខ្លះដើម្បីបានទទួលរង្វាន់នេះ? ទេសចរណ៍ធម្មជាតិមិនអាចត្រឹមតែជាការទាក់ទាញធម្មតានោះទេ។ តើការទៅមើលតែអង្គរ ដែលជាបេតិកភ័ណ្ឌវប្បធម៌ និងជាតំបន់បេតិកភ័ណ្ឌធម្មជាតិ ឬការទៅមើលសត្វស្លាបនៅព្រែកទាល់ គ្រប់គ្រាន់ដើម្បីនិយាយពីទេសចរណ៍ធម្មជាតិហើយឬ? តើគេមិនចាំបាច់លើកស្ទួយសកម្មភាពផ្សេងទៀត ចំណេះដឹង សកម្មភាពដើម្បីថែរក្សាសត្វព្រៃនិងរុក្ខជាតិ...?»។ អ្នកមានមុខរបរក្នុងវិស័យទេសចរណ៍នឹងត្រូវគេអញ្ជើញអោយមកឆ្លើយ សំណួរដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ គេហទំព័រសំខាន់ៗ អង្គការ Stay another day បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ IFC-MPDF (Mekong Project Development Facilities) ជាកម្មវិធីមួយរបស់ធនាគារពិភពលោក។ នៅក្នុងគេហទំព័រនេះមានបញ្ជីសកម្មភាព«ទេសចរណ៍យូរអង្វែង»នៅកម្ពុជា ក្នុងគោលបំណងជំរុញអ្នកទេសចរអោយពន្យារការស្នាក់នៅរបស់ពួកគេ និងស្វែងយល់ពីប្រទេសកម្ពុជា ក្រៅពីមកមើលតែប្រាសាទអង្គរវត្ត។ កូនសៀវភៅ "Stay another day" ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងសណ្ឋាគារ និងតំបន់ទេសចរណ៍ អាចកូពីពីក្នុងគេហទំព័រនេះបាន។ ¨មជ្ឈមណ្ឌលសំ វាសនា ដើម្បីការពារជីវិតសត្វព្រៃ នៅខេត្តសៀមរាប សហការជាមួយអង្គការនិងសហគមន៍មូលដ្ឋានជាច្រើន ជាពិសេសលើគម្រោងមើលសត្វស្លាប។ សូមអានផងដែរនូវគម្រោងនៅក្នុងវិស័យនេះ ដែលធ្វើឡើងដោយអង្គការបារាំងមួយឈ្មោះថា អង្គការអូស្មូស និងអង្គការអាមេរិកមួយឈ្មោះថា អង្គការអភិរក្សសត្វព្រៃ។ បណ្តាញCCBEN (បណ្តាញទេសចរណ៍សហគមន៍នៅកម្ពុជា) មានឯកសារជាច្រើនស្តីពីតំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជា គេហទំព័ររបស់ Mekong Discovery Trail បង្កើតឡើងដោយក្រសួងទេសចរណ៍កម្ពុជា អង្គការអភិវឌ្ឍហូឡង់ SNV និងអង្គការទេសចរណ៍ពិភពលោក។ គេហទំព័រនេះមានបង្ហាញផ្លូវធ្វើដំណើរជាច្រើនតាមបណ្តោយទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ តាមទូក ឬដោយជិះកង់។ ផែនទីលម្អិតនិងព័ត៌មានពីផ្លូវនីមួយៗគឺអាចកូពីពីក្នុងគេហទំព័រ នេះបាន។ អ្នកទេសចរនៅកម្ពុជា -អ្នកទេសចរបរទេសចំនួន ២ ០១៥ ១២៨ នាក់ចូលមកប្រទេសកម្ពុជានៅឆ្នាំ២០០៧ ពោលគឺកើនឡើងជាង២០% បើធៀបនឹងឆ្នាំមុន ហើយពីរដងបើធៀបនឹងឆ្នាំ ២០០៤។ នេះបើយោងតាមស្ថិតិផ្លូវការរបស់ក្រសួងទេសចរណ៍។ និន្នាការនៃការឡើងនេះហាក់បន្ត : អំឡុងពេល៧ខែដំបូងនៃឆ្នាំ២០០៨ មានអ្នកទេសចរជាង១,២លាននាក់ ពោលគឺកើនឡើងជាង១១%បើធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០០៧។ ជើងហោះហើរបរទេសចូលមកព្រលានយន្តហោះខេត្តសៀមរាបមានចំនួនជាង៥២%។ - អ្នកទេសចរចំនួនជាង៦០%មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជនជាតិកូរ៉េ (១៦%) និងជប៉ុន(៨%) មានចំនួនច្រើនជាងគេ។ បន្ទាប់មកទៀត គឺអាណិកជនអាមេរិក ចិនដីគោក ចិនតៃវ៉ាន់ បារាំង និងអង់គ្លេស។
|