កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សា​លា​ក្តី​ខ្មែរ​ក្រហមៈ ការ​ជំ​នុំ​ជម្រះ​ឌុច​មិន​អាច​ធ្វើ​ឡើង​នៅ​មុន​ឆ្នាំ​២០០៩​បាន​ទេ : តើ​នេះ​គ្រាន់​តែ​ជា​ កាល​បរិច្ឆេទ​កំណត់​ធម្មតា​មួយ​ឬ​ជា​ការ​យឺត​យ៉ាវ​ដ៏​ខាត​បង់?
ដោយ ស្ទេហ្សានី ហ្សេ   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៦-១០-២០០៨

Cambodge - tribunal khmer rouge © John Vink / Magnum

 កំបូល (កម្ពុជា) ថ្ងៃទី១៨ មករា ២០០៦៖ យោធាម្នាក់កំពុងមើលទីតាំងពន្ធនាគារនៃអ.វ.ត.ក

 © ចន វីង / Magnum

នៅថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០០៦ មន្ត្រីតុលាការ​ខ្មែរ​និង​បរទេស​ដែល​ត្រូវ​បាន​តែង​តាំង​អោយ​បម្រើ​​ការ​ងារ​​​នៅ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) បាន​ផឹក​ទឹក​សម្បថ​ចូលកាន់តំណែង​​នៅ​​ព្រះ​បរមរាជ​វាំង​។ ពិធី​នេះ​គឺ​ជា​ការ​បញ្ជាក់​​ពី​ការ​ចាប់​ផ្តើម​នីតិវិធី​តុលាការ​​​ដើម្បី​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ និង​ឧក្រិដ្ឋ​ជន​សំខាន់ៗ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩)។ រយៈពេល​ពីរឆ្នាំ​ក្រោយមក ក្នុងចំណោម​ជន​​​ត្រូវ​​ចោទ​​ទាំង​៥រូប​ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​គេ​ហទំព័រ​របស់​ អ.វ.ត.ក គ្មាន​ជន​​ណាម្នាក់​ត្រូវ​បាន​ជំនុំ​ជម្រះ​ទោស​នៅ​ឡើយ​ទេ​។ មុននេះ ការជំនុំ​ជម្រះ​ទី១​ គឺ​ការជំនុំ​ជម្រះ​លើ​ករណី​របស់​ឌុច ដែល​​ជា​អតីត​ប្រធាន​​​​មន្ទីរ​ឃុំ​ឃាំង​ដ៏សោកសៅ​និង​ដ៏ល្បីល្បាញ ស២១ ត្រូវ​បាន​ប្រកាស​ថា​បើក​​នៅ​ខែកញ្ញា។ ប៉ុន្តែ​ ឥ​ឡូវនេះ​ ​វា​មិន​អាច​បើក​​ធ្វើ​ឡើង​នៅ​មុន​ឆ្នាំ​២០០៩​បានទេ។

 

ការរម្លឹក​ព្រឹត្តិការណ៍​ឡើងវិញ​
សហ​ចៅក្រម​ស៊ើប​អង្កេត​ និងមេធាវីការពារក្តី​​ធ្លាប់​បាន​បោះ​ជំហាន​យ៉ាង​លឿន​ដើម្បី​ជំរុញ​សំណុំ​រឿង​ទី១ ​ទាក់​ទង​នឹងករណី​របស់​​ឌុច​ និងមន្ទីរ​ ​ស-២១ ​អោយ​វិវត្ត​ទៅ​មុខ។ នៅថ្ងៃ​ទី​៨ ខែ​​សីហា ​សហចៅក្រមស៊ើប​អង្កេត​​បាន​​ចេញ​ដីកា​ដំណោះ​ស្រាយ​ (ដីកាបញ្ជូន​រឿង​ទៅជំនុំ​ជម្រះ​) ជា​ហេតុ​ធ្វើ​​អោយ​​គ្រប់​គ្នា​​គិតថា វានៅសល់​តែ​​ការ​កំណត់​កាលបរិច្ឆេទ​បើកសវនាការ​​ប៉ុណ្ណោះ​។ ប៉ុន្តែ​​មកដល់​ថ្ងៃ​ទី​២១ ខែ​សីហា ខាង​សហព្រះរាជអាជ្ញា​បាន​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកាដំណោះ​ស្រាយ​​​នេះ​ ដោយ​បន្ទោស​ថា​សហចៅក្រម​ស៊ើប​អង្កេត​​មិន​បាន​លើកឡើង​ពី​បទ​ចោទប្រកាន់​​មួយ​ចំនួន​។ ហេតុដូច​នេះ សហព្រះ​រាជ​អាជ្ញា​បាន​ស្នើ​អោយ​​​អង្គ​បុរេជំនុំ​ជម្រះ​​កែ​ប្រែ​ដីកា​បញ្ជូន​រឿង​​ទៅជំនុំជម្រះ​​នេះ​ឡើងវិញ​។ អង្គ​បុរេជំនុំ​ជម្រះ​ក៏​សម្រេច​ដាក់​ស្នើ​​​យោបល់​ពីក្រៅ​ទៅកាន់​តុលាការ​​លើ​ចំណុច​ពិសេស​មួយ​ដែល​​លើក​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា​ គឺ​​ការ​ចូលរួម​នៅក្នុង​សហកម្ម​ឧក្រិដ្ឋកម្មរួម​។ អង្គ​បុរេជំនុំ​ជម្រះ​មិន​អាច​ចេញ​សេចក្តី​សម្រេច​​​របស់ខ្លួន​​នៅ​មុន​ថ្ងៃ​ទី៥ធ្នូ​បានទេ ពោល​គឺ​អាច​ចេញ​​នៅ​មុន​ថ្ងៃបុណ្យ​​ដំណាច់​ឆ្នាំ​មួយ​ថ្ងៃ។ ដូច្នេះ​សវនាការ​ដែល​គេ​សន្យា​ជាច្រើន​លើក​ច្រើន​សា​​ថា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​ឆមាស​​ទី​២​នៃឆ្នាំ​២០០៨ គឺ​មិន​អាចធ្វើ​ទៅកើត​នៅមុន​ដើម​ឆ្នាំ​២០០៩​បាន​ឡើយ នេះ​ប្រសិន​បើ​​​គ្មាន​ភាព​ស្មុគ​ស្មាញ​ផ្សេង​ទៀតមក​ពាំង​ផ្លូវ​​ទេ​...

អំណះអំណាង​របស់​សហព្រះរាជអាជ្ញា
នៅក្នុង​បណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកាបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ ចុះ​​ថ្ងៃ​៨សីហា ធ្វើ​ឡើង​នៅ​ថ្ងៃ​៥​កញ្ញា ការិយាល័យ​សហ​ព្រះរាជអាជ្ញា​​បាន​អះអាងថា «បើ​សិន​ជា​ដីកា​បញ្ជូន​រឿង​ទៅជំនុំ​ជម្រះ​មិនត្រូវ​បាន​កែ​ប្រែ​ទេនោះ ឧក្រិដ្ឋកម្ម​ទាំងអស់​ដែល​បានចោទ​ប្រកាន់​លើ​ឌុច​​ នឹង​មិន​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​អោយ​បាន​គ្រប់​គ្រាន់​ទេ​ ហើយ​នឹង​មាន​ហានិភ័យ​មួយ​ដែល​ថា​អាច​នឹង​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ដោយសារ​មូល​ហេតុ​ខាង​នីតិវិធី»។ ​សហ​ព្រះរាជ​អាជ្ញា លោក​រ៉ូប៊ែរ ពឺទី និង​លោកស្រី​ជា លាង​ ស្នើអោយ​អង្គបុរេជំនុំ​ជម្រះ​កែប្រែដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ដោយ​«ដាក់​បញ្ចូល​​នូវ​អំពើ​មនុស្ស​ឃាត និង​ទារុណកម្ម​ ដោយ​អនុលោម​តាមក្រម​ព្រហ្មទណ្ឌ​​[កម្ពុជា​]ឆ្នាំ​១៩៥៦ និង​ស្នើអោយ​ដាក់​បញ្ចូល​នូវ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​​កម្ម​នានា​តាមរយៈការ​ចូលរួម​នៅក្នុង​សហកម្ម​ឧក្រិដ្ឋកម្មរួម​ថា​ជា​ទម្រង់​​មួយ​នៃ​ការទទួល​ខុស​ត្រូវ​»។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម​របស់ពួកគេនៅថ្ងៃ​ទី២១ ខែសីហា​ សហ​ព្រះរាជ​អាជ្ញា​​បាន​លើក​ឡើង​ថា៖ «ការ​មិន​ដាក់​បទ​ប្រកាន់លើ​ឌុច​សម្រាប់​ការទទួល​ខុសត្រូវក្នុងនាម​ជា​​អ្នក​ចូល​រួម​​«នៅក្នុង​ឧក្រិដ្ឋកម្ម​យ៉ាងច្រើន​​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌនៃសហកម្ម​ឧក្រិដ្ឋកម្ម​រួម​​នៅក្នុង​មន្ទីរ២១»​អាចនឹង​រាំង​ស្ទះ​ដល់​សាលាដំបូង​​ក្នុងការ​វិនិច្ឆ័យអោយ​អស់​​ពីទំនួល​ខុសត្រូវ​បទ​ឧក្រិដ្ឋ​របស់​ឌុច​​នៅ​មន្ទីរ​ស២១»។

បណ្តឹងឧទ្ធរណ៍​មាន​សារៈប្រយោជន៍?
យោង​តាម​ករណីយុត្តិសាស្ត្រផ្សេងៗ សហព្រះរាជអាជ្ញា​វាយតម្លៃថា ទំនួល​ខុសត្រូវ​ដែល​ត្រូវ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ជាប់​ចោទ​នៅក្នុង​ឧក្រិដ្ឋកម្មមួយ​ គួរ​តែត្រូវ​«បង្ហាញ​អោយ​ច្បាស់​»​នៅ​ក្នុង​បទ​ចោទប្រកាន់​ គឺ​មិន​មែនបង្ហាញ​ក្រោយ​មក​ទៀត​ទេ។ វា​អាច​រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ពាក់​​ព័ន្ធ​នឹងការ​ដឹង​អំពី​ប្រភេទ​​នៃ​សវនាការ​របស់​ខ្លួន និង​សិទ្ធិ​ទទួលបាន​កាលបរិច្ឆេទ​កំណត់​សម​រម្យ​​មួយ​​ដើម្បី​រៀប​ចំ​ការពារ​ក្តី​។

និស្សិត​ម៉ាហ្គារីតា​ ក្លារ៉ង់ មក​ពីសាលា​ច្បាប់​នៃ​សាកល​វិទ្យាល័យ​អាមេរិកឈ្មោះ​ Duke (រដ្ឋការ៉ូលីន​ខាង​ជើង) ពន្យល់​នៅក្នុង​អត្ថបទ​វិភាគចុះផ្សាយ​នៅ​លើ​ទំព័រអ៊ីនធឺណែត​ អំពី​សារៈសំខាន់​នៃ​បទ​ចោទ​ប្រកាន់​​នៅ​ក្នុងការ​បង្កើត​វិសាល​ភាព​​នៃ​សវនាការ។ «ប្រសិន​បើ​វិសាលភាព​នៃបទឧក្រិដ្ឋ​​ទាំងមូល​ដែល​ត្រូវ​បាន​ប្រព្រឹត្តឡើង​នៅក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​មិន​ត្រូវ​បញ្ចូល​​ជាអង្គ​ធាតុនៃ​ការ​​«ចោទ​ប្រកាន់»​ទេនោះ វា​នឹង​​ធ្វើ​អោយ​ជន​រងគ្រោះមិន​ច្បាស់​​ថាតើ​ឌុច​មាន​ទំនាក់​ទំនង​នឹង​ប្រព័ន្ធ​​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​​ទាំង​មូល​​​យ៉ាង​ដូចម្តេច ហើយ​​ហេតុអ្វី​ក៏​ជំនុំ​ជម្រះ​តែ​លើ​រូប​គាត់​ម្នាក់​ឯងពីបទរំលោភ​បំពានសិទ្ធិ​មនុស្ស​ជាតិ​នៅ​ចំពោះ​មុខ​តុលាការ​ពិសេស​ ហើយ​ម៉េចក៏មិន​​ធ្វើ​លើ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​មន្ទីរ​​ឃុំ​ឃាំង​ផ្សេងៗទៀត​នៃ​របប​ខ្មែរ​ក្រហម​ផ​ង?»។

ជាការឆ្លើយ​តប មេធាវីរបស់ឌុចអះអាងថា សំណើ​​នៅក្នុង​បណ្តឹងឧទ្ធ​រណ៍​នេះ​គឺ​អាច​លើក​ឡើង​​​នៅ​ក្នុង​សវនាការនៃ​​​សាលាដំបូង​។ ​ហេតុនេះ​វា​​មិន​សំខាន់​ទេ​ដែល​សហព្រះរាជ​អាជ្ញា​ប្តឹង​ជំ​ទាស់​នឹង​ដីកាបញ្ជូន​រឿង​ទៅជំនុំជម្រះ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​​នោះ។

មន្ត្រីតុលាការ​នៅ អ.វ.ត.ក ដែល​យើង​ជួប​សម្ភាសន៍​ សុទ្ធ​តែ​ជៀស​វាង​មិន​ឆ្លើយ​នឹងសំណួរ​ដែលចង់​ដឹង​ថា​តើ​​ដំណើរការនេះ​អាច​ធ្វើ​ទៅ​បាន​ដែរ​ឬទេ​នៅ​សាលា​ដំបូង​។ ហេតុនេះ​ចម្លើយ​​​ដែល​យើង​ទទួល​បាន​គឺ​គ្រាន់តែ​ជាការ​ស្មាន។ បើ​ថា​វា​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​យើង​ឆ្ងល់​ថា​តើ​ហេតុអ្វី​បាន​ជា​​អង្គ​បុរេជំនុំ​ជម្រះ​មិន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍នេះ។ ហើយ​​បើវា​មិន​ប្រទាំង​ប្រទើស​ដោយ​សារ​​ចំណុច​​នេះទេ ជាពិសេស​គឺ​ពាក់​ព័ន្ធ​នឹង​សហកម្ម​ឧក្រិដ្ឋកម្ម​រួម​ អង្គ​បុរេ​ជំនុំ​ជម្រះ​ប្រហែល​​មិន​ត្រូវការ amicus curiae (friend of the court) នោះទេ។ វា​គឺ​ជា​ការ​ចូល​រួម​របស់​ភាគី​ទី៣​ដែល​មិន​មែន​ជា​ភាគី​ពាក់​ព័ន្ធ​ក្នុងសំណុំ​​​រឿង​នេះ​ ដើម្បី​ជួយ​តុលាការ​នៅ​ក្នុងការ​បំភ្លឺ​ចំណុច​ច្បាប់​ណាមួយ​។

សញ្ញាណ​អំពីសហកម្មឧក្រិដ្ឋកម្ម​រួម​
សហព្រះរាជអាជ្ញា​បាន​ការពារ​សារៈសំខាន់​​នៃ​ការ​ប្រើ​​សហកម្ម​ឧក្រិដ្ឋកម្មរួម​នេះ។ វា​ជា​«របៀប​នៃ​ទំនួល​ខុស​ត្រូវ​ដែល​ត្រូវ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ និង​តែង​តែ​ត្រូវ​ប្រើ​ប្រាស់​នៅ​ក្នុង​តុលាការ​អន្តរជាតិ​ផ្សេង​ៗ​ទៀត ព្រោះ​វា​ឆ្លុះ​បញ្ចាំង​យ៉ាង​លម្អិត​ពី​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ចូល​រួម​ប្រព្រឹត្តឧក្រិដ្ឋកម្ម​អន្តរជាតិ​បានច្រើន​ជាង​របៀប​ទំនួល​ខុស​ត្រូវ​ផ្សេង​ទៀត​»។ វា​អនុញ្ញាតអោយ​ពិពណ៌នា​​អំពី​ប្រព័ន្ធ​គាបសង្កត់​​​ដែលរៀប​ចំឡើង​នៅ​មន្ទីរ​ស២១។

ប៉ុន្តែសម្រាប់​មេធាវី​របស់​អៀង សារី (អតីត​មេដឹកនាំ​ផ្នែក​ការទូត​របស់​ពួក​ខ្មែរ​ក្រហម​) សហកម្មឧក្រិដ្ឋកម្ម​រួម​គឺ​ជា​«ទម្រង់​មួយ​នៃទម្រង់​ទំនួល​ខុស​ត្រូវ​ជាច្រើន​ទៀត​ដែល​មាន​ការ​ជជែក​តវ៉ា​បំផុត»។ ក្រុម​មេធាវី​របស់​អៀង​ សារី បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​លិខិត​ស្នើ​​ធ្វើ​​ការ​សង្កេត​​ពាក់​ព័ន្ធនឹង​ការ​អនុវត្តជាយថាហេតុ​នូវ​​សហកម្ម​ឧក្រិដ្ឋកម្មរួម​​នៅ​ក្នុង​ឯកសារ​សំណុំ​រឿងទី១។
អ្នក​សង្កេត​ការណ៍​ម្នាក់បាន​កត់​សម្គាល់ថា សញ្ញាណ​នេះ​នឹង​ក្លាយ​ជា​បញ្ហា​សំខាន់​នៃ​ការ​ពិភាក្សា​​នៅក្នុង​ឯកសារសំណុំ​រឿង​ទី២​ ដែល​ពាក់ព័ន្ធនឹង​តួនាទី​របស់​ជនដែល​ត្រូវ​ចោទ​ទាំង​៥រូប​នៅ​ក្នុង​ការ​បំពារបំពាននានា​ប្រព្រឹត្តឡើង​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

«យើង​កំពុង​ជាប់​ផុង»
ជា​ប្រតិកម្ម​តបត​នឹង​បណ្តឹង​ឧទ្ធរណ៍​ធ្វើ​ឡើង​ដោយ​សហព្រះរាជអាជ្ញា កាល​ពីថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ​ សហមេធាវី​របស់ឌុច​ គឺ​លោក​ហ្វ្រង់ស័រ រូ និង​លោក​កា សាវុធ បាន​វាយ​តម្លៃ​ថា​ នីតិវិធីនេះ​គឺ«មិន​សម​ស្រប​ទាល់​តែ​សោះ» ហើយ​បាន​ស្នើ​អោយ​អង្គ​បុរេ​ជំនុំ​ជម្រះ​ច្រាន​ចោលបណ្តឹង​ឧទ្ធរណ៍​នេះ​ថា​«​​គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់»។ ពួកគេ​ស្នើ​ផង​ដែរ​អោយ​បញ្ជូន​សំណុំ​រឿង​«ភ្លាមៗ​»ទៅ​សាលា​ដំបូង។ «តើ​សហព្រះរាជអាជ្ញា​អា​ចនិយាយថា​​​មាន​ហានិភ័យ​ដែល​​ថា​អាច​មាន​ការ​​លើក​លែង​ការ​ចោទប្រកាន់​ទៅ​លើ​ឌុចបាន​យ៉ាង​ម៉េច​ទៅ​ បើ​គាត់​បា​ន​ទទួល​ស្គាល់​ជា​ច្រើន​លើក​ច្រើន​សា​ពី​ទំនួល​ខុសត្រូវ​របស់​គាត់​នៅ​ក្នុង​​បទឧក្រិដ្ឋ​ជាច្រើន​​ដែល​​​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​មន្ទីរ​ស២១ ហើយ​បាន​សម្តែង​វិប្បដិសារី​ដ៏ជ្រាលជ្រៅ​ចំពោះ​ជន​រងគ្រោះរួច​ទៅ​ហើយ​នោះ?»
លោក​ហ្វ្រង់​ស័រ រូ សោក​ស្តាយថា៖ «យើង​កំពុង​ជាប់​ផុង។ ប្រសិន​បើ​បណ្តឹង​ឧទ្ធរណ៍​គឺ​ជា​ផ្លូវ​ដែល​ត្រូវ​ប្រើ​ធម្មតា​នោះ​ គេ​ត្រូវ​ពិនិត្យ​​ផងដែរ​ថាតើ​គេ​មាន​ឱកាស​​ធ្វើ​វា​បាន​ដែរ​ឬអត់។ សម្រាប់​ខ្ញុំ​ បណ្តឹង​ឧទ្ធ​រណ៍​នេះ​គឺ​មិន​ត្រូវ​នឹង​សំណុំ​រឿង​នេះ​ទេ។ ត្រង់​ចំណុច​នេះ​បញ្ហា​គឺ​មិន​មែន​ជា​ការ​​ចង់​ដឹង​​ថា​ទង្វើ​របស់​ឌុច​ស្ថិត​នៅក្នុង​សហកម្ម​​ឧក្រិដ្ឋ​កម្ម​​រួម​នោះទេ ប៉ុន្តែ​គឺ​មាន​បញ្ហា​ផ្សេង​ទៀត។ [...] បើ​សហព្រះរាជា​អាជ្ញា​ចង់​ធ្វើ​អោយ​ត្រូវ​ច្បាប់​ ហេតុអ្វី​ក៏​ពួកគេ​​ពន្យារ​ពេល​ឃុំ​ឃាំង​ឌុច​បណ្តោះ​អាសន្ន​​​រយៈពេល៤ខែ​ ខណៈពេលដែលគាត់​​ត្រូវ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​​ចំនួន​៨ឆ្នាំ​​រួច​ទៅ​ហើយ​នៅ​ក្នុង​​ក្របខ័ណ្ឌ​​នៃនីតិវិធី​ផ្សេង​មួយ​ទៀត​»។

កង្វល់​មួយ​ទៀត​របស់​ខាង​មេធាវីការពារក្តី​គឺ​គ្រោះថ្នាក់​នៃ​ការ​យឺត​យ៉ាវ​ខ្លាំង​​ក្នុង​ការ​​បើក​សវនាការ​​។ ​«តាម​ពិត​ទៅ ប្រសិនបើ​អង្គបុរេជំនុំ​ជម្រះ​សម្រេច​ថា ឌុច​ត្រូវទទួល​ការ​ចោទប្រកាន់​ថ្មី​ៗ​ទៀត​ ឌុច​ចាំបាច់​ត្រូវ​បង្ហាញ​ខ្លួន​ជាថ្មី​ អាច​នៅ​ចំពោះ​​មុខ​សហចៅក្រម​ស៊ើប​អង្កេត អាច​នៅ​ចំពោះ​មុខ​អង្គ​បុរេជំនុំ​ជម្រះ ដើម្បី​អោយ​គេ​មាន​លទ្ធភាព​បង្ហាញ​ប្រាប់​គាត់​ពី​កំណត់សម្គាល់​​ទៅលើ​ការ​ចោទ​ប្រកាន់​ថ្មី​មួយ​ឬ​ច្រើន​»។ នៅ​ក្នុង​លិខិត​ឆ្លើយ​តប​នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ខាង​សហ​មេធាវី​​​បាន​លើក​​ឡើង​​ពី​លទ្ធភាព​ដែល​ថាអាចនឹង​មានការ​យឺត​យ៉ាវ​«ជាច្រើន​ខែ​»។

លោក​ហ្វ្រង់​ស័រ​ រូ ខឹង​សម្បា​ថា៖ «បញ្ហា​ជាក់​លាក់​នាពេល​បច្ចុប្បន្ន ហើយ​ដែល​សហ​ព្រះ​រាជ​អាជ្ញា​គួរ​​តែ​លើក​មក​​និយាយ​នោះគឺ​ : តើ​ពេល​ណា​​សវនាការ​ជំនុំ​ជម្រះឌុច​នឹង​បើក​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ឌុច​ផ្ទាល់​ ក៏ដូច​ជាដើម្បី​​ប្រយោជន៍​របស់​ជន​រងគ្រោះ?»។

ប៉ុន្តែ​នៅ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​របស់ខ្លួន​ សហព្រះរាជអាជ្ញា​ធ្លាប់​ទទួល​ស្គាល់​ពី​«តម្រូវការ​ដំណោះ​ស្រាយ​អោយ​បាន​ឆាប់​រហ័សសម្រាប់​រាល់​បញ្ហា​ច្បាប់ដែល​ជាប់គាំង ដើម្បី​អាច​បើក​សវនាការ​ជា​សាធារណៈពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន​»។

បណ្តឹងឧទ្ធរណ៍​ដ៏សម​ស្របមួយ​?
លោក​ម៉ាសែល​ ឡឺម៉ុង សហចៅ​ក្រម​ស៊ើប​អង្កេត​ ដែល​យើង​បាន​ទាក់​ទង​សុំ​សម្ភាសន៍​ និយាយ​ដូច​នៅ​ក្នុង​សេចក្តី​ប្រកាស​​ព័ត៌មាន​​ដែល​លោក​បាន​ចុះផ្សាយ​ជាមួយ​សហជីវិន​លោក​នៅថ្ងៃ​ទី២២​ ខែសីហា​ ដើម្បីឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​សហព្រះរាជអាជ្ញា​​ក្នុងការ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ដីកា​ដំណោះស្រាយ​របស់​​ពួកគេ​។ ពួកគេ​សោក​ស្តាយថា«​សវនាការ​ជា​សាធារណៈលើកដំបូង​របស់​អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​​ត្រូវ​យឺត​យ៉ាវ​ដោយសារ​​តែ​បញ្ហា​នេះ» ហើយ​ពន្យល់​ថា «ការ​មិន​យល់​ស្រប​គ្នា​ផ្នែក​គតិ​យុត្តិ​​»កើតឡើងយ៉ាង​ច្បាស់​ក្រឡែត​នៅអង្គ​បុរេជំនុំជម្រះនាពេល​បច្ចុប្បន្ន។

ទាក់​ទង​នឹង​សហកម្ម​ឧក្រិដ្ឋកម្ម​រួម​ មេធាវី​របស់​អៀង សារី ធ្វើការ​រម្លឹក​សម្រាប់​ជា​ការ​ចងចាំ​ថា សហចៅក្រម​ស៊ើប​អង្កេតធ្លាប់​ចេញ​ដីកាបង្គាប់​កាល​ពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០០៧​ថា «សំណុំ​រឿង​មន្ទីរស២១​និង​ឌុច​គឺត្រូវ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​ពី»សំណុំ​រឿង​របស់​​ជន​ដែល​ត្រូវ​ចោទ​៤រូប​ផ្សេង​ទៀត «ដើម្បី​ជា​ប្រយោជន៍​ដល់​រដ្ឋបាលល្អ​របស់​តុលាការ»។ ប៉ុន្តែ​ពួកគេ​សង្កេត​ឃើញថា ដីកា​បំបែក​រឿង​ក្តីសំណុំ​រឿង​ទី១​និង​ទី២នេះ​ ដែល​គ្មាន​ការតវ៉ា ហើយ​ដែល​ជា​ដីកា​សម្រេច​ស្ថាពរ​​ ហាក់​មិន​មាន​ឥទ្ធិពល​អ្វី​សោះ​ឡើយ​។

បើ​តាម​អ្នក​មួយ​ចំនួន វា​ជា​បណ្តឹងឧទ្ធរណ៍​ស្របច្បាប់
កញ្ញាសេង ធារី ខ្មែរអាមេរិកម្នាក់​ដែល​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ អ.វ.ត.ក សារភាពថា​«មាន​ការ​ខក​ចិត្ត​យ៉ាងខ្លាំង» ហើយ​បន្ថែម​ទៀតថា​រង់​ចាំ​អោយ​​មាន​ការ​ផ្តល់​យុត្តិធម៌​អស់​៣០​ឆ្នាំ​មក​ហើយ។ «វា​មាន​ការ​យឺត​យ៉ាវ​ច្រើន​មក​ហើយ អ្នក​មាន​មន្ទិលសង្ស័យ​មួយ​ចំនួន​លើក​យក​​តាក់ទិក​ផ្សេងៗ​​ដើម្បី​ពន្យឺត​ដំណើរការ បញ្ហា​ច្<


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ