កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សម្ព័ន្ធ​ភាព​ដែល​មិន​អាច​ទៅ​រួច​រវាង​លោក​យ៉ាស ហ្គាយ និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ
ដោយ កាសែត   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០៣-២០០៨
លោកយ៉ាស ហ្គាយ អ្នកតំណាងពិសេសរបស់លោកអគ្គ​លេខាធិការអង្គការ​សហ​​ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងលោកឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានជួប​តទល់គ្នាសាជាថ្មីម្តងទៀត​នៅក្នុងកិច្ចប្រជុំលើកទី៧របស់ក្រុមប្រឹក្សាសិទ្ធិ​មនុស្សនៃអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៨ មីនានៅប្រទេស​ស្វីស។ នៅក្នុង​កិច្ចប្រជុំនេះបញ្ហាដែលស៊ីជម្រៅជាងការវាយតម្លៃពីស្ថានភាព​សិទ្ធិមនុស្សនៅ​កម្ពុជា គឺការបន្តអាណត្តិរបស់អ្នកតំណាងពិសេសរូបនេះ​នៅដំណាច់ឆ្នាំខាង​មុខ។ អាណត្តិពិសេសនេះចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ១៩៩៣។

យោងតាមអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំ  ភាគីកម្ពុជាមិនសូវសប្បាយ​ចិត្ត ប៉ុន្តែបរិយាកាសគឺមិនសូវតានតឹងដូចជំនួបលើកមុននោះឡើយ។ នៅឯ​វិមានសហប្រជាជាតិនាទីក្រុងហ្សឺណែវ លោកឱម យិនទៀង មិនបានប្រើ​ពាក្យតបតខ្លាំងៗនៅក្នុងសុន្ទរកថារបស់លោកជាភាសាខ្មែរនោះទេ។

 

ខណៈពេលដែលមន្រ្តីជាន់ខ្ពស់កម្ពុជាបានបដិសេធមិនជួបជាមួយលោក​យ៉ាស ហ្គាយនោះ លោកឱម យិនទៀង បានជួបពិភាក្សាយ៉ាងយូរជាមួយ​អ្នកតំណាងពិសេសជនជាតិកេនយ៉ារូបនេះ នៅព្រឹកថ្ងៃទី ១៩ មីនា ទាក់ទងនឹងអន្តរាគមន៍របស់លោក។ អ្នកតំណាងពិសេសបានអបអរចំពោះ​«ជំនួបដ៏ស្និទ្ធស្នាល ដើម្បីការស្ថាបនានេះ» ដោយលោកបានអះអាងអំពី​សេចក្តីសង្ឃឹមរបស់លោកថា ជំនួបនេះនឹងនាំមកនូវ«កិច្ចសហប្រតិបត្តិការល្អ​រវាងរដ្ឋាភិបាលកម្ពុជា និងអង្គកាសហប្រជាជាតិនៅក្នុងការលើកស្ទួយសិទ្ធិ​មនុស្ស»។

 

លោកឱម យិនទៀង : របាយការណ៍«បំភ្លើស»

ជាការឆ្លើយតបទៅកាន់លោកយ៉ាស ហ្គាយ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិ​មនុស្ស លោកឱម យិនទៀង ជំនួសមុខឱ្យគណៈប្រតិភូកម្ពុជា បានសំដែង នូវ​ការសោកស្តាយថា អ្នកតំណាងពិសេសរូបនេះ«បានមើលរំលងកិច្ចប្រឹង​ប្រែងរបស់រដ្ឋាភិបាលកម្ពុជា»។ លោកទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន រូបនេះបានប្រកាសថា កម្ពុជាកំពុង«ស្ថិតនៅលើមាគ៌ាដ៏ល្អមួយ​»។ ដើម្បីបង្ហាញពីឆន្ទៈដ៏ល្អរបស់កម្ពុជា លោកបានលើកយកការស្ទង់មតិ​មួយដែលត្រូវបានធ្វើឡើងពីថ្ងៃ២០ ធ្នូ២០០៦ ដល់ថ្ងៃ២០ មករា ២០០៧ មក​បញ្ជាក់។ ការស្ទង់មតិនេះបានឲ្យដឹងថា «ប្រជាពលរដ្ឋកម្ពុជា៧១%»អះ អាង​ថាមានទំនុកចិត្តចំពោះរដ្ឋាភិបាល។

លោកឱម យិនទៀង បានរៀបរាប់ចំណុចដ៏ល្អជាច្រើនទៀត ដូចជាការ​ប្រព្រឹត្តិទៅយ៉ាងល្អនៃការបោះឆ្នោត វត្តមានរបស់អង្គការ អ្នកតំណាងជាតិ និងអន្តរជាតិនៃសង្គមស៊ីវិលរាប់រយនាក់ «ជាពិសេសអង្គការការពារសិទ្ធិ​មនុស្ស» ដែលត្រូវបាន«អនុញ្ញាតឲ្យធ្វើការងារដោយសេរី និងដោយចំហនៅ​កម្ពុជា» រួមទាំងការបែងចែកដីរាប់ពាន់ហិចតាដល់ប្រជាពលរដ្ឋគ្មានដីធ្លី ហើយថែមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិដីដល់ពួកគេទៀតផង។
 
ជារូម លោកឱម យិនទៀងបានលើកឡើងថា របាយការណ៍របស់លោក​យ៉ាស ហ្គាយ ស្តីពីស្ថានភាពនៅកម្ពុជាគឺមិនពេញលេញ ចង់ទាក់ទាញការ​ចាប់អារម្មណ៍ និងជាការបំផ្លើសទាំងស្រុង។

 

លោកយ៉ាស ហ្គាយ នៅតែការពារការរិះគន់របស់ខ្លួន
អ្នកច្បាប់រូបនេះ ដែលត្រូវបានអង្គការសហប្រជាជាតិផ្តល់អាណត្តិជាអ្នក​តំណាងពិសេសនៅឆ្នាំ២០០៥ ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅ​កម្ពុជា បានរិះគន់ជាថ្មីម្តងទៀតនៅក្នុងរបាយការណ៍លើកទី៣របស់លោក អំពីការមិនគោរពគោលការណ៍នៃការបែងចែកអំណាច។ ការធ្វើបែបនេះបង្ក​ជាផលវិបាកជាច្រើនដូចជា ធ្វើឲ្យមាននិទ្ទណ្ឌភាពជាទូទៅ អំពើពុករលួយ​កម្រិតខ្ពស់ ឬក៏ការបដិសេធសេរីភាពបញ្ចេញមតិ និងការធ្វើបាតុកម្មជាដើម​។ លោកយ៉ាស ហ្គាយ បានបន្តទៀតថា ការគាបសង្កត់កើនឡើងឥតឈប់​ឈរ ហើយទៅថ្ងៃអនាគត គ្រោះថ្នាក់នៃការប្រើអំពើហិង្សានឹងពិបាកក្នុងការ​គ្រប់គ្រងមិនខាន។

«ជាពិសេស ប្រជាពលរដ្ឋត្រូវបានគេបង្រៀនឲ្យខ្លាចមេដឹកនាំ ដោយសារតែ​ការផ្លាស់ប្តូរ និងចរិតមិនអាចស្មានត្រូវរបស់មេដឹកនាំទាំងនោះ ហើយជា​ពិសេសគឺដោយសារការប្រើកម្លាំងទាំងកម្រោលរបស់ពួកគេ» នេះជាការ​លើកឡើងរបស់លោកយ៉ាស ហ្គាយ។ អ្នកច្បាប់រូបនេះបានបន្ថែមកាន់តែស៊ី​ជម្រៅជាងនេះទៀតថា « ខណៈពេលដែលសហគមន៍អន្តរជាតិនៅតែបន្ត​ ផ្តល់ការឧបត្ថម្ភជាវិភាគទានហិរញ្ញវត្ថុរបស់ខ្លួននោះ  រដ្ឋាភិបាលកម្ពុជាមិន​បានជំរុញការធ្វើកំណែទម្រង់ឡើយ បើទោះជាការរំលោភសិទ្ធិមនុស្សបាន​រីករាលដាលឡើងក៏ដោយ »។

ទោះយ៉ាងណាលោកបានស្វាគមន៍ចំពោះ«ការរីកចម្រើននៅក្នុងការរៀបចំ​បង្កើតគណៈកម្មការសិទ្ធិមនុស្ស»នៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា​«រដ្ឋា​ភិបាលបានចូលរួមនៅក្នុងគម្រោងនេះ ហើយបានអញ្ជើញអង្គការ​ សង្គមស៊ី​វិល​នានាឲ្យដាក់ស្នើនូវសេចក្តីព្រាងច្បាប់ផ្សេងៗ។ ប្រសិនបើ​គោលការណ៍ទី​ក្រុង​ប៉ារីស (les principes de Paris)   មានដាក់បញ្ចូលនៅក្នុង​គណៈកម្មការនេះ ដូច្នេះស្ថាប័នមួយនេះក៏អាចទទួល និងធ្វើការត្រួតពិនិត្យ​បណ្តឹងនានាដែរ»។

 

សម្ពាធរបស់អង្គការ
លោកស្រីពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ និងលោក​ធន់ សារាយ ប្រធានសមាគមអាដហុក បានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ដើម្បីជួបអ្នកតំណាងខ្លះៗនៃប្រទេសសមាជិកទាំង៤៧របស់ក្រុមប្រឹក្សាសិទ្ធិ​មនុស្ស។

លោកស្រីពុង ឈីវកេក បានមានប្រសាសន៍កាលពីចុងសប្តាហ៍នេះថា ៖ «​អ្នកតំណាងជាង១០រូបដែលពួកយើងបានជួបជាមួយ មានគំនិតបើកចំហ​យ៉ាង​ខ្លាំង។ ពួកគេចង់ដឹងពីស្ថានភាពរបស់ប្រទេសកម្ពុជា ជាពិសេស​សម្រាប់​ប្រ​ទេស​​ដែល​មិនមានតំណាងការទូតនៅកម្ពុជា»។

លោកស្រីបានរួមការងារជាមួយនឹងសកម្មជនផ្សេងៗទៀតនៃសង្គមស៊ីវិល ដើម្បី​បង្កើតគណៈកម្មការជាតិសិទ្ធិមនុស្សមួយ ដែលឯករាជ្យពីរដ្ឋាភិបាល។ នាយិកា​អង្គការលីកាដូរូបនេះបានឲ្យដឹងថា អាស៊ីអាគ្នេយ៍គឺជាតំបន់តែ​មួយគត់នៅលើពិ​ភព​លោក ដែលពុំទាន់មានគណៈកម្មការសិទ្ធិមនុស្សប្រចាំ​តំបន់ ដែលឯករាជ្យ និងអាចទទួលបណ្តឹងបុគ្គលបាន។

 

អាណត្តិរបស់លោកយ៉ាស ហ្គាយ ចោទជាបញ្ហា
ប្រសិនបើអាណត្តិនៃអ្នកតំណាងពិសេសរបស់លោកអគ្គលេខាធិការ​ អង្គការស​ហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាត្រូវបញ្ចប់នៅចុងឆ្នាំនេះ លោក​ស្រីពុង ឈីវកេក សង្ស័យថា « អង្គការក្រៅរដ្ឋាភិបាលក្នុង​ស្រុកអាចនឹងកាន់​តែ​ទន់​ខ្សោយថែមទៀត»។

ទោះយ៉ាងណា នាយិកាអង្គការលីកាដូរូបនេះមិនបានបាក់ទឹកចិត្តនោះទេ ហើយ​​​លោកស្រីមានបំណងប្រមូលប្រធានអង្គការក្នុងស្រុកផ្សេងៗទៀតនៅ​កម្ពុជា ដើម្បីរូមកម្លាំងគ្នាពន្យល់ទៅកាន់ប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិ​ មនុស្ស​ឲ្យរក្សាអាណត្តិរបស់អ្នកតំណាងពិសេសខាងលើបន្តទៀត។

គួររម្លឹកថា នៅខែកញ្ញាខាងមុខ អាណត្តិរបស់លោកយ៉ាស ហ្គាយ នឹងត្រូវ​បញ្ចប់​។ ដូច្នេះ នៅមានសេចក្តីសម្រេចចុងក្រោយមួយ ពោលគឺលោកអាច​នឹង​បន្តអាណត្តិជាអ្នកតំណាងពិសេសនេះជាថ្មីទៀត ឬអាចពន្យារអាណត្តិ​នេះជា​បណ្តោះអាសន្ន ឬក៏ត្រូវបញ្ចប់អាណត្តិតែម្តង។​កាលពីឆ្នាំមុន ប្រទេសជាច្រើន ក្នុងនោះរួមមានភូមា ស៊ូដង់ និងកម្ពុជា​ធ្លាប់​បានបង្ហាញពីបំណងថា ពួកមិន​ត្រូវការឲ្យមានអ្នកតំណាងពិសេសបែបនេះនៅក្នុងប្រទេសរបស់ពួកគេទេ។


 

ឥទ្ធិពលរបស់អង្គជំនុំជម្រះវិសាមញ្ញ(CETC)
លោកយ៉ាស ហ្គាយ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក​ថា វា​គួរឲ្យអស់សំណើច ដែលសហគមន៍អន្តរជាតិត្រូវចំណាយថវិកាយ៉ាង​ច្រើននិង​ខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពរបស់មនុស្សចាស់ និងពិការប៉ុន្មាន​នាក់ ពីបទឧក្រិដ្ឋដែលបានកើតមានឡើងកាលពី៣០ឆ្នាំមុន តែបែរជាបិទភ្នែក​មើល​មិន​ឃើញ​ពីការរំលោភសិទ្ធិមនុស្ស និងការបំពានច្បាប់​នាពេលបច្ចុប្បន្ននេះ​ទៅ​វិញ»។
អ្នកច្បាប់រូបនេះបានវាយតម្លៃថា ឥទ្ធិពលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលា​ការកម្ពុជា(អវតក) នឹងគ្មានអ្វីធំដុំឡើយ ល្គឹកណារដ្ឋាភិបាលមិនធ្វើ​ សកម្មភាព​ដើម្បីបញ្ចប់និទ្ទណ្ឌភាពចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលបានកើតឡើង​នាពេលថ្មីៗនេះទេ»។

 



ការសុំទិដ្ឋាការនឹងលំបាកសម្រាប់លោកយ៉ាស ហ្គាយ
រដ្ឋាភិបាលកម្ពុជាបានផ្តល់ដំណឹងដល់ការិយាល័យរបស់ឧត្តមស្នងការសហប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា ខ្លួននឹងលែងផ្តល់ទិដ្ឋាការ​ចូលក្នុង​ប្រទេសដល់លោកយ៉ាស ហ្គាយ ទៀតហើយ។ ចាប់ពីពេលនេះតទៅ លោក​នឹង​ត្រូវធ្វើនីតិវិធីសុំទិដ្ឋាការនៅស្ថានទូតកម្ពុជា។

វិបសាយផ្សេងៗ
- របាយការណ៍របស់លោកយ៉ាស ហ្គាយ មានចុះផ្សាយនៅលើទំព័រអាំងទែណែត

- សេចក្តីថ្លែងការណ៍របស់លោកយ៉ាស ហ្គាយ

 


 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ