|
អធិប្បាយចុងក្រោយ
|
| រូបចាមៈ តាអារ៉ាប់មកពីឥណ្ឌា |
| ដោយ អេមីកូ ស្តក់ | | | ១៩-០៩-២០០៨ |
ភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី១៨ កញ្ញា ២០០៨៖ ការសូត្រធម៌ នៅក្រោយអាហារពេលល្ងាច នៃក្រុមរ៉ាម៉ាដាន នៅព្រះវិហារឥស្លាម Jami Saad Bin Bi Wakkas © ចន វីង / Magnum ស្ថិតនៅក្នុងវ័យ៧៥ឆ្នាំ ព្រមទាំងមានមាឌធំដំបង ពុកចង្កោស្កូវដ៏ស្រម៉ូវ លោកតា ហ្គូឡា មៀសាន គឺជាអ្នកយាមព្រះវិហារឥស្លាមនៅទួលទំពូង ស្ថិតនៅក្នុងរាជធានីនៃប្រទេសកម្ពុជា។ លោកតាមានរូបរាងនិងមុខមាត់ដូចទៅនឹង «តាអារ៉ាប់» ដែលបានមករស់នៅក្នុងសង្កាត់នេះកាលពីអតីតកាល។ ប្រជាជនខ្មែរ និងចាម បានដាក់ឈ្មោះថ្មីអោយសង្កាត់នេះថាជា «សង្កាត់អារ៉ាប់» ។ ប៉ុន្តែ នៅកន្លែងនេះផ្ទាល់ គេមិនសង្កេតឃើញមានស្លាកស្នាមនៃសហគមន៍ដើមកំណើតមកពីមជ្ឈិមបូព៌ានោះទេ។ ស្រ្តីរុំស្បៃឃ្លុំមុខមួយរូបបានក្រោកឈរឡើង ពិភាក្សាជាមួយនឹងលោកតា ហ្គូឡា មៀសាន និងមនុស្សប៉ុន្មានអ្នកផ្សេងទៀត។ យើងអាចបកស្រាយបានភ្លាមៗថា នៅទីនេះ ក៏ដូចជានៅចុងឧបទ្វីបអឺរ៉ាស៊ី គេមានមនោគតិធ្វើការរួបរួមកម្លាំងរបស់សាសនាឥស្លាម អោយក្លាយទៅជាធ្លុងមួយ រវាងអំបូរជនជាតិដែលមានប្រភពកំណើតមកពីឧបទ្វីបអារ៉ាប់ និងចលនាឥស្លាមបរិស័ទមុនដំបូងគេនៅក្នុងប្រទេសកម្ពុជា។ តាមការពិត ដើម្បីស្វែងយល់ពីប្រវត្តិនៃសាសនាឥស្លាម គេត្រូវក្រឡេកមើលពីចក្រភពនៃប្រទេសឥណ្ឌា ដែលជាអតីតដែនអាណានិគមរបស់ចក្រភពអង់គ្លេស និងសមាសភាពនៃអ្នកកាន់សាសនាឥស្លាម។ ដោយចង្អុលបង្ហាញផ្នូរសពជាសំអាង លោកតាបានវាយតម្លៃថា «ដូនតារបស់ខ្ញុំមានប្រភពកំណើតមកពីតំបន់ហាហ្សារ៉ា (តំបន់ផាថាន់ “Pathan“ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានបច្ចុប្បន្ន ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន)។ ពួកគាត់បានមកដល់ប្រទេសកម្ពុជា អស់រយៈពេលជាង១៥០ឆ្នាំមកហើយ»។ លោកតាហ្គូឡា មៀសាន គឺជាកូនកាត់ដែលមានឪពុកជនជាតិផាថាន់ និងម្តាយជនជាតិខ្មែរដែលបានផ្លាស់ប្តូរជំនឿសាសនា។ លោកតាមិនមានលក្ខណៈខុសប្លែកពីអ្នកដទៃនោះទេ។ អ្នកដំណើរផ្លូវឆ្ងាយទាំងនេះ បុរសដែលបានមកដល់តែខ្លួនមួយ បានយកស្រ្តីម្ចាស់ស្រុកធ្វើជាភរិយា នៅក្នុងចំណោមជនជាតិចាម និងឈ្វា ក៏ដូចជាស្រ្តីកាន់ឥស្លាម រឺក្នុងចំណោមជនជាតិខ្មែរ និងចិនដែលបានសម្រេចចិត្តផ្លាស់ប្តូរជំនឿសាសនា មកគោរពសាសនាឥស្លាមវិញ។
នៅក្បែរនឹងលោកតា ហ្គូឡា មៀសាន អតីតកីឡាករប្រដាល់មាឌល្អិត វ័យប្រមាណ២០ឆ្នាំ មួយរូប ដែលមិនសូវជាចេះមាត់កប៉ុន្មាន និងជាប្រធានព្រះវិហារឥស្លាម បានរៀបរាប់អំពីមែកធាងគ្រួសារដ៏ស្មុគស្មាញរបស់គាត់ ដែលមានឈាមជ័រលាយឡំគ្នារវាង «ប៉ាគីស្ថាន» ខ្មែរ និងចាមនៃសង្កាត់ជ្រោយចង្វា។
ឆ្លងកាត់សង្កាត់នៅទីក្រុងភ្នំពេញមួយនេះ ដែលបច្ចុប្បន្ននេះបានប្រែក្លាយទៅជាសំណង់ផ្ទះវីឡាដ៏ស្កឹមស្កៃ យើងមានការលំបាកក្នុងការស្រមៃគិតថាគាត់មានឈាមជ័រកើតចេញពីសហគមន៍ឥណ្ឌូ-ឥស្លាមដ៏តូចមួយ ដែលមានសមាជិក៣០០០ គ្រួសារ ដែលបានមករស់នៅក្នុងអំឡុងទសវត្សទី៦០ ក្រោមការគ្រប់គ្រងរបស់ឪពុករបស់លោកតា ហ្គូឡា។ «កាលពីមុន ទីនេះ មិនមានអ្វីសោះ និងគ្មានសូម្បីតែមនុស្សម្នាក់រស់នៅ។ គឺគ្រួសាររបស់យើងដែលបានកាប់ឆ្ការព្រៃ ធ្វើជាកន្លែងរស់នៅ ពេលយើងបានមកដល់ទីនេះដំបូង»។ បុរសជាប្រធានព្រះវិហាររូបនេះបានបន្ថែម ដោយនិយាយលេងសើចថា «បុព្វបុរសរបស់យើងបានមកដល់ទីនេះ នៅឆ្នាំ១៨៩៥។ ពួកគាត់បានចិញ្ចឹមសត្វ សម្លាប់សត្វ រឺយកទឹកដោះសត្វ ក្បែរនឹងស្ថានីយរថភ្លើង ... មុននឹងជនជាតិបារាំងបានបណ្តេញពួកគាត់ចេញពីទីនោះ នៅទសវត្សទី៣០ ដើម្បីធ្វើផ្លូវរថភ្លើង »។
ក្រុមគ្រួសារទាំងនេះតិចតួចណាស់ដែលបានរស់នៅបន្តក្នុងប្រទេសកម្ពុជា រឺដែលនៅរស់រានមានជីវិត ពីភាពវឹកវរចលាចលនៅក្នុងសង្គ្រាមវៀតណាម ដែលបានសាយភាយមកប្រទេសខ្មែរនៅឆ្នាំ១៩៧០ និងជាពិសេស នៅសម័យកាន់កាប់របស់ពួកខ្មែរក្រហម នាឆ្នាំ១៩៧៥។
នៅក្រៅរាជធានី គេក៏សង្កេតឃើញមានតំណាងសហគមន៍តាអារ៉ាប់នេះ រស់នៅរប៉ាត់រប៉ាយតាមខេត្តផងដែរ ដែលអ្នកបង្កើតសហគមន៍នេះដំបូងគេបានដល់ឧបទ្វីបឥណ្ឌូចិនបារាំង។
តួយ៉ាង នៅខេត្តបាត់ដំបង ព្រះវិហារឥស្លាមពណ៌លឿងដ៏ល្បីល្បាញមួយនៅជាប់នឹងមាត់ស្ទឹងនៃឃុំនរា តាំងពីទសវត្សទី២០មកម្ល៉េះ។ វិហារនេះបានរម្លឹកឡើងវិញនូវរចនាបថនៃទ្វីបអាស៊ីខាងត្បូង។ នៅក្នុងការិយាល័យនៃសង្កាត់ អ្នកគ្រប់គ្រងភាគច្រើនមានលក្ខណៈដូចទៅនឹងជនជាតិជ្វា។ ប៉ុន្តែ មិនមែនទាំងអស់នោះទេ...។ លោក Hoeur ដែលមានដុះពុកមាត់ និងពាក់វ៉ែនតា បានរៀបរាប់នូវប្រភពជាតិសាសន៍ផ្សេងៗ៖ នៅក្នុងចំណោមប្រជាជនមកពីចុងកាត់ម៉ាត់ញកផ្សេងៗ ជាង១៥គ្រួសារ ម្តាយរបស់គាត់ (ខ្មែរ) បានរៀបការជាមួយនឹងបុរសម្នាក់ ក្នុងចំណោម«បុរសដែលមកពីប្រទេសឥណ្ឌានិយាយភាសាអួកឌូ ដែលបានមកដល់ប្រទេសខ្មែរ នៅទសវត្សទី១០ (អួកឌូគឺជាភាសារបស់ប្រទេសឥណ្ឌា ដែលជាប់ខ្សែស្រឡាយនឹងក្រុមឥណ្ឌូ-អ៊ីរ៉ង់ នៃអំបូរភាសាឥណ្ឌូ-អឺរុប ហើយភាសានេះត្រូវបានប្រើប្រាស់ដោយសហគមន៍ឥស្លាមនៃភាគខាងជើងនៃឧបទ្វីបឥណ្ឌា។ នៅក្រោយឆ្នាំ១៩៤៧ ភាសាអួកឌូ បានក្លាយទៅជាភាសាផ្លូវការរបស់ប្រទេសប៉ាគីស្ថាន)។ លោក Hoeur បានន្យល់ថា«សព្វថ្ងៃនេះ គេសង្កេតឃើញមានកូនចៅជំនាន់ក្រោយនៃជនជាតិនេះតិចតួចណាស់ នៅប្រទេសកម្ពុជា។ អ្នកខ្លះបានបាត់បង់ជីវិត អ្នកខ្លះទៀតបានចេញទៅរស់នៅក្រៅប្រទេស យូរឆ្នាំមកហើយ.... ហើយអ្នករស់នៅបន្តក្នុងប្រទេសកម្ពុជាមួយចំនួនផ្សេងទៀត ដូចជាករណីរូបខ្ញុំផ្ទាល់ មានវ័យចំណាស់អស់ទៅហើយ»។ លោកតាមានប្រសាសន៍ថា គ្រួសាររបស់គាត់ធ្លាប់ «រស់នៅតាមតំបន់មួយចំនួននៃប្រទេសថៃ»។ ជាការពិតណាស់ ឪពុករបស់គាត់បានចូលមករស់នៅក្នុងប្រទេសជិតខាងមួយនេះ នៅអាយុ១០ឆ្នាំ ជាមួយនឹងអ្នកធ្វើដំណើរផ្សងព្រេងមួយក្រុម ដែលមកតាំងពីតំបន់ឡាហ៊រ (បច្ចុប្បន្នជាទីក្រុងរបស់ប្រទេសប៉ាគីស្ថាន) ដើម្បីស្វែងរកឱកាសការងារថ្មី មុននឹងមករស់នៅខេត្តនេះ ក្នុងប្រទេសកម្ពុជា។
«តាអារ៉ាប់»មួយរូប នៅភូមិព្រែកខ្មែរ ខេត្តកំពង់ឆ្នាំង បានរម្លឹកអនុស្សាវរីយ៍នៃកិត្តិនាមដ៏ល្បីល្បាញរបស់ឪពុក និងពូៗរបស់គាត់ ដែលមានដើមកំណើតចេញពីតំបន់ប៊ីហារ(Bihar) (តំបន់ភាគឥសាននៃប្រទេសឥណ្ឌា) នៅក្នុងការធ្វើអាជីវកម្មលក់សាច់ និងផលិតផលទឹកដោះគោ។ ជនអន្តោប្រវេសន៍ទាំងនេះមានមានមុខរបររកស៊ីយ៉ាងសកម្មជាអ្នកលក់សាច់ នៅផ្សារខេត្តកំពង់ឆ្នាំង។
ជាចុងក្រោយ នៅខេត្តពោធិសាត់ យើងត្រូវធ្វើដំណើរទៅកាន់ផ្ទះទឹកតូចមួយ ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ដើម្បីជួបជាមួយនឹងអ្នកទទួលខុសត្រូវអ្នកកាន់សាសនាឥស្លាមនៅក្នុងខេត្តមួយរូប ដែលតែងតែធ្វើដំណើរចេញទៅឃោសនាជំនឿសាសនានៅខាងក្រៅភូមិរបស់គាត់។ ជាមួយនឹងក្រសែភ្នែកដ៏មុតថ្លា ពាក់វ៉ែនតាធំ ធ្លាក់គងលើចុងច្រមុះ ហើយស្ថិតក្នុងសំលៀកបំពាក់ឈុតខ្មៅ លោកតា អាបាហ្សា អូស្មាន់ អាយុ៦៤ឆ្នាំ មានប្រសាសន៍ថា តាមរយៈឪពុករបស់លោកតា លោកតាគឺជា «ជនជាតិប៉ាគីស្ថាន» ចំណែកម្តាយរបស់លោកតាគឺជាជនជាតិចាមនៅក្នុងស្រុកនេះ។
ប្រសិនជាម្នាក់ៗបានកំណត់ថាបុព្វបុរសរបស់ពួកគេមានដើមកំណើតមកពី «ប៉ាគីស្ថាន» នោះការអះអាងរបស់ពួកគេហាក់បីដូចជាមិនសូវទំនងនោះទេ ព្រោះប្រទេសប៉ាគីស្ថានទើបតែនឹងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧ តាមរយៈការបែងចែកទឹកដីប្រទេសឥណ្ឌា ពីសំណាក់អាណានិគមចក្រភពអង់គ្លេស ពោលគឺកើតឡើង ក្រោយការមកដល់នៃជនអន្តប្រវេសន៍ទាំងនេះ។ គេត្រូវតែធ្វើការវែកញែកអោយបានច្បាស់ រវាងប្រទេសឥណ្ឌាមួយ ដែលកាន់សាសនាហិណ្ឌូ និងឥស្លាម។
ទោះបីជាទំនាក់ទំនងជាមួយនឹងប្រទេសកំណើតរបស់ឪពុកមានកំរិតខ្លាំងក្លាក៏ដោយ ក៏ទំនាក់ទំនងជាមួយនឹងប្រទេសស្នាក់នៅនេះមិនបានចោទជាបញ្ហាធំដុំអ្វីនោះឡើយ។ «ជីតាអារ៉ាប់» ទាំងនេះរស់នៅយ៉ាងមានសេចក្តីសុខ ជាមួយនឹងអ្នកជិតខាងរបស់គាត់ដែលជាជនជាតិចាម រឺជា្វ ក៏ដូចជាខ្មែរពុទ្ធបរិស័ទផងដែរ។ លោកតា ហ្គូឡា បានមានប្រសាសន៍ដោយឥតរុញរាថា «ខ្ញុំកើតនៅទីនេះ ធំធាត់នៅទីនេះ ហើយក៏នឹងស្លាប់នៅទីនេះផងដែរ»។ ប៉ុន្តែ នៅទសវត្សទី៥០ ពោលគឺសម័យលោកតានៅជាយុវជនវ័យក្មេង លោកតាធ្លាប់បានរស់នៅប្រទេសប៉ាគីស្ថាន ពេលលោកតាចាកចេញទៅសិក្សាសាសនានៅទីនោះ ហើយលោកតាបានចំណាយពេលរស់នៅទីនោះអស់រយៈពេលយូរឆ្នាំ ស្ទើរតែពេញមួយជីវិតនៃភាពជាយុវជនរបស់គាត់។
ឪពុករបស់លោកតា«ជនជាតិប៉ាគីស្ថាន» បានស្លាប់បាត់បង់ជីវិតនៅប្រទេសកម្ពុជា នៅក្រោយការធ្វើដំណើរចាកចេញរបស់កូនប្រុសរបស់គាត់ទៅកាន់ទឹកដីដូនតា។ គាត់ត្រូវបានកប់នៅក្នុងផ្នូរ នៅក្នុងព្រះវិហារឥស្លាម នៅទួលទំពូង នាទីក្រុងភ្នំពេញ។ ក្រោយមក ម្តាយរបស់លោកតាហ្គូឡា ក៏បានសម្រេចចិត្តចាកចេញពីប្រទេសកំណើតរបស់គាត់ (ប្រទេសកម្ពុជា) ដើម្បីទៅរស់នៅជាមួយនឹងកូនប្រុសនៅប្រទេសប៉ាគីស្ថាន។ គាត់បានស្លាប់នៅប៉ុន្មានឆ្នាំក្រោយមក នៅតំបន់ភ្នំដ៏សែនឆ្ងាយនៃតំបន់ហាហ្សារ៉ា។ បន្តិចម្តងៗ គ្រួសាររបស់លោកតាហ្គូឡា ក៏លែងរស់នៅជាមួយនឹងគាត់។ សមាជិកខ្លះបានស្លាប់នៅសម័យសង្គ្រាមក្នុងប្រទេសកម្ពុជា អ្នកផ្សេងទៀត ស្លាប់នៅប្រទេសប៉ាគីស្ថាន ចំណែកកូនចៅជំនាន់ក្រោយមិនទាន់ធានារ៉ាប់រងច្បាស់លាស់ឡើយ...
លោកតាហ្គូឡា ដែលមិនធ្លាប់មានភរិយា និងកូនសោះនោះ បានសម្រេចចិត្តចូលមករស់នៅទីក្រុងភ្នំពេញ ទៅទសវត្សទី៩០។ ខណៈពេលលោកតាកំពុងតែសំឡឹងមើលផ្លូវពីកៅអីអង្គុយរបស់គាត់ គាត់បានចង្អុលទៅផ្នូរសពសារជាថ្មី ដោយឆ្លើយនឹងសំណួររបស់ខ្លួនឯងថា «ហេតុអ្វីបានជាខ្ញុំមិនរស់នៅប្រទេសប៉ាគីស្ថាន? ព្រោះ ផ្ទះរបស់ខ្ញុំនៅទីនេះ ហើយនឹងនៅទីនេះជារៀងរហូត!»។
អ្នកទីក្រុងភ្នំពេញមិនអាចបំភ្លេចសហគមន៍ឥណ្ឌូ-ឥស្លាម ដ៏មានអានុភាពនេះបាននោះទេ។ នៅឆ្ងាយហួសពីព្រះវិហារឥស្លាមនៃសង្កាត់ទួលទំពូង គេក៏សង្កេតឃើញមានវត្តមានសហគមន៍នេះនៅកន្លែងផ្សេង ក្នុងទីក្រុងផងដែរ ដូចជានៅផ្លូវលេខ២១ ដែលត្រូវបានរដ្ឋដាក់ឈ្មោះថា «ផ្លូវឧកញ៉ា អាប់ឌុល ការីម» តាំងពីទសវត្សទី៦០មកម្ល៉េះ ដើម្បីឧទ្ទិសដល់បុព្វបុរសម្នាក់ ក្នុងចំណោម «ដូនតាអារ៉ាប់»ទាំងនេះ។
|
|
|