|
អធិប្បាយចុងក្រោយ
|
| ការព្រួយបារម្ភចំពោះការបាត់បង់ពូជសត្វពស់នៅកម្ពុជា |
| ដោយ កូរីន កាឡឺបូ | | | ៣០-០៩-២០០៨ | 
កំពង់ត្រឡាច (ប្រទេសកម្ពុជា) ថ្ងៃទី២៤ សីហា ២០០២៖ ពស់មួយក្បាលកំពុងលូនលើផ្លូវ © ចន វីង / Magnum នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃ សត្វពស់ ជួនកាលត្រូវបានគេចាត់ទុកដូចជាព្រះអាទិទេពមួយអង្គ ជូនកាលជាសត្រូដ៏គួរអោយភ័យខ្លាច ចំពោះការចឹករបស់វា។ ពស់បានសណ្តំមនុស្សអោយស្រឡាញ់ចូលចិត្ត ហើយក៏ធ្វើអោយមនុស្សខ្ពើមរអើមផងដែរ។ ដោយមិននិយាយដល់ទំនាក់ទំនងស្រពិចស្រពិលមិនច្បាស់លាស់នេះ គេបានដឹងយ៉ាងប្រត្យក្សថាអនាគតរបស់ពស់កាន់តែទទួលរងនូវការគំរាមកំហែងខ្លាំងឡើងៗនៅក្នុងប្រទេស។ ការប្រមាញ់យ៉ាងគំហុក ការបំផ្លាញ់ទីជម្រកសត្វ ការកើនកំដៅអាកាសធាតុសុទ្ធសឹងជាការគំរាមកំហែងលើជីវិតរស់នៅរបស់សត្វពស់។ ការបាត់បង់ពូជសត្វប្រភេទនេះក៏បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ ជាពិសេសនៅតំបន់ទន្លេសាប ព្រោះនៅទីនោះ ពស់មានតួនាទីជាអ្នករក្សាស្ថានភាពនៅក្នុងទឹក។ លើសពីនេះ វាក៏បង្កគ្រោះថ្នាក់សម្រាប់ភាវៈមានជីវិតផងដែរ ព្រោះពូជសត្វជាច្រើនអាចនឹងបាត់បង់ រឺអាចរហូតដល់បាត់បង់ពូជសត្វកម្រដែលគេពុំធ្លាប់រកឃើញ។ ទេវកថាទាក់ទងនឹងសត្វពស់ លោកនេនខ្មែរមួយអង្គគ្រងស្បង់ចីពរ ព្រះនាមរតនៈ កំពុងអង្គុយលើកាំជណ្តើរចូលខាងក្នុងវត្ត។ លោកនេនរូបនេះបានចង្អុលទៅកាន់កាំជណ្តើតូចមួយ ដែលស្ថិតនៅមុខរបស់ព្រះអង្គ។ នៅខាងក្រោមនោះ គេឃើញមានពស់ធំមួយក្បាលកំពុងលូនសន្សឹមៗយ៉ាងស្ងៀមស្ងាត់ ឆ្ពោះសំដៅទៅរករូបព្រះពុទ្ធបដិមាក ដោយគ្មានធ្វើអោយលោកនេនអង្គនោះ និងអ្នកដទៃទៀតភ័យខ្លាចអី្វបន្តិចឡើយ។ ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃនៅក្នុងវត្តដែលមានម្លប់ត្រឈឹងត្រឈៃ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឧទ្យានជាតិវីរៈជ័យ នាខេត្តរតនគិរីនេះ បានផ្តល់នូវទីជម្រកដ៏ល្អប្រសើរមួយសម្រាប់ពពួកសត្វល្មូនឈាមត្រជាក់នេះ។ ព្រះសង្ឃវ័យក្មេងអង្គនេះមានសង្ឃដីកាពន្យល់ថា «នេះគឺជានិមិត្តសញ្ញានាំសំណាង!។ នៅក្នុងវប្បធម៌ខ្មែរ ពស់គឺជាប្រភេទសត្វនាំលាភសំណាងដ៏ធំមួយ។ យើងមិនអាចដេញពស់នេះចេញបាន ហើយក៏មិនចង់ធ្វើបាបវាដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាត្មាមិនធ្លាប់ឃើញនរណាម្នាក់ត្រូវពស់នេះចឹកឡើយ»។ រឿងទេវកថាបានពន្យល់ជាពិសេសទាក់ទងនឹងសត្វជាទីសក្ការៈនេះ។ ជាការពិតណាស់ រឿងព្រេងនិទានចង់បង្ហាញថាប្រជារាស្រ្តខ្មែរកើតចេញពីការរួមសម្ព័ន្ធភាពរវាងព្រាហ្មណ៍ជនជាតិឥណ្ឌាមួយរូបនិងបុត្រីរបស់ស្តេចពស់ ប៉ុន្តែ រឿងព្រេងក៏បានលើកឡើងផងដែរថាព្រះពុទ្ធត្រូវបានការពារដោយសត្វនាគ នៅពេលព្រះអង្គជួបនឹងព្យុះសង្ឃរាដ៏គ្រោះថ្នាក់មួយ។ ទាំងនេះគឺជាហេតុផលដែលធ្វើអោយពុទ្ធបរិស័ទមានចិត្តស្រឡាញ់ពពួកសត្វល្មូននេះ ដោយឥតដែនព្រំដែនកំណត់។ ការពិត ពស់មានប្រជាប្រិយមិនគួរអោយជឿមួយនៅប្រទេសកម្ពុជា។ តួយ៉ាង កាលពីខែមីនាមុន សារព័ត៌មានកម្ពុជាមួយបានរាយការណ៍អោយដឹងថាពស់ថ្លាន់មួយគូបានលូនចូលផ្ទះលោកនាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ។ ចាប់តាំងពីពេលនោះមក លោកមិនត្រឹមតែចិញ្ចឹមពស់ទាំងពីរក្បាលនេះប៉ុណ្ណោះនោះទេ ពស់ទាំងនេះអាចរស់នៅយ៉ាងមានសេរីភាពជាមួយគ្រួសារ ព្រោះលោកយល់ឃើញថាវត្តមានពស់ទាំងនេះគឺជាប្រផ្នូលដ៏ល្អមួយសម្រាប់ផ្ទះ។ នេះមិនមែនជាករណីតែមួយនោះទេ គ្រួសារមួយចំនួនបានស្វាគមន៍ពស់ថ្លាន់អោយរស់នៅក្នុងផ្ទះរបស់ពួកគេ ដោយសង្ឃឹមថាពស់នឹងនាំយកនូវសំណាង និងភាពមានបានសម្រាប់ពួកគេ។ ពស់ត្រូវបានចាត់ទុកជាសត្វអាទិទេព សត្វនាំលាភសក្ការៈ មកអោយប្រជារាស្រ្តខ្មែរ។
ជម្រើសនៃចំណីអាហារសម្រាប់ក្រពើ ទោះបីជាប្រជាជនកម្ពុជាមួយចំនួនស្រឡាញ់ពស់យ៉ាងជ្រាលជ្រៅអស់ពីដួចចិត្តក៏ដោយ ក៏អ្នកផ្សេងទៀតស្រឡាញ់ពស់គ្រាន់តែដើម្បីផលប្រយោជន៍នៃអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះ។
នៅមាត់បឹងទន្លេសាប លោក មុនី វិជ្ជាកំពុងប៉ះសំណាញ់ឡើងវិញ។ គាត់ក៏ជាអ្នកនេសាទដូចឪពុករបស់គាត់ដែរ។ អស់រយៈពេល៦ឆ្នាំមកហើយ ដែលគាត់ប្រកបមុនរបរប្រមាញ់ពស់នៅពេលភ្លៀងធ្លាក់ដើមរដូវ។ «នេះមិនមែនជារដូវល្អសម្រាប់ការនេសាទត្រី ដែលមានចំនួនកាន់តែតិចទៅៗ នៅក្នុងបឹងនោះទេ។ ដូច្នេះ យើងបែរមកចាប់ពស់ក្នុងទឹកវិញម្តង។ ពស់៥០ក្បាលមានតម្លៃ១ដុល្លារ វាមានតម្លៃថោកជាងត្រី ប៉ុន្តែ វាក៏អាចរកប្រាក់ចំណូលបានគួរសមផងដែរ!»។ លោកបានបង្កើតកសិដ្ឋានចិញ្ចឹមក្រពើជាង១០កន្លែង ហើយកសិដ្ឋានមានចំនួនកាន់តែច្រើនឡើងនៅតាមមាត់បឹង។ លោកវ៉ាយ ចន្ថា ដែលបាននាំយកពស់មកអោយកសិដ្ឋានជាប់នេះមួយកន្លែង បានពន្យល់ថា «ក្រពើចូលចិត្តស៊ីពស់ ព្រោះវាសំបូរជាតិប្រូតេអ៊ីន។ លើសពីនេះ ពស់ចូលចិត្តចឹកគ្នាឯង ក្រពើចូលចិត្តបែបនេះ!»។ ប្រសិនជាពស់មិនត្រូវបានក្លាយជាចំណីក្រពើ វានឹងត្រូវបានគេយកទៅលក់ ដើម្បីផលិតកាបូប ស្បែជើង និងវត្ថុធ្វើអំពីស្បែកពស់ជាច្រើនបែបផ្សេងទៀត។
ការប្រមាញ់ដ៏គ្រោះថ្នាក់មួយ យោងតាមអង្គការអភិរក្សសត្វព្រៃ(Wildlife Conservation Society) ពស់ជាង៤លានក្បាលបានស្លាប់ជារៀងរាល់ឆ្នាំ នៅទន្លេសាប។ តួលេខនេះអាចនឹងកើនឡើងដល់៧លានក្បាល! ការប្រមាញ់ដោយគ្មានវិធានការណ៍ត្រឹមត្រូវបានចោទជាបញ្ហាធ្ងន់ធ្ងរនៅក្នុងមជ្ឈដ្ឋានធម្មជាតិដ៏ទន់ខ្សោយនេះ។ លោកមុនី បានកត់សម្គាល់ថា «ពស់ឥឡូវនេះមានចំនួនតិចជាងកាលពីមុន។ ប្រសិនជាករណីនេះនៅតែបន្តកើតមានឡើង វានឹងក្លាយដូចជាករណីនៃការថយចុះចំនួនត្រីបឹងទន្លេសាបផងដែរ»។ លោក Tom Bursley អ្នកឯកទេសផ្នែកជីវសាស្រ្តជនជាតិអូស្រា្តលី ដែលបានសិក្សាធនធានទឹកបឹងទន្លេសាបអស់រយៈពេល៦ឆ្នាំមកហើយនោះ បានប្រកាសអាសន្នថា «ទោះបីជាការប្រមាញ់ពស់មិនទាន់ឈានដល់ចំណុចមិនអាចត្រឡប់ថយក្រោយបានក៏ដោយ ក៏ការបាត់បង់ពូជមួយចំនួន ដូចជា ពស់ទឹកឈ្មោះ enhydris longicauda ពិតជាគួរអោយព្រួយបារម្ភយ៉ាងខ្លាំង»។ វាមិនមែនជាករណីតែមួយ ដែលគេព្រួយបារម្ភនោះទេ។ លោកស្រី Sharon Brooks អ្នកឯកទេសផ្នែកជីវវិសាស្រ្តនៅទន្លេសាប និងជាអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ East Anglia នៅប្រទេសណ័រវែល បានរាយការណ៍នៅក្នុងសន្និសីទមួយ កាលពីខែកក្កដា ឆ្នាំ២០០៧កន្លងទៅនេះ នៅទីក្រុងកំពង់ផែ Port Elizabeth (ប្រទេសអាហ្រ្វិកខាងត្បូង) ថាលោកស្រីមិនធ្លាប់ដែលបានឃើញការប្រមាញ់ដ៏ធំសំបើមបែបនេះពីមុនមកនោះទេ។ «ប្រសិនជាយើងមិនស្វែងរកដំណោះស្រាយភ្លាមៗនោះទេ អនាគតរបស់ទន្លេសាបនឹងជួបប្រទះនូវគ្រោះមហន្តរាយដ៏ធំ ព្រោះប្រសិនជាចំនួនពស់ធ្លាក់ចុះ ប្រជាពលរដ្ឋខ្មែរនឹងសម្លាប់ពូជសត្វផ្សេងទៀត ដែលកំពុងតែប្រឈមនឹងគ្រោះផងដែរ។ ប្រសិនជាមជ្ឈដ្ឋានធម្មជាតិបៃតងដែលជាទីពំនាក់របស់ប្រជាជនកម្ពុជា៣លាននាក់ ទទួលរងនូវការគំរាមកំហែង សេដ្ឋកិច្ចប្រទេសជាតិក៏ត្រូវគំរាមកំហែងដូចគ្នាផងដែរ។ ហេតុដូច្នេះហើយទើបបានជាយើងត្រូវមានប្រតិកម្មជាបន្ទាន់»។ ដើម្បីបញ្ឈប់បាតុភូតដ៏អាក្រក់នេះ អ្នកឯកទេសជីវវិសាស្ត្ររូបនេះមិនត្រឹមតែណែនាំអោយបញ្ឈប់ការប្រមាញ់ទាំងស្រុងនោះទេ ប៉ុន្តែ លោកស្រីបានណែនាំអោយរក្សាលំនឹងតំបន់អភិរក្ស ដែលជាកន្លែងពស់អាចស្វែងរកទីជម្រកបាន។ រហូតមកទល់ពេលនេះ លោកស្រីមិនបានទទួលការឆ្លើយតបតាមសំណើរបស់លោកស្រីនោះទេ…។
មធ្យោបាយនៃការលូនយ៉ាងស្ងៀមស្ងាត់ ប្រសិនជាជីវិតរបស់ពស់គ្មានសុវត្ថិភាពនៅក្នុងទឹក លើគោក នោះជីវិតពស់នឹងគ្មានសុវត្ថិភាពជារៀងរហូត។ លោកនាង ធី គឺជាអ្នកសិក្សាឯកទេសជនជាតិម្នាក់ ក្នុងចំណោមអ្នកសិក្សាលើពពួកសត្វល្មូន និងសត្វឆ្អឹងកង។ គាត់គឺជាមន្ត្រីបរិស្ថាននៃនាយកដ្ឋានឧទ្យានជាតិនិងដែនជម្រកសត្វព្រៃនៃអគ្គនាយកដ្ឋានរដ្ឋបាល ការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងជាប្រធានស្រាវជ្រាវជីវៈចម្រុះនៅអង្គការអភិរក្សសត្វនិងរុក្ខជាតិអន្តរជាតិ (Fauna and Flora International) ដែលជាអង្គការអភិរក្សភាវៈមានជីវិតដែលស្ថិតក្នុងគ្រោះថា្នក់។ ដោយបានចុះមកបំពេញបេសកកម្មជាទៀងទាត់ លោកបានតាមដានការវិវត្តន៍របស់ពូជសត្វព្រៃក្នុងប្រទេស រយៈពេលជាង១៥ឆ្នាំមកហើយ ហើយលោកបានប្រកាសអាសន្នអំពីគ្រោះថ្នាក់នេះ។ អ្នកឯកទេសផ្នែកជីវសាស្រ្តរូបនេះបានពន្យល់ថា «ពិតជាមិនគួរអោយជឿ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រៃឈើអាចនឹងបាត់បង់ ដើម្បីយកដីមកដាំដំណាំ។ ការកាប់បំផ្លាញនៅទីនេះពិតជាខុសច្បាប់។ កត្តានេះគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ សម្រាប់ពពួកសត្វល្មូន ព្រោះប្រសិនជាពួកវាបាត់បង់ជម្រករស់នៅ ពួកវានឹងស្លាប់ជាមិនខាន។ នេះគឺជាការគំរាមកំហែងដ៏ធំមួយចំពោះពស់ ប៉ុន្តែ ពួកវាក៏ទទួលរងគ្រោះពីកំណើនអាកាសធាតុផងដែរ ព្រោះសត្វប្រភេទនេះគឺជាពូជសត្វឈាមត្រជាក់»។
ពុំមានទិន្នន័យច្បាស់លាស់ ប៉ុន្តែ ពិតជាព្រួយបារម្ភបំផុត ទោះបីជាមានការជម្រុញអោយការសិក្សាយ៉ាងខ្លាំងក្លា តាមរយៈជំនួយរបស់អង្គការអភិរក្សសត្វព្រៃអន្តរជាតិ ដែលជាសមាគមការពារសត្វព្រៃមួយផ្សេងទៀតក៏ដោយ ក៏បច្ចុប្បន្ននេះ គេមិនមានទិន្នន័យច្បាស់លាស់ណាមួយស្តីពីចំនួនពូជសត្វ នៅក្នុងប្រទេស និងប្រភេទសត្វពស់ដែលកំពុងបាត់បង់នោះទេ។ លោកនាង ធីបានសំដែងការសោកស្តាយថា «គ្រប់គ្នាបានសើចចំអកអំពីរឿងនេះ។ គ្មានទិន្នន័យ យើងមិនអាចដឹងថាមានបញ្ហានោះទេ»។ ទោះបីជាអ្នកស្រាវជ្រាវមិនទម្លាក់កំហុសទៅលើរដ្ឋាភិបាលក៏ដោយ ក៏អ្នកស្រាវជ្រាវនៅតែយល់ឃើញថាវិធានការណ៍ដែលដាក់អោយប្រើប្រាស់នៅមិនទាន់គ្រប់គ្រាន់នោះទេ។ «ច្បាប់ត្រូវបានរឹតបណ្តឹងចាប់តាំងពីឆ្នាំ២០០៣ ដោយមានការពង្រាយកងកម្លាំងរក្សាសណ្តាប់ធ្នាប់សង្គមនៅតាមស្រុកភូមិ។ តួយ៉ាង ក្នុងចំណោមកងកម្លាំងទាំងនោះ កងកម្លាំងរក្សាស្រុកជាង៦០នាក់ បានយាមប្រចាំការនៅតាមជួរភ្នំក្រវាញ (ជួរភ្នំនេះស្ថិតនៅក្នុងចំណោមជម្រកសត្វព្រៃដ៏សំខាន់បំផុតនៅក្នុងប្រទេស ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា)។ ចំនួននេះនៅមិនគ្រប់គ្រាន់នៅឡើយទេ ពួកគេមិនអាចស្ថិតនៅគ្រប់ទីកន្លែងបាននោះទេ។ ប៉ុន្តែ អ្នកប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើនៅតែអាចបន្តសកម្មភាព»។ ក្រុមការងារចុះផ្សព្វផ្សាយបរិស្ថានក៏បានចុះមកជួបជាមួយនឹងអ្នកភូមិដោយផ្ទាល់ ដើម្បីពន្យល់អំពីមជ្ឈដ្ឋានធម្មជាតិរបស់ពួកគាត់។ ជំនួយនេះទំនងជាអាចផ្តល់នូវផ្លែផ្កាបន្តិចបន្តួច។ លោកនាង ធីបានបន្តទៀតថា «ប្រជាជនកម្ពុជាយល់ឃើញជាពិសេសថាពស់ជាសត្វមានគ្រោះថ្នាក់ ហើយម្យ៉ាងវិញទៀត អាជីវកម្មរបស់ពួកគាត់អាចទាញយកផលប្រយោជន៍ចេញពីសត្វប្រភេទនេះ»។ ស្ថានភាពនេះក៏បានបង្កជាការព្រួយបារម្ភដល់អ្នកឯកទេសបរទេសមួយចំនួនផងដែរ។ អ្នកជំនាញទាំងនោះមិនរុញរាក្នុងការធ្វើដំណើរចម្ងាយរាប់ពាន់គីឡូម៉ែត្រ ដើម្បីចុះមកសង្កេតពូជសត្វកម្រ រឺអាចនឹងមានតែមួយ ដែលគេឃើញមាននៅប្រទេសកម្ពុជា។ លោក Lee Grismer បានមកចូលរួមជាមួយនឹងអ្នកឯកទេសទាំងនេះ។ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់នៅប្រទេសកម្ពុជា កាលពីខែសីហាកន្លងទៅ អ្នកស្រាវជ្រាវចូលនិវត្តន៍មកពីសាកលវិទ្យាល័យLa Sieera នាសហរដ្ឋអាមេរិករូបនេះបាននាំយកមកជាមួយនូវពូជតឹកកែពីរក្បាលដែលគេមិនអាចកំណត់អត្តសញ្ញាណបាន និងពូជពស់វែកមួយក្បាលដែលគេមិនធ្លាប់ជួបប្រទះ ដែលត្រូវបានគេរកឃើញនៅលើកោះហុន សុន ប្រទេសវៀតណាម។ នៅតំបន់មហាវិទ្យាល័យដែលគាត់ធ្វើការ គាត់បានពន្យល់ថាការកាប់បំផ្លាញព្រៃឈើដើម្បីបម្រើប្រយោជន៍បុគ្គល បានបង្កអោយមានការបាត់បង់ពូជសត្វ ដែលគេមិនទាន់ស្វែងរកឃើញ។ នេះគឺជាគ្រោះថ្នាក់អាក្រក់មួយ។ «ជីវិតរស់នៅលើភពផែនដីប្រៀបដូចជាល្បែងតម្រៀបរូប ដែលរូបនីមួយៗត្រូវពឹងពាក់គ្នាទៅវិញទៅមកដោយផ្ទាល់រឺដោយប្រយោល។ ប្រសិនជាយើងកាន់តែយល់ដឹងនូវគ្រោះថ្នាក់ចំពោះពូជសត្វ យើងកាន់តែអាចស្វែងរកដំណោះស្រាយដើម្បីជួយសង្គ្រោះសត្វទាំងនោះ។ ប្រសិនជាយើងបាត់បង់ការរួមសាមគ្គី វាគឺជាគ្រោះថ្នាក់មួយសម្រាប់មជ្ឈដ្ឋានធម្មជាតិបៃតង»។ យើងសង្ឃឹមថានៅថ្ងៃអនាគត ពស់កម្ពុជានឹងមិនផុតពូជនោះទេ។
|
|
|