កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ដំណើរ​ការ​ជួសជុល​ផ្លូវ​រថ​ភ្លើង​​នៅ​ប្រទេស​កម្ពុជា​ជួប​ឧបសគ្គ
ដោយ រស់ ឌីណា និង កូរីន កាឡឺបូ   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៧-១០-២០០៨
Cambodge - draisine © John Vink / Magnum
វាលរិញ (កំពង់សោម កម្ពុជា) ថ្ងៃទី​១៤ មិថុនា ២០០៤៖ ឡូរី​តូចមួយ​ឈប់​នៅ​លើផ្លូវ​រថ​ភ្លើង
© ចន​ វីង / Magnum
ចាប់​​តាំង​ពី​ការ​សម្ពោធ​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​រថភ្លើង​​​នៅ​​​ប្រទេស​កម្ពុជា កាល​​ពីថ្ងៃ​ទី​១៨ កុម្ភៈ​ នៅទីក្រុង​ប៉ោយ​ប៉ែត​ ក្រោម​អធិបតីភាព​របស់សម្តេច​នាយក​រដ្ឋ​ម​ន្រ្តី​​ហ៊ុន​ សែន​ ការ​ងារ​នេះ​បានចាប់ផ្តើម​ដំណើរការ​ ដោយ​មិន​ទាន់​បាន​​លេច​​ចេញ​​​ជា​​ផ្លែផ្កា​អ្វី​នៅឡើយ​ទេ នៅពេលបច្ចុប្បន្ន​នេះ​​។​​  ការ​សិក្សា​​​គំនូស​​ផ្លូវ គម្រោង​​​​ផ្លាស់​ទីលំនៅ​របស់​ប្រជាជន​រស់នៅ​បែប​អនាធិបតេយ្យ​​ជាប់​នឹង​ផ្លូវ​រថភ្លើង​​​ចាស់​ និងជម្លោះ​នៅ​ព្រំដែនថៃ​ សុទ្ធ​សឹងជាបញ្ហា​រាំង​ស្ទះដល់​ដំណើរ​ការ​ជួស​​ជុល​របស់​​ក្រុម​ការងារ​លើ​គម្រោង​ការ​នេះ​​ ជាពិសេស​ក្រុមហ៊ុន​បារាំង-​ប៊ែល​ហ្សិក TSO ដែល​ទទួល​បាន​កិច្ច​សន្យា​ជួស​ជុលផ្លូវរថ​ភ្លើង​​​នៅ​ប្រទេស​​កម្ពុជា​​។ ការ​​ដ្ឋាន​​នេះ (ដែលអាច​ត្រូវ​ចំណាយ​ពេល​ជួស​ជុលពី​ពីរ​ឆ្នាំកន្លះ​ទៅ​បី​ឆ្នាំ) កំពុង​តែ​​មាន​​ដំណើរ​ការ​យឺត​យ៉ាវ​។ ផ្លូវ​រថភ្លើង​ដ៏​ចាស់​ទ្រុឌ​​ទ្រោម​ រឺ​ផ្លូវខ្លះ​ដែ​ល​មិន​ទាន់​សាង​សង់​ គឺជា​ឧបសគ្គ​មួយ​ សម្រាប់​​​​​​​គម្រោង​សាងសង់​ផ្លូវ​រថ​ភ្លើង​​រួម​មួយ​ របស់​សមាគម​សហ​ប្រជាជាតិ​​អាស៊ី​អាគ្នេយ៍​ (ហៅ​កាត់​ អាស៊ាន)។ គោល​បំណង​របស់​សមាគម​នេះ​​គឺ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ប្រទេស​​សិង្ហបុរី ទៅក្រុង​គុនមីង ប្រទេស​ចិន ដោយឆ្លង​កាត់​ប្រទេស​ម៉ាឡេស៊ី ថៃ កម្ពុជា និង​វៀតណាម។ 
 

 

វិសាលភាព​និង​ការធ្លាក់ចុះ​ទន់ខ្សោយ​នៃផ្លូវ​រថភ្លើង​នៅកម្ពុជា
អស់​​រយៈពេល​ជាង​៤០ឆ្នាំ​មកហើយ ដែល​បណ្តា​ប្រទេស​នៅអាស៊ីអាគ្នេយ៍​ស្រមៃ​​ចង់បាន​ផ្លូវ​​រថភ្លើង​មួយខ្សែ​​ដែល​តភ្ជាប់​ពី​ប្រទេស​មួយទៅប្រទេស​មួយ​ទៀត​នៅ​ក្នុង​តំបន់​។ ប៉ុន្តែ រហូតមក​ទល់សព្វ​ថ្ងៃ​នេះ អស្ថេរភាព​នៅក្នុង​តំបន់នេះ​បាន​រាំង​ស្ទះ​ដល់​គម្រោង​​អភិវឌ្ឍន៍​មួយនេះ។ នៅប្រទេស​កម្ពុជា ប្រវត្តិ​របស់​ផ្លូវ​រថភ្លើង​​​បាន​ចាប់​ផ្តើម​កើត​មាន​ឡើង​​នៅ​ក្រោម​សម័យ​អាណា​ព្យាបាល​​បារាំង។​ ខ្សែ​​​ទីមួយ​​ត​ភ្ជាប់​ពីទីក្រុង​ភ្នំពេញ ទៅក្រុង​ប៉ោយ​ប៉ែត​(៣៨៦​គីឡូម៉ែត្រ​) កសាង​នៅឆ្នាំ​១៩៣១ ហើយ​​ផ្លូវ​មួយ​ខ្សែ​ទៀត​ ពីភ្នំពេញ ទៅ​ទីក្រុង​កំពង់សោម​(២៦៤​គីឡូម៉ែត្រ) កសាង​​​នៅឆ្នាំ​១៩៦០។ ប៉ុន្តែ គួរ​អោ​យ​សោក​ស្តាយ ផ្លូវ​ទាំង​ពីរខ្សែ​នេះ​​ស្ទើរ​តែ​ត្រូវ​បាន​បំផ្លិច​បំផ្លាញទាំង​ស្រុង​ នៅ​សម័យ​​ខ្មែរក្រហម ដោយ​បាន​បន្សល់​​​ទុក​ត្រឹម​តែ​​​​ស្លាក​ស្នាម​ជា​អនុស្សាវរីយ៍​​ប៉ុណ្ណោះ​។ ក្រោយ​មក ទោះបីជា​មាន​​គោល​បំណង​​ជួស​ជុល​ឡើង​វិញ​ក៏​ដោយ ក៏ផ្លូវដែក​ទាំង​នេះ​ស្ទើរ​​​តែ​ត្រូវ​បាន​គេ​​បោះបង់​ចោល។ នៅ​ឆ្នាំ​១៩៨០ ផ្លូវ​​​រថភ្លើង​ទាំង​នេះគ្រាន់​តែ​​ជា​ផ្លូវ​សម្រាប់​ការ​ដឹក​ជញ្ជូន​ធម្មតា​ៗ ដូចជាឡូរី​តូចៗ​សម្រាប់​ដឹក​ទំនិញ (​​រថភ្លើង​ឫស្សី) ដែល​អនុញ្ញាត​​អោយ​ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​ទៅមក​ក្នុង​រយៈចម្ងាយជិតៗ។ ប៉ុន្តែ រថភ្លើងប៉ុន្មាន​គ្រឿង​​ «ពិត​ប្រាកដ» នៅ​តែ​ធ្វើ​ចរាចរណ៍ ប៉ុន្តែ មានល្បឿន​មិន​លើស​​ពី​​២០​គីឡូ​ម៉ែត្រ​​ក្នុង​មួយ​​ម៉ោង​នោះ​ទេ ហើយ​ជាពិសេស​ ធ្វើដំណើរបាន​តែ​នៅ​រដូវ​ប្រាំង​ប៉ុណ្ណោះ។
 
ក្តីសុបិនចង់បាន​ផ្លូវរថភ្លើង​ខ្នាត​អន្តរជាតិមួយខ្សែ
ទោះបីជា​ក្តីសុបិន​ចង់ឃើញមាន​រថភ្លើងល្បឿន​លឿន​មួយ​គ្រឿង ដែល​បើក​ដំណើរ​​ការ​​នៅ​ប្រទេស​​កម្ពុជា​​ ស្ថិត​នៅ​ឆ្ងាយ​ក៏ដោយ ក៏​គម្រោង​ជួស​ជុល​ផ្លូវ​ដែក​នៅតែមាន​ដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ ហើយ​ចាប់ពីពេល​នេះ រហូតដល់​ឆ្នាំ​២០១១ រថភ្លើង​អាច​​នឹងធ្វើដំណើរ​ជាមួយនឹង​ល្បឿន​ជាង​៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​​ឡើងទៅ។ សម្រាប់​គម្រោង​​នេះ​ ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​សមាគម​ប្រទេសនាំចេញ​ប្រេង បាន​​ផ្តល់​ឥណទាន​​ក្នុ​ងម្នាក់ ៤២លាន​ដុល្លារ និង​១៣​លាន​​ដុល្លារ​។ ចំណែក​ប្រទេស​​ម៉ាឡេស៊ី​បានផ្តល់​ដែក​ផ្លូវ​រថភ្លើង​​ពីស៊ីសុផុន​ទៅ​ប៉ោយ​​ប៉ែត​​​។ តាមរយៈ​​ថវិកានិងអំណោយ​ទាំង​នេះ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​បដិភាគ​ចំនួន​ ១៥,២លាន​ដុល្លារ ​ នៅ​ក្នុង​​ការងារ​នេះ កម្ពុជា​មាន​​លទ្ធភាព​គ្រប់​គ្រាន់​ក្នុងការ​ជួស​ជុលផ្លូវ​រថភ្លើង​របស់​ខ្លួន​ឡើង​វិញ និង​ប្រែ​ក្លាយ​​ទៅជា​ផ្លូវ​រថភ្លើង​ដ៏ធំមួយ​ ដែលត​ភ្ជាប់​ពីប្រទេស​សិង្ហបុរី ទៅប្រទេស​ចិន។ នៅ​ក្នុង​គម្រោង​នេះ​ ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រម​​​ព្រៀង​​មួយ​​ជាមួយ​ក្រុមហ៊ុន​បារាំង-ប៊ែល​ហ្សិក TSO ដែលសហការ​ជាមួយនឹង​ក្រុមហ៊ុនថៃ ​ណាវ៉ារាត (Nawarat ) ដើម្បី​រៀប​​ចំ​ស្តារ​​បណ្តា​ញផ្លូវ​ដែក​ឡើង​វិញ។ ជាចុងក្រោយ ក្រុម​ហ៊ុន​អូស្រា្តលី Toll Holding ដែល​ជួយ​គាំទ្រ​ដោយ​ដៃគូ​ក្នុង​ស្រុក​មួយ គឺ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ទទួល​​សម្បទាន​ ធ្វើអាជីវកម្ម​​រក​ស៊ី​​លើ​ផ្លូវ​ដែក​នេះ​ ដែល​នឹ​ង​ត្រូវ​​​ចុះ​​ហត្ថលេខាលើកិច្ច​សន្យា​ នៅថ្ងៃទី​២១ ខែ​វិចិ្ឆកា ខាងមុននេះ​ ក្រោម​អធិបតី​ភាព​របស់​សម្តេច​ហ៊ុន សែន និង​ឯក​អគ្គរដ្ឋទូត​អូស្រ្តាលី​។ ជម្រើស​របស់​ក្រុម​ហ៊ុន​សម្បទាន​នេះ​ស្ថិត​នៅ​ក្នុង​​​​​លក្ខ​ខណ្ឌ​​ចាំបាច់​បំផុត​​របស់​​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ដើម្បី​ផ្តល់​ឥណទាន​​សម្រាប់​​គម្រោងនេះ​។ តាមរយៈ​កិច្ច​សន្យា​រយៈពេល​​៣០ឆ្នាំ សម្បទាន​​នេះ​​រួមបញ្ជូល​ការ​ដាក់​អោយ​ប្រើប្រាស់រថភ្លើង ការ​ជួស​​ជុល​ ព្រមទាំង​ការ​ជួស​ជុល​ផ្លូវ​រថភ្លើង សុវត្ថិភាព​និង​ការ​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​។ ជា​រៀងរាល់ឆ្នាំ​ ក្រុមហ៊ុន​Toll ត្រូវ​ដោះ​បំណុល​​នៃសិទ្ធិ​ធ្វើអាជីវកម្ម​ច្បាស់​លាស់ ដែល​នឹង​កើន​ឡើង​ដល់​​៧៥​លាន​​ដុល្លារ​​ ក្នុង​រយៈពេល​៣០ឆ្នាំ​។ ក្រុម​ហ៊ុន​ក៏​ត្រូវ​ប្រគល់​ថវិកា​ប្រចាំ​ឆ្នាំ​មួយ​ចំនួន​ទៀត​ ដែល​អាច​ប្រែ​ប្រួល​​ទៅតាម​ប្រាក់​ដែល​​ចំណេញ​។​ លោក Paul Power កុងស៊ុលតង់​ក្រសួង​សាធារណៈការ​និង​ដឹក​​ជញ្ជូន បាន​ពន្យល់ថា «មុន​នឹង​ចុះ​ហត្ថលេខា គេ​នៅ​មាន​​​ប្រធាន​​បទ​ជាច្រើន​ដូចជា ត្រូវ​ជួល​បុគ្គលិក លាង​សំអាត​ផ្លូវ​ដែក ហើយ​នឹង​ធ្វើ​អោយ​​ទំនាក់​ទំនង​ល្អ​ប្រសើរ​ ដែលនេះ គឺជាការ​ងារ​សព្វ​ថ្ងៃ​របស់​មេធាវី»។ ប៉ុន្តែ មើលពីចម្ងាយ​ អ្វី​គ្រប់​​យ៉ាង​ហាក់ដូច​ជា​ដំណើរការ​យ៉ាង​រលូន ប៉ុន្តែ បើ​ពិនិត្យអោយបានជិត ដំណើរ​​​ការ​ជួស​ជុល​ផ្លូវ​រថភ្លើង​នេះ​កំពុង​ជួប​ឧបសគ្គ​។
 
រថភ្លើងដែលមាន​ល្បឿន​យឺត​មួយនឹង​ត្រូវ​ដាក់​អោយ​ដំណើរការ​
លោក​ Gilles Gopfert ប្រធានផ្នែក​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​TSO បានលើក​ឡើង​ទាំង​​មិន​សូវ​​សប្បាយ​​ចិត្ត​​​​ថា «នៅទីនេះ ប្រទេស​កម្ពុជា គ្រប់​យ៉ាង​ហាក់​ដូចជា​វិវត្ត​​ទៅមុន​សន្សឹមៗ។ ពេលនេះ យើង​មិនអាច​បន្តការងារ​បាននោះទេ ព្រោះ​មាន​​​​ប្រជា​ពលរដ្ឋ​ជាច្រើនរស់នៅ​លើ​ផ្លូវ​រថភ្លើង។ ជាធម្មតា ក្រុមការងា​រពិសេស​របស់​រដ្ឋាភិបាល​ត្រូវ​ទទួល​បន្ទុក​ជម្លៀស​ប្រជាជន​ចេញពីទីនោះ ហើយ​​រក​ទីលំ​នៅ​​ថ្មី​​សម្រាប់​ពួកគេ ប៉ុន្តែ ពេលនេះ គេមិនទាន់​បានធ្វើ​នៅ​ឡើយ​ទេ ឧទាហរណ៍​​​​ជាក់ស្តែង នៅចម្ងាយ​៧គីឡូម៉ែត្រ​ ជិតក្រុង​ប៉ោយ​ប៉ែត ប្រជាពល​រដ្ឋ​ចំនួន​​៨០០​គ្រួសារ​​កំពុង​រស់នៅ​លើ​ផ្លូវ​រថភ្លើង​នៅឡើយ​! នេះ​មិន​និយាយ​ដល់​​គ្រាប់​​មីន ដែល​កប់នៅក្បែរ​ផ្លូវ​ដែក​ផង»។ ប៉ុន្តែ យោង​តាម​អាជ្ញាធរ​កម្ពុជា បញ្ហា​ក៏​កើ​ត​​មាន​​ឡើង​នៅកន្លែង​ផ្សេងទៀត​ផង​ដែរ ជាពិសេស​នៅក្នុង​ដំណើរ​ការ​ផ្ទៃ​ក្នុង​​​របស់​ក្រុម​ហ៊ុន​បារាំង-ប៊ែល​ហ្សិក​មួយនេះ។ ប្រភព​ព័ត៌មាន​មួយ​បាន​អោយ​ដឹង​​​​​ជា​​​ពិសេស​​អំពី​ភាព​មិនចុះ​សម្រុង​គ្នា​រវាង​ក្រុម​ហ៊ុន TSO និងក្រុមហ៊ុន​ថៃ ណាវ៉ារាត ហើយ​​ក្រុម​ហ៊ុនទាំងពីរ​លែង​ធ្វើការ​​រួម​គ្នា​ដូច​មុន​​​ទៀត​ហើយ។ លោក Paul Power បានពន្យល់ថា «ពិត​ជាមាន​បញ្ហា​ធំ ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ទីលំនៅ​របស់​​​ប្រជាជន​​ចេញ​ពី​លើ​​​ផ្លូវ​នេះ​ ប៉ុន្តែ រដ្ឋាភិបាល​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព ដើម្បី​​​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីនោះ​​។​ ករណីនេះក៏ស្ថិត​នៅក្នុង​កិច្ច​ព្រមព្រៀង​ជាមួ​​យ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផង​ដែរ»។
 
ការនិយាយ​ផ្ទុយគ្នា
យោង​តាម​អាជ្ញាធរ​កម្ពុជា ភាពយឺត​យ៉ាវ​​​នេះ​មិន​បង្ហាញអោយឃើញ​ថា​ក្រុម​ហ៊ុន​មិន​​​មាន​​ដំណើរការ​នោះទេ​។ បុគ្គលិក​​មួយរូប​នៃអង្គភាព​គ្រប់គ្រង​គម្រោង​ជួស​ជុល​​ផ្លូ​វរថ​ភ្លើង​ ដែលសុំ​មិនបញ្ចេញ​ឈ្មោះ បាន​ពន្យល់ថា​ «យើង​​​កំពុង​តែ​សិក្សា​លើ​​គំនូសផ្លូវ​នៅឡើយ។ មកទល់នឹង​ពេល​នេះ ការងារនេះ​សម្រេច​បាន​​៧០%​ហើយ​ ប៉ុន្តែ ប្រសិនជាការងារនេះមិនទាន់​បាន​បញ្ចប់​រួច​រាល់​ជា​ស្ថាពរ យើង​មិន​ទាន់​​អាច​​ចាប់​ផ្តើម​ជួស​ជុលផ្លូវ​រថ​ភ្លើង​បាននោះទេ។ ម្យ៉ាង​វិញទៀត យើង​ត្រូវ​ធ្វើ​កំណល់​ផ្លូវ​រថភ្លើង ហើយ​យើង​ត្រូវ​​ការ​កំណល់​កន្លះ​លាន​ ដើម្បីសម្រេច​ការងារ​នេះ​​បាន។ ក្រុមហ៊ុន​ TSO គឺជា​អ្នកទទួល​ខុសត្រូវ​ ប៉ុន្តែ​ពេល​នេះ ក្រុមហ៊ុន​មិន​បាន​​​ទាក់​ទង​នរណា​ម្នាក់​អោយ​​ធ្វើ​រឿង​នេះ​​នោះទេ តែការងារនេះត្រូវ​ចំណាយ​ពេល​​​យ៉ាង​​ហោច​ណាស់​ក៏​មួយ​ឆ្នាំ​ដែរ»។ ទោះបីជា​​ក្រុមហ៊ុន​មិនបាន​បដិសេធ​​បញ្ហា​​​ដែល​បង្ក​ដោយ​​​ប្រជា​ជន​​​រស់​នៅ​ជាប់​នឹង​ផ្លូវ​រថភ្លើងក៏ដោយ​ ក៏​ក្រុមហ៊ុន​បាន​​លើក​ឡើង​ពី​បញ្ហា​រដូវ និង អតិផរណា។ អ្នក​ទទួល​ខុស​ត្រូវ​គម្រោង​បាន​បន្ត​ទៀត​​ថា «ការងារ​នេះ​នឹង​​អាច​​ចាប់ផ្តើម​ មុន​បញ្ចប់​រដូរ​វស្សានេះ។​ ដោយ​ឡែក យើង​​នឹង​ត្រូវ​ប្រឈម​មុខ​​នឹង​បញ្ហា​មួយផ្សេ​ងទៀត គឺអតិផរណា ព្រោះ​ចាប់​តាំង​ពី​​ការ​​​ដាក់​អោយ​ដេញ​ថ្លៃ​ ដែលមាន​ថវិកា​ចំនួន​៥២លាន​ដុល្លារ​មក មាន​អតិផរ​ណា​​​ដែល​មាន​មេ​គុណ​ដល់​ទៅ​៣០% តើ​នរណា​​ជា​អ្នក​ចេញ​ថ្លៃ​ចំណាយ​នេះ? យើង​បាន​ធ្វើ​របាយ​ការណ៍​​មួយ ទៅកាន់​ធនាគារអភិវឌ្ឍនអាស៊ី ប៉ុន្តែ គ្មាន​នរណា​​​​រក​ឃើញ​ដំណោះ​​ស្រាយ​នោះ​ទេ»។
 
បញ្ហា​នៅព្រំដែន
ក្រៅអំពី​បញ្ហា​ខាងក្នុង​ប្រទេស​ ប្រទេស​កម្ពុជា​ក៏​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​តាម​ព្រំដែន​ផង​ដែរ​​។ លោកPaul Power បាន​លើកឡើង​ថា «ទំនាក់ទំនង​ជាមួយ​ប្រទេស​​ថៃ​មានការលំបាក ហើយ​នឹង​តាន​តឹង​គ្រប់យ៉ាង​ទាំង​អស់​។​ ជម្លោះ​​​ព្រំដែន​បាន​បង្ក​អោយមាន​ភាព​យឺត​យ៉ាវ​នៅក្នុង​ការឯកភាព​រវាង​ប្រទេ​សទាំង​ពីរ។ លើស​ពីនេះ នៅខ្វះ​ផ្លូវ​រថភ្លើង​ប្រវែង​៦គីឡូម៉ែត្រ​ទៀត​នៅ​ក្នុង​ប្រទេស​​ថៃ ហើយនេះគឺជា​ការ​តភ្ជាប់​ដ៏លំបាក​ស្មុគស្មាញ​មួយ។ ចំណែក​នៅ​ប្រទេស​វៀត​ណាម​ ទោះបីជា​មាន​ការ​សិក្សា​អំពីលទ្ធភាព​ដែលអាចសម្រេច​ទៅបាន​​ក៏ដោយ ក៏​មិនមាន​ប្លង់​ណា​មួយ​ត្រូវ​បាន​គូស​វាស់នោះទេ។ ក្រៅពី​នេះ ទំហំនៃផ្លូវ​រថភ្លើង​នៃ​ប្រទេស​វៀតណាម​ខុសពី​កម្ពុជា ហើយ​នៅខ្វះ​ស្ពាន​ជាច្រើន ជាពិសេស​នៅ​ខេត្ត​កំពង់​ចាម​»។ យោង​តាម​អង្គភាព​គ្រប់​គ្រង​គម្រោង​​ជួស​ជុល​ផ្លូវ​រថ​ភ្លើង​ឡើង​វិញ បញ្ហា​ជាមួយ​កាស៊ីណូ​នៅប៉ោយ​ប៉ែត បាន​រាំង​ស្ទះដល់​ការ​វិវត្តន៍​នៃ​ដំណើរ​ការ​​​។ ដោយ​ឡែក គេ​អាច​នឹង​​​សិក្សា​អំពីលទ្ធភាព​ធ្វើផ្លូវ​វាង​កាស៊ីណូ​នោះ​។​
 
សុទិដ្ឋិនិយម ចំពោះការណាត់ជួប
ទោះបីជា​ក្រុម​ការងារ​ផ្សេង​​នៃគម្រោង​ជួ​សជុល​ផ្លូវ​រថភ្លើង​នេះ​បាន​លើកឡើង​ពី​បញ្ហា​មួយចំនួនក៏ដោយ ក៏ម្នាក់ៗ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ការ​បន្ត​ការ​ងារ​​​​នេះ។ ម្នាក់ៗជឿជាក់ថា​ការងារ​នេះ​នឹង​បញ្ចប់​នៅ​​រយៈពេល​បីឆ្នាំ​ខាង​មុខ​ទៀត​​​។ លោក​Paul Power បានអះអាង​ថា​ «បញ្ហា​ដែលយើង​ជួប​ប្រទះ​នៅ​ប្រទេស​​​កម្ពុជា មិន​​ជាប់ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នៃ​ប្រទេស​នេះ និង​បញ្ហា​ស្ថាន​ភាព​នោះ​ទេ ប៉ុន្តែ​ នៅពេល​​គ្រប់យ៉ាង​នឹង​ត្រូវ​បញ្ចប់ ហើយ​រថភ្លើង​អាច​ធ្វើ​ចរាចរណ៍​យ៉ាង​ហោច​ណាស់​ក្នុងល្បឿន​៦០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង បញ្ហា​ទាំង​នោះត្រូវ​បានបំភ្លេច​ចោល​។ ជា​រៀង​រាល់ឆ្នាំ រថយន្តធុនធំ​បាន​ដឹកទំនិញ​ចន្លោះ​២០០ ០០០ទៅ​៣០០ ០០០ កេស ពី​កំពង់ផែព្រះសីហនុ មកទីក្រុង​ភ្នំពេញ​។​ កត្តា​នេះ បានធ្វើ​អោយ​ចរាចរណ៍​នៅតាម​ដង​ផ្លូវ​ជាតិ​ណែនណាន់​តាន់តាប់ ​ហេតុដូច្នេះ​ហើយ​​បាន​ជា​ប្រទេស​កម្ពុជា​ត្រូវការ​​អោយ​មាន​ផ្លូវ​រថភ្លើង​ឡើង​វិញ​!»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

គម្រោង​តភ្ជាប់​បណ្តាញ​ផ្លូវ​រថភ្លើង​ពី​ប្រទេស ទួរគី​​មកប្រទេស​កូរ៉េ​ខាង​ត្បូង
កំណាត់​​ផ្លូវ​​ពី​ប្រទេស​សិង្ហបុរី​ទៅ​ក្រុង​គុន​មីង ស្ថិត​នៅក្នុង​ចំណោម​គម្រោង​សាង​សង់ផ្លូវ​ដែក​ដ៏ធំបំផុត​មួយ​ ដែលចូលរួម​ពីបណ្តា​ប្រទេស​ចំនួន​២៩ ហើយ​ក្រោយ​ពី​គម្រោងបាន​បញ្ចប់​រួច​រាល់ជា​ស្ថាពរ​ ប្រទេ​សទាំង​នោះ​នឹង​អាច​ធ្វើដំណើរ​ចេញ​ពី​​ប្រទេសទួរគី​ទៅ​ប្រទេស​រុស្ស៊ី ពីប្រទេស​វៀតណាមឆ្ពោះទៅកាន់​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ កាលពី​ថ្ងៃទី​១០ វិច្ឆិកា ២០០៦ កិច្ចព្រមព្រៀង​មួយស្តីពី​ផ្លូវ​រថ​ភ្លើង​ឆ្លង​កាត់​ទ្វីប​អាស៊ី ត្រូវ​បានចុះ​ហត្ថលេខា​​ រវាង​ប្រទេស​១៧​ ​មកពីទ្វីប​អាស៊ី ដោយ​មាន​​ការ​ចូលរួម​ពី​ Cesap (គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​​នៃ​បណ្តា​ប្រទេស​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហ​​ប្រជាជាតិ​​) ក្នុង​ចំណោម​នោះ​មាន​​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន ដើម្បី​បង្កើត​បណ្តាញ​ផ្លូវ​ដែក​មួយ​ខ្សែ ដែល​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​លើផ្លូវ​គោក។ ​បណ្តាញ​ផ្លូវ​ដែក​ឆ្លង​កាត់​ទ្វីបអាស៊ី​មាន​​ប្រវែង​​៧៥ ០០០​គីឡូម៉ែត្រ នៅសល់​៦២០០គីឡូម៉ែត្រ​​ទៀត​ដែល​មិនទាន់​សាង​សង់​រួច​រាល់​នៅ​ឡើយ​ទេ។ យោង​ទៅតាម​ការ​ប៉ាន់ស្មាន​មួយ​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ កាលពីពី​រ​ឆ្នាំ​​មុន តម្លៃ​សរុប​នៃការ​ជួស​ជុល​និង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ដែក​​​​នេះ​ កើន​​ដល់​១៥កោដិ៍ដុល្លារ។ សម្រាប់​ពេលនេះ គេ​មិនបាន​ប៉ាន​ប្រមាណ​​ថា​តើ​គម្រោង​សាង​សង់​​ទាំង​នេះ​​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។


តួលេខ​នៃ​ផ្លូវ​រថភ្លើងៈ
-ប្រវែង​ផ្លូវ​រថភ្លើង​ដែលត្រូវ​ជួស​ជុល​ឡើង​វិញ​នៅប្រទេស​កម្ពុជាៈ ៦៥០គីឡូ​ម៉ែត្រ
- ប្រវែង​ផ្លូវ​រថភ្លើង​​ពី​ប្រទេស​សិង្ហបុរី ទៅក្រុង​គុនមីងៈ ៥៥១៣គីឡូម៉ែត្រ
-​ការជួស​ជុល​ផ្លូវ​ដែក​រួមបញ្ជូល​ទាំង​ការ​សាងសង់​ ស្ពាន​ថ្មីចំនួន​៦៤ លូចំនួន​៣៨ និង​ស្ថានីយសំចតចំនួន​៧១
-ថ្លៃដើមនៃគម្រោង​នៅប្រទេសកម្ពុជាៈ ៧៣​លាន​ដុល្លារ
-ការងារនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១១​នៅប្រទេសកម្ពុជា និងនៅឆ្នាំ​២០១៥ សម្រាប់​គម្រោងធ្វើផ្លូវ​ដែក​ពីប្រទេស​សិង្ហបុរី ទៅក្រុង​គុនមីង

 

 


សូមអាន​បន្ថែមៈ
-សំណុំឯកសារ​របស់​ Cesap ជា​ភាសា​អង់​គ្លេស ស្តីពី​ផ្លូវ​រថ​ភ្លើង​ឆ្លង​កាត់​ទ្វីប​អាស៊ី
-ផែនទីបណ្តា​ផ្លូវដែកឆ្លងកាត់ទ្វីប​អាស៊ី

 

-វិបសាយ​របស់​ធនាគារអភិវឌ្ឍនអាស៊ី (ផែនទី និងការ​ប្រើប្រាស់មូលនិធិ) http://www.adb.org/ (បន្ទាប់​មក សូមវាយ «Cambodia railway»)

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ