| ទាហានថៃពីរនាក់ជាន់មីនដាច់ជើងនៅតំបន់ ប្រាសាទព្រះវិហារ |
| ០៦-១០-២០០៨ |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា កាលពីព្រឹកថ្ងៃច័ន្ទ ទី៦ តុលានេះ កងទ័ពថៃចំនួនប្រហែល១០០នាក់ បានចល័តពីទិសខាងជើងទៅទិសខាងត្បូង ឆ្ពោះទៅកន្លែងដែលមានការផ្ទុះ អាវុធដាក់គ្នារវាងកងទ័ពថៃនិងកងទ័ពកម្ពុជា កាលពីថ្ងៃសុក្រ ទី៣ តុលា ឆ្នាំ២០០៨។
នៅម៉ោងប្រហែល១០និង២០នាទីថ្ងៃដដែលនេះ ទាហានថៃចំនួនពីរនាក់ ក្នុងចំណោមទាហានទាំងនោះបានជាន់មីននៅក្នុងទឹកដីកម្ពុជា ដែលជឿថាជាប្រភេទគ្រាប់មីនចាស់ នៅចំណុចភូមិសាស្រ្តលេខ ៦៤៩២.១ ស្ថិតនៅចម្ងាយរវាង១៥០ទៅ២០០ម៉ែត្រ ពីកន្លែងដែលផ្ទុះអាវុធកាលពី ថ្ងៃសុក្រ ទី៣ តុលា ឆ្នាំ២០០៨។ ទាហានថៃម្នាក់របួសដាច់ជើងម្ខាង និងទាហានថៃម្នាក់ទៀតរបួសដាច់ជើងទាំងសងខាង។
ឧទ្ធម្ភាចក្រយោធាថៃបានចុះចតនៅព្រំប្រទល់ក្នុងទឹកដីថៃ និងបានដឹកជញ្ជូនទាហានថៃដែលរងរបួសជាន់មីនទាំងពីរនាក់នោះ។
|