កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ខ្មែរ​នៅ​រដ្ឋ​ម៉ាសាឈូសេត (៤) : លោក​ចាន់ ទូច ចេញ​ពី​កុមារ​ភាព​មួយ​ដ៏​ស្រណុក​ស្រួល ​ទៅ​កាន់​ការងារ​លះបង់​មួយ​ដើម្បី​សហគមន៍​ខ្មែរ
ដោយ ស្ទេហ្វានី ហ្សានីន (ទីក្រុងឡូវ៉ែល សហរដ្ឋ​អាមេរិក)   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០១-១០-២០០៨

Etats-Unis - Lowell - Chhan Touch © Stéphane Janin

 ទីក្រុងឡូវ៉ែល(សហរដ្ឋអាមេរិក) ក្រោយពីការពិនិត្យលោកយា អឿ សំណាង អាយុ៧៩ឆ្នាំ ដែលមានជម្ងឺប្រតិកម្ម លោកចាន់ ទូច ស្ទង់ស្តាប់អាការៈរោគក្មេងស្រី កៅ លីលី អាយុ៥ឆ្នាំ© ស្ទេហ្សាន ហ្សានីន

ចាន់​ ទូច​ បាន​ជួប​ជុំ​ជាមួយ​ជន​រួម​ជាតិ​ខ្មែរ​​ជាជន​ភៀស​ខ្លួន​ដូចគាត់​នៅ​សហរដ្ឋ​អាមេរិក​ នៅ​មណ្ឌល​សុខភាព​មេត្តា ក្នុង​រដ្ឋ​ម៉ាសាឈូសេត។ គាត់​បាន​រក​ឃើញ​ឡើងវិញ​នូវ​ភាព​រីករាយ​សម្រាប់​ការ​រស់នៅ​។ គាត់​គឺ​ជា​គិលានុប្បដ្ឋាក​ម្នាក់​។ ថាម​ពល និង​អារម្មណ៍​ដ៏ល្អ​របស់​បុរស​ជា​​ឳពុក​ម្នាក់​នេះ​ ធ្វើ​អោយ​យើង​នឹក​ស្មាន​មិន​ដល់​ពី​ការឈឺ​ចាប់​ដែល​ហ៊ុម​ព័ទ្ធ​រូប​គាត់​នោះ​ឡើយ​។ គាត់​បាន​យល់​ព្រម​ស្រាវ​ខ្សែ​ជីវិត​របស់ខ្លួន ហើយ​និយាយ​រៀប​រាប់​ដោយ​ភាព​អៀន​ខ្មាស​អំពី​ការ​កសាង​ខ្លួន​ឡើង​វិញ​ក្រោយ​អំពើ​សោក​នាដកម្ម​បង្ក​ឡើង​ដោយ​ពួក​ខ្មែរ​ក្រហម​។

 

«ស្វាយមួយ​មែក»
ចាន់​ ទូច​ កើត​នៅ​ឆ្នាំ​១៩៦៧ នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ឪពុក​ម្តាយ​ជា​អ្នក​លក់​គ្រឿង​អលង្ការ​នៅ​​ផ្សារ​ថ្មី។ ដូច្នេះចាន់ ទូច បាន​ភ្លក់​រសជាតិ​នៃកុមារភាព​មួយ​ដ៏រីក​រាយ ទម្រើស​តាម​ចិត្ត​ ព្រោះ​ជា​កូន​ពៅ​នៅក្នុងគ្រួសារ​។ «ឳពុក​ម្តាយ​ខ្ញុំ​មាន​ជោគជ័យ​នៅ​ក្នុង​មុខ​របរ ប៉ុន្តែ​គាត់​មិន​ដែល​ភ្លេច​ដើម​កំណើត​ជា​ជន​សាមញ្ញ​​របស់​ពួក​គាត់​ទេ។ ពួកគាត់​តែង​តែ​ប្រាប់​កូនៗ​អោយដឹងថា ពួកគាត់​ត្រូវខំ​ធ្វើការ​ខ្លាំង​ណាស់​ ទម្រាំ​មាន​បាន​​ដូច្នេះ»។

ឆ្នាំ​១៩៧០ របប​សាធារណរដ្ឋ​របស់​លន់ នល់​ត្រូវ​បាន​បង្កើត​ឡើង ហើយ​សង្រ្គាម​​ស៊ីវិល​ក៏​ចាប់​ផ្តើម​ឡើង​នៅ​កម្ពុជា។ ទ្រព្យសម្បត្តិ​របស់​ឳពុក​ម្តាយ​លោក​ចាន់ ទូច​ អាច​អោយ​គាត់​គេច​ផុត​ពី​ការ​ខ្វះខាត​ដែល​ជន​ជាតិ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ជួប​ប្រទះ។ «ខ្ញុំ​នៅ​ចាំ​ពី​បាតុកម្ម​នៅ​ក្នុង​ទីក្រុង នៅ​ពេល​ដែល​សម្តេច​នរោត្តម សីហនុ ត្រូវ​ទម្លាក់​ដោយ​លន់ នល់​។ ប៉ុន្តែ​​វា​យឺត​ពេល​ទៅ​ហើយ​ទម្រាំ​ខ្ញុំ​​បាន​ដឹង​ពីអ្វី​ដែល​កំពុង​តែកើត​ឡើង។ អ្នក​រស់នៅ​តាម​ខេត្ត​​នាំ​គ្នា​ចូល​មក​ក្នុង​ទីក្រុង​ភ្នំពេញ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​គេ​ច​ពី​តំបន់​ប្រយុទ្ធ។ គ្រាប់​បែក និង​គ្រាប់​បែក​ដៃ​ផ្ទុះ​ឡើង ប៉ុន្តែ​ខ្ញុំ​វាស់​ស្មាន​មិន​ដល់​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​ស្ថានការណ៍​​ពេល​នោះ​​​ឡើយ»។

​គាត់​នៅចង​ចាំ​អនុស្សាវរីយ៍​ដ៏ភ្លឺ​ចិញ្ចាច​ចិញ្ចែង​តែ​មួយ​គត់នៃ​កុមារ​ភាព​ដ៏ល្អ​របស់​គាត់​​​បាន​ថា​ ​ថ្ងៃ​មួយ​ ​គាត់បាន​​ទៅ​ភូមិ​កំណើត​របស់​ម្តាយ​នៅក្នុង​ខេត្ត​កំពង់​ចាម​ ជាលើក​ទី១។ «ពួក​យើងអង្គុយ​នៅ​លើ​​គ្រែ​ឈើក្រោម​ម្លប់​ដើម​ស្វាយ​ ហើយ​ខ្ញុំ​ស្តាប់​ចម្រៀង​របស់​លោក​ស៊ីន​ ស៊ីសាមុត និង​រស់​ សេរីសុទ្ធា បទ«ស្វាយមួយ​មែក»។ វា​ជាពេលវេលា​ដ៏​មាន​សុភមង្គល! រាល់​ដង​ដែល​ខ្ញុំ​បាន​ឮ​ចម្រៀងនេះ ខ្ញុំ​តែង​តែ​លង់​អារម្មណ៍​ស្រមៃ​ដល់​ថ្ងៃដ៏​អស្ចារ្យ​​​​របស់​កម្ពុជា​​ដ៏សុខសន្តិភាព...»។

ការ​លះបង់​ដោយគ្មាន​លក្ខខណ្ឌ​របស់​ឳពុក​ម្នាក់​
នៅថ្ងៃ​១៧ មេសា ១៩៧៥ ក្នុង​វ័យ​៨ឆ្នាំ ចាន់​បានឈរ​មើលការ​ចូល​មក​ក្រុង​ភ្នំពេញ​​របស់​ទាហាន​អាវ​​ខ្មៅ​ និង​ការ​ជម្លៀស​ប្រជាជន​ចេញ​ពីទីក្រុង​ទាំង​ប្រញាប់​​ប្រញាល់​ ពី​លើ​រាន​ហាល​​​ផ្ទះ។ «ពួក​ខ្មែរក្រហម​បាញ់​សម្លាប់​អ្នក​ទាំងឡាយ​ណា​ដែល​ព្យាយាម​ដើរ​ត្រឡប់​មក​វិញ​ ដើម្បី​រក​កូន​ឬ​ឳពុក​ម្តាយ​។ ពួកគេ​គ្មាន​ការអាណិត​អាសូរ​អ្វីឡើយ។ ទិដ្ឋភាព​ទាំងនេះ​ឆ្លាក់​​ជាប់​ក្នុង​ការ​ចង​ចាំ​របស់​ខ្ញុំ​»។

គ្រួសារ​របស់​ចាន់​ក៏ដូចជា​គ្រួសារ​ជា​ច្រើន​រយពាន់​ទៀតដែរ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជន​បទ​ដោយ​​អត់​មាន​ម្តាយ ព្រោះបាន​ទទួល​មរណភាព​មុន​នេះ​បន្តិច​ដោយសារ​ជំងឺ។ «នៅ​ក្នុង​ទន្លេ ស្ទឹងនានា សាកសព​អណ្តែត​ពាស​ពេញ... យើង​គ្មាន​ជាប់​ទឹក​ទៅ​ជាមួយ​ទេ ហេតុនេះ​យើង​ត្រូវ​ផឹក​ទឹក​ស្ទឹង​​ ដែល​ឡើង​ពណ៌ក្រហម​ដោយសារ​ឈាម»។

បើ​សិន​ជា​គ្មាន​ការ​លះបង់​ និង​ការតស៊ូ​ពុះពារ​របស់​ឳពុក​គាត់​ទេនោះ ចាន់​ប្រាកដ​​ជា​មិន​អាច​មាន​ជីវិត​រស់​ពី​ឆ្នាំ​ដ៏រន្ធត់​នេះ​បានឡើយ​។ នៅ​សម័យនោះ ចាន់​តែង​តែឈឺមិន​អាច​ទៅ​ធ្វើការ​​បាន​ជាច្រើន​ថ្ងៃ។ គាត់​​ឈប់​ច្រើន​ប៉ុណ្ណា​ គាត់​​ក៏​អត់​ទទួល​បាន​របបអាហារប៉ុន​នោះ​ដែរ។ ​

«នេះគឺ​​ជា​ការ​ស្រឡាញ់​របស់​ឳពុក​ខ្ញុំ​ដែល​បាន​ជួយ​ខ្ញុំ​អោយ​រស់​។ នៅ​ចុង​ឆ្នាំ​១៩៧៧ ខ្ញុំ​ជិត​ស្លាប់​ទៅហើយ ខ្ញុំ​ដេក​នៅ​លើ​គ្រែ​រនាបឫស្សី គ្មាន​អាហារ​អ្វី​ទាំង​អស់​។ ឪពុក​ខ្ញុំ​ហុត​តែ​ទឹក​បបរ​ ដើម្បី​ទុក​កាក​អោយ​ខ្ញុំ​។ ប្រសិន​បើ​គាត់​អាច​ចាប់​កណ្តុរ ក្តាម​ ពស់ ត្រី ជន្លេន សត្វ​ស្លាប​ ​នៅក្នុង​ចម្ការ​... គាត់​តែង​តែ​យក​អោយ​ខ្ញុំ​។ ពេល​ខ្ញុំ​ខ្សោយ​ខ្លាំង​មិន​អាច​កម្រើក​បាន គឺ​គាត់​​ជាអ្នក​មុជទឹក​អោយ​ខ្ញុំ​ពេល​គាត់​ត្រឡប់​ពី​ស្រែ​វិញ។ ហើយ​នៅពេល​ដែល​សេចក្តី​ស្លាប់​មក​​យក​រូប​ខ្ញុំ​ គាត់​នៅ​អង្គុយ​ក្បែរ​ខ្ញុំ​ពេញ​មួយ​យប់។ គាត់សូត្រ​ធម៌ ហើយ​បង្រៀន​ខ្ញុំ​អោយ​សូត្រ​ធម៌​ ដែល​ធ្វើ​​អោយ​ព្រលឹង​ខ្ញុំ​ស្ងប់​នៅ​ពេល​ដាច់​ខ្យល់​។ ភាពកក់ក្តៅ និង​សេចក្តី​ស្រឡាញ់​​​ដែល​ឳពុក​ខ្ញុំមានចំពោះ​​ខ្ញុំ​ គឺ​ជា​អនុស្សាវរីយ៍​ដ៏​ល្អតែ​មួយគត់​ដែល​ខ្ញុំ​រក្សា​ទុក​នៅ​សម័យ​​នោះ។ ក្រៅពីនេះ គឺ​សុទ្ធ​តែ​ជា​ភាព​ទុក្ខព្រួយ និង​ការ​សោកសៅ»។

នៅចុង​ឆ្នាំ​១៩៧៧ ចាន់​ជា​ពីជំងឺ ប៉ុន្តែ​ប្អូន​ស្រី​ជីដូន​មួយ​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត។ ជាយូរ​មក​ហើយ ចាន់​មាន​អារម្មណ៍​​ថា​ខ្លួន​ឯង​ជា​ជន​មានកំហុស។ «ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​ស្លាប់ ប្រហែល​នាង​អាច​នៅ​រស់សព្វថ្ងៃ...?»។

ជំរំ​ជន​ភៀសខ្លួន​ប្រសើរជាង​​«ជញ្ជាំង​ឫស្សី»
ទោះ​មាន​ឧបសគ្គ​យ៉ាងណា ចាន់​ ទូច​ នៅ​តែ​មាន​ជីវិត​រស់។ នៅពេល​វិល​ត្រឡប់​​មក​ទីក្រុង​ភ្នំពេញ​វិញ​នៅឆ្នាំ​១៩៧៩​​ ក្រោយ​ថ្ងៃដួល​រលំ​របស់​របបខ្មែរ​ក្រហម​ គាត់​ចំណាយពេល​ដើរ​ឥត​ទិស​ដៅ​នៅតាម​ផ្លូវ​នានា​ ដើម្បី​ស្វែង​រក​អ្វី​មក​បរិភោគ ហើយ​ចួន​កាល​ជំរុញ​អោយគាត់​ប្រព្រឹត្តអំពើ​លួច​មួយ​ចំនួន​។ នៅឆ្នាំ​១៩៨០ ចាន់ ទូច​​ បាន​ចូល​សាលា​រៀន​ឡើងវិញ ដែល​អូសទាញ​ដោយ​​អង្ករ​៤​កំប៉ុង​​ដែល​គេ​ផ្តល់​អោយ​ជា​រៀង​រាល់​សប្តាហ៍​សម្រាប់​សិស្ស​ទាំង​ឡាយ​​ណា​ដែល​​បាន​ចុះ​ឈ្មោះ​ចូលរៀន។ ទូ​ច​ទទួល​បាន​ពិន្ទុ​ល្អ ហើយ​៤​ឆ្នាំ​ក្រោយ​មក​ ទូច​ក៏​​បានជាប់​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ពេទ្យ​។ ជាអកុសល្យ ការសិក្សា​នេះ​ត្រូវ​បានផ្អាក​ដោយ​សារាចរ​លេខ​៣៥១ ដែល​កេណ្ឌ​មនុស្ស​ពេញ​កម្លាំង​មួយ​ភាគ​​របស់​ប្រទេស​ ដើម្បី​ទៅ​សាង​សង់​«ជញ្ជាំងឫស្សី»​ដ៏ល្បី​នៅ​តាមបណ្តោយ​ព្រំដែន​ថៃ។ ពួក​វៀតណាម​ ដែល​ជា​អ្នក​កាន់​កាប់​កម្ពុជា​នៅពេល​នោះ គិតថា​​ធ្វើ​ដូច្នេះគឺ​អាច​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​របស់​ពួក​ទ័ព​ព្រៃ​ខ្មែរក្រហម​។

ជា​គោលការណ៍​ មន្ត្រីរាជការ និង​និស្សិត​គឺ​រួច​ពី​កំណែននេះ។ ប៉ុន្តែ​ចាន់​ ទូច ត្រូវដាក់​ទោស​ដោយ​សារ​គាត់​មាន​ដើម​កំណើត​ជាជនជាតិចិន (វៀតណាម​និង​ចិន​ជាសត្រូវ​នឹងគ្នា) គឺ​​មិន​ទទួល​ការ​លើក​លែង​នេះ​ទេ​ ហើយ​ក៏ត្រូវ​ជាប់​កំណែន​។ «គ្រប់​គ្នា​ដឹង​ថា នៅទីនោះ​​លក្ខខណ្ឌ​​ការងារ​គឺ​ពិ​បាក​ខ្លាំង​ណាស់ ហើយ​ជា​តំបន់​​ចាញ់​ និង​ជា​តំបន់​មីន។ គ្មាន​អ្នក​ណាចង់​ទៅ​ទីនោះទេ...»។

ហេតុនេះ ចាន់​ ទូច​ ក៏​សម្រេច​ចិត្ត​រត់​ភៀស​ខ្លួន​ពី​កម្ពុជាដោយ​ទទួល​ការ​អោយ​ពរជ័យ​ពីឳពុក​។ គាត់​បាន​ទៅ​ជួប​ជុំ​ជាមួយ​បងប្អូន​ប្រុសស្រី​ដែល​បាន​ភៀសខ្លួន​ទៅ​ដល់​ជំរំ​នៅ​ប្រទេស​ថៃ។ គាត់​មិនអាច​បំ​ភ្លេចបាន​​ទេ​ពី​រយៈពេល​៤ឆ្នាំ​ដែល​គាត់​បាន​រស់នៅ​ទីនោះ ព្រោះ​​វា​មាន​ទាំង​អនុស្សាវរីយ៍​ដ៏ផ្អែម​ល្ហែម​ផង និង​ជូរ​ចត់​ផង : ភាព​កាច​ម៉ឺង​ម៉ាត់​របស់​ទាហាន​​ថៃ​នៅ​ជំរំ​ខូវ​ដាង​យាម​កាម​ខ្ពស់។ ពួកគេ​វាយ​ដំ​អ្នក​ទាំង​ឡាយ​ណា​ដែល​ព្យាយាម​លួច​រត់​។ វាសនា​អាក្រក់​របស់​ប្អូន​ស្រី​គាត់​ដែល​ស្លាប់​ដោយសារ​គ្រាប់​មីន... និង​ជំនួប​ដ៏ល្អ​ចំនួន​ពីរ​ដែល​មក​កំណត់​ជីវិត​របស់​គាត់​ដែល​នៅសល់​ គឺ​ការបាន​ជួបជនជាតិ​អាមេរិកាំង​ពីរនាក់​ប្តីប្រពន្ធ និង​ការ​បានជួប​ព្រះ​ជា​ម្ចាស់​។

ជីវិត​ទី២​ចាប់​ផ្តើម​ឡើង​នៅ​លើ​ទឹក​ដី​អាមេរិក
នៅពេល​ចាន់ ទូច មក​ដល់​សហរដ្ឋ​អាមេរិក​នៅឆ្នាំ​១៩៨៨ ស្នាក់​នៅ​ផ្ទះ​បងស្រី​ច្បង​នៅ​រដ្ឋ​ហ្លរីដា គាត់​មាន​អាយុ​២១ឆ្នាំ។ គាត់​ចង់​បន្ត​ការសិក្សា​ឡើងវិញ។ ប៉ុន្តែ​គាត់​​មិន​អាចបន្ត​ការសិក្សា​នៅ​ក្នុង​រដ្ឋ​នេះ​បាន​ទេ ដោយសារ​គេ​មាន​កំណត់​អាយុ​។ ដូច្នេះ​គាត់​ក៏​យល់​ព្រម​ទៅរស់នៅ​ Connecticut នៅ​ផ្ទះ​ជនជាតិ​អាមេរិកាំង​ពីរនាក់​ប្តី​ប្រពន្ធ​ដែល​គាត់​បាន​ជួប​នៅ​ជំរំ​។​

ឆ្នាំ​ដំបូងៗ​នៃ​ការ​រស់នៅ​របស់​ចាន់ ទូច​ នៅ​លើ​ទឹក​ដីអាមេរិក គឺ​គាត់​រស់នៅ​ជាមួយ​​នឹង​​សុបិន​​អាក្រក់​ ដែល​តែង​តែ​ធ្វើ​អោយគាត់​ភ័យ​រន្ធត់ ហើយ​មាន​អារម្មណ៍​ថាខ្លួន​ឯង​មាន​កំហុស​ដែល​នៅ​មាន​ជីវិត​រស់​។ ប៉ុន្តែ​គាត់​ក៏អាច​យក​ឈ្នះ​ជំងឺបាក់​ស្បាត​នេះ​បានបន្តិចម្តងៗ ដោយ​សារ​តែ​បាន​មនុស្ស​ចិត្តល្អ​ នៅ​ Avonzo ទាំងនេះ។ គាត់​ត្រូវ​បានគេ​ទទួល​អោយ​ចូល​រៀន​នៅ​មហាវិទ្យាល័យ។ គាត់​បាន​ទទួលសញ្ញាបត្រ​ជាគិលានុប្បដ្ឋាក បន្ទាប់សញ្ញាបត្រ​ថ្នាក់​​អនុ​បណ្ឌិត​សុខភាព​សហគមន៍។ ចាន់ ទូច​ នៅតែ​រៀន រៀន​ជានិច្ច។ បច្ចុប្បន្ន គាត់​បន្ត​យក​ថ្នាក់​បណ្ឌិត​(PHD) ​នៅ​ឆ្នាំ​ក្រោយ​ ហើយ​គាត់​គូសបញ្ជាក់ដោយ​រំជួល​ចិត្ត​ថា សញ្ញាបត្រ​នេះ​គឺ​ឧទ្ទិស​ដល់​ការ​ចង​ចាំ​ពី​ឳពុក​ម្តាយ​ជាទី​ស្រឡាញ់​របស់គាត់។

«ដោយ​មិន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពីសាសនា ខ្ញុំ​អាច​និយាយថា ការ​ជួប​ជាមួយ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​​ជំរំ​ជនភៀស​ខ្លួន​​ បាន​ជួយ​ស្រោច​ស្រង់​ជីវិត​ខ្ញុំ​។ មុន​ពេលនេះ បេះដូង​ខ្ញុំ​រង​របួស។ ខ្ញុំ​បាន​​ចេញ​ពី​របប​ខ្មែរក្រហម​ឥត​សាសនា។ ខ្ញុំ​លែង​ជឿ​អ្វី​ទាំងអស់​។ នៅ​ជំរំ​ឫទ្ធីសែន មាន​ព្រះវិហារ​ប្រូតេស្តង់​​មួយ​។ ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​សាសនា​នេះ​យ៉ាង​ឆាប់​រហ័ស​ ហើយ​ក៏​នៅ​តែ​កាន់​សាសនា​នេះ​រហូត​មក​។ នៅពេល​ខ្ញុំ​បាន​ស្គាល់​ព្រះ​ជាម្ចាស់ ខ្ញុំ​ក៏​អាច​អត់​ទោស​អោយ​អ្នក​ដែល​បាន​ធ្វើ​អាក្រក់​មក​លើ​រូប​ខ្ញុំ​។ ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្ញុំ​ដឹងថា សម្រាប់​ខ្មែរ​យើង​ មិន​ថា​យើង​បាន​ឆ្លង​កាត់​អ្វី​ខ្លះ​នោះទេ គឺ​យើង​នៅ​តែ​មាន​អនាគត​ទៅ​ថ្ងៃ​មុខ។ គ្រប់​យ៉ាង​ក្លាយ​ជា​រឿង​ល្អ​យ៉ាង​ងាយ​ស្រួល​។ ដោយសារ​ខ្ញុំ​លែង​ត្រូវ​រុក​កួន​ដោយ​ការ​ស្អប់​ខ្ពើម​ ខ្ញុំ​ក៏​អាច​ចាប់​ផ្តើម​ជីវិត​ដ៏​បរិសុទ្ធ​ និង​មាន​លំនឹង​មួយ​»។

បច្ចុប្បន្ន លោក​ចាន់ ទូច គឺ​ជា​ស្វាមី​របស់​អ្នក​ភូស៊ីតា ដែល​ជា​សាស្រ្តាចារ្យ​របាំ​ប្រពៃណី​ខ្មែរ និង​ជា​ឳពុក​របស់​ក្មេង​ពីរនាក់​។ លោក​ធ្វើ​ការ​នៅ​មណ្ឌល​សុខភាព​មេត្តា​នៅទីក្រុង​ឡូវ៉ែល (ក្នុង​រដ្ឋ​ម៉ាសាឈូសេត) ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ដទៃ​ទៀត​នៅ​ក្នុងការ​កសាង​ខ្លួន​ឡើង​វិញ។ «ខ្ញុំ​ធ្វើការ​នៅ​ក្នុង​កន្លែង​ដ៏​ល្អ​មួយ​។ ខ្ញុំ​​ព្យាយាម​សម្រាល​ភាព​តាន​តឹង​របស់​សមាជិក​សហគមន៍​ខ្ញុំ​​ ទាំង​ផ្នែក​រាងកាយ ទាំង​ផ្នែក​ផ្លូវ​ចិត្ត។ ពួកគេ​មាន​ចំនួន​ច្រើន​ណាស់​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​។ ការ​ជួយ​អ្នក​ដទៃ​ក៏​បាន​ជួយ​ព្យាបាល​របួសខ្លួន​ខ្ញុំ​ផងដែរ។ បទពិសោធន៍​ក្នុង​មុខ​របរ​នេះ​គឺ​មិន​គួរអោយ​ជឿ​សោះ!»។

ចាន់​ ទូច មិន​ភ្លេច​ប្រទេស​កម្ពុជា​ទេ។ គាត់​តែង​តែ​មក​ប្រទេស​នេះ​ជា​ប្រចាំ។​ គាត់​តែង​តែ​ទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​ក្នុង​ភូមិ​នានា មន្ទីរពេទ្យ និង​មណ្ឌល​កុមារ​កំព្រា។ យើង​នឹក​គិតថា គាត់​នាំ​យក​ជំនួយ​ទៅ​ទីនោះ ប៉ុន្តែ​គាត់​មិន​និយាយ​អ្វី​ច្រើន​ពី​រឿង​នេះទេ។ នៅ​ចុង​បញ្ចប់​នៃ​កិច្ច​សម្ភាសន៍ គាត់​​មិន​បាន​លាក់​បាំង​ពីការ​នឹករលឹកយ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្រទេស​​កម្ពុជា​នោះទេ... គាត់​នឹកដល់​កម្ពុជា​នៃ​កុមារភាព​ និងកម្ពុជា​​«ស្វាយ​មួយ​មែក»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

-ប្រជាជនខ្មែររស់នៅរដ្ឋម៉ាសាឈូសេត (ភាគ១)៖ នៅ "កំពង់ឡូវ៉ែល" ជនជាតិអាមេរិក២៥%គឺជាខ្មែរ (១០-០៩-២០០៨)
-ជនជាតិខ្មែរ​នៅ​រដ្ឋម៉ាសាឈូសេត (២)​ : ពិធីបុណ្យ​អុំ​ទូក​ប្រារព្ធ​ធ្វើ​នៅ​ទន្លេ​មេរីម៉ាក (១៧-០៩-២០០៨)
-ខ្មែររស់នៅម៉ាសាឈូសេត (៣) : សហគមន៍ដ៏ទន់ ខ្សោយមួយ ប៉ុន្តែមិនត្រូវគេទុកអោយរស់នៅតាម យថាកម្មនោះទេ (២៥-០៩-២០០៨)
-សុបិនរបស់ជនជាតិអាមេរិកត្រូវបាន លក់ទៅអោយ ជនអន្តោប្រវេសន៍ដើម កំណើតកម្ពុជាៈ ល្បិចកលឆបោកជា លក្ខណៈទ្រង់ ទ្រាយធំត្រូវបានបញ្ចប់ (១៩-០៨-២០០៨)
-នយោបាយកម្ពុជាគឺជារូបបំភាន់ភ្នែកសម្រាប់ខ្មែរ​រស់ នៅអាមេរិក? (២១-០៧-២០០៨)
-បទសម្ភាសន៍ជាមួយ ម៉ី អេលីដា (ភាគពីរ) ៖ការបដិសេធមិនចង់ផ្សារភ្ជាប់រឿងរ៉ាវ ផ្ទាល់ខ្លួនទៅនឹងរឿងរ៉ាវរបស់សង្គមទាំងមូល (០៩-០៥-២០០៨)
-វេជ្ជបណ្ឌិតជនជាតិអាមេរិក រកឃើញ "របត់ខ្យល់រត់ ក្នុងខ្លួន" របស់ជនជាតិខ្មែរ (១៨-០៤-២០០៨)
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ