| ការផ្ទុះអាវុធរវាងទាហានថៃនិងកម្ពុជានៅព្រំដែន |
| ០៣-១០-២០០៨ |
នៅថ្ងៃសុក្រ ទី៣ តុលានេះ មានការផ្ទុះអាវុធមួយប្រាវបានកើតឡើងនៅវេលា «ប្រហែលជាម៉ោង១៥និង៣០នាទី» រវាងកងកម្លាំងកម្ពុជានិងថៃ ដែលប្រចាំការនៅព្រំដែនរួមគ្នានៃតំបន់ប្រាសាទព្រះវិហារ ចម្ងាយជាង២គីឡូម៉ែត្រពីតំបន់ ជម្លោះ។ ទាហានខ្មែរមួយរូបបានទទួលរងរបួស នៅក្នុងឧបទ្ទវហេតុនេះ។ លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី បានរាយការណ៍អោយដឹងថា ហេតុការណ៍បានកើតមានឡើង បន្ទាប់ពីទាហានថៃព្យាយាមចូលក្នុងទឹកដីកម្ពុជា និងបានបាញ់ប្រហារមកលើទាហានខ្មែរ ដែលនៅរារាំងមិនអោយពួកគេចូលមក ហើយទាហានខ្មែរក៏បានបាញ់តបតវិញ។ លោកបានធ្វើអធិប្បាយថា «រដ្ឋាភិបាលកម្ពុជានៅតែប្រកាន់គោលជំហរដដែលថានឹងធ្វើការចរចាទ្វេភាគីសាជាថ្មីជាមួយប្រទេសថៃ ដោយមិនមានអ្វីផ្លាស់ប្តូរនោះទេ»។ ចាប់តាំងពីថ្ងៃទី១៥ កក្កដាមក ព្រះរាជាណាចក្រទាំងពីរស្ថិតនៅក្នុងវិបត្តិដោយបើកចំហរ ជុំវិញជម្លោះព្រះដែន ដែលអាចនឹងចំណាយពេលវេលាជាច្រើនឆ្នាំ ទើបអាចដោះស្រាយបញ្ហានេះចប់រួចរាល់។ គួររម្លឹកថាការដាក់ប្រាសាទព្រះវិហារនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានបង្កអោយជនជាតិថៃមានកំហឹងយ៉ាងខ្លាំង ព្រោះពួកគេទាមទារថាប្រាសាទនេះជារបស់ខ្លួន។ ហេតុដូច្នោះ ទាហានថៃបានចូលក្នុងទឹកដីកម្ពុជា នៅរហូតមកទល់សព្វថ្ងៃនេះ ប៉ុន្តែ ចំនួនទាហានបានថយចុះហើយ។ រហូតមកទល់បច្ចុប្បន្ននេះ ទោះបីជាមានជម្លោះក៏ដោយ ក៏រដ្ឋាភិបាលទាំងពីរព្យាយាមគ្រប់គ្រងកម្លាំងរៀងៗខ្លួន ដើម្បីបញ្ចៀសការផ្ទុះអាវុធ ហើយបានអំពាវនាវសុំអោយមានការដោះស្រាយបញ្ហាដោយសន្តិវិធី។
|